កម្មករខ្មែរក្រោម ជិត ៣.០០០ នាក់ នៅសួនឧស្សាហកម្ម តឹងហឿង ក្នុងខេត្ត កោះគង ចូលរួមកូដកម្ម ដោយក្រុមហ៊ុនមិនឲ្យឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ និងតម្លើងប្រាក់ខែ
ដោយ លី ឈូន
កម្មករខ្មែរក្រោម ជិត ៣.០០០ (បីពាន់) នាក់ នៅរោងចក្រកាត់ដេរ ស៊ីម៉ន (TNHH Simone) នៅសួនឧស្សាហកម្ម តឹង ហឿង (Tan Huong ) ក្នុងខេត្ត កោះគង ដែលវៀតណាមដាក់ឈ្មោះថ្មីថា (Tien Giang) ចូលរួមជាមួយនឹងកម្មករចម្រុះជាតិសាសន៍ ប្រមាណ ៨.២០០ ( ប្រាំបីពាន់ពីររយ) នាក់ទៀត ធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ពលកម្ម និងទាមទារដំឡើងប្រាក់ខែគោលថែម ២០០.០០០ (ម្ភៃម៉ឺន) ដុង ស្មើនឹងប្រមាណ ១០ ដុល្លាអាមេរិកទៀត ដើម្បីបង្គ្រប់ឲ្យបាន ៥.០០០.០០០ (ប្រាំលាន) ដុង ឬស្មើនឹងប្រមាណ ២៥០ (ពីររយហាសិប) ដុល្លាអាមេរិក ក្នុង ១ ខែ ។

ក្រៅពីទាមទារដំឡើងប្រាក់ខែនោះ កម្មករខ្មែរក្រោម បានថ្កោលទោលចំពោះក្រុមហ៊ុន ដែលមិនអនុញ្ញាតឲ្យពួកគេឈប់សម្រាក ក្នុងពិធីបុណ្យប្រពៃណីជាតិមានបុណ្យសែនដូនតា និងបុណ្យចូលឆ្នាំខ្មែរ ជាដើម ។
ចំណែកមន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម រំលឹកដល់តំណាងរាស្ត្រខ្មែរ នៅក្នុងជួររដ្ឋអំណាចកុម្មុយនិស្តុវៀតណាម ថា កាតព្វកិច្ចរបស់ពួកគេ ត្រូវតែជួយស្វែងរកយុត្តិធម៌ឲ្យពលរដ្ឋខ្មែរក្រោម ព្រោះដូនតាខ្មែរក្រោម មានគុណអំណាចធំធេងណាស់ចំពោះរដ្ឋអំណាចវៀតណាម ។
កម្មករខ្មែរក្រោមមួយរូបឈ្មោះ សឺន សុជាតិ មានស្រុកកំណើត នៅខេត្តឃ្លាំង បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ នៅថ្ងៃទី ២៦ ខែកុម្ភៈ ថា លោកធ្វើការនៅក្នុងរោងចក្រកាត់ដេរ ស៊ី ម៉ន (Simone) នេះ ជាង ១០ ឆ្នាំមកហើយ និងមានតួនាទីជាប្រធានក្រុមដេរសម្ពៀត (កាបូប) មួយរូបប៉ុណ្ណោះ ។
កម្មករខ្មែរក្រោម រូបនេះ បន្តទៀតថា ថៅកែជនជាតិចិន និង មេការជនជាតិវៀតណាម កេងប្រវ័ញ្ចន៍កម្លាំងពលកម្មរបស់កម្មករណាស់ ជាពិសេសកម្មករខ្មែរក្រោម ទោះជាកម្មករខិតខំធ្វើល្អយ៉ាងណាក៏ដោយ ក៏ពួកគេមិនដំឡើងប្រាក់ខែគោលឲ្យ តាមការសន្យាជាមួយកម្មករនោះដែរ ។
លោក សឺន សុជាតិ៖ «ដោយសារការគ្រប់គ្រងរបស់យួន ចិន ខ្មែរក្រោមយើងបានធ្វើត្រឹមតែប្រធានក្រុម តែប៉ុណ្ណោះ ។ នៅក្រោមគេ អត់សូវហ៊ានមាត់ អត់សូវហ៊ានតវ៉ាអីទេ តែនេះមកអំពីវាធ្វើហួសហេតុពេក បានជាផ្ទុះ កុបកម្មដូច្នេះ បាទ គឺស្ម័គ្រចិត្តគ្នាធ្វើកូដកម្មអីចឹងបាទ » ។
កម្មករខ្មែរក្រោមវ័យ ៣៨ ឆ្នាំរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ស្របក្នុងឱកាសកុប្បកម្មនេះ លោក និងកម្មករខ្មែរក្រោម ប្រមាណជិត ៣.០០០ នាក់ នៅរោងចក្រកាត់ដេរ ស៊ីម៉ន (TNHH Simone) បានថ្គោលទោស ចំពោះថៅកែរោងចក្រកាត់ដេរ ស៊ីម៉ន (TNHH Simone) ដែលរើសអើងជាតិសាសន៍ ដោយមិនអនុញ្ញាតឱ្យកម្មករខ្មែរក្រោម ឈប់សម្រាកក្នុងឱកាសបុណ្យជាតិរបស់ខ្លួន តាមការស្នើសុំឲ្យបានពេញលេញម្ដងណាឡើយ ។
លោក សឺន សុជាតិ៖ «បាទ នៅខាងក្មួយ ដល់ពេលបុណ្យចូលឆ្នាំអីចឹង បើអ្នកណាចង់ទៅផ្ទះត្រូវសុំច្បាប់គេឲ្យបានមុនយ៉ាងតិចមួយអាទិត្យ ទោះជាបែបនេះឯង អ្នកបានច្បាប់ឲ្យទៅមានមួយចំនួនតិចណាស់ ដែលបានទៅធ្វើបុណ្យទានបានអី ។ ហើយភាគច្រើនមិនបានច្បាប់ទៅផង ហើយនៅរោងច័ក្រហ្នឹង ក៏និមន្តលោកមកសូត្រមន្ត ធ្វើបុណ្យនៅកន្លែងហ្នឹងបាទ ។» ។
ចំណែកព្រះសង្ឃខ្មែរក្រោមមួយព្រះអង្គ គង់នៅវត្តមួយក្នុងខេត្តពលលាវ បានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់ព្រះអង្គឈ្មោះ គឹម មករា (Kim Makara) ថា ឆ្នាំនេះ មន្ត្រីរដ្ឋការត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ៤ ថ្ងៃ ឯចំណែកកម្មករ សិស្សានុសិស្ស ត្រូវបានឈប់សម្រាក ៣ ថ្ងៃ សម្រាប់ឱកាសចូលបុណ្យឆ្នាំប្រពៃណីជាតិខ្មែរ ។ សារបង្ហោះនេះ ធ្វើឲ្យពលរដ្ឋខ្មែរក្រោម ពិសេសកម្មករ និងសិស្សានុសិស្ស ត្រេកអរសារសព្ទពេញបណ្ដាញព័ត៌មានសង្គម ។
ព្រះសង្ឃខ្មែរក្រោម៖ «បីថ្ងៃមុននេះអាត្មាបានឮសូរអ្នកធ្វើការនៅខេត្តប្រាប់អាត្មាថា ឆ្នាំហ្នឹងខ្មែរក្រោមនឹងមានច្បាប់ឈប់សម្រាកស៊ីចូលឆ្នាំ ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៤ ១៥ ១៦ ខែមេសាហ្នឹងឯង» ។
ការលើកឡើងទាំងនេះ ស្របពេលនឹងកម្មករចម្រុះជាតិសាសន៍ជិត ១០០.០០០ (មួយម៉ឺន) នាក់ នៅនៅសួនឧស្សាហកម្ម តឹង ហឿង (Tan Huong ) ក្នុងខេត្ត កោះគង ដែលវៀតណាមដាក់ឈ្មោះថ្មីថា (Tien Giang) កាលពីថ្ងៃទី ២៥ និងថ្ងៃទី ២៦ កុម្ភៈ នាំគ្នាធ្វើកូដកម្ម (មិនចូលធ្វើការ) ទាមទារអត្ថប្រយោជន៍ពលកម្ម និងទាមទារដំឡើងប្រាក់ខែគោលថែមបង្គ្រប់ឲ្យបាន ៥.០០០.០០០ (ប្រាំលាន) ដុង ស្មើនឹងប្រមាណ ២៥០ (ពីររយហាសិប) ដុល្លាអាមេរិក ក្នុង ១ ខែ ។ និងស្របក្នុងឱកាសបុណ្យចូលប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅពាក់កណ្ដាលខែមេសានេះ ។
គាំទ្រចំពោះការលើកឡើងទាំងនេះ តំណាងកម្មករខ្មែរក្រោមមួយរូបធ្វើការនៅរោងចក្រកម្មផលិតគ្រឿងសង្ហារិម នៅខេត្តវាលប្រឹស ដែលវៀតណាមដាក់ឈ្មោះថ្មីថាដុង ណាយ (Dong Nai) គឺយុវជន យឿង ខាយ ។ លោក យឿង ខាយ និងកម្មករខ្មែរក្រោមប្រមាណ ៨០ នាក់ទៀត កាលពីដើមខែមករានេះ បានដាក់សំណើទៅប្រធានរដ្ឋសភាវៀតណាម ក្នុងគោលបំណងសុំរដ្ឋភាជួយពលរដ្ឋខ្មែរក្រោម ឲ្យបានឈប់សម្រាកក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរ មានបុណ្យសែនដូនតា និងបុណ្យចូលឆ្នាំជាដើម ។
តំណាងកម្មករខ្មែរក្រោមរូបនេះ បញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ លោកមិនបានទាន់បានទទួលចម្លើយ ពីស្ថាប័នរដ្ឋទាំងនៅឡើយ ហើយលោកអះអាងថា លោកនឹងព្យាយាមដាក់សំណើជាបន្តបន្ទាប់ទៀត តែបើរដ្ឋាភិបាល នៅតែមិនអើពើទៀតនោះ ជម្រើសចុងក្រោយ ប្រហែលជានឹងមានបាតុកម្មរបស់កម្មករខ្មែរក្រោម កើតឡើង ។
លោកយឿង ខាយ ៖ « បាទ! ចាំមើលបញ្ហានឹងមើលតែពេលនេះ គេមិនទាន់ឆ្លើយប្រាប់អីទេ ដូច្នេះឯងយើងពិបាកទទួលយកណាស់ អីចឹងយើងត្រូវតែធ្វើក្រដាស់ស្នើទៅទៀតធ្វើក្រដាសម្ដងហើយម្ដងទៀត ។ តែទីបំផុតមានតែ រឿងបាតុកម្ម អីចឹងចាំស្ទាបស្ទង់មើលទឹកចិត្តបងប្អូនកម្មករយើងសិន ចំពោះការបាតុកម្មគឺសិទ្ធិរបស់យើងមានតាមច្បាប់អន្តរជាតិ ច្បាប់ជាតិ ដែលអាចបាតុកម្មបាន» ។
ទាក់ទិននឹងករណីនេះ ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម លោកទៀ ថេន រំឭកដល់តំណាងរាស្ត្រខ្មែរក្រោមទាំង ៦ រូប នៅក្នុងជួររដ្ឋអំណាច នៃរបបកុម្មុយនិស្តុវៀតណាម ថា ពួកគេត្រូវតែមានកាតព្វកិច្ចជួយស្វែងរកយុត្តិធម៌ឲ្យពលរដ្ឋខ្មែរក្រោម ព្រោះថាខ្មែរក្រោមមិនមែនមានត្រឹមតែអភ័យឯកសិទ្ធិជាជនជាតិដើមប៉ុណ្ណោះទេ តែដូនតាខ្មែរក្រោមជាច្រើននាក់ បានពលីជីវិតក្នុងសង្គ្រាមគ្រប់សម័យកាល ដើម្បីបុព្វហេតុកសាងប្រទេសជាតិមួយនេះ ។
លោកទៀ ថេន ៖ «បុព្វបុរសយើង ដែលតស៊ូជាមួយយួនកុម្មុយនីស្តហ្នឹង ដូច្នេះគុណបំណាច់ហ្នឹងវា នៅមិនមែនស្លាប់ទៅតាមពួកគាត់ទេ គឺគុណបំណាច់ទាំងអស់ហ្នឹងទុកមកឲ្យកូនចៅខ្មែរក្រោម សម័យក្រោយនេះទទួលផល យួនមិនអាចបំពារបំពានយើងដូច្នេះបានទេ ។ ដោយសារខ្មែរក្រោមមានគុណបំណាច់ដូច្នេះឯងបានជាគេលើកលោកទាំង ៦ នាក់ហ្នឹងឲ្យជួយបន្តបំណាចទាំងអស់ហ្នឹង ហើយសូមអស់លោកទាំងអស់ហ្នឹងមេត្តាយកបំណាច់របស់បុព្វបុរសយើង ដែលបានកសាងមក នៅក្នុងបក្សកុម្មុយនិស្តុយួនហ្នឹងណា ជួយការពារខ្មែរក្រោមយើង ជួយការពាររកយុត្តិធម៌ ដែលគេកំពុងជិះជាន់មកលើខ្មែរក្រោមយើង » ។
ចាប់តាំងពីឡើងកាន់អំណាចនៅកម្ពុជាក្រោមទាំងស្រុង ក្រោយថ្ងៃទី ៣០ មេសាឆ្នាំ ១៩៧៥ មករបបកុម្មុយនស្ដុវៀតណាម ប្រើគ្រប់មធ្យោបាយ កាឡៃ និងលុបបំបាត់បុណ្យទាន ប្រពៃណីទំនៀមទម្លាប់ខ្មែរក្រោម ដូចជាករណីបង្ខំឱ្យពុទ្ធបរិស័ទខ្មែរ នៅខេត្តឃ្លាំងទាំងមូលឲ្យធ្វើបុណ្យកឋិនទានរួមតែមួយថ្ងៃ ដែលផ្ទុយពីពុទ្ធានុញ្ញាតិ ឲ្យធ្វើបាន ២៩ ក្នុងថ្ងៃណាមួយក៏បាន គិតចាប់ពីថ្ងៃ ១ រោចខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្តិកជារៀងរាល់ឆ្នាំ រីឯខេត្តខ្លះទៀតឲ្យធ្វើបុណ្យកឋិនទានតែពេលថ្ងៃមិនឲ្យមានកម្មវិធីបន្តដល់ពេលយប់ជាដើម ៕