ខួប ១១ ឆ្នាំ នៃ​ព្រឹត្តិការណ៍ ៨ កុម្ភៈ អតីត​សមណ​ប្បាតុករ​រំឭក​ឡើងវិញ​នូវ​ការឈឺចាប់​របស់ខ្លួន លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

0 1,674

ដោយ ស៊ឺន ចែងចើន| VOKK

មកដល់​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ គឺមាន​រយៈពេល ១១ ឆ្នាំ​ហើយ ដែល​កាលណោះ​នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណ​សិស្សសាលា​បំពេញវិជ្ជា​បាលី​មធ្យមសិក្សា​ភាគខាងត្បូង (Trường Bổ Túc Văn Hóa Pali Trung Cấp Nam Bộ) ឬ​សាលា​បាលី​ជាន់ខ្ពស់​ខេត្ត​ឃ្លាំង ឋិត​នៅក្នុង​វត្ត​ឃ្លាំង ទី​រួម​ខេត្ត​ឃ្លាំង បានធ្វើ​បាតុកម្ម​ទាមទា​រ​ឲ្យ​អាជ្ញាធរ​វៀ​ណា​ម គោរព​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម ។

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “បង្កអសន្តិសុខ ទីសាធារណៈ” ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “បង្កអសន្តិសុខ ទីសាធារណៈ” ។

​ការធ្វើ​បាតុកម្ម​នេះ មាន​ព្រះសង្ឃ​ខ្មែរក្រោម ប្រមាណ​ជាង ២០០ អង្គ បានធ្វើ​ក្បួន​ដង្ហែ​ចេញពី​វត្ត​ឃ្លាំង ឆ្ពោះទៅ​មន្ទីរ​នគរបាល​ខេត្ត នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ដោយ​លើក​ហេតុផល​ថា នគរបាល​ចរាចរណ៍​របស់​វៀតណាម បាន​ហាម​ព្រះសង្ឃ​ខ្មែរក្រោម​ក្នុង​សាលា​មួយ​នេះ មិន​ឲ្យ​និមន្ត​ចេញ​បិណ្ឌ​បាត្រ ។​

You can win upto 50 fuel points using www.krogerfeedback.com

​ក្រោយពី​ការធ្វើ​បាតុកម្ម​នេះ សមណ​សិស្ស​រាប់សិប​អង្គ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ចាប់​ផ្សឹក ដេញ​ចេញពី​សាលា ចាប់​ដាក់ពន្ធនាគារ និង​ច្រើន​អង្គ​ទៀត បាន​រត់​ភៀសខ្លួន ទៅ​ក្រៅប្រទេស ។ ចំណែក​សមណ​សិស្ស ចំនួន ៥ អង្គ ដែលជា​មេដឹកនាំ​ធ្វើបាតុកម្ម​នោះ ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម កាត់ទោស​នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​ព្រះសង្ឃ​ទាំង ៥ អង្គ​នោះ រួមមាន ព្រះតេជព្រះគុណ យ័​ញ តូន​, គឹម មឿ​ន​, លី ហ្វា​ង​, ថាច់ ធឿ​ង និង​លី សឿង ។ ក្រោយពី​តុលាការ​វៀតណាម បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស មកលើ​ព្រះសង្ឃ​ខ្មែរក្រោម​ទាំង ៥ អង្គ​រួចមក ។ ពលរដ្ឋ​ខ្មែរក្រោម នៅ​ជុំវិញ​ពិភពលោក បានធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ឲ្យ​មាន​សេរីភាព​ឡើងវិញ ។

​បន្ទាប់ពី ការធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរក្រោម នៅ​គ្រប់ទិសទី​ប្រឆាំង នឹង​ការកាត់ទោស​ពលរដ្ឋ​ខ្មែរក្រោម ពី​សំណាក់​អាជ្ញាធរ​ប្រទេស​វៀតណាម ទៅលើ​ព្រះសង្ឃ តុលាការខេត្ត​ឃ្លាំង​នៃ​ប្រទេស​វៀតណាម ក៏បាន​សម្រេច​ដោះលែង​ចេញពី​ពន្ធនាគារ និង​ក្រោយមក​ព្រះសង្ឃ​ទាំង ៥ អង្គ​នោះ បាន​ភៀសខ្លួន​ទៅដល់​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ នៅក្នុង​អង្គការ U.N.H.C.R នា​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០០៩ ហើយ​ត្រូវបាន​អង្គការ​មួយ​នេះ បញ្ជូនទៅ​តាំងទី​លំនៅ នៅ​ប្រទេស​ទី​បី នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០០៩ ។​

​ក្នុងឱកាស​ខួប​គម្រប់ ១១ ឆ្នាំ នៃ​ព្រឹត្តិការណ៍ ៨ កុម្ភៈ​នេះ អតីត​ព្រះសង្ឃ​ខ្មែរក្រោម ដែល​ធ្លាប់​ចូលរួម​តស៊ូ នៅក្នុង​ព្រឹត្តិការណ៍​មួយ​នេះ បាន​បង្ហោះ​សារ និង​រូបថត​ពី​សកម្មភាព​នៃ​ការតវ៉ា នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​រំឭក​ឡើងវិញ​នូវ​ការឈឺចាប់​របស់ខ្លួន ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម បណ្តេញ​ចេញពី​សាលា ចាប់​ផ្សឹក ចាប់​ដាក់គុក និង​ធ្វើទុក្ខបុកម្នេញ​មកលើ​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម ដែល​ហ៊ាន​ក្រោក​ឡើង​ធ្វើបាតុកម្ម ដោយ​អហិង្សា​ទាមទារ​ឲ្យ​អជ្ញាធរ​វៀតណាម គោរព​សិទ្ធិ​ខ្មែរក្រោម ក្នុងនាម​ជា​ជនជាតិដើម នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​ពី​ប្រទេស​ហូ​ឡង់ លោក លី សឿង ជា​អតីត​សមណ​ប្បាតុករ ក្នុង​ព្រឹត្តិការណ៍ ០៨ កុម្ភៈ ដែល​ត្រូវបាន​អាជ្ញាធរ​យួន​ចាប់​ផ្សឹក ហើយ​ញាត់​គុក​នៅ​ខេត្ត​ឃ្លាំង​នោះ បាន​បង្ហោះ​រូបថត​សកម្មភាព​ព្រះសង្ឃ កំពុង​បាតុកម្ម​អហឹ​ង្សា នៅមុខ​ការិយាល័យ​នគរបាល​ខេត្ត​ឃ្លាំង អមដោយ​សារ​ជា​អក្សរ​ថា៖

«​រឿង​រាវ​មួយចំនួន​កាល​មុន និង​ខែ ឆាំ្ន កើតជា​ក្រាំងមាស ឬ​ហៅថា ប្រ​វ​តិ្ត​សាស្ត្រ​ថ្មី នៅ​ថ្ងៃទី 08/02/2007- 08/02/2018 (​រូបភាព​ពិ​កាល​មុន នឹង​ក្រោយ​កើតហេតុ​) ។ រូប​ដែល​ព្រះអង្គ​គ្រូ លី​រ៉ា​ន ថត​ជាមួយ​ប៉ូលីស ពេលដែល​រឿង​យួន​ដឹង​ផែនការ​ក្តៅ​ទើប​គេ​ចុះមក​ច​ចារ​សួរសុខទុក្ខ ។ ល​។​»

​អតីត​សមណ​ប្បាតុករ​មួយអង្គ​ផ្សេងទៀត គឺ​ព្រះតេជព្រះគុណ យឿ​ង តារា ដែល​ព្រះអង្គ​បានគេច​ផុតពី​ការ​តាម​ចាប់ខ្លួន​របស់​ក្រុម​អាជ្ញាធរ​យួន ហើយ​បាន​ភៀស​ព្រះកាយ​ចេញមក​កម្ពុជា និង​ជា​អតីត​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​ប្រក​ម្ពុ​ជា​ផង​នោះ បាន​សរសេរ​អត្ថបទ​មួយ​យ៉ាង​វែង​បង្ហោះ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ដាក់​ចំណងជើង​អត្ថបទ និង​អម​ជាមួយ​រូបថត​សមណ​ប្បាតុករ​លើក​ទង់​ជាតិខ្មែ​រ​ក្រោម ក្នុងអំឡុងពេល​ធ្វើបាតុកម្ម​នោះ​ថា «​ដំណើរ​ឆ្ពោះទៅ​ទាមទារ​សិទ្ធិសេរីភាព​របស់ខ្លួន នៅលើ​មាតុភូមិ​កម្ពុជា​ក្រោម​»

​ខ្លឹមសារ​នៃ​អត្ថបទ របស់​ព្រះតេជព្រះគុណ យឿ​ង តារា ផ្តើមឡើង​ដោយ​ការ​រំឭក​ពី​ព្រឹត្តិការណ៍ កាលពី ១១ ឆ្នាំមុន​យ៉ាង​ដូច្នេះ ៖

«​ថ្ងៃនេះ ខែ​នេះ កាលពី ១១ ឆ្នាំមុន (៨ កុម្ភៈ ២០០៧ – ៨​កុម្ភៈ ២០១៨ ) ព្រឹត្តិការណ៍ ៨ កុម្ភៈ ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី ក្នុង​សតវត្សរ៍​ទី ២១ របស់​ខ្មែរក្រោម ។ ដប់​មួយឆ្នាំ​កន្លងផុតទៅ​ក៏ពិតមែន ប៉ុន្តែ​ក្នុង​ចិត្ត​នៅតែ​នឹកឃើញ​ព្រឹត្តិការណ៍​នេះ សឹងតែ​រាល់​យប់​ថ្ងៃ ហាក់បីដូចជា​ទើប​កើតឡើង​ថ្មីៗ នៅឡើយ ព្រោះ​ការឈឺចាប់ ការមិន​សុខចិត្ត នឹង​ការរំលោភ​សិទ្ធិ​ខ្មែរក្រោម​ជា​ម្ចាស់​ទឹកដី ពី​រដ្ឋាភិបាល​អាណានិគម​វៀតណាម ទើប​បណ្តាល​ឲ្យ​ចិត្ត​អ្នករងគ្រោះ​គ្រប់គ្នា​ដិតដាម​ដក់​ជាប់ ចំពោះ​ព្រឹត្តិការណ៍​នេះ​ជានិច្ច ។ ដោយ​ទ្រាំ​មិនបាន នឹង​ការជិះជាន់ ការគាបសង្កត់ និង​ការរំលោភ​សិទ្ធិ​ជា​ម្ចាស់​ទឹកដី ពី​រដ្ឋាភិបាល​វៀតណាម​នោះ នា​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ព្រះសង្ឃ​កំពុង​សិក្សា​សាលា​បាលី​ខេត្ត​ឃ្លាំង និង​ព្រះសង្ឃ​និមន្ត​មកពី​វត្ត​នានា មាន​មកពី​វត្ត​ទឹកប្រៃ វត្ត​ពាម​បួន និង​វត្ត​ដើម​ពោធិ ស្រុក​អណ្ដូងទឹក​ជាដើម ព្រមទាំង​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ប្រមាណ​ជាង ២០០ អង្គ និង​នាក់ បាន​ក្រោក​ឡើង​ធ្វើបាតុកម្ម​អហឹ​ង្សា នៅមុខ​ការិយាល័យ​នគរបាល​ខេត្ត​ឃ្លាំង ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិសេរីភាព​ប្រតិបត្តិ​វប្បធម៌​របស់ខ្លួន និង​សិទ្ធិសេរីភាព​ជំនឿ​ព្រះពុទ្ធសាសនា ជាដើម ។​ល​។​»

​អត្ថបទ​របស់​ព្រះតេជព្រះគុណ យឿ​ង តារា ដដែល បាន​រៀបរាប់​ពី​ការ​រឹតត្បិត​សិទ្ធិ និង​ការ​បំបិទ​សិទ្ធិសេរីភាព​ដើរហើរ ពី​សំណាក់​អាជ្ញាធរ​វៀតណាម មកលើ​ព្រះសង្ឃ ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​នោះ យ៉ាង​ដូច្នេះ​ថា​៖
«​ក្រោយពី​ការ​បាតុកម្ម​អហឹ​ង្សា​នេះ អាជ្ញាធរ​វៀតណាម​កាន់​តែ​ធ្វើទុក្ខ​មុក​ម្នេញ​ព្រះសង្ឃ​និង​បងប្អូន​ខ្មែរក្រោម​កាន់តែខ្លាំង​ឡើងៗ គឺ​គេ​បាន​ចាប់​ព្រះសង្ឃ​ជាច្រើន​អង្គ​យកទៅ​ប្រគល់​ឲ្យ​មន្ត្រី​សង្ឃ​តាម​ខេត្ត​នីមួយៗ ផ្សឹក​ផ្ទាល់ រួច​ចាប់​ដាក់គុក ៥ អង្គ និង​ក្រៅពីនោះ​ឲ្យ​ទៅ​នៅផ្ទះ​ក្រោម​ការឃ្លាំមើល​ដ៏​តឹងរ៉ឹង​របស់​នគរបាល​ជាប្រចាំ និង​ព្រះសង្ឃ​ជាច្រើន​អង្គ​ទៀត ដែល​គេ​ចោទថា​ជា​អ្នកដឹកនាំ​ធ្វើបាតុកម្ម ត្រូវ​អាជ្ញាធរ​បញ្ជា​ថ្នាក់ដឹកនាំ​សាលា​បាលី ឲ្យ​បញ្ឈប់​ពី​ការសិក្សា ហើយ​បណ្ដេញ​ចេញពី​សាលា​បាលី​តែម្ដង ។ ក្រៅពី​ព្រះសង្ឃ ៥ អង្គ ព្រះសង្ឃ​ដែល​អាជ្ញាធរ​ចាប់​ផ្សឹក និង​ព្រះសង្ឃ​ដែល​គេ​បាន​បញ្ឈប់​ពី​ការសិក្សា មិនអាច​ទ្រាំ​នឹ ង​ការរស់នៅ​ដោយ​ការធ្វើ​ទុក​បុក​ម្នេញ​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត​ទាំងយប់​ទាំង​ថ្ងៃ ដូចជា​ការកោះហៅ​ទៅ​សួរចម្លើយ​សឹងតែ​រាល់ថ្ងៃ ហើយ​បង្ខំ​ឲ្យ​សារភាព ថា​មាន​កំហុស​ទាំង​មិនបាន​ប្រព្រឹត្តិ​ល្មើសច្បាប់ ហើយ​គេ​ចាត់​នគរបាល​សម្ងាត់​ដេកចាំ យាម​ទាំងយប់​ទាំង​ថ្ងៃនោះ ព្រះសង្ឃ​មួយចំនួនធំ​បាន​ភៀសខ្លួន​ចេញ​ចោល​វត្ត ចោល​គ្រួសារ និង​មាតុភូមិ ដើម្បី​ទៅរក​ការអន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ។​»

​ចុងបញ្ចប់​នៃ​អត្ថបទ ព្រះតេជព្រះគុណ យឿ​ង តារា បានលើកឡើង ពី​ការជួយ​ធ្វើ​អន្តរាគមន៍​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម នៅ​ជុំវិញ​ពិភពលោក ដែល​បានធ្វើ​ហា​បាតុកម្ម នៅ​គ្រប់​ទីកន្លែង ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​រស់នៅ​ពេញលេញ​របស់​ខ្មែរក្រោម នៅក្នុង​ប្រទេស​វៀតណាម ។​

​ចំណែក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មួយទៀត ដែល​ដាក់ឈ្មោះថា «​ជនជាតិដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​កម្ពុជា​ក្រោម​» (The Indigenous Khmer-Krom Peoples in Kampuchea-Krom) បាន​ចែករំលែក​បន្ត (Share) សារ​បង្ហោះ​មួយ​ចេញ ពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ស៊ឹ​ន ចែង​ចើ​ន ដែល​ល​ដាក់​ចំណងជើង​ថា «​មានតែ​អ្នក​ដែល​ធ្លាប់​រស់នៅ ក្រោម​របប់​អាណានិគម​របស់​ប្រទេស​ណាមួយ​ទេ ដែល​យល់​ពី​ការឈឺចាប់​មួយ​នេះ​» ដោយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​រូបនេះ រៀបរាប់​ពី​ករណី​ផ្ទាល់ខ្លួន​របស់លោក​ថា ព្រឹត្តិការណ៍ ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ និង​ព្រឹត្តិការណ៍ ១៩ ខែមករា ២០០៧ ជា​ព្រឹត្តិការណ៍​ដំបូង​គេ​បង្អស់ ដែល​បាន​កើតឡើង នា​ដើម​សតវត្សរ៍​ទី ២១ បន្ទាប់​ព្រឹត្តិការណ៍​តស៊ូ​របស់​វីរ​សមណៈ និង​វីរជន​អ្នកស្នេហាជាតិ​ខ្មែរក្រោម​ជំនាន់​មុនៗ មានដូចជា​ក្នុងសម័យ​ព្រះតេជព្រះគុណ សឺ​ន វ៉ង់ ព្រះតេជព្រះគុណ គឹម សាង ព្រះតេជព្រះគុណ គឹម តុ​ក​ចើ​ង និង​ព្រះសង្ឃ​ជាច្រើន​អង្គ​ទៀត ដែល​កាលនោះ បាន​ក្រោក​ឡើង​ធ្វើបាតុកម្ម តវ៉ា រហូតដល់​ពលិកម្ម​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​វប្បធម៌ ប្រពៃណី សាសនា អក្សរសាស្ត្រ​ខ្មែរ នៅក្នុង​ទឹកដី​កម្ពុជា​ក្រោម ពី​ការហាមឃាត់​យ៉ាង​តឹងរ៉ឹង មិន​ឲ្យ​បើក​សាលា និង​រៀនសូត្រ​អក្សរសាស្ត្រ​ខ្មែរ នៅលើ​ទឹកដី​កម្ពុជា​ក្រោម ដោយ​រដ្ឋាភិបាល​វៀតណាម ។​

​ក្រៅតែពី​ចែករំលែក​ខ្លឹមសារ​ចេញពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដូច​បាន​រៀបរាប់​មក​ខាងលើ ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា «​ជនជាតិដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​កម្ពុជា​ក្រោម​» (The Indigenous Khmer-Krom Peoples in Kampuchea-Krom) ក៏បាន​សរសេរ​សារ​អម​បន្ថែម ដោយ​ដាក់​ចំណងជើង​ថា ដំណើរ​ស្វែងរក​សិទ្ធិ «​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​» នៅលើ​មាតុភូមិ​កម្ពុជា​ក្រោម

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​នេះ បានសរសេរថា៖

« ខ្មែរក្រោម ដែលជា​ជនជាតិដើម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម ថ្វី​ត្បិត​កំពុងតែ​រស់នៅ​ក្រោម​នឹម​ត្រួតត្រា​របស់​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម សព្វថ្ងៃ ត្រូវ​រង​ប្រឈម នឹង​បញ្ហា​រំលោភសិទ្ធិ​គ្រប់សព្វ​បែបយ៉ាង​ក្តី ។ ក៏ប៉ុន្តែ ខ្មែរក្រោម​មិនដែល​នៅ​ស្ងៀម​បណ្តោយ​ឲ្យ​ខ្លួន​រង​ការរំលោភបំពាន​សិទ្ធិ តាមតែ​អំពើ​ចិត្ត​របស់​រដ្ឋការ​យួន​នោះដែរ ។ បើតាម​ព័ស្តុតាង​ឯកសារ​ប្រវត្តិសាស្ត្រ បាន​ចារ​រឿងរ៉ាវ​របស់​ខ្មែរក្រោម​មក​ថា គ្រប់​ព្រឹត្តិការណ៍​តស៊ូ​របស់​យុទ្ធជន​ខ្មែរក្រោម​ជំនាន់​មុនៗ គឺ​មិនដែល​ចុះ​ញ៉ម​ចំពោះ​ការធ្វើ​ទុក​បុក​ម្នេញ ពី​សំណាក់​រដ្ឋអំណាច​យួន​ម្តងណា​ឡើយ ពោល គឺ​ឲ្យ​តែ «​ទីណា​មានការ​ជិះជាន់ ទីនោះ​តែងមាន​ការរើបម្រះ​» ។ ដូច្នេះហើយ ដើម្បី​សម្តែង​នូវ​កតញ្ញូតាធម៌ និង​គាវរ​កិច្ច ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​វីរ​សមណៈ វិញ្ញាណក្ខន្ធ​វីរបុរស វីរនារី វីរ​យុទ្ធជន និង​ខ្មែរ​ស្នេហា​ជាតិ​ជំនាន់​មុន​ទាំងអស់ នៅឯ​ដែនដី​កម្ពុជា​ក្រោម ដែល​ហ៊ាន​ក្រោក​ឡើង​ធ្វើបាតុកម្ម និង​ពលិកម្ម​ជីវិត ដើម្បី​ធ្វើការ​ប្រឆាំង​ជំទាស់​រាល់​ការលុបបំបាត់​ពូជសាសន៍ ពី​សំណាក់​រដ្ឋាភិបាល​អាណានិគម​យួន ។ »

​ក្នុងន័យ ជាការ​ក្រើនរំឭក​ឡើងវិញ​នូវ​ការតស៊ូ​របស់​សមណ​សិស្ស​ខ្មែរក្រោម ក្នុងសម័យ​កាល​មុនៗ ដែល​ហ៊ាន​ក្រោក​ឡើង​ទាមទារ​ឲ​រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​វៀតណាម គោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម​នោះ ។ ទំព័រ​ហ្វេ​ស​ប៊ុ​ក «​ជនជាតិដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​កម្ពុជា​ក្រោម​» បាន​រៀបរាប់​ដោយ​សរសេរ​បន្តថា៖

«​យ៉ាងណាមិញ កុលបុត្រ កុលធីតា ដែលជា​បច្ឆាជន​ជំនាន់​ក្រោយ ក៏​មិនដែល​ព្រងើយកន្តើយ​ម្តងណា​ឡើយ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ និង​កា​រំលោភសិទ្ធិ​ផ្សេងៗ ពីរ​បប់​បក្សកុម្មុយនិស្ត​យួន ។ ជាក់ស្តែង​ព្រឹត្តិការណ៍​ក្រោក​ឡើង​តស៊ូ​មតិ ដោយ​អហឹ​ង្សា​របស់​ព្រះសង្ឃ​ខ្មែរក្រោម ប្រមាណ​ជិត ៥០ អង្គ​/​រូប នៅ​ខេត្ត​ព្រះ​ត្រពាំង កាលពី​ថ្ងៃទី ១៩ ខែមករា ២០០៧ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋអំណាច​យួន ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ ដែល​ត្រូវបាន​កង​នគរបាល​យួន​ចាប់​យកទៅដាក់​ឃុំឃាំង ដោយ​គ្មាន​មូលហេតុ និង​ព្រឹត្តិការណ៍​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ដែល​សមណ​និស្សិត​សាលា​បាលី​ជាន់ខ្ពស់​ខេត្ត​ឃ្លាំង ប្រមាណ​ជាង ២០០ អង្គ​/​រូប ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​អជ្ញាធរ​យួន​គោរព​សិទ្ធិសេរីភាព​សាសនា ក្នុងនាម​ជា​ម្ចាស់​ទឹកដី ។ ទាំងនេះ គឺជា​ព្រឹត្តិការណ៍​ដំបូង​គេ​បង្អស់ ដែល​បាន​កើតឡើង​នៅក្នុង​សតវត្សរ៍​ទី ២១ ។ »

​ថ្វីត្បិតតែ​ព្រះសង្ឃ ដែលជា​សមណ​សិស្ស​ច្រើន​អង្គ​ផ្សេងទៀត ដែល​រងគ្រោះ​នៅក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នេះ មិនបាន​សរសេរ​សារ​បង្ហាញ​ពី​អារម្មណ៍​ឈឺចាប់ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ក្តី ។ ប៉ុន្តែ ព្រះអង្គ​បាន​ចែករំលែក​បន្ត សារ​ដែល​បង្ហោះ នៅលើ​គ​ណី​ហ្វេ​ស​ប៊ុ​ក​មិត្តភក្តិ​របស់​ព្រះអង្គ ជាពិសេស​ការចែករំលែក​បន្ត​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន «​ព្រៃនគរ​» ដែល​បាន​ចុះផ្សាយ អំពី​ព្រឹត្តិការណ៍​មួយ​នេះ ។​

​ទោះជា​យ៉ាងនេះ​ក្តី ព្រះតេជព្រះគុណ យ៉ា​ញ់ តូន និង​ព្រះតេជព្រះគុណ សួន បូរ៉ា ជា​ព្រះសង្ឃ ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម នៅក្នុង​ព្រឹត្តិការណ៍​មួយ​នេះ បានផ្តល់​កិច្ច​សម្ភាស​ពិសេស​មួយ ឲ្យ​ទូរទស្សន៍ «​ព្រៃនគរ​» និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅមុន​ថ្ងៃ​ខួប ១១ ឆ្នាំ នៃ​ព្រឹត្តិការណ៍ ៨ កុម្ភៈ កាលពី​សប្ដាហ៍​កន្លងទៅ​នេះ (​នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨) ។

​ព្រះតេជព្រះគុណ យ៉ាន់ តូន បាន​ថ្លែងប្រាប់​ទូរទស្សន៍ «​ព្រៃនគរ​» ថា ក្រោយពី​អាជ្ញាធរ យួន​បង្ក្រាប នៅក្នុង​ព្រឹត្តិការណ៍ ៨ កុម្ភៈ វា​មិន​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​បាក់ស្បាត​ឡើយ ។ ព្រះអង្គ​ថា នៅពេល​អា​នាគ​ត ពលរដ្ឋ​ខ្មែរក្រោម​នៅតែ​ហ៊ាន​ងើបឡើង​តវ៉ា​ដើម្បី​ទាមទារ​នូវ​សិទ្ធិ របស់ខ្លួន​ជាក់​ជាមិនខាន ដរាបណា​រដ្ឋាភិបាល​យួន​នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ និង​គាបសង្កត់ ពលរដ្ឋ​ខ្មែរក្រោម ។​

​ចំណែក ព្រះតេជព្រះគុណ សួន បូរ៉ា បាន​ថ្លែងថា សម័យ​បច្ចេក​ព័ត៌មានវិទ្យា​នេះ រដ្ឋាភិបាល យួន​មិនអាច​លាក់បាំង​អ្វី​បាន​ទៀត​ទេ ដោយ​ព្រះអង្គ​បាន​បញ្ជាក់ថា កាលពី ១១ ឆ្នាំមុន ពលរដ្ឋ​ខ្មែរ ក្រោម​មិនសូវ​ចេះ​ប្រើ​អិន​ធើ​ណិ​ត​ទេ តែ​ព្រះសង្ឃ​នៅតែ​ហ៊ាន​ចេញ​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​នូវ សិទ្ធិសេរីភាព​ពី​សំណាក់​អាជ្ញាធរ​យួន ទម្រាំ​មកដល់ពេលនេះ ពលរដ្ឋ​ខ្មែរក្រោម​ខ្មែរក្រោម​ម្នាក់ៗ ចេះ​ប្រើ​អិន​ធើ​ណិ​ត​គ្រប់គ្នា ដែល​ធ្វើ​ឲ្យ​ពួកគាត់​មានការ​យល់ដឹង​កាន់តែច្បាស់​ជាង​មុន​នូវ​សិទ្ធិ​របស់ ខ្លួន​ក្នុងនាម​ជា​ជនជាតិដើម ។ ព្រះអង្គ​បាន​ប្រៀបធៀប​ពលរដ្ឋ​ខ្មែរក្រោម​ដូចនឹង​ម្សៅ​មួយ​ដុំ​នៅលើ ដៃ​យួន ប្រសិនបើ​យួន​ច្របាច់​ខ្លាំង ម្សៅ​នោះ នឹង​ហៀរ​ចេញ​តាច​ន្លោះ​ម្រាមដៃ តែបើ​ទុក​បណ្ដោយ ម្សៅ​នោះ នឹង​រឹង​ច្របាច់​លែង​បែក ។​

​យ៉ាងណា​ក៏ដោយចុះ ក្រោយពី​ការធ្វើ​បាតុកម្ម​នេះ ព្រះសង្ឃ​ខ្មែរក្រោម​ជាច្រើន​អង្គ ត្រូវបាន​បង្ក្រាប​ដោយ​វិធី​ចាប់​ផ្សឹក ដេញ​សមណ​សិស្ស​ចេញពី​សាលា​បាលី និង​ចាប់​ព្រះសង្ឃ​ញាត់​គុក​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ក៏​លទ្ធផល​នៃ​ការធ្វើ​បាតុកម្ម​នេះ រដ្ឋាភិបាល​វៀតណាម បានផ្តល់​មកវិញ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទូទាំង​ខេត្ត​ឃ្លាំង មាន​សិទ្ធិ​ប្រារព្ធ​បុណ្យកឋិន នៅ​ថ្ងៃ​ណាមួយ​ក្នុងចំណោម ២៩ ថ្ងៃ​នៃ​រដូវ​កឋិន​តាម​ពុទ្ធានុញ្ញាត ខណៈដែល​ពីមុន រដ្ឋាភិបាល​វៀតណាម បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ខេត្ត​ឃ្លាំង​ធ្វើបុណ្យ​កឋិនទាន បានត្រឹមតែ​មួយថ្ងៃ​បុ​ណ្ណោះ ។ ការដែល​អាជ្ញាធរ​វៀតណាម ធ្វើទុក្ខបុកម្នេញ​មកលើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅក្នុង​ស្រុក បាន​ញ៉ាំង​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទូទាំង​ពិភពលោក ក្រោក​ឡើង​ព្រម​គ្នា​ធ្វើបាតុកម្ម​ទាមទារ​នៅ​គ្រប់​ទីកន្លែង ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​អាជ្ញាធរ​វៀតណាម ដោះលែង​ព្រះសង្ឃ​ទាំង ៥ អង្គ ដែល​បាន​ជាប់ពន្ធនាគារ​នោះ ឲ្យ​មាន​សេរីភាព​វិញ ។ បន្ថែម​ពីលើ​នេះ ក៏​បង្ហាញ​ឲ្យ​មតិ​អន្តរជាតិ​មើលឃើញ​ពី​ទង្វើ​របស់​រដ្ឋាភិបាល​ប​ក្សក​ម្មុយ​និ​ស្ត​យួន ដែល​នៅតែ​បន្ត​ការ​ធ្វើទុក្ខបុកម្នេញ មកលើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ៕​

រូបភាពខ្លះៗ នៃ​ព្រឹត្តិការណ៍ ៨ កុម្ភៈ និងសកម្មភាពបង្ហោះសារនៅលើហ្វេសប៊ុករបស់សមណសិស្ស ដើម្បីរ​រំឭក​ឡើងវិញ​នូវ​ការឈឺចាប់​របស់ខ្លួន

Leave A Reply

Your email address will not be published.