អាជ្ញាធយួន ពិន័យប្រាក់សកម្មជនខ្មែរក្រោម ជាង ៧ លានដុង បន្ទាប់ពីហៅទៅ​គំរាមកំហែង​ចំនួន​ ៣​ លើក​

0 230

ដោយ ស៊ឺន ចែងចើន

អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​ ​បាន​ពិន័យ​លុយ​ ​យុវជន​ខ្មែរក្រោម​ ​ចំនួន​ទឹកប្រាក់​ ​៧​ ​លាន​កន្លះ​ (ដុ​ង​) ​ឬ​ប្រមាណ​ ​៣​២​០​ ​ដុល្លារ​ ​ករណី​ចែករំលែក​ព័ត៌មាន​រឿង​ខ្មែរក្រោម​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (​Face​book​) ​។​ ​អាជ្ញាធរ​វៀតណាម​ ​ចោទប្រកាន់​ ​យុវជន​ ត្រេ​វ​ ​ស៊ី​វ​ ​ហៅ​ ​ហ៊ីវ​ ​ថា​ ​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព​ ​និង​បំពាន​លើ​ផលប្រយោជន៍​របស់​រដ្ឋ​ ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​យុវជន​ខ្មែរក្រោម​ ​រូប​នេះ​ ​អះអាង​ថា​ ​លោក​នឹង​មិន​បង់​ប្រាក់​ ​ពិន័យ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​នោះ​ទេ​ ​ដោយសារតែ​លោក​មិនបាន​ប្រព្រឹត្តិ​ខុសច្បាប់​ ​ដូច​ការចោទប្រកាន់​នោះ​ទេ​ ​។​

​យុវជន​ខ្មែរក្រោម​ ត្រេ​វ​ ​ស៊ី​វ​ ​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​កោះហៅ​ទៅ​គំរាម​គំ​ហែង​ចំនួន​ ​៣​ ​លើករួច​មក​ហើយ​ ​ដោយ​ហាមមិនឲ្យ​បង្ហោះ​ព័ត៌មាន​ទាក់ទង​នឹង​ប្រវត្តិ​សា​ស្រ្ត​ទឹកដី​កម្ពុជាក្រោម​ ​និង​សៀវភៅ​ឯកសារ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការ​ ​សហប្រជាជាតិ​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​។​ ​ដំបូង​ឡើយ​អាជ្ញាធរ​វៀតណាម​ ​ចោទ​យុវជន​ខ្មែរក្រោម​រូប​នោះ​ថា​ ​បំពាន​ទៅលើ​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​តែ​ក្រោយមក​ពួកគេ​ ​បាន​កែប្រែ​បទ​ចោទ​វិញ​ ​ដោយ​ថា​ ​យុវជន​ ត្រេ​វ​ ​ស៊ី​វ​ ​បាន​ទាញ​យក​ប្រយោជន៍​ពី​ការប្រើប្រាស់​បណ្តាញ​សង្គម​ ​ដើម្បី​ផ្តល់​ ​និង​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​ ​ព័ត៌មាន​មិន​ពិត​ ​បំភ្លៃ​ ​បង្ខូច​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​ ​អង្គ​ការចាត់តាំង​ ​មូល​បង្កាច់​កិត្តិយស​ ​និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គល​ទៅវិញ​ ​។​ ​អាជ្ញាធរ​វៀតណាម​ ​យក​មាត្រា​ ​១​០​១​ ​នៃ​ ​ក្រិត្យ​លេខ​ 15/2020/NĐ-C​P​ ​របស់​រដ្ឋាភិបាល​ ​ចុះ​ថ្ងៃ​ទី​ ​៣​ ​ខែ​កុម្ភះ ​ឆ្នាំ​ ​២​០​២​០​ ​ដែល​ចែង​អំពី​ការ​ដាក់ទណ្ឌកម្ម​ ​ប្រឆាំង​ ​នឹង​ការរំលោភ​ផ្នែក​រដ្ឋបាល​ ​ក្នុង​វិ​ស​័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​ព័ត៌មាន​វិទ្យា​ ប្រេ​កង់​វិទ្យុ​ ​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ប្រតិបត្តិការ​អេ​ឡិច​ត្រូនិ​ច​ ​មក​ប្រើ​ ​ដើម្បី​បង្ខំឲ្យ​យុវជន​ខ្មែរក្រោម​ ​បង់​ប្រាក់ពិន័យ​ជាង​ ​៣​០​០​ ​ដុល្លារ​ ​។

Leave A Reply

Your email address will not be published.