ទិវា ៤ មិថុនា នៅប្រទេសស្វិស

0 245

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃ​សៅរ៍​ទី ១៤ ខែមិថុនា នេះ សាខា​សហព័ន្ធ​ខ្មែ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ស្វិ​ស បានរៀបចំ​ពិធី​ខួប ៦៥ ឆ្នាំ ថ្ងៃ​បារាំង កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម ឬ ថ្ងៃ​កម្ពុជា​ក្រោម ឋិត​នៅក្រោម​នឹម​អាណានិគម​យួន ។ ពិធី​នេះ មានការ​ចូលរួម​ពី លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

សហព័ន្ធខ្មែរកម្ពុជាក្រោមប្រារព្ធខួបទិវា ០៤ មិថុនា នាពេលកន្លងមក ។
សហព័ន្ធខ្មែរកម្ពុជាក្រោមប្រារព្ធខួបទិវា ០៤ មិថុនា នាពេលកន្លងមក ។

ទិវា ៤ មិថុនា នៅប្រទេសស្វិស

អ្នកស្រី ថាច់ សុភាព ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ស្វិ​ស ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ បាន​ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅវេលា​ម៉ោង ៥ ព្រឹក ម៉ោង​នៅ​ប្រទេស​ស្វិ​ស ថ្ងៃទី ១៤ ខែមិថុនា ខណៈដែល​អ្នកស្រី​កំពុង​រៀប ចំ​កន្លែង​ប្រារព្ធ​កម្មវិធី មុនពេល​ជួបជុំ​ផ្ញៀវ អំពី​មូល​ហេតុដែល​នាំ​ឲ្យ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​កម្មវិធី​នេះ ថា ដោយ​ពលរដ្ឋ​ខ្មែរ​មិន​សុខ​ចិត្តនឹង​បារាំង​ដែល​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង ។​

ព្រោះ​បងប្អូន​ខ្មែរ​យើង​ទាំងអស់ មិន​ថា​ខ្មែរក្រោម មិន​ថា​កណ្តាល មិន​ថា​លើ​ទេ កើតទុក្ខ​មិន​សុខចិត្ត ដោយសារ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​ត្រូវ​បារាំង​ប្រគល់​ទៅ​ឲ្យ​យួន​។

​អ្នកស្រី ថាច់ សុភាព បាន​បន្តទៀតថា ពិធី​នេះ មានការ​ចូលរួម​ជា​អធិបតី​ពី លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ព្រះតេជព្រះគុណ សៀង សុវណ្ណ​រ៉ា ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី នៅ​ទីក្រុង​ភ្នំពេញ ដែល​ត្រូវ បាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​អ៊ឺរ៉ុប ធានា​មក​បំពេញ​ទស្សនកិច្ច ផងដែរ ។​

ក្នុង​កម្មវិធី​ឆ្នាំនេះ យើង​មាន​លោក ថាច់ វៀន លោក ថាច់ ង៉ុ​កថា​ច់ លោក​អញ្ជើញ​មក​ចូលរួម​កម្មវិធី និង​ព្រះអង្គ សៀង សុវណ្ណ​រ៉ា ដែលជា​ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី នៅ​ប្រទេស​ខ្មែរ ក៏​លោក​បាន​អញ្ជើញ​មក​ដែរ​។​

​ទាក់ទង​កម្មវិធី​ខួប ៦៥ ឆ្នាំ នៃ​ទិវា ៤ មិថុនា ឆ្នាំ ២០១៤ នេះ អ្នកស្រី ថាច់ សុភាព បាន​បញ្ជាក់ថា ឆ្នាំនេះ មានការ​ផុស ផុល​ជាង​រាល់​ឆ្នាំ ដោយ​អ្នកស្រី​សង្កេតឃើញ ពលរដ្ឋ​ខ្មែរក្រោម​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រារព្ធ​កម្មវិធី​មួយ​នេះ​នៅ​គ្រប់​ទី កន្លែង ។ ម្យ៉ាងទៀត​ក្រុមយុវជន​ខ្មែរ និង​ខ្មែរក្រោម​នៅក្នុង​ប្រទេស​កម្ពុជា ក៏បាន​នាំគ្នា​ប្រារព្ធ និង​បាន​លើក​ទង់ជាតិ​ខ្មែរ ក្រោម គ្រប់គ្នា​ដើម្បី​បង្ហាញ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​បាន​ស្គាល់​អត្តសញ្ញាណ​ខ្មែរក្រោម ។​

ដូច្នេះ ឆ្នាំនេះ តាម​ដែល​នាង​ខ្ញុំ​សង្កេតឃើញ​បងប្អូន​ខ្មែរ​យើង នៅ​ប្រទេស​ខ្មែរ​ផុសផុល​ខ្លាំង​មែនទែន​។ ជាពិសេស​យុវជន​គឺថា មិន​ថា​ក្រោម មិន​ថា​កណ្តាល មិន​ថា​លើ​ទេ គាត់​មានការ​ភ្ញាក់រឭក ហើយ​គាត់​ថា ទឹកដី​កម្ពុជា​ក្រោម ២១ ខេត្ត ដែល​រស់​ក្រោម​អាណានិគម​យួន ធ្វើទុក្ខបុកម្នេញ​បងប្អូន​ខ្មែរ​យើង ដែលជា​ជនជាតិដើម នៅក្នុង​ភូមិកំណើត​រប​ស់​ខ្លួន​។ ដូច​ថ្មីៗ នេះ ព្រះសង្ឃ​ខ្មែរក្រោម​យើង​ពីរ​ព្រះអង្គ ដែល​លោក​គ្រាន់តែ​បង្ហាត់​អក្សរ​ជាតិខ្មែរ យួន​បាន​គៀបសង្កត់ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ លោក​ត្រូវដាក់​ពន្ធនាគារ​ទៀត​។ ដូច្នេះ គឺជា​ការមិន​យុត្តិធម៌​ទេ សម្រាប់​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​ជនជាតិដើម​រស់នៅ​ភូមិកំណើត​របស់ខ្លួន​។​

​សូមបញ្ជាក់ថា ក្រៅពី​នៅ​ប្រទេស​ស្វិ​ស​ដែល​ប្រារព្ធ​ខួប ៦៥ ឆ្នាំ នៅថ្ងៃនេះ ប្រទេស​នានា​មួយចំនួន​ក្នុង​ទ្វីប​អ៊ឺរ៉ុប ដូចជា បារាំង អ៊ីតាលី និង​ហូ​ឡង់ ក៏បាន​ប្រារព្ធ​កម្មវិធី​នេះ ជា​បន្តបន្ទាប់ ដោយមាន​ការចូលរួម​ថ្លែងការណ៍​ពី លោក ថាច់ ង៉ុ​ក ថាច់ ដើម្បី​ជម្រាប​ដល់​អ្នកចូលរួម​ឲ្យ​បាន​ជ្រាប​អំពី​សកម្ម​ភាពជោគជ័យ​ថ្មីៗ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ឆាក អន្តរជាតិ ។ នេះ​បើតាម​ការបញ្ជាក់​របស់ អ្នកស្រី ថាច់ សុភាព ។​

​តាម​សង្កេត​របស់​នាង​ខ្ញុំ​ឃើញថា នៅ​ទ្វីបអឺរ៉ុប​យើង​ហ្នឹង ឆ្នាំនេះ​យើង​បានធ្វើ​នៅ​ប្រទេស​បារាំង ធ្វើ​រួចហើយ អាទិត្យ​កន្លងមក​។ អាទិត្យ​ទី​ពីរ សាខា​សហព័ន្ធ​ប្រចាំ​នៅ​ប្រទេស​ស្វី​ស ក្នុងនាម​នាង​ខ្ញុំ​ប្រធាន​សាខា​សហព័ន្ធ​ប្រចាំ​ប្រទេស​ស្វី​ស ថ្ងៃ​សៅរ៍​នេះ យើង​ក៏ នឹង​រៀបចំ​កម្មវិធី​ហ្នឹង​ដែរ ហើយ​ទន្ទឹម នឹង​ពេលនេះ នៅ​ប្រទេស​អ៊ីតាលី ក៏​គេ​រៀបចំ​កម្មវិធី​ជាមួយគ្នា​ដែរ ហើយ​នៅ​ប្រទេស​បារាំង​ខេត្ត​ទូ​លូ ដែល​បងប្អូន​ខ្មែរ​ទាំងអស់ នៅ​ទ្វីបអឺរ៉ុប បាន​ជួបជុំគ្នា​នៅ​ហ្នុ​ង យើង​ធ្វើ​ធំ តំណាង​នៅ​ទ្វីបអឺរ៉ុប​ហ្នឹង​ដែរ ហូ​ឡង់​រៀបចំ​កម្មវិធី​ក្រោយ​គេ​។​

លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​ប្រាប់ ទូរទស្សន៍ ព្រៃនគរ អន​ឡាញ (PTV) ពី​ប្រ ទេស​អ៊ីតាលី នៅ​ថ្ងៃទី ១៣ ខែមិថុនា មុនពេល​លោក​ចេញដំណើរ​ទៅ​ប្រទេស​ស្វិ​ស​ថា ដំណើរ​របស់លោក​នៅ​អ៊ឺរ៉ុប​លើក នេះ គឺ​ដើម្បី​ជម្រាប​ដល់​សកម្មជន​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ជ្រាប​អំពី​សកម្មភាព​ដែល​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម បានធ្វើ​រួចហើយ និង​ផែន​ដែល​កំពុង​នឹងធ្វើ​តទៅ​មុខ ដើម្បី​នាំមក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ។​

​លោក ថាច់ ង៉ុ​ក ថាច់ បាន​ថ្លែងថា​៖

ឥឡូវនេះ កំពុងតែ​នៅ​ប្រទេស​អ៊ីតាលី ហើយ​មាន​បេសកកម្ម មក​ប្រទេស​ទាំងឡាយ​នៅ​ខាង​អឺរ៉ុប​ហ្នឹង មាន​ប្រទេស​បារាំង ប្រទេស​អ៊ីតាលី ប្រទេស​ស្វី​ស ប្រទេស​ហូ​ឡង់ ទៅតាម​ទីប្រជុំជន​ដែលមាន​បងប្អូន​ខ្មែរ និង​ខ្មែរក្រោម​រស់នៅ ដូចជា​នៅ​ទីក្រុង​ទូ​លូ ទីក្រុង​លី​យ៉ង់​…​ជាដើម​។​ល​។ ហើយ នឹងធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​។ នៅក្នុង​ដំណើរ​របស់​ខ្ញុំបាទ ខ្ញុំព្រះករុណា​នេះ គឺថា​មក​ពាំ​នាំយក​នូវ​ព្រឹត្តិការណ៍ នូវ​ការងារ​ដែល​សហព័ន្ធ​បានធ្វើ​កន្លងមកហើយ ក៏បាន​ធ្វើ​អ្វីខ្លះ ហើយ នឹង​ផែន​ការណ៍​ទៅមុខទៀត សហព័ន្ធ នឹងមាន​គម្រោង​អ្វី សម្រាប់​ជួយ​ដល់​បងប្អូន ដល់​ព្រះសង្ឃ​ខ្មែរក្រោម​យើង នៅក្នុង​ស្រុក​។​

​សូមបញ្ជាក់ថា ដែនដី​កម្ពុជា​ក្រោម មាន ២១ ខេត្ត​ក្រុង ត្រូវបាន​បារាំង កាត់​ឲ្យ​វៀតណាម​ធ្វើ​អាណានិគម​លើ​ខ្មែរក្រោម ម្ចាស់​ស្រុក នៅ​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ គិត​មកដល់​ឆ្នាំ ២០១៤ នេះ រយៈពេល ៦៥ ឆ្នាំ ហើយ ដែល​ខ្មែរក្រោម បាន​រស់​ក្រោម​នឹម​ត្រួតត្រា​របស់​របប​យួន ដែលជា​ជនជាតិ​មួយ​មិនមែនជា​ជាតិ​សាសន៍​របស់ខ្លួន ៕​

Leave A Reply

Your email address will not be published.