ជនជាតិដើម នៅជុំវិញពិភពលោក ប្រារព្ធខូប ១០ ឆ្នាំនៃសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើម
ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ នេះ ជាខួបគម្រប់ ១០ ឆ្នាំ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម (១៣ កញ្ញា ២០០៧-១៣ កញ្ញា ២០១៧) ។
ជារៀងរាល់ឆ្នាំ ទិវាសិទ្ធិជនជាតិដើម ត្រូវបានប្រារឰ នៅពាសពេញជុំវិញពិភពលោក ដោយក្រុមជនជាតិដើមនានា រួមទាំងខ្មែរក្រោម នៅក្រៅប្រទេសផង ។ កាលបរិច្ឆេទ ១៣ ខែកញ្ញានេះ ត្រូវបានជ្រើសរើសឡើង ដើម្បីរំឭកដល់ការអនុម័ត និងការប្រកាសនូវសេចក្តីប្រកាសជាសាកល ស្តីពីសិទ្ធិជនជាតិដើម នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។ សេចក្តីប្រកាស ជាសាកលនេះ បានទទួលស្គាល់នូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ជនជាតិ ដើមភាគតិចទាំងអស់ ទាំងស្ត្រី និងបុរស នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងពិភពលោក ដោយមិនមានការរើសអើងអ្វីទាំងអស់ ជាពិសេស នៅក្នុងមាត្រានៃសេចក្តីប្រកាសនេះ បានចែងអំពី «សិទ្ធិស្វ័យសម្រេច វាសនាខ្លួន ដោយខ្លួនឯង» របស់ជនជាតិដើមផង ។
ដោយឡែក សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រារព្វពិធីខួប ១០ ឆ្នាំ នៃទវាសិទ្ធិជនជាតិដើមនេះ នៅថ្ងៃទី ១៦ ខែកញ្ញា ខាងមុខ ។
ពិធីនេះ នឹងប្រារព្ធនៅវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដោយមានថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមដើម្បីថ្លែងរំឭកឡើងវិញ នូវប្រវត្តិនៃការតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងជនជាតិដើមនានា នៅជុំវិញពិភពលោក ដើម្បីទាមទារឲ្យអង្គការសហប្រជាជាតិអនុម័ត សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម ។
ម្យ៉ាងវិញទៀត ការដែលសហព័ន្ធខ្មែរកម្ពុជាក្រោមរៀបចំទិវានេះឡើង គឺក្នុងគោលបំណងអបអរសាទរទិវាសិទ្ធិជនជាតិដើម លើកទី ១០ ផង និងដើម្បីផ្សព្វផ្សាយអំពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ទៅកាន់ប្រជាពលរដ្ឋខ្មែរក្រោម ឲ្យយល់ដឹងអំពីខ្លឹមសារនានា ដែលមានចែងនៅក្នុងសេចក្តីប្រកាស និងដើម្បីសម្ដែងការបារម្ភរបស់ពួកគេ ចំពោះការរំលោភសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោមផង ។
គួររំឭកថា សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមានរដ្ឋជាសមាជិកអង្គការសហប្រជាជាតិភាគច្រើនចំនួន ១៤៤ ប្រទេសបោះឆ្នោតគាំទ្រ ៤ ប្រទេសជំទាស់ និង ១១ ប្រទេសអនុបវាទ ។ ប្រទេសដែលជំទាស់នោះ រួមមាន អូស្ត្រាលី កាណាដា នូវែលសេឡង់ និង សហរដ្ឋអាមេរិក ។ ប្រទេសដែលអនុបវាទ រួមមាន អាហ្សែបែហ្ស (Azerbaijan), បង់ក្លាដែស (Bangladesh), ប៊ូតាន (Bhutan), ប៊ូរុនឌី (Burundi) , (កូឡុំប៊ី) Colombia, ហ្សកហ្ស៊ី (Georgia), កេនយ៉ា (Kenya), នីហ្សេរីយ៉ា (Nigeria), សហព័ន្ធរុស្ស៊ី( Russian Federation), សាម័រ (Samoa) និង អ៊ុយក្រែន (Ukraine) ។
រយៈពេល ១០ ឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម បានអនុម័តមក ប្រទេសទាំង ៤ ដែលបានបោះឆ្នោតជំទាស់នោះ បានផ្លាស់ប្តូរជំហររបស់ខ្លួន ហើយឥឡូវនេះ ពួកគេងាកមកគាំទ្រសេចក្តីប្រកាសនេះវិញ ។ ថ្ងៃនេះ សេចក្តីប្រកាសនេះ គឺជាឧបករណ៍អន្តរជាតិដ៏ទូលំទូលាយបំផុតស្តីពីសិទ្ធិរបស់ជនជាតិដើម ។ វាបង្កើតក្របខ័ណ្ឌសកល ស្តីពីស្តង់ដារអប្បបរមាសម្រាប់ការរស់រានមានជីវិត ភាពថ្លៃថ្នូរ និងសុខុមាលភាពរបស់ជនជាតិដើម នៅលើពិភពលោក ហើយវាបរិយាយអំពីស្តង់ដារសិទ្ធិមនុស្សដែលមានស្រាប់ និងសេរីភាពជា មូលដ្ឋាននៅពេលពួកគេអនុវត្តចំពោះស្ថានភាពជាក់ស្ដែងរបស់ជនជាតិដើម ។
ចំណែកវៀតណាម ជាប្រទេសមួយក្នុងចំណោម ១៤៤ ប្រទេស ដែលបានគាំទ្រសេចក្ដីប្រកាសនេះ តែមិនបានអនុវត្តតាមកិច្ចសន្យារបស់ខ្លួន ក្នុងការគោរពសិទ្ធិជនជាតិដើមឡើយ ។ ឆ្លើយតប នឹងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម ដែលធ្វើនៅការិយាល័យកណ្ដាលរបស់អង្គការសហប្រជាជាតិ នាទីក្រុង New York ជារៀងរាល់ឆ្នាំ តំណាងប្រទេសវៀតណាម តែងតែបដិសេធឋានៈរបស់ពលរដ្ឋខ្មែរក្រោមថា មិនមែនជាជាតិដើមនៃដែនដីកម្ពុជាក្រោមឡើយ ហើយថា នៅក្នុងប្រទេសវៀតណាមគ្មានជនជាតិដើមទេ គឺមានតែជនជាតិភាគតិចតែប៉ុណ្ណោះ ។
នៅឆ្នាំ ១៩៨០ ពលរដ្ឋខ្មែរក្រោមដែលបានភៀសខ្លួនចេញមកទៅក្រៅប្រទេស បានចាប់ផ្ដើមប្រមូល ផ្ដុំគ្នាបង្កើតជាសមាគម ហើយនៅឆ្នាំ ១៩៨៥ បានធ្វើមហាសន្និបាតសកលនៃខ្មែរកម្ពុជាក្រោម ជាលើកដំបូង ដើម្បីបង្កើតទៅជាសភាកម្ពុជាក្រោម និងឆ្នាំ ១៩៩៦ បានប្ដូរពីសភាកម្ពុជាក្រោម ទៅសហព័ន្ធខ្មែរកម្ពុជាក្រោមវិញ ។
រយៈពេលជិត ៤០ ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកនៃ អង្គការ ប្រជាជាតិ និងប្រជាជនគ្មានតំណាង (U.N.P.O) នៅឆ្នាំ ២០០១ និងជាសមាជិកវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (U.N.P.F.I.I) នៅឆ្នាំ ២០០៤ ដើម្បីតស៊ូមតិនៅលើឆាកអន្តរជាតិ ស្វែងរកសេរីភាពជូនប្រជាជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែនៅក្រោមនឹមអាណានិគមយួនសព្វថ្ងៃ ។ បន្ទាប់ពីរួមកម្លាំងគ្នាជាមួយ នឹងក្រុមជនជាតិដើមនានា នៅជុំវិញពិភពលោក ធ្វើការតស៊ូមតិនៅក្នុងការសហប្រជាជាតិជាបន្តបន្ទាប់មក នៅឆ្នាំ ២០០៧ អង្គការសហប្រជាជាតិបានអនុម័ត សេចក្ដីប្រកាសជាសកលស្ដពីសិទ្ធិជនជាតិដើម ដើម្បីឲ្យរដ្ឋាភិបាលនានា គោរពសិទ្ធិជនជាតិដើម នៅក្នុងប្រទេសរបស់ខ្លួន ។
សព្វថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែធ្វើការតស៊ូមតិដោយអហិង្សា នៅលើឆាកអន្តរជាតិ ដើម្បី ឲ្យប្រទេសវៀតណាមទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ស្របតាមគោលការណ៍នៃសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម ដែលវៀតណាមជាប្រទេសហត្ថលេខី ៕