សហព័ន្ធខ្មែរកម្ពុជាក្រោមប្រារព្ធ ខូប ១០ នៃសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើម

275

ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃទី ១៦ ខែកញ្ញា ខាងមុខនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​ពិធី​ខួប ១០ ឆ្នាំ ដើម្បី​រំឭក​ដល់ ថ្ងៃ​ដែល​អង្គការសហប្រជាជាតិ​បានប្រកាស សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិ​ជនជាតិដើម កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។ ពិធី​នេះ នឹង​ប្រារព្ធ​នៅ​វត្ត​ខេមររ​ង្សី នាទី​ក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដោយមាន​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួម ដើម្បី​ថ្លែង​រំឭក​ឡើងវិញ នូវ​ប្រវត្តិ នៃ​ការតស៊ូ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជនជាតិដើម​នានា នៅ​ជុំវិញ​ពិភព លោក​ដើម្បី​ទាមទារ​ឲ្យ​អង្គការសហប្រជាជាតិ​អនុម័ត សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិ​ជនជាតិ ដើម ។

កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន
កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន

​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម ត្រូវបាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ ដោយមាន​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ភាគច្រើន​ចំនួន ១៤៤ ប្រទេស​បោះឆ្នោត​គាំទ្រ ៤ ប្រទេស​ជំទាស់ និង ១១ ប្រទេស​អនុបវាទ ។ ប្រទេស​ដែល​ជំទាស់​នោះ រួមមាន អូស្ត្រាលី កាណាដា នូ​វែ​ល​សេ​ឡង់ និង សហរដ្ឋអាមេរិក ។ ប្រទេស​ដែល​អនុបវាទ រួមមាន អា​ហ្សែ​បែ​ហ្ស (Azerbaijan), បង់​ក្លា​ដែ​ស (Bangladesh), ប៊ូ​តាន (Bhutan), ប៊ូ​រុន​ឌី (Burundi) , (​កូ​ឡុំ​ប៊ី​) Colombia, ហ្ស​ក​ហ្ស៊ី (Georgia), កេ​ន​យ៉ា (Kenya), នី​ហ្សេ​រី​យ៉ា (Nigeria), សហព័ន្ធរុស្ស៊ី​( Russian Federation), សា​ម័​រ (Samoa) និង អ៊ុយ​ក្រែ​ន (Ukraine) ។​

​រយៈពេល ១០ ឆ្នាំ​បាន​កន្លងផុតទៅ​ចាប់តាំងពី​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម បានអនុម័ត​មក ប្រទេស​ទាំង ៤ ដែល​បាន​បោះឆ្នោត​ជំទាស់​បាន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន ហើយ​ឥឡូវនេះ​គាំទ្រ​សេចក្តីប្រកាស​នេះ​វិញ ។ ថ្ងៃនេះ សេចក្តីប្រកាស​នេះ គឺជា​ឧបករណ៍​អន្តរជាតិ​ដ៏​ទូលំទូលាយ​បំផុត​ស្តីពី​សិទ្ធិ​របស់​ជនជាតិដើម ។ វា​បង្កើត​ក្របខ័ណ្ឌ​សកល​ស្តីពី​ស្តង់ដារ​អប្បបរមា​សម្រាប់​កា​ររ​ស់​រាន​មានជីវិត ភាពថ្លៃថ្នូរ និង​សុខុមាលភាព​របស់​ជន​ជាតិ​ដើម នៅលើ​ពិភពលោក ហើយ​វា​បរិយាយ​អំពី​ស្តង់ដារ​សិទ្ធិមនុស្ស​ដែលមាន​ស្រាប់ និង​សេរី​ភាពជា មូលដ្ឋាន​នៅពេល​ពួកគេ​អនុវត្ត​ចំពោះ​ស្ថានភាព​ជាក់ស្ដែង​របស់​ជ​ន​ជាតិ​ដើម ។​

​វៀតណាម​ជា​ប្រទេសមួយ​ក្នុងចំណោម ១៤៤ ប្រទេស​ដែល​បាន​គាំទ្រ​សេចក្ដីប្រកាស​នេះ តែ​មិនបាន​អនុវត្តតាម​កិច្ចសន្យា​របស់ខ្លួន​ក្នុង​ការគោរព​សិទ្ធិ​ជនជាតិ​ដើមឡើយ ។ ឆ្លើយតប​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម ដែល​ធ្វើ​នៅ​ការិយាល័យ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នាទី​ក្រុង New York ជា​រៀងរាល់ឆ្នាំ តំណាង​ប្រទេស​វៀតណាម​តែងតែ​បដិសេធ​ឋានៈ​របស់​ពល​រដ្ឋ​ខ្មែរក្រោម​ថា មិនមែនជា​ជាតិ​ដើម​នៃ​ដែនដី​កម្ពុជា​ក្រោម​ឡើយ ហើយ​ថា នៅក្នុង​ប្រទេស​វៀតណាម​គ្មាន​ជនជាតិដើម​ទេ គឺ​មានតែ​ជនជាតិភាគតិច​តែប៉ុណ្ណោះ ។

​នៅ​ឆ្នាំ ១៩៨០ ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​ភៀសខ្លួន​ចេញមក​ទៅ​ក្រៅប្រទេស បានចាប់ផ្ដើម​ប្រមូល ផ្ដុំគ្នា​បង្កើតជា​សមាគម នៅ​ឆ្នាំ ១៩៨៥ បានធ្វើ​មហាសន្និបាត​សកល​នៃ​ខ្មែរ​កម្ពុជា​ក្រោម ជា​លើកដំបូង ដើម្បី​បង្កើត​ទៅជា​សភា​កម្ពុជា​ក្រោម និង​ឆ្នាំ ១៩៩៦ បាន​ប្ដូរ​ពី​សភា​កម្ពុជា​ក្រោម ទៅ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម វិញ ។

​រយៈពេល​ជិត ៤០ ឆ្នាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​នៃ អង្គការ ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង (U.N.P.O) នៅ​ឆ្នាំ ២០០១ និង ជា​សមាជិក វេទិកា​អចិន្ត្រៃយ៍ នៃ អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (U.N.P.F.I.I) នៅ​ឆ្នាំ ២០០៤ ដើម្បី​តស៊ូ​មតិ​នៅលើ​ឆាក​អន្តរជាតិ ស្វែងរក​សេរីភាព​ជូន​ប្រជាជាតិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុងតែ​នៅក្រោម​នឹម​អាណានិគម​យួន សព្វថ្ងៃ ។ បន្ទាប់ពី​រួម​កម្លាំង​គ្នា​ជាមួយនឹង​ក្រុម​ជនជាតិដើម​នានា នៅ​ជុំវិញ​ពិភពលោក ធ្វើការ​តស៊ូ​មតិ​នៅ​ក្នុងការ​សហប្រជាជាតិ​ជា​បន្ត​បន្ទាប់មក នៅ​ឆ្នាំ ២០០៧ អង្គការសហប្រជាជាតិ​បានអនុម័ត សេចក្ដីប្រកាស​ជាស​កល​ស្ដ​ពី​សិទ្ធិ​ជនជាតិដើម ដើម្បី​ឲ្យ​រដ្ឋាភិបាល​នានា គោរព​សិទ្ធិ​ជនជាតិដើម នៅក្នុង​ប្រទេស​របស់ខ្លួន ។​

​សព្វថ្ងៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុងតែធ្វើការ​តស៊ូ​មតិ​ដោយ​អហិង្សា នៅលើ​ឆាក​អន្តរជាតិ ដើម្បី ឲ្យ​ប្រទេស​វៀតណាម​ទទួលស្គាល់​ខ្មែរក្រោម ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ស្របតាម​គោល ការណ៍​នៃ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី ។​

Comments are closed.