សារ​ប្រគេន និង​ជូនពរ​ឆ្នាំ​ថ្មី​របស់​ប្រធាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

120

​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ នឹង​ឈាន​មកដល់​ហើយ ។ នៅក្នុង ឱកាស​ដ៏​មហោឡារិក​នេះ នៅ​ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៦ ពី​ប្រទេស​កាណាដា ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផ្ញើ សារ​ប្រគេន និង​ជូន ពរ​ដល់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ទូទាំង ពិភពលោក ជាពិសេស ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុងតែ​រស់នៅ ក្រោម​នឹម​អាណានិគម​កុ​ម្មុយ​និ​ស្ត​យួន ឯ មាតុភូមិ​កម្ពុជា​ក្រោម សព្វថ្ងៃ ឲ្យ​បាន​ប្រកប តែ​នឹង​សេចក្ដីសុខ សេចក្ដីចម្រើន​គ្រប់ប្រការ និង​ទទួលបាន​សិទ្ធិសេរីភាព គ្រប់ៗ​រូប ដោយ​ការទាមទារ​ពី​ខ្មែរក្រោម​ផ្ទាល់ ។​

លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត ថាច់ ប្រីជា គឿន
លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត ថាច់ ប្រីជា គឿន

​ខាងក្រោម ជា​ខ្លឹមសារ​ដើម​ទាំងស្រុង​នៃ​សារ​ជូនពរ​ឆ្នាំ​ថ្មី​នេះ​៖

​សួស្តី​ឆ្នាំ​ថ្មី ឆ្នាំវក អដ្ឋស័ក ព​. ស​. ២៥៦០

​ស្រុក​យើង វប្បធម៌​យើង​

សូម​ថ្វាយបង្គំ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ។​

​យើងខ្ញុំ សូម​ជំរាបសួរ​បងប្អូន​ជន​រួម​ឈាម​ជាទីគោរព​រាប់អាន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ។​

​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំវក អដ្ឋស័ក ព​. ស​. ២៥៦០ នឹង​ឈាន​មកដល់​នា ថ្ងៃទី ១៣, ១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ ២០១៦ ខាងមុខនេះ យើងខ្ញុំ​សូម​ប្រគេន​ប្រគេន និង​ជំរាប​នូវ​ព្រឹត្តិ ការណ៍​ប្រវត្តិសាស្ត្រ និង​ជីវិត​ប្រចាំថ្ងៃ​របស់​ខ្មែរក្រោម យើង​ដែល​រស់នៅ​ក្រោម​នឹម​អាណានិគម​ដូច ខាងក្រោម ។ សូមមេត្តា​ទាន​ជ្រាប​៖

​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​បានកើត​ឡើងជា​បន្តបន្ទាប់​នៅ​ដែនដី​កម្ពុជា​ក្រោម ដូចជា ដើមឈើ​ទាល មហា វីរបុរស ឧកញ៉ា សឺ​ង គុយ និង ស្រះ​គូ​ត្រូវ​រីងស្ងួត ជាពិសេស មហា​វីរ​បុស ឧកញ៉ា សឺ​ង គុយ ត្រូវ​វ​បាន​យកមក ជ្រើស រើស​ជា​វីរបុរស​អន្តរជាតិ ។​

រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​ក្រុង​ហាណូយ​នៅតែ​បន្ត​បំពាន​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក និង​សិទ្ធិ​ជន ជាតិ​ដើម បើ​ទោះ បី​មានការ ព្រមាន​ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជា​តិ​យ៉ាងណាក៏ដោយ ។ រដ្ឋាភិបាល​កុ​ម្មុយ និ​ស្ត​យួន​បាន​បន្ត ការបន្លំ​ភ្នែក​អន្តរជាតិ និង​រិះ​គ្រប់​មធ្យោបាយ​ដើម្បី​ថ្ពិន​ភ្នែក​ទាំងអស់​ដែល​ខ្លួន​មាន ឬ​ដែល​ខ្មែរក្រោម​យើង​ហៅថា ល្បិច យួន​នោះ ។​

រដ្ឋាភិបាល​យួន​នៅតែ​បន្ត​៖

១- បន្លំ និង​បំភ្លៃ​ទាំងស្រុង​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​កែ​ទៅជា​យួន ។​

២- បំពាន​លើ​កតិកា និង​អនុសញ្ញា​សិទ្ធិមនុស្ស ដែល​ខ្លួន​ជា​ហត្ថលេខី ដូចជា​៖

-​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច​, សង្គមកិច្ច និង​វប្បធម៌ បាន​ចុះហត្ថលេខា ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៩៨២ ។​
-​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង នយោបាយ ដែល​បាន​ចុះហត្ថលេខា ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៩៨២ ។​
-​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ពូជសាសន៍ ដែល​បាន​ចុះ​ហត្ថ លេខា​ថ្ងៃ ទី ១៨ ខែមករា ឆ្នាំ ២០០២ ។​
-​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​នឹង​ស្ត្រីភេទ ដែល​បាន​ចុះហត្ថលេខា ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ១៩៨២ និង អនុសញ្ញា​បន្ថែម ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ១៩៨២ ។​
-​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ការប្រព្រឹត្ត​មកលើ​ខ្លួន ឬ ទណ្ឌកម្ម​ទៀត​ដែល​ឃោរឃៅ អមនុស្សធម៌​បាន​អនុមតិ ១៩៨៤ និង អនុសញ្ញា​បន្ថែម ២០០០ ។​
-​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​ពិធីសារ​តាមចិត្ត​ជ្រើសរើស ដែល​បាន​ចុះហត្ថលេខា នៅ ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៩០ ។​

​រដ្ឋាភិបាល​យួន​បានបង្ហាញ​នូវ​អំណួត​របស់ខ្លួន​ថា បាន​គោរព​លើ​រាល់​សិទ្ធិមនុស្ស និង​បាន​បំពេញ​ផែនការ​បំបាត់​ភាព​ក្រី ក្រ​របស់​អង្គការសហប្រជាជាតិ​យ៉ាង​ឆាប់រហ័ស​បំផុត​ផង ។ រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​បំពាន​នូវ​សេចក្តីប្រកាស របស់ អង្គ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម និង​ជា អ្នក​ដែល​បាន​ចុះហត្ថលេខា នា​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ រួមជាមួយ នឹង​ប្រទេស ១៤៤ ទៀត ។​

​ព្រះតេជព្រះគុណ និង ជន​រួម​ឈាម​ជាទី​ស្នេហា !

​សិទ្ធិសេរីភាព​មិនមែន​យួន​ជា​អ្នកផ្តល់​ឲ្យ​នោះទេ​ហើយក៏​មិនមែន​យួន​ជា​អ្នក​ស​ម្រ​ច​នោះដែរ គឺ ជា​សិទ្ធិ​ដែលមាន សម្រាប់ គ្រប់ ជាតិ​ទាំងអស់​លើ​ពិភពលោក យ៉ាងណាមិញ ខ្មែរក្រោម​ត្រូវតែ​ទាម ទារ​មកវិញ​នូវ​អ្វីដែល​យើង​បាត់បង់ នូវ​អ្វីដែល យួន រំលោភ​យកទៅ​នោះ ។

​យើងខ្ញុំ​ព្រះករុណា សូម​ប្រសិទ្ធិ​ពរ​សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ និង​សូម​ទេវតា​ឆ្នាំ​ថ្មី​តាម​ថែ រក្សា​ព្រមទាំង​ផ្តល់នូវ មង្គល​ទាំងពួង​ប្រកបដោយ​ពុទ្ធពរ​ទាំង ៤ ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

​កាណាដា ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៦

ថាច់ ង៉ុ​ក ថាច់​

ប្រធាន​ប្រ​តិ្ត​ប​ត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

Comments are closed.