វត្តព្រះពុទ្ធសាសនាខ្មែរមួយ ដែលមានអាយុកាលជិត ១៤០០ ឆ្នាំ នៅខេត្តព្រះត្រពាំង ត្រូវរងអគ្គីភ័យ
ដោយ ស៊ឺន ចែងចើន
កុដិរតបូរាណមួយ នៃវត្តព្រះពុទ្ធសាសនាខ្មែរក្រោម បានរងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះ ។ កុដិនេះ គឺមានអាយុកាលជាង ១០០ ឆ្នាំ និងជាកេរមរតករបស់វត្តបិដកត្យារាម (ក្នុងស្រុក) ឋិតនៅក្នុងភូមិក្នុងស្រុក ឃុំហ្វាឡើយ ស្រុកកំពុងធំ ខេត្តព្រះត្រពាំង នៃដែនដីកម្ពុជាក្រោម ។

ហេតុការណ៍អគ្គីភ័យឆាបឆេះកុដិរតចំណាស់មួយខ្នងយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតព្រះពុទ្ធរូបជាច្រើនអង្គ សម្ភារៈ និងវត្ថុដ៏មានតម្លៃបំផុតមិនអាចកាត់ថ្លៃបាន បង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី ១៦ មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ផ្សែងហុយសន្ធប់ចេញពីកុដិរតបូរាណ ក្នុងវត្តបិដកត្យារាម (ក្នុងស្រុក) នោះ ពុទ្ធបរិស័ទ និងព្រះសង្ឃ បាននាំគ្នាផ្អើលឈូឆរយកទឹកមកជះ និងបាញ់ពន្លត់តែមិនអាចគ្រប់គ្រង ដោយគ្របដណ្តប់ដោយអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់កាន់តែហុយឆេះខ្លាំងឡើង ៗ ។ ប្រហែលជាកន្លះម៉ោងក្រោយមក ទើបមានរថយន្តពន្លត់អគ្គីភ័យមកដល់ទីនោះ និងបានបាញ់ពន្លត់ភ្លើង និងទប់ស្កាត់ទាន់ពេលមិនឲ្យឆេះរាលដាលទៅកន្លែងកុដិ និងសាលាឆាន់ នៅជុំវិញនោះ ។ ប៉ុន្តែ ជាអកុសល អណ្ដាតភ្លើងបានលេបត្របាក់កុដិមានវ័យដ៏ចំណាស់អស់ស្ទើរទាំងស្រុងទៅហើយ ។
នៅមិនទាន់ដឹងពីមូលហេតុ ដែលបណ្តាលឲ្យឆេះកុដិនេះ នៅឡើយទេ ។ ប៉ុន្តែ សក្សី ដែលនៅកន្លែងកើតហេតុសង្ស័យថា ជាការឆ្លងចរន្តអគ្គិសនីទើបបណ្តាលឲ្យឆេះ ព្រោះអគ្គិភ័យបានឆាបឆេះផ្តើមចេញ ពីខាងក្នុងនៃកុដិ ហើយក៏សន្ទុះរាលដាលចេញជាអណ្តាតភ្លើងឆេះកាន់តែខ្លាំង ។ យ៉ាងនេះក្តី ក្នុងហេតុការណ៍នោះ មិនមានអ្នកណាម្នាក់គ្រោះថ្នាក់នោះទេ ប៉ុន្តែត្រូវរងខូចខាតព្រះពុទ្ធជាច្រើនអង្គ រូមទាំងវត្ថុបូរាណដ៏មានតម្លៃ ដែលមិនអាចគណនាបានឡើយ ។

គួរជម្រាបជូនថា កុដិរតបុរាណ បន្សល់ទុកមកដល់សព្វថ្ងៃ ដែលរងការឆាបឆេះនេះ គឺត្រូវបានកសាងឡើង ក្នុងសម័យបារាំង ។ ចំណែកអាយុកាលរបស់វត្តបិដកត្យារាម (ក្នុងស្រុក) បានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី ២ នៃ ព. ស. ១១៨៤ គ. ស. ៦៤១ ដោយស្នាព្រះហស្ថរបស់ ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ ព្រះនាម ព្រឹក្ស ។ គិតមកដល់ឆ្នាំ ពុទ្ធសករាជ ២៥៦៣ គ្រឹស្តសករាជ ២០២០ វត្តនេះ មានអាយុកាល ១៣៧៩ ឆ្នាំហើយ ។ ដោយឡែករចនាប័ទ្មនៃកុដនេះ ត្រូវបានសាងសង់ពីឈើ ដំបូលប្រក់ដោយក្បឿងបុរាណ រនាបក្ដារធ្វើពីឈើ ជញ្ជាំងបាំងដោយក្តារនៅខាងក្នុង និងផ្នែកជាច្រើនទៀត សាងសង់ឡើងតាមរចនាប័ទ្មខ្មែរពីបុរាណ ។
សូមបញ្ជាក់ផងថា នៅខេត្តព្រះត្រពាំង មានវត្តខ្មែរទាំងអស់ចំនួន ១៤៣ វត្ត ក្នុងនោះ ក្រៅពីវត្តបិដកត្យារាម (ក្នុងស្រុក) ដែលមានអាយុកាល ១៣៧៩ ឆ្នាំ ក៏នៅមានវត្តសម្បូររង្សី ហៅវត្ត សម្បួរ បានកកើតឡើងក្នុងគ្រឹស្តសករាជ ៣៧៣ ហើយបើគិតមកដល់ឆ្នាំ ២០២០ វត្តនេះ មានអាយុ ១៦៤៧ ឆ្នាំ ៕
រូបភាពខ្លះៗ ក្រោយពីកុដិរតបូរាណមួយ នៃវត្តបិដកត្យារាម (ក្នុងស្រុក) រងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះ