ទិវា ០៤ មិថុនា នៅទីក្រុង San Jose
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃសៅរ៍ ទី ០៧ ខែមិថុនា នេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ទីក្រុង San Jose រដ្ឋកាលីហ្វញ៉ាភាគខាងជើង បានប្រារព្ធ ពិធីរំឭកខួប ៦៥ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាម នៅវត្តខេមរង្សី ។ ពិធីនេះ មានការ ចូល រួមពីមន្ត្រី សហ ព័ន្ធខ្មែរកម្ពុជាក្រោមមួយចំនួន ដូចជា លោក ប្រាក់ សេរីវុឌ្ឍ និង លោក ចៅ សេរី អនុប្រធាន, លោក ថាច់ តង ប្រធាន សាខា ប្រចាំរដ្ឋកាលីហ្វញ៉ាភាគខាងជើង, លោក លី ខោន ប្រធានសាខា ប្រចាំទីក្រុង សានហូស្សេ, ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន ព្រមទាំងមានការចូលរួមពីតំណាងគណបក្សសង្គ្រោះជាតិ ទៀតផង ។

លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានទីមួយ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងថ្លែងអំពី ដំណោះស្រាយ របស់សហព័ន្ធខ្មែរ កម្ពុជាក្រោម ក្នុងឆាកអន្តរជាតិដើម្បីជម្រុញឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោម និងដំណើរស្វែងរក “សិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួន” ជូនពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ក្នុងរយៈ ពេលជាង ១០ ឆ្នាំ ចុងក្រោយនេះ ក្រោយ ពេលដែនដី កម្ពុជាក្រោមត្រូវបានបារាំងប្រគល់ឲ្យអាណានិគមវៀតណាម ត្រួតត្រាពលរដ្ឋខ្មែរក្រោម ។
ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose ដែលបានទៅចូលរួមនៅក្នុងវេទិកាអចិន្ត្រៃយ៍ នៃអង្គការ សហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) កាលពីខែឧសភា កន្លងទៅនេះ ក៏ត្រូវបានឡើងថ្លែងអំពីបទពិសោធន៍ របស់ខ្លួន ដែលបានចួលទៅប្រជុំនៅក្នុងអង្គការ សហប្រជាជាតិ ផងដែរ ។
ចំណែក លោក ចៅ សេរី អនុប្រធានទីពីរ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងទៅកាន់អ្នកចូលរួមអំពីលទ្ធផល ១០ ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដី ពី បញ្ហាជនជាតិ ដើម (UNPFII) ឲ្យបានជ្រាបជាព័ត៌មាន ។
ក្រៅពីនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅគ្រប់ទីកន្លែងក្នុងពិភពលោក មានរដ្ឋនានាក្នុងទឹកសហរដ្ឋអាមេរិក , ប្រទេស កាណាដា, បារាំង, ហូឡង់, ស្វិស, អ៊ីតាលី, អូស្ត្រាលី និង New Zealand ជាដើម នឹងប្រារព្ធកម្មវិធីខួប នៃព្រឹត្តិការណ៍ មួយនេះ នៅថ្ងៃអាទិត្យ ទី ០៨ ខែមិថុនា នេះដែរ ៕
- លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។



