ខ្មែរក្រោម​នៅ​ហូ​ឡង់ ប្រារព្ធ​ខួប ៦៥ ឆ្នាំ នៃ​ទិវា ០៤ មិថុនា​

199

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​នៅ​ថ្ងៃទី ២៨ ខែមិថុនា កន្លងទៅនេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រទេស​ហូ​ឡង់ បាន​ប្រារព្ធ​កម្មវិធី​ខួប ៦៥ ឆ្នាំ នៃ​ទិវា ០៤ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​បារាំង​កាត់​ដែនដី​កូស័ងស៊ីន ឬ ដែនដី​កម្ពុជា​ក្រោម ប្រគល់​វៀតណាម​ធ្វើ​អាណានិគម​បន្ត​លើ​ពលរដ្ឋ​ខ្មែរក្រោម កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ពិធី​នេះ មានការ​ចូលរួម​ជា​អធិបតី ពី លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ប្រទេស​កាណាដា និង ព្រះតេជព្រះគុណ សៀង សុវណ្ណ​រ៉ា ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី មកពី​ប្រ ទេស​កម្ពុជា ។ ក្រៅពីនេះ ក៏មាន​ការចូលរួម​ពី​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ប្រទេស​ហូ​ឡង់ ដែលជា​អតីតជន​រង គ្រោះ​ដោយ​របប​បក្សកុម្មុយនិស្ត​វៀតណាម​ធ្វើទុក្ខបុកម្នេញ ដែរ ។ អ្នក​ទាំងនេះ​រួមមាន លោក លី សឿង អតីត​ព្រះសង្ឃ​វត្ត​ទឹកប្រៃ នៃ​ខេត្ត​ឃ្លាំង និង លោក លី ហ្វា​ង អតីត​សមណ​សិស្សសាលា​បាលី​ខេត្ត​ឃ្លាំង ដែល​ត្រូវបាន​វៀតណាម​ចាប់​ដាក់គុក ពី ២ ទៅ ៤ ឆ្នាំ ព្រោះ​បានធ្វើ​បាតុកម្ម​នៅ​ខេត្ត​ឃ្លាំង កាលពី​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។​

ខូប ៦៥ ឆ្នាំ នៃទិវា ០៤ មិថុនា នៅប្រទេសហូឡង់ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៤ ។
ខូប ៦៥ ឆ្នាំ នៃទិវា ០៤ មិថុនា នៅប្រទេសហូឡង់ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៤ ។
ខូប ៦៥ ឆ្នាំ នៃទិវា ០៤ មិថុនា នៅប្រទេសហូឡង់ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៤ ។
ខូប ៦៥ ឆ្នាំ នៃទិវា ០៤ មិថុនា នៅប្រទេសហូឡង់ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៤ ។

​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​អំពី​មូលហេតុ ដែល​នាំ ឲ្យ​មានការ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម​ថា ការបាត់បង់​ដែនដី​កម្ពុជា​ក្រោម​នេះ គឺមាន ឯកសារ​ច្បាស់លាស់ បញ្ជាក់​ពី​នាយ​រដ្ឋមន្ត្រី​បារាំង​បាន​ចុះហត្ថលេខា​កាត់​ដី​កូស័ងស៊ីន ឬ ដែនដី​កម្ពុជា ក្រោម​ឲ្យ​វៀតណាម កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ដូច្នេះហើយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រំឭក​ទិវា​នេះ ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដឹងថា ដែនដី​កម្ពុជា​ក្រោម​មួយ​ភាគ​ធំ ត្រូវបាន​បាត់បង់​ធ្លាក់​ទៅ ក្រោម​ការត្រួតត្រា​របស់​វៀតណាម និង​មួយ​ភាគ​ធំ​ទៀត​បាន​បាត់បង់​ទៅខាង​ប្រទេស​ថៃ  ហើយ​ឲ្យ កូន​ខ្មែរ​ជំនាន់​ក្រោយ​នៅ​ប្រទេស​កម្ពុជា ចេះ​ការពារ​កុំ​ឲ្យ​បាត់បង់​ទឹកដី​នៅ​សេសសល់ សព្វថ្ងៃ ។​

(​សំឡេង​)

ក្រៅពី​ថ្លែង​អំពី​មូល​ហេតុដែល​នាំ​ឲ្យ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ ក៏បាន​បញ្ជាក់​អំពី ដំណើរការ​តស៊ូ​របស់​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដល់​សមាជិក​របស់ខ្លួន​ឲ្យ​បាន​ជ្រាប​ជា​ព័ត៌មាន ផង ដែរ ។

​សូមបញ្ជាក់ថា នៅក្នុង​ខែមិថុនា ឆ្នាំនេះ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅតាម​ប្រទេស​នានា ក្នុង​ពិភពលោក បាន​ប្រារព្ធ​ពិធី បុណ្យ​រំឭក​ខួប​បាត់បង់​ដែនដី​កម្ពុជា​ក្រោម ជា​បន្តបន្ទាប់ ។ កម្មវិធី​នេះ ពួកគេ​ធ្វើឡើង ដើម្បី​ផ្ដល់ឱកាស​ដល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឡើង​ជម្រាប​អ្នកគាំទ្រ​ឲ្យ​យល់​អំពី​សកម្ម ភាព និង​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុងតែធ្វើការ​តស៊ូ មតិ​ដោយ​សន្តិវិធី​នៅ​ឆាក​អន្តរជាតិ ដើម្បី​ជម្រុញ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​កម្ពុជា​ក្រោម ផង និង ដើម្បី​រំឭក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ជំនាន់​នេះ ដឹង​អំពី​ប្រវត្តិ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម ផង ។​

ក្លាយជា​រដ្ឋ​ចំណុះ​វៀតណាម​៖

​កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) ប្រធានាធិបតី នៃ​ប្រទេស​បារាំង បានប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ ប្រគល់​ដែនដី​កូស័ងស៊ីន ឬ ដែនដី​កម្ពុជា​ក្រោម ឲ្យ​ក្លាយ​ទី​ជា​រដ្ឋ​ចំណុះ វៀតណាម ។

​ខាងក្រោម​នេះ ជា​សេចក្តី​ទាំងស្រុង នៃ​សេចក្ដីប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ ដែល​ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) បានប្រកាស​ឲ្យ​កម្ពុជា​ក្រោម ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​វៀតណាម​៖

“​យោងតាម​មតិ​ពី​រដ្ឋសភា នៃ​សហភាព​បារាំងសែស​, រដ្ឋសភា​និង​ក្រុមប្រឹក្សា នៃ​សាធារណរដ្ឋ​បារាំង បានសម្រេច ហើយ​អនុមតិ​ដោយ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​បារាំង​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រកាស ច្បាប់​ដូចតទៅ នេះ​៖

​មាត្រា ១ – ក្នុង​ក្របខណ្ឌ​មាត្រា ៦០ នៃ​សាធារណរដ្ឋ​បារាំងសែស និង​តាម​មតិ​របស់​សភា​កូស័ងស៊ីន នា​សម័យប្រជុំ​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៤៩ លក្ខន្តិកៈ​ទឹកដី​កូ​ស័ង​ស៊ិន​ត្រូវបាន​កែប្រែ​តាម​មាត្រា​ដូចខាងក្រោម​៖

​មាត្រា ២ – ទឹកដី​កូស័ងស៊ីន ត្រូវបាន​ត​ភ្ជាប់​ទៅជា​រដ្ឋ​ចំណុះ​របស់​យួន យោងតាម​សេចក្តីប្រកាស​រួម ចុះ​ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ១៩៤៨ និង​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល​បារាំង ចុះ​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ ។ ទឹកដី​កូស័ងស៊ីន​ឈប់​ស្ថិត នៅក្នុង​លក្ខន្តិកៈ ជា​ទឹកដី​ឯនាយសមុទ្រ របស់​បារាំង​ទៀតហើយ ។​

​មាត្រា ៣ – ក្នុងករណី​ដែល​លក្ខន្តិកៈ​ស្រុក​យួន​ត្រូវ​កែប្រែ​លក្ខន្តិកៈ កូស័ងស៊ីន ត្រូវ​ចាត់ទុកជា​កម្មវត្ថុ នៃ​ការ សម្រេចចិត្ត​របស់​សភា​ខាងលើ​ដូច​បាន ចែង​នៅក្នុង​មាត្រា ៧៥ នៃ​រដ្ឋធម្មនុញ្ញ ( ជំពូក ៨ នៃ​សភា​បារាំងសែស ) ។​

ច្បាប់​នេះ​នឹង​ត្រូវបាន​អនុវត្ត​ដូចជា​ច្បាប់​រដ្ឋ ។​
​ធ្វើ​នៅ​ទូ​លូ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩
​ហត្ថលេខា​
​វែ​នស​ង់ អូ​រិ​យ៉ូ​ល​( ប្រធានាធិបតី​)
​ហត្ថលេខា​
​ហង់​រី កឿ​យ (​នាយករដ្ឋមន្ត្រី​)
​ហត្ថលេខា​
​ប៉ូល​កូ​ស ផ្ល​រ៉េ (​រដ្ឋមន្ត្រី​ទឹកដី​បារាំង​ឯនាយសមុទ្រ​) ។​”

​ក្រោយពេល​បារាំង បាន​កាត់​ដែនដី​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​គ្រប់គ្រង​មក ដែនដី​កម្ពុជា​ក្រោម ត្រូវបាន រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​ប្ដូរ​ឈ្មោះ​ទៅជា​ភាសា​យួន​ថា “​ណា​ម​បូ​” ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ “​ភាគខាងត្បូង​” និង “​ពលរដ្ឋ​ខ្មែរក្រោម​” វិញ ត្រូវបាន​របប​សាធារណរដ្ឋ​វៀតណាម​មុន​ឆ្នាំ ១៩៧៥ ហៅថា “​ងើយ​វៀត​ហ្គ​កមៀង​” ដែល​មានន័យថា “​ពលរដ្ឋ​វៀតណាម​កំណើត​កម្ពុជា​” ហើយ​ក្រោយ​ឆ្នាំ ១៩៧៥ របប​កុ​ម្មុយ​និ​ស្ត​វៀតណាម​ហៅថា “​ខ្មែ​រណាម​បូ​” ដែល​មានន័យថា “​ខ្មែរ​ភាគខាងត្បូង​”  ហើយ​រដ្ឋាភិបាល មួយ​នេះ​បានចាត់ទុក “​ខ្មែរក្រោម​” ជា​ជនជាតិភាគតិច​មួយ ក្នុងចំណោម​ជនជាតិភាគតិច​ទាំង ៥៣ នៅក្នុង​ប្រទេស​វៀតណាម ។​

វៀតណាម​កាន់កាប់​ដែនដី​កម្ពុជា​ក្រោម​មុន​បារាំង​ចុះហត្ថលេខា​៖

ទោះបី​ទឹកខ្មៅ​ដែល​បាន​សរសេរ​លើ​លិខិត​របស់​រដ្ឋាភិបាល​បារាំង​បញ្ជាក់​ពី​ការ​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ហាក់​នៅ​មិនទាន់​ស្ងួត​នៅឡើយ តែ​មន្ត្រី​វៀតណាម​អះអាងថា ដែនដី​កម្ពុជា​ក្រោម​ជា​ទឹកដី របស់​វៀតណាម​យូរហើយ និង​ថា​រឿងនេះ​គ្មានអ្វី​ជា​ភស្តុតាង​ឡើយ ។

​យោងតាម​អត្ថបទ​ដែល​បាន​ចុះផ្សាយ នៅលើ​គេហទំព័រ​វិទ្យុ​អាស៊ីសេរី​ជា​ខេមរភាសា កាលពី​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៤ លោក ត្រឹង វ៉ាំ​ង ថុង (Tran Van Thong ) អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា ៖

“​បារាំង​មិនបាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ តែ​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ ។ ព័ត៌មាន​បាត់បង់​ទឹកដី គ្មានអ្វី​ជា​មូលដ្ឋាន​ទេ គ្មានអ្វី​ជា​ភស្តុតាង​ទេ​” ។​

ទាមទារ​ឲ្យ​ទទួលស្គាល់​ជា​ជនជាតិដើម និង​ការពិត​ប្រវត្តិសាស្ត្រ​៖

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​មួយ​របស់​ខ្មែរក្រោម ដែលមាន​មូលដ្ឋាន​នៅ អាមេរិក និង​មាន​សាខា​នៅ​ជុំវិញ​ពិភពលោក បានទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ទទួលស្គាល់​ខ្មែរក្រោម ថា​ជនជាតិដើម និង​ឲ្យ​ទទួលស្គាល់​ការពិត​ប្រវត្តិសាស្ត្រ នៃ​ដែនដី​កម្ពុជា​ក្រោម ។ នេះ​បើតាម​ការលើក ឡើង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិ ដើម (UNPFII) នៅ​ទីក្រុង New York កាលពី​ខែឧសភា កន្លងទៅនេះ ។  នៅក្នុង​វេទិកា​នេះ វៀតណាម រង​ប្រតិកម្ម​វាយប្រហារ​យ៉ាងខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស ដែល​ធ្វើការ​ផ្នែក​ជនជាតិដើម​នៅ​អាស៊ី ចំពោះ​ពាក្យ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​វៀតណាម​ហៅ​ក្រុម​ជនជាតិ ម៉ុង​តៃ​ញ៉ា និង ខ្មែរក្រោម ថា​ជនជាតិភាគតិច ខណៈដែល​វេទិកា​មួយ​នេះ ជា​វេទិកា​សម្រាប់​ជនជាតិដើម ៕

Comments are closed.