អាជ្ញាធរ​វៀតណាម​ដោះលែង​អ្នកភូមិ​ព្រៃ​ជាប់ ៤ រូប​

0 133

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

អ្នកភូមិ​ព្រៃ​ជាប់ នៃ​ខេត្ត​ឃ្លាំង ៤ រូប ត្រូវបាន​អាជ្ញាធរ​វៀតណាម​ដោះលែង​ចេញពី​ពន្ធនាគារ​វិញ​ហើយ បន្ទាប់ពី​ពួក គេ បាន ជាប់ នៅក្នុង ពន្ធនាគារ អស់​រយៈពេល​ជាង​មួយឆ្នាំ​រួចមក តាម​សាលក្រម​ដែល​តុលា ការ​បក្សកុម្មុយនិស្ត វៀតណាម​បានប្រកាស កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ ។​

អ្នកភូមិព្រៃជាប់ ដែលត្រូវតុលាការវៀតណាមផ្តន្ទាទោស កាល ពី ថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។
អ្នកភូមិព្រៃជាប់ ដែលត្រូវតុលាការវៀតណាមផ្តន្ទាទោស កាល ពី ថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។

​ប្រភពព័ត៌មាន ពី លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន មូលដ្ឋាន​នៅ សហរដ្ឋ អាមេរិក បានបញ្ជាក់​ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ១៧ ខែមិថុនា ថា អាជ្ញាធរ​វៀតណាម​បាន ដោះលែង​អ្នកភូមិ​ព្រៃ​ជាប់ ៤ រូប រួចហើយ ។ ការដោះលែង​នេះ បន្ទាប់ពី​អ្នក​ទាំង ៤ រូបនេះ បាន​ជាប់គុក​អស់​រយៈ ពេល ១ ឆ្នាំ តាម​សាលក្រម​របស់​តុលាការ​សម្រេច​កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះ ។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការ​សាលាដំបូង​ខេត្ត​ឃ្លាំង នៃ​បក្សកុម្មុយនិស្ត​វៀតណាម បានប្រកាស​សាលក្រម​ឲ្យ​អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ ដែល​ជាប់​ទាក់ទិន​នឹង​ករណី​ព្រះ​តេជ ព្រះ​គុណ លី ចិន្ដា នៃ វត្ត​ព្រៃ​ជាប់ ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់​ព្រហ្ម ទណ្ឌ​របស់​ប្រទេស​វៀតណាម ។​

​កាលពី​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ មាន​សេចក្ដីរាយការណ៍​ជា​បន្តបន្ទាប់​ថា អាជ្ញាធរ​វៀតណាម​បាន បញ្ជា​ឲ្យ​កង កម្លាំង សន្តិសុខ​របស់ខ្លួន​ទៅ​គោះ​ជញ្ជាំង​កុដិ ព្រះតេជព្រះគុណ លី ចិន្ដា នៅ​វត្ត​ព្រៃ​ជាប់ ហើយ​ចាប់​ព្រះអង្គ​ដាក់ ចូល​បាវ រួច​ដាក់​ឡើង​ឡាន​យកទៅ​ធ្វើ​ទារុណកម្ម​នៅ​សាលាស្រុក​ជ្រោ​យញរ ។ មុន​ការចាប់ ព្រះតេជព្រះគុណ លី ចិន្ដា មាន​សេចក្ដីរាយការណ៍​ថា ពុទ្ធបរិស័ទ​ជាច្រើន​នៅក្នុង​ចំណុះ​ជើង វត្ត​បាននាំគ្នា​មក​ប្រមូលផ្ដុំ​ក្នុង​វត្ត​បាតុកម្ម ជំទាស់​នឹង​អាជ្ញាធរ វៀតណាម​ដែល​ចូលមក​វត្ត​ចាប់​ព្រះសង្ឃ ។ ក្នុង​ព្រឹត្តិការណ៍​នេះ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ជាច្រើនរូប​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ និង ក្រោយមក​ត្រូវ បាន​ដោះលែង​មកវិញ បន្ទាប់ពី​ពួក​សួរចម្លើយ​រួច ។ បន្ទាប់ពី​បាត់​ខ្លួន​អស់​រយៈពេល ៥ ខែ ក្រោយ ពី​ព្រឹត្តិការណ៍​នេះ អ្នកភូមិ​ព្រៃ​ជាប់ ៤ រូប ត្រូវបាន​គេ​ឃើញ​បង្ហាញមុខ នៅក្នុង វង់ក្រចក​សេះ នៃ​តុលាការ បក្សកុម្មុយនិស្ត​វៀតណាម នៅក្នុង​ខេត្ត​ឃ្លាំង ។ អ្នកភូមិ​ព្រៃ​ជាប់​ទាំង ៥ រូប ដែល​ត្រូវ​តុលាការ​សម្រេច​ប្រកាស​សាលក្រម​ឲ្យ​ជាប់គុក​នោះ រួមមាន ៖

​ទី ១ អ្នកស្រី លី ធី​យន់ ជាប់គុក ១ ឆ្នាំ​, ទី ២ អ្នកស្រី ឡឹម ធី​ឡង ១ ឆ្នាំ​, ទី ៣ លោក លី មិញ​ហាយ ១១ ខែ​, ទី ៤ លោក តាំង ផល្លា ១០ ខែ និង ទី ៥ អ្នកស្រី លី ធី សា​ប៊ុត ត្រូវ​កាត់ទោស​កំបាំងមុខ​ព្រោះ​គាត់​បាន​ភៀសខ្លួន​ចេញ​ក្រៅ​ស្រុក ។​
​សព្វថ្ងៃ អ្នកស្រី លី ធី សា​ប៊ុត និង​អ្នកភូមិ​ព្រៃ​ជាប់​ជាប់​មួយចំនួនទៀត ព្រមទាំង លោក លី ចិន្ដា អតីត ព្រះសង្ឃ វត្ត​ព្រៃ​ជាប់ ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ធ្វើ​ទារុណកម្ម​កាលពី ខែឧសភា ឆ្នាំ ២០១៣ កំពុងតែ​សុំ​សិទ្ធិ​ជ្រក កោន​នៅ​ក្នង​ការិយាល័យ​ឧត្ដមស្នងការ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀស ខ្លួន (UNHCR) នៅ​ទីក្រុង បាងកក ប្រទេស​ថៃ ។​

​ក្រោយពី​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​បាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​ទូទាំង​ពិភពលោក ដើម្បី ទាម ទារ​ឲ្យ​វៀតណាម​ដោះលែង​អ្នក​ទាំងនេះ ឲ្យ​មាន​សេរីភាព​ឡើងវិញ ។ ម្យ៉ាងទៀត ក្រសួងការបរទេស សហរដ្ឋ អាមេរិក ទទួលបន្ទុក​សេរីភាព​សាសនា​អន្តរជាតិ និង​អង្គការ​ឃ្លាំមើល​សិទ្ធិ មនុស្ស (Human Rights Watch) បាន ចេញ របាយការណ៍​ស្ដីពី​បញ្ហា​នេះ​ជា​បន្តបន្ទាប់ ផងដែរ ៕​

 

Leave A Reply

Your email address will not be published.