ខួប ១០ ឆ្នាំ ថ្ងៃបាតុកម្ម នៅខេត្តព្រះត្រពាំង ទាមទារដោះលែងព្រះសង្ឃខ្មែរក្រោម
ដោយ ស៊ឺន ចែងចើន| VOKK
មកដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧ នេះ មានរយៈពេល ១០ ឆ្នាំហើយ ដែលកាលណោះនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០០៧ សមណសិស្សខ្មែរក្រោម និមន្តមកពីខេត្តនានា ដូចជា ខេត្តព្រះត្រពាំង មាត់ជ្រូក ក្រមួនស ពលលាវ ឡុងហោ និងព្រែកឫស្សី ជាដើម មករៀននៅសាលាពុទ្ធិកអនុវិទ្យាល័យ ឬថ្នាក់បាលីរងវត្តកំពង់និគ្រោធ ហៅវត្តកំពង់ជ្រៃ ចំនួន ៤១ ព្រះអង្គ ដែលដឹកនាំដោយភិក្ខុ ស៊ឺន ចែងចើន និងភិក្ខុ ស៊ឺន លំអាន បានទៅធ្វើការតវ៉ាដោយសន្តិវិធី និងអហិង្សានៅមុខការិយាល័យនគរបាលស្រុកកញ្ចោង ដើម្បីទាមទារឲ្យរដ្ឋអំណាចយួន នៅស្រុកនោះ ផ្តល់សេរីភាពដល់ភិក្ខុ ថាច់ ធន ។

ក្រោយពីការធ្វើបាតុកម្មនេះ ព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ផ្សឹក ដោយចោទពីបទ « បង្កឲ្យខូចសណ្តាប់ធ្នាប់ទីសារធារណៈ » ។
ក្នុងឱកាសខួបគម្រប់ ១០ ឆ្នាំ នៃព្រឹត្តិការណ៍ ១៩ ខែមករា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយរបស់ខ្មែរក្រោម ដែលមានសមណសិស្សប្រមាណជាង ៤០ អង្គ នៃសាលាពុទ្ធិកអនុវិទ្យាល័យ ថ្នាក់បាលីរងវត្តកំពង់ជ្រៃ បានក្រោកឡើងធ្វើបាតុកម្ម ដោយអហិង្សាទាមទារឲ្យអជ្ញាធរវៀតណាមគោរពសិទ្ធិខ្មែរក្រោម ក្នុងនាមជាជនជាតិដើម នៅដែនដីកម្ពុជាក្រោម ។
ព្រះតេជព្រះគុណ ថាច់ ចាន់តារា ដែលកាលនោះ ព្រះអង្គជាអតីតសមណប្បាតុករមួយអង្គ ក្នុងចំណោមសមណប្បាតុកររាប់សិបអង្គ ដែលបានចូលរួមបាតុកម្មទាមទារឲ្យដោះលែង ព្រះសង្ឃខ្មែរក្រោមមួយអង្គ ព្រះនាម ថាច់ ធន ត្រូវបាននគរបាលយួនស្រុកកញ្ចោងចាប់យកទៅឃុំឃាំង ដោយចោទថា នាំយកព្រឹត្តិបត្រសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ព្រះតេជព្រះគុណ ថាច់ ចាន់តារា រំឭកឡើងវិញនូវព្រឹត្តិការណ៍នេះ ថា ៖
ព្រឹត្តិការណ៍ ១៩ ខែមករា ២០០៧ ជាព្រឹត្តិការណ៍ដំបូងគេបង្អស់ ដែលបានកើតឡើង នាដើមសតវត្សរ៍ទី ២១ បន្ទាប់ព្រឹត្តិការណ៍តស៊ូរបស់វីរសមណ និងវីរជនអ្នកស្នេហាជាតិខ្មែរក្រោមជំនាន់មុនៗ មានដូចជាក្នុងសម័យព្រះតេជព្រះគុណ សឺន វ៉ង់ ព្រះតេជព្រះគុណ គឹម សាង ព្រះតេជព្រះគុណ គឹម តុកចើង និងព្រះសង្ឃជាច្រើនអង្គទៀត ដែលកាលនោះ បានក្រោកឡើងធ្វើបាតុកម្ម តវ៉ា រហូតដល់ពលិកម្មជីវិតក្នុងបុព្វហេតុការពារវប្បធម៌ ប្រពៃណី សាសនា អក្សរសាស្ត្រខ្មែរ នៅក្នុងទឹកដីកម្ពុជាក្រោម ពីការហាមឃាត់យ៉ាងតឹងរ៉ឹង មិនឲ្យបើកសាលា និងរៀនសូត្រអក្សរសាស្ត្រខ្មែរ នៅលើទឹកដីកម្ពុជាក្រោម ដោយរដ្ឋាភិបាលវៀតណាម ។
ការរំឭកឡើងវិញនូវការតស៊ូរបស់សមណសិស្សខ្មែរក្រោម ក្នុងសម័យកាលថ្មី ដែលហ៊ានក្រោកឡើងទាមទារឲរដ្ឋាភិបាលបក្សកុម្មុយនីស្តវៀតណាម គោរពសិទ្ធិខ្មែរក្រោម ម្ចាស់ស្រុកនៃ ដែនដីកម្ពុជាក្រោមនោះ គឺជាសារ និងការដាស់សតិអាម្មណ៍ដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមគ្រប់រូប ឲ្យហ៊ានក្រោកឡើងតស៊ូ ចំពោះការរំលោភសិទ្ធិអ្វីមួយ ពីសំណាក់រដ្ឋាភិបាល វៀតណាម មកលើប្រជាជាតិខ្មែរក្រោម ៕
Comments are closed.