ស្ថានទូត​បារាំង​ថា មិនដែល​បាន​ណែនាំ​ឲ្យ​តំណាង​ខ្មែរ​ណា​ម្នាក់​ទៅយក​ឯកសារ​នៅ​ប្រទេស​បារាំង​ទេ​

91

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន​ព្រៃនគរ​

ស្ថានទូត​បារាំង ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា ពួកគេ​មិនដែល​បាន​ណែនាំ ឬ បញ្ជូន​ឲ្យ​អ្នកតំណាង​ឲ្យ​ពលរដ្ឋ នៃ ប្រទេស​កម្ពុជា​រូប​ណា​ម្នាក់​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង ដើម្បី​យក​ឯកសារ​អ្វីមួយ​ដែល​គេ​ហៅថា ឯកសារ​ទាក់ទិន នឹង​រឿង​ដែនដី​កម្ពុជា​ក្រោម​នោះទេ ។ តែ​មន្ត្រី​ស្ថានទូត​បារាំង​បាន​ថ្លែងថា រាល់​ឯកសារ​មាន​តម្កល់​នៅបណ្ណាល័យ សាធារណៈ​ដែល​វា​មិនមែន​សម្រាប់តែ​បុគ្គល​ណា​ម្នាក់​នោះទេ គឺ​មនុស្ស​គ្រប់គ្នា​អាច​ចូល​ស្រាវជ្រាវ​បាន ។

​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​វៀតណាម នាពេលកន្លងមក ។ រូបថតៈ ស៊ឺន ចែងចើន
​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​វៀតណាម នាពេលកន្លងមក ។ រូបថតៈ ស៊ឺន ចែងចើន

​យោងតាម​កាសែត​ភ្នំពេញបុស្តិ៍​​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បានចេញ​ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដោយបាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​ស្ថានទូត​បារាំង ប្រចាំ​ប្រទេស​កម្ពុជា លោក Nicolas Baudoin  ថា ស្ថានទូត​បារាំង មិនដែល​បានធ្វើ​ការណែនាំ​ឲ្យ​តំណាង​ពលរដ្ឋ​ខ្មែរ​រូប​ណា​ម្នា​ក់ថា នឹង​ត្រូវបាន​បញ្ជូនទៅ​ប្រទេស បារាំង​ដើម្បី​ស៊ើបអង្កេត​អំពី​បញ្ហា​ឯកសារ​នេះ​ទេ ។​

​លោក Nicolas Baudoin  បាន​បន្ថែមទៀតថា​៖ “​ឯកសារ​ទាំងនេះ មាន​ដាក់​នៅក្នុង​បណ្ដា​ល័យ​សាធារណៈ ដែល​បុគ្គល​គ្រប់រូប​អាច​ប្រើ​វា​បាន ។ នេះ​មិនមែនជា​អាទិភាព​សម្រាប់​ផ្ដល់​ឲ្យ​តែ​សមាគម​ណាមួយ​នោះទេ​” ។​

នៅពេល​ថ្មីៗ​នេះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បានប្រកាសថា ពួកគេ​គ្រោង​ដឹកនាំ​គណៈប្រតិភូ​ទៅកាន់​ប្រទេស​បារាំង ដើម្បី​ទៅ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​នឹង​ទឹកដី កម្ពុជា​ក្រោម ជា​ភ័ស្តុតាង​ដាក់បន្ទុក​ឲ្យ​វៀតណាម​សុំទោស​ចំពោះ​ការ​កាឡៃ​ប្រវត្តិសាស្ត្រ ដែលថា ទឹកដី​កម្ពុជា​ក្រោម គឺជា​ទឹកដី​របស់​វៀតណាម​ជា​យូរលង់​ណាស់​មកហើយ​នោះ ។​

​ក្រោយ​កិច្ចប្រជុំ​ជាមួយ​សមាជិក​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ លោក ថាច់ សេដ្ឋា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គម្រោង​ចេញទៅ​ប្រទេស​បារាំង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នេះ គឺ​ស្របតាម​ការឆ្លើយតបរ​បស់​ស្ថានទូត​បារាំង ជុំវិញ​ញត្តិ​ដែល​ក្រុមបាតុករ​បានដាក់​កាលពី​ថ្ងៃ ទី ៦ ខែតុលា ឆ្នាំ ២០១៤ កន្លងទៅ ។​

​លោក​ថ្លែងថា លិខិត​ឆ្លើយតប​របស់​ស្ថានទូត​បារាំង ចុះ​កាលពី​ថ្ងៃ ទី ១៣ ខែតុលា ឆ្នាំ ២០១៤ បាន​ជូនដំណឹង​ដល់​បាតុករ​ឲ្យ​ចាត់តាំង​តំណាង​ទៅ​ប្រទេស​បារាំង​ដើម្បី​យក​ឯកសារ និង​មានភ្ជាប់​ជាមួយនឹង​លេខ​កូដ និង​បណ្ណាល័យ​ផងដែរ ។ ប៉ុន្តែ​លោក ថាច់ សេដ្ឋា បាន​បញ្ជាក់ថា ដោយសារ ក្រុម​លោក​មាន​បញ្ហា​ខ្វះ​ថវិកា ទើបបាន​ពន្យារ​ពេលចេញ​ដំណើរ​ទៅ​ប្រទេស​បារាំង​យក​ឯកសារ ។ បច្ចុប្បន្ន ក្រុម​លោក​បាន​បង្កើត​មូល​និ​ធី​នៅ​ប្រទេស​នានា ជាច្រើន​ក្រោម​ហេតុផល​ថា ដើម្បី​ប្រមូលប្រាក់​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង តែ​គេ​មិនបាន​ដឹងថា​ប្រាក់​ដែល​លោក ត្រូវ​ចំណាយ​ក្នុងការ​ធ្វើដំណើរ​នេះ​អស់​ប៉ុន្មាន​នោះទេ ។

​ក្រោយ​ការ​លើកឡើងថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​ដី​របស់​វៀតណាម តាំងពី​យូរយារ​មកហើយ អតីត​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់​ថុង បាន​បដិសេធ​ការសុំ​ទោស​ជា​សាធារណៈ បើទោះជា​ការលើកឡើង​នេះ​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់នាក់ និង​ព្រះសង្ឃ​រាប់រយ​អង្គ​ផ្ទុះ​ការតវ៉ា​ចំនួន ៤ លើក​នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា​ក្តី ។​

​កន្លងទៅ​លោក ត្រឹង វ៉ាន់​ថុង នៅតែ​ប្រកាន់​ជំហរ​គាត់​ដដែល ដោយ​លើកឡើងថា ទឹកដី​វៀតណាម​ភាគខាងត្បូង ឬ​ទឹកដី​ណា​ម​បូ ដែល​ខ្មែរ​ហៅថា ដី «​កម្ពុជា​ក្រោម​» នោះ ជា​ទឹកដី​របស់​ប្រទេស​វៀតណាម ដោយ​ផ្អែក​តាមច្បាប់​អន្តរជាតិ ហើយ​ពេលដែល​បារាំង​ចូលមក​កាន់កាប់​ឥណ្ឌូចិន គឺ​បារាំង មិនបាន​កាត់​ដី​កម្ពុជា​ទៅ​ឲ្យ​ខាង វៀតណាម ហើយក៏​មិនបាន​កាត់​ទឹកដី​វៀតណាម​ឲ្យ​មក​កម្ពុជា​ដែរ ។ ប៉ុន្តែ ទោះជា​យ៉ាងណាក៏ដោយ សៀវភៅ​ប្រវត្តិសាស្ត្រ​ជាច្រើន​បានសរសេរថា អាណានិគម​បារាំង ទើបតែ​កាត់​ទឹកដី​កម្ពុជា​ក្រោម​មាន ២១ ខេត្ត​-​ក្រុង ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ត្រួតត្រា​កាលពី​ថ្ងៃ ទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ៕

Comments are closed.