ខួប ១៤ ឆ្នាំនៃសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម អាជ្ញាធរយួននៅតែបន្តធ្វើបាបខ្មែរក្រោម
ដោយ យាង សុធារិន្ទ
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២១ គឺជាខួប ១៤ ឆ្នាំនៃការប្រកាសឱ្យប្រើសេចក្តីប្រកាសអង្គការ សហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ។ សេចក្តីប្រកាសនេះបានចែងនូវសិទ្ធិសេរីភាពជា មូលដ្ឋាននានាដែលជនជាតិដើមនៅលើពិភពលោកត្រូវទទួលបានក្នុងនោះក៏មានពលរដ្ឋខ្មែរក្រោមផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ១៤ ឆ្នាំកន្លងទៅនេះ វៀតណាម ដែលជារដ្ឋភាគីមួយនៃសេចក្តីប្រកាសនេះ មិនបានគោរពនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការលើក កំពស់សិទ្ធិសេរីភាពរបស់ខ្មែរក្រោមដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិនេះឡើយ ។
តើអ្វីជាសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ? តើសេចក្តីប្រកាសនេះ មានសារសំខាន់យ៉ាងដូចម្តេចខ្លះចំពោះខ្មែរក្រោម ? តើវៀតណាមដែលជារដ្ឋភាគីនៃសេចក្តី ប្រកាសនេះត្រូវចូលរួមយ៉ាងដូចម្តេចខ្លះក្នុងការលើកកំពស់ការពារសិទ្ធិសេរីភាពរបស់ខ្មែរក្រោមដែលជាជនជាតិដើមនៅលើទឹកកំណើតរបស់ខ្លួន ?
ពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា លោក យាង សុធារិន្ទ មានសេចក្តីរាយការណ៍អំពីរឿងនេះ ៖
សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ឬហៅកាត់ជាភាសាអង់គ្លេសថា UNDRIP គឺជាឧបករណ៍អន្តរជាតិ ត្រូវបានបោះឆ្នោតអនុម័តដោយអង្គការសហប្រជាជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។ គិតមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២១ នេះ គឺមាន រយៈពេល ១៤ ឆ្នាំហើយ ។
មែនទែនទៅ UNDRIP ត្រូវបានចាប់ផ្តើមផ្តួចផ្តើមគំនិតតាក់តែងឡើងតាំងពីឆ្នាំ ១៩៨២ ក្រោយពីមានរបាយការណ៍សិក្សាមួយត្រូវបានផ្សព្វផ្សាយដោយ លោក ហូសេ អា ម៉ាទីនេស កូបូ (José R. Martinez Cobo) ដែលជាអ្នករាយការណ៍ពិសេស នៃអនុគណៈកម្មការអង្គការ សហប្រជាជាតិស្តីពីការបង្ការការរើសអើង និងការពារជនជាតិភាគតិច ។ ការសិក្សានោះបាន រកឃើញថា ជនជាតិដើមនៅលើពិភពលោកបានជួបប្រទះនូវការរើសអើងជាលក្ខណៈប្រព័ន្ធ ជាច្រើន ។ ក្រោយពីរបាយការណ៍នេះត្រូវបានផ្សព្វផ្សាយ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិបានបង្កើតក្រុមការងារស្តីពីប្រជាជនជនជាតិដើម ហើយនៅឆ្នាំ ១៩៨៥ ក្រុមការងារនេះក៏បានធ្វើសេចក្តីព្រាង នៃសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមនេះ ឡើង ។
ក្រោយពីមានការពិគ្រោះយោបល់ជាច្រើនលើកច្រើនសា ទីបំផុតនៅឆ្នាំ ២០០៦ សេចក្តីព្រាង ស្តីពីសិទ្ធិជនជាតិដើម ត្រូវបានទទួលយកដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួចត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតអនុម័តជាផ្លូវការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមានសំឡេងបោះឆ្នោតគាំទ្រចំនួន ១៤៤ ប្រទេស ក្នុងនោះក៏មាន ប្រទេសវៀតណាមផងដែរ ។ ចាប់តាំងពីពេលនោះមក សិទ្ធិសេរីភាពរបស់ជនជាតិជាតិ ដែលមានជិត ៥០០ លាននាក់រស់នៅក្នុងប្រទេសប្រមាណ ៩០ នៅទូទាំងពិភពលោក ត្រូវ បានការពារដោយសេចក្តីប្រកាសនេះ ។
សេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមមានទាំងអស់ ៤៦ មាត្រា ដែលចែងអំពីសិទ្ធិសេរីភាពជា មូលដ្ឋានជាច្រើនរបស់ជនជាតិដើម រួមមានទាំងសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ ជាពិសេសគឺសិទ្ធិស្វ័យសម្រេច ឬសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង មានន័យថា ជនជាតិដើមអាចធ្វើសេចក្តីសម្រេចចិត្តអំពីស្ថានភាពនយោបាយរបស់ខ្លួនដោយសេរី និងធ្វើ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ខ្លូនដោយសេរីផងដែរ ។
សូមបញ្ជាក់ថា សិទ្ធិរបស់ជនជាតិដើម ក្រៅតែពីត្រូវបានទទួលស្គាល់ និងការពារដោយសេច ក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើម សិទ្ធិរបស់ពួកគេក៏ត្រូវបានបានទទួលស្គាល់ និងការពារ ដោយឧបករណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិផ្សេងទៀតដែរ ។
ជាក់ស្តែង មាត្រា ១ នៃ UNDRIP ចែងថា «ជនជាតិដើមជាសមូហភាព ឬជាបុគ្គល មានសិទ្ធិ ទទួលបានយ៉ាងពេញលេញនូវសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដែលទទួលស្គាល់ដោយ ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងច្បាប់សិទ្ធិ មនុស្សអន្តរជាតិនានា» ។
ដើម្បីតាមដានលើប្រសិទ្ធភាព និងធានាលើកកំពស់ការគោរព នៃការអនុវត្តសេចក្តីប្រកាស នេះ អង្គការសហប្រជាជាតិបានបង្កើតនូវយន្តការមួយចំនួន ក្នុងនោះរួមមាន វេទិកាអចិន្រ្តៃយ៍ អង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម ឬហៅកាត់ជាភាសាអង់គ្លេសថា UNPFII ។
UNPFII គឺជាស្ថាប័នផ្តល់ប្រឹក្សាយោបល់កម្រិតខ្ពស់ដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ ២០០០ ដោយមានអាណត្តិ ដើម្បីដោះស្រាយបញ្ហារបស់ជនជាតិដើមទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម វប្បធម៌ បរិស្ថាន ការអប់រំ សុខាភិបាល និងសិទ្ធិមនុស្ស ។
វេទិកានេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០២ មក ដែលជាទូទៅមាន រយៈពេល ១០ ថ្ងៃ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនាបុរីញូវយ៉ក សហរដ្ឋ អាមេរិក និងពេលខ្លះនៅការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលថ្លែងការណ៍នៅក្នុងវេទិកា UNPFII នេះ ចាប់តាំងពីឆ្នាំ ២០០៤ ពោលគឺបីឆ្នាំក្រោយពីបានចូលជាសមាជិក នៃអង្គការ UNPO នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០០១ ។
ក្រៅពីវេទិកា UNPFII អង្គការសហប្រជាជាតិក៏នៅមានយន្តការចំនួន ២ ផ្សេងទៀតដើម្បី ដោះស្រាយបញ្ហារបស់ជនជាតិដើមផងដែរ ។ យន្តការទាំងនោះមានយន្តការអ្នកជំនាញស្តីពី សិទ្ធិជនជាតិដើម និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជនជាតិដើម ។
សេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមក៏បានចែងអំពីកាតព្វកិច្ចរបស់រដ្ឋជាភាគី ។ មាត្រា ៣៨ នៃសេចក្តីប្រកាសនេះចែងថា «រដ្ឋទាំងឡាយដោយមានការពិគ្រោះយោបល់ និងសហការ ជាមួយជនជាតិដើម ត្រូវចាត់វិធានការសមស្រប រួមទាំងវិធានការតាមផ្លូវច្បាប់ផង ដើម្បី សម្រេចគោលដៅ នៃសេចក្តីប្រកាសនេះ» ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជារដ្ឋភាគី គេសង្កេតឃើញថារដ្ឋាភិបាលវៀតណាម មិនបានគោរពពេញលេញសិទ្ធិពលរដ្ឋខ្មែរក្រោមជាជនជាតិដើមម្ចាស់ស្រុកឡើយ ។ រដ្ឋាភិបាលវៀតណាមមិនព្រមទទួលស្គាល់ខ្មែរក្រោមជាផ្លូវការថាជាជនជាតិដើមនោះទេ បើទោះជាខ្មែរក្រោមគឺជាម្ចាស់ទឹកដីមានវត្តមាននៅដែនដីកម្ពុជាក្រោមតាំងពីដើមមក មានភាសា អក្សរសាស្រ្ត ប្រពៃណី វប្បធម៌ ទំនៀមទំលាប់ សាសនា និងតឹកតាងប្រវត្តិសាស្រ្ត ជាច្រើន ។
អង្គការ UNPO ដែលមានសហព័ន្ធខ្មែរកម្ពុជាក្រោមជាសមាជិក ធ្លាប់លើកឡើងថា ការដែល រដ្ឋាភិបាលវៀតណាមមិនទទូលស្គាល់ឋានៈជាជនជាតិដើមរបស់ខ្មែរក្រោម វាបង្ហាញយ៉ាង ច្បាស់ថារដ្ឋាភិបាលវៀតណាមកំពុងបដិសេធនូវសិទ្ធិសេរីភាពជាជនជាតិដើមរបស់ពលរដ្ឋ ខ្មែរក្រោមដែលត្រូវបានទទួលស្គាល់នៅក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសគឺសេចក្តី ប្រកាសស្តីពីសិទ្ធិជនជាតិដើមឆ្នាំ ២០០៧ ។
លើសពីនេះ រដ្ឋអំណាចវៀតណាមបានធ្វើទុក្ខបុកម្នេញជាច្រើនលើពលរដ្ឋខ្មែរក្រោម ដូចជា ការរើសអើងជាតិសាសន៍ ការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពក្នុងការជួបប្រជុំ ការរំលោភយកដីធ្លី ការចាប់ខ្លួនពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារដោយអយុត្តិធម៌ សេរីភាព ក្នុងការសិក្សាភាសាខ្មែរ និងប្រវត្តិសាស្រ្តកម្ពុជាក្រោម ការរឹតត្បិតលើសេរីភាពប្រតិបត្តិជំនឿ សាសនា សេរីភាពក្នុងការទទួលបានឱកាសអប់រំខ្ពង់ខ្ពស់ សិទ្ធិមាន តំណាងរបស់ខ្លួននៅក្នុង ជួររដ្ឋាភិបាល និងសិទ្ធិទទួលបានការដោះស្រាយបញ្ហាដោយយុត្តិធម៌ជាដើម ។
ធ្ងន់ធ្ងរជាងនេះទៀត អាជ្ញាធរវៀតណាមមិនត្រឹមតែបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្សព្វ ផ្សាយសេចក្តីប្រកាសទៅកាន់ជនជាតិដើមដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបានសម្លុតបំភ័យ គំរាមកំហែង និងធ្វើទុក្ខបុកម្នេញ យុវជនខ្មែរក្រោមដែលបានខិតខំ បោះពុម្ពសៀវភៅសិទ្ធិជនជាតិដើមដើម្បីសិក្សាឈ្វេងយល់ទៅវិញ ។
ករណីនេះធ្លាប់បានកើតឡើងចំពោះយុវជនខ្មែរក្រោម យឿង ខាយ ដែលត្រូវអាជ្ញាធរ វៀតណាមខេត្តដូនណៃរឹបអូសយកសៀវភៅសិទ្ធិជនជាតិដើមជាង ១០០ ក្បាល និងត្រូវ នគរបាលឃាត់ខ្លួនសួរចំលើយអស់ជាច្រើនម៉ោង ។ កាលពីខែមិថុនា ឆ្នាំ ២០២១ ក្រុមអ្នក ជំនាញឯករាជ្យនៃអង្គការសហប្រជាជាតិក៏បានចេញលិខិតរួមគ្នាមួយទាមទារឱ្យរដ្ឋាភិបាល វៀតណាមបញ្ឈប់នូវការធ្វើទុក្ខបុកម្នេញទៅលើយុវជនខ្មែរក្រោម យឿង ខាយ ។
ករណីដូចគ្នានេះ ក៏បានកើតឡើងចំពោះពលរដ្ឋខ្មែរក្រោម លោក ថាច់ ថា នៅខេត្តព្រះត្រពាំង ដែលត្រូវបានអាជ្ញាធរស្ទាក់ឃាត់ម៉ូតូរឹបអូសយកសៀវភៅស្តីពីសិទ្ធិជនជាតិដើមចំនួន ១៥០ ក្បាល ។ ក្រៅពីនោះ ក៏នៅមានករណីសម្លុតបំភ័យ គំរាមកំហែង ជាច្រើនផ្សេងទៀត ដូចជា ការឃាត់ខ្លួនពលរដ្ឋខ្មែរក្រោមសួរនាំពីរឿងពាក់អាវយឺត ការរឹបអូសយកអាវយឺតសិទ្ធិមនុស្ស និងការវាយឆ្មក់ចូលផ្ទះយុវជនខ្មែរក្រោមរុករកសៀវភៅសិទ្ធិមនុស្សជាដើម ។
អង្គការ UNPO ដែលមានសមាជិកទាំងអស់ចំនួន ៤៥ ជនជាតិ តំណាងឱ្យប្រជាជនជាង ៣០០ លាននាក់នៅជុំវិញពិភពលោក បានទទូចឱ្យរដ្ឋាភិបាលវៀតណាមត្រូវតែទទួលស្គាល់ ឋានៈជាជនជាតិដើមម្ចាស់ស្រុករបស់ខ្មែរក្រោម និងទាមទារឱ្យវៀតណាមត្រូវតែធានាការពារ និងគោរពសិទ្ធិសេរីភាពរបស់ខ្មែរក្រោមដែលមានចែងនៅក្នុងសេចក្តីប្រកាសអង្គការ សហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិនានា ៕