សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​មហាសន្និបាត​លើក​ទី ១០ នៅ​ខែឧសភា ខាងមុខនេះ​

196

ដោយ ថាច់ ប្រីជា​ គឿន l សារព័ត៌មាន ព្រៃនគរ

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​រៀបចំ​មហាសន្និបាត លើក​ទី ១០ របស់ខ្លួន នៅ​ទីក្រុង សាន់ ហូ​ស្សេ (San Jose) រដ្ឋ California សហរដ្ឋអាមេរិក រយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ២៨ និង ២៩ ខែឧសភា ឆ្នាំ ២០១៦ នេះ បន្ទាប់ពី​បានធ្វើ​ចលនា តស៊ូ​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី​ស្វែងរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា ក្រោម អស់​រយៈពេល ៥ អាណត្តិ ២០ ឆ្នាំ កន្លងមកនេះ ។​

មុខសណ្ថាគារ Shilo នាទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៥៖ ថតរូបជុំគ្នាពេលបានបញ្ចប់ ថ្ងៃទីពីរ នៃសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត ថាច់ ប្រីជា គឿន
មុខសណ្ថាគារ Shilo នាទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៥៖ ថតរូបជុំគ្នាពេលបានបញ្ចប់ ថ្ងៃទីពីរ នៃសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត ថាច់ ប្រីជា គឿន

​យោងតាម​សេចក្ដីជូនដំណឹង​មួយ​របស់ លោក ថាច់ វៀន អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ពី​ប្រទេស​បារាំង ចុះ​ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៦ បានបញ្ជាក់​អំពី​មូលហេតុ​នៃ​មហាសន្និបាត​នេះ​ថា ធ្វើឡើង​ក្នុង គោលបំណង ៣ យ៉ាង​គឺ​៖

១. ធ្វើ​របាយការណ៍​អំពី​សកម្មភាព និង​សមិទ្ធផល នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​បំពេញ នៅក្នុង​ឆ្នាំ ២០១៦ ។​

២. បោះឆ្នោត​ជ្រើសរើស គណៈកម្មការ​នាយ​កស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណត្តិ​កាល​ទី ៦ ពី​ឆ្នាំ ២០១៦ ដល់ ២០២០ ។​

៣. ធ្វើ​ផែនការ​សម្រាប់​អនុវត្ត​នាពេលខាងមុខ ។​

​យោងតាម​លិខិត​នេះ​ដដែល មហាសន្និបាត​នេះ នឹង​ប្រព្រឹត្តទៅ​នៅ វត្ត​ខេមររ​ង្សី នាទី​ក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។​

​សម្រាប់ សមាជិក សមាជិកា ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រប់​ជាន់ថ្នាក់ និង​លោកអ្នក នៅ​សហរដ្ឋអាមេរិក និង ប្រទេស​នានា​ទូទាំង​ពិភពលោក ដែលមាន​បំណង​ចង់​ចូលរួម​មហាសន្និបាត​នេះ សូម​ទិញ​សំបុត្រ​យន្តហោះ​ចុះ​នៅ ព្រលានយន្តហោះ​ណាមួយ​ក្នុងចំណោម​ព្រលាន​ទាំងពីរ​នេះ​គឺ ៖

ទីមួយ អាកាសយាន​ដ្នា​ន​អន្តរជាតិ សាន់ ហូ​ស្សេ (San Jose International Airport) (SJC)

ទី​ពីរ អាកាសយាន​ដ្នា​ន​អន្តរជាតិ សាន់ ហ្វ្រា​ន់​ស៊ិ​ស្កូ (San Francisco International Airport) (SFO)

​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ព្រះចៅអធិការ​វត្ត​ខេមររ​ង្សី និង​ជា​ប្រធាន​នាយដ្ឋាន ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាម​យៈ​អ៊ីមែល និង​លេខ​ទូរស័ព្ទ ដូចខាងក្រោម​៖

  • E-mail: khmerkampucheakrom@gmail.com
  • ទូរស័ព្ទ​៖ (408) 550-5060

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា KKF ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ អាមេរិក តែងតែ​រៀបចំ​មហាសន្និបាត​រៀង​រាល់ ៤ ឆ្នាំ​ម្ដង ដើម្បី​បោះឆ្នោត​ជ្រើស រើស​មេ ដឹកនាំ​ថ្មី ។​

​យោងតាម​សៀវភៅ​ម​គ្គុ​ទេសន៍ “​ផ្លូវ​ទៅយក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ដែល​បាន​រៀបរៀង និង​បោះពុម្ព​ដោយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ឆ្នាំ ២០០៩ បានបញ្ជាក់​អំពី​ប្រវត្តិ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្កើតឡើង “​នៅ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៩៦ ដោយ​មហាសន្និបាត​លើក​ទី ៥ នៃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​បាន​ប្រព្រឹត្តទៅ នៅ​ទីក្រុង តូ រន តូ (Toronto) ប្រទេស​កាណាដា បាន​ឯកភាពគ្នា​បង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​ប្រវត្តិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចាប់ផ្តើម​តាំងពី ឆ្នាំ ១៩៨៥ មក​ម្ល៉ោះ និង ដើម្បី​បំរើ​ផលប្រយោជន៍​ជាតិ និង​សង្គម​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​” ។​

​យោងតាម​សៀវភៅ​ដដែល​បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្កើត​ទង់ជាតិ និង រូប​សញ្ញា ធ្វើ​ជាស​ញ្ញ លក្ខណ៍​របស់​ខ្មែរក្រោម​ដំណាលគ្នា​នឹង​ការបង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ធ្វើ​ចលនា តស៊ូ​ដោយ​សន្តិវិធី និង អហិង្សា ស្វែងរក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​ជូន​ពលរដ្ឋ​ខ្មែរក្រោម ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ។​

​យោងតាម​សៀវភៅ​ម​គ្គុ​ទេសន៍ “​ផ្លូវ​ទៅយក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ទង់ជាតិ​កម្ពុជា​ក្រោម មាន​បី​ឆ្នូត ដែលមាន​ទំហំ​ស្មើគ្នា និង​មាន​ពណ៌​ផ្សេងគ្នា ហើយ​មាន​ខ្នាត​ទទឹង​ពីរភាគបី បណ្តោយ​បី​ភាគបី ។​

  • ឆ្នូត​ពណ៌​ខៀវ​នៅ​ខាងលើ ជា​និមិត្តរូប​នៃ​សិទ្ធិសេរីភាព​និង​ប្រជាធិបតេយ្យ​ដែល ជា​សិទ្ធិ​ខ្ពស់​ជាងគេ​បំផុត ។​
  • ឆ្នូត​ពណ៌​លឿង​នៅ​ចំ​កណ្តាល ជា​និមិត្តរូប​នៃ​ជាតិ​សាសន៍​របស់​ខ្មែរក្រោម ដែល​ស្រឡាញ់​សន្តិភាព​និង​យុត្តិធម៌ ។​
  • ពណ៌​ក្រហម​នៅ​ខាងក្រោម ជា​និមិត្តរូប នៃ​វីរភាព អង់អាច​ក្លាហាន របស់​វីរជន ខ្មែរក្រោម ដែល​ហ៊ាន​បូជាជីវិត​ខ្លួន​ដើម្បី​ជាតិរស់ ។​

ចំណែក រូប​សញ្ញា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឬ រូប​សញ្ញា​តំណាង​ខ្មែរក្រោម វិញ ជា​រូប រាហូ​ចាប់​ចន្ទ ។ រូប រាហូ​ចាប់​ចន្ទ ត្រូវបាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិពណ៌នា​អត្ថន័យ​របស់​វា​ថា​៖

“​ព្រះ​ច័ន្ទ​កំពុង​ត្រូវ​រងគ្រោះថ្នាក់ ដោយ​ត្រូវ​រាហូ​ត្របាក់​លេប ប្រៀបធៀប​ទៅនឹង ទឹកដី​កម្ពុជា​ក្រោម ដែល​កំពុង​ត្រូវ​យួន​លុកលុយ ។ រាហូ​ចាប់​ច័ន្ទ ប្រៀបបាន​ដូច​ព្រះ​ច័ន្ទ​គ្រាស គឺ​វា​មិន​ឋិតថេរ​ចិ​រកា​ល​ទេ ។ យ៉ាងណាមិញ ខ្មែរ​កម្ពុជា​ក្រោម​ក៏​ដូច្នេះ​ដែរ ទុក្ខវេទនា​ដែល​យើង​កំពុង​ទទួលរង​គ្រោះ សព្វថ្ងៃនេះ និង​ត្រូវបាន​ផុតរលត់​ជា​ស្ថាពរ​ក្នុង​អនាគត​ជាមិនខាន ដូចជា​ព្រះ​ច័ន្ទ ដែល​បាន​រើ​បំ​រៈ​ផុតពី​ក្រញាំដៃ​រាហូ​យ៉ាង​នោះដែរ ។ នេះ​ជា​ច្បាប់ធម្មជាតិ​។ ប្រស្នា​នេះ គឺជា​និមិត្ត​រូ​ន​នៃ​សេចក្តីសង្ឃឹម​យ៉ាង​មាំ​របស់​ប្រជាព​លេ​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​គ្រប់រូប ដែល​កំពុងធ្វើការ​តស៊ូ ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង ស្របតាម​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ ។ យុត្តិធម៌​ត្រូវតែ​ឈ្នះ​អយុត្តិធម៌ ។ នេះ​ជា​ច្បាប់​អន្តរជាតិ​” ៕​

Comments are closed.