តុលាការ​ផ្ដន្ទាទោស​ព្រះសង្ឃ​ខ្មែរ​ក្រោម​ ២ ​អង្គ​ជាប់​ពន្ធនាគារ​ពី​ ៣ ​ខែ​ដល់ ​២ ​ឆ្នាំ

191

ដោយ យាង សុជាមេត្តា | RFA

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មេសា ផ្ដន្ទាទោស​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ ឲ្យ​ជាប់​ពន្ធនាគារ​ពី ៣​ខែ ដល់ ២​ឆ្នាំ ពី​បទ​គំរាម​សម្លាប់ និង​រក្សា​សារធាតុ​ញៀន។ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ចាត់​ទុក​ការ​ផ្ដន្ទាទោស​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ​ពេល​នេះ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ខ្មែរ​ក្រោម។

រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម ដាវ ទេព្យ (ស្ដាំ) និង ជា វណ្ណដា ត្រូវ​បាន​​សមត្ថកិច្ច​​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស វិញ បន្ទាប់​ពី​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​​​ពី ៣​ខែ ទៅ ២​ឆ្នាំ នៅ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម ដាវ ទេព្យ (ស្ដាំ) និង ជា វណ្ណដា ត្រូវ​បាន​​សមត្ថកិច្ច​​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស វិញ បន្ទាប់​ពី​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​​​ពី ៣​ខែ ទៅ ២​ឆ្នាំ នៅ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៦។
RFA/Yeang Socheametta

ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពេល​នេះ មាន​ព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា។ ពួកគាត់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ហើយ​ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ដោយ​ចោទ​ពី​បទ​គំរាម​សម្លាប់ ការ​រក្សាទុក​សារធាតុ​ញៀន និង​ការ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​ពេល​ប្រកាស​សាលក្រម ចៅក្រម​ជំនុំជម្រះ លោក អ៊ឹម វណ្ណៈ ប្រកាស​ថា ព្រះតេជព្រះគុណ ជា វណ្ណដា ត្រូវ​បាន​តុលាការ​ទម្លាក់​បទ​ចោទ​ចំនួន​២ គឺ​បទ​គំរាម​សម្លាប់ និង​រក្សា​សារធាតុ​ញៀន។ ចំណែក​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ត្រូវ​បាន​តុលាការ​កែប្រែ​ទៅ​ជា​បទ​ស្លៀក​ដណ្ដប់​បែប​ព្រះពុទ្ធ​សាសនា​ដោយ​ គ្មាន​សិទ្ធិ ហើយ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៣​ខែ។ ដូច្នេះ​បាន​ន័យ​ថា ព្រះអង្គ​នឹង​ត្រូវ​បាន​ដោះលែង ដោយសារ​ព្រះអង្គ​ត្រូវ​បាន​ឃុំ​ខ្លួន​រយៈពេល ៧​ខែ​ហើយ គិត​ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៥ មក។

សម្រាប់​ព្រះតេជព្រះគុណ ដាវ ទេព្យ ព្រះអង្គ​ត្រូវ​បាន​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ពី​បទ​គំរាម​សម្លាប់ និង​រក្សា​សារធាតុ​ញៀន។ ចំណែក​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល។

ព្រះតេជព្រះគុណ ដាវ ទេព្យ ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ ថា​ជា​អំពើ​អយុត្តិធម៌​សម្រាប់​ព្រះអង្គ។ ព្រះអង្គ​ថា នេះ​គ្រាន់តែ​ជា​ល្បិច​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ​ដើម្បី​ទម្លាក់​កំហុស​លើ​ ព្រះអង្គ។ ព្រះអង្គ​បាន​ស្រែក​នៅ​ពេល​សមត្ថកិច្ច​បណ្ដើរ​ឡើង​ឡាន​ដឹក​យក​ទៅ​កាន់​ ពន្ធនាគារ​ថា វា​ជា​អយុត្តិធម៌​សម្រាប់​ព្រះសង្ឃ​ខ្មែរ​ក្រោម៖ «អយុត្តិធម៌ ​សម្រាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ណាស់ ការ​ចាប់​ខ្លួន​នយោបាយ អយុត្តិធម៌ គេ​ចង់​ធ្វើ​បាប​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ទម្លាក់​កំហុស​ដើម្បី​ចាប់​ខ្លួន»

ចំណែក​ព្រះតេជព្រះគុណ ជា វណ្ណដា ដែល​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​គុក​ចំនួន ៣​ខែ នៅ​ពេល​ចេញ​ពី​តុលាការ មិន​បាន​ស្រែក​ដូច​កាល​ពេល​មុនៗ​ឡើយ។

ឪពុក​ព្រះតេជព្រះគុណ ជា វណ្ណដា គឺ​លោក តាំង ជា ដែល​ទើប​ឡើង​មក​ពី​​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ដើម្បី​រង់ចាំ​ស្ដាប់​លទ្ធផល​សវនាការ​កូន​ប្រុស សម្ដែង​ភាព​រីករាយ​ពេល​ដឹង​ថា កូន​ប្រុស​នឹង​ត្រូវ​ដោះលែង។

បើ​ទោះ​ជា​យល់​ថា ការ​ចាប់​ខ្លួន​កូនប្រុស​លោក​មាន​ភាព​អយុត្តិធម៌​តាំង​ពី​ដំបូង​ក្តី ប៉ុន្តែ​បុរស​ខ្មែរ​ក្រោម​វ័យ​ជាង ៦០​ឆ្នាំ​រូប​នេះ​ថ្លែង​ថា លោក​សុខចិត្ត​ទទួល​យក ព្រោះ​លោក​ថា បើ​ទោះបីជា​នៅ​តតាំង​ត​ទៅ​ទៀត ក៏​លោក​មិន​សង្ឃឹម​ថា ឈ្នះ​គេ​នោះ​ដែរ៖ «មិន​ដឹង​ធ្វើ​ម៉េច​ទេ សុំ​ឲ្យ​តែ​រួច​ខ្លួន កូន​ខ្ញុំ​បាន​សុខ​បាន​ហើយ កុំ​ឲ្យ​គេ​ធ្វើ​បាប​ត​ទៅ​ទៀត។ ឥឡូវ​បើ​ចង់​ទាមទារ​ក៏​មិន​ដឹង​ទៅ​ទាមទារ​ឯ​ណា​ដែរ ជា​អ្នក​ស្រែ​ដឹង​ច្បាប់​ដឹង​ទម្លាប់​អី មាន​ដឹង​អី​ណា តាម​តែ​គេ​ថា បើ​គេ​ឲ្យ​ជាប់​ក៏​មិន​ដឹង​ថា​ម៉េច​ដែរ គ្មាន​អ្នក​តវ៉ា មិន​ចេះ​ដឹង មិន​ដឹង​ទៅ​តវ៉ា​ឯ​ណា?»

ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ធ្វើ​ឡើង​ដោយ​មិន​មាន​វត្តមាន​របស់​ មេធាវី​ការពារ​ក្តី​ជនជាប់ចោទ លោក ហម ស៊ុនរិទ្ធិ ឡើយ។ ប៉ុន្តែ​លោក​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ការ​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌។

កន្លងមក​សង្គម​ស៊ីវិល​បាន​រិះគន់​ទៅ​លើ​ចំណាត់​ការ​របស់​សមត្ថកិច្ច និង​តុលាការ​ចំពោះ​ករណី​ព្រះសង្ឃ​ទាំង ២​អង្គ។ ពួកគេ​ថា វត្ថុតាង​ដែល​តុលាការ​យក​មក​ដាក់​បន្ទុក មិន​អាច​យក​ធ្វើ​ជា​មូលដ្ឋាន​ច្បាប់​បាន​ឡើយ ដោយហេតុ​ថា ក្នុង​ពេល​សមត្ថកិច្ច​ស្វែង​រក​វត្ថុតាង ព្រះសង្ឃ​ទាំង ២​អង្គ​មិន​ឋិត​នៅ​កន្លែង​ឡើយ ហើយ​ក្រោយ​មក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បង្ខំ​ឲ្យ​ផ្តិត​មេដៃ​ទទួល​ស្គាល់​ វត្ថុតាង​ទៅ​វិញ។ លើស​ពី​នេះ យុវជន​ដែល​ជា​ដើម​បណ្ដឹង​ប្ដឹង​ពួកគាត់​ពី​បទ​គំរាម​សម្លាប់ ក៏​ត្រូវ​សមត្ថកិច្ច​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​លើ​ពាក្យ​បណ្ដឹង ហើយ​ក្រោយ​មក យុវជន​រូប​នោះ​ថែម​ទាំង​បាន​ដក​ពាក្យ​បណ្ដឹង​វិញ​ទៀត​ផង។

ប្រធាន​លេខាធិការដ្ឋាន​អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ កម្ពុជា លោក តាំង សារៈ ថ្លែង​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​នេះ ថា​ជា​ការ​បំបាក់​ស្មារតី​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទូទៅ៖ «ខ្ញុំ​មើល​ឃើញ​ថា ការ​ចាប់​ព្រះ​កាយ​លោក​ក្តី ការ​កាត់​ទោស​លោក​ក្តី គឺ​អយុត្តិធម៌​ក្រៃលែង ហើយ​នេះ​ជា​ការ​គំរាមកំហែង​ដល់​ស្មារតី ដើម្បី​កុំ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ធ្វើការ​តវ៉ា​លើ​បញ្ហា​អ្វី​មួយ​នៅ​ ពេល​អនាគត»

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៤ មក មាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ៥​អង្គ​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ខ្មែរ​ចាប់​ខ្លួន ក្នុង​នោះ​មាន​អតីត​ព្រះសង្ឃ សឺន ហាយ ឃិន វណ្ណៈ សាន កុសល ព្រម​ទាំង​ព្រះសង្ឃ ដាវ ទេព្យ និង ជា វណ្ណដា នៅ​ពេល​នេះ។ ពួកគេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ បទ​ចូលរួម​សមាគម​ទុច្ចរិត បទ​គំរាម​សម្លាប់ និង​ការ​រក្សា​សារធាតុ​ញៀន។ ប៉ុន្តែ​មក​ទល់​ពេល​នេះ មាន​តែ​ព្រះសង្ឃ ព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា ដែល​កំពុង​ជាប់​ពន្ធនាគារ៕ ​

Comments are closed.