ខួប ៥៦ ឆ្នាំ នៃការតស៊ូរបស់ លោក ចៅ រៀប
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៥ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington សហរដ្ឋអាមេរិក នឹងធ្វើពិធីរំឭកខួប ៥៦ ឆ្នាំ នៃការតស៊ូដើម្បីខ្មែរក្រោម និងពិធីចម្រើនជន្មាយុខួប ៧៥ ឆ្នាំ ជូន លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក តាំង ឡាត ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington បានប្រាប់វិទ្យុសំឡេងកម្ពុជា ក្រោម ថា ក្រុមរបស់លោក នឹងរៀបចំពិធីបុណ្យចម្រើនជន្មាយុ និងពិធីរំឭកខួបនៃការតស៊ូរបស់ លោក ចៅ រៀប ជូនគាត់ ក៏ដោយសារ សមាជិកទាំងអស់នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងតំបន់មួយនេះបានឯកភាពគ្នា ព្រោះ យល់ឃើញថា លោក ចៅ រៀប ជាចាស់ព្រឹទ្ធាចារ្យមួយរូបនៅក្នុងតំបន់ ដែលមានកំណើតកើតជា នៅដែនដីកម្ពុជា ក្រោម ដែលបានចំណាយពេលវេលាក្នុងមួយជីវិតរបស់គាត់ ធ្វើការតស៊ូដើម្បីបុព្វហេតុជាតិ និងសាសនាខ្មែរ នៅកម្ពុជាក្រោម ។
លោក ចៅ រៀប សព្វថ្ងៃ រស់នៅ រដ្ឋ Washington សហរដ្ឋអាមេរិក និងមានកំណើត នៅស្រុកស្វាយទង ខេត្តមាត់ ជ្រូក ដែនដីកម្ពុជាក្រោម ។ សព្វថ្ងៃ លោកជាប្រធានសភាព្រឹទ្ធាចារ្យនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែល មាន មូលដ្ឋាននៅសហរដ្ឋអាមេរិក ។ កាលនៅកម្ពុជាក្រោម លោកធ្លាប់ជាទាហានថ្មើរជើងនៃរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ប្រឆាំងនឹងចលនាកម្មុយនិស្តយួននៅក្នុងសង្គ្រាមវៀតណាម មុនឆ្នាំ ១៩៧៥ ។
ក្នុងពេលធ្វើទាហាន នៅឆ្នាំ ១៩៦៩ លោកធ្លាប់ត្រូវគ្រាប់នៅក្នុងប្រតិបត្តិការសឹកឡុងភី (Chien Dich Long Phi) ហើយត្រូវរបួសជាទម្ងន់ និងត្រូវទីប្រឹក្សាសឹកអាមេរិក យកទៅព្យាបាល នៅលើកនាវាចម្បាំងទី ៧ នៃយោធាជើងទឹករបស់អាមេរិក ។
លោក ចៅ រៀប ត្រូវរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ចាប់ដាក់ពន្ធនាគារអស់ ៧ ឆ្នាំ ចាប់ពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៨២ នៅក្នុងកម្ពុជាក្រោម ក្រោយពីរដ្ឋាភិបាលទីក្រុងព្រៃនគរ នៃសាធារណរដ្ឋវៀតណាម ត្រូវដួលរលំនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។
នៅក្នុងឆ្នាំ ១៩៩៤ លោក និងគ្រួសារបានមកតាំងទីលំនៅ នៅសហរដ្ឋអាមេរិក ក្រោយពីបានចេញពីពន្ធនាគារ ។
តាមពិតទៅ មកដល់សហរដ្ឋអាមេរិក ជាប្រទេសមួយដែលមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ លោក ចៅ រៀប មានសេចក្ដីសុខគ្រប់គ្រាន់ហើយ សម្រាប់ជីវិតផ្ទាល់ខ្លួន និងគ្រួសារ តែលោកមិនអាចឈរឱបដៃ មើលជីវិតខ្មែរក្រោមវាល់លាននាក់ កំពុងតែរងទុក្ខដោយសាររបបកុម្មុយនិស្តយួនជិះជាន់បានឡើយ ។ ដោយសារ ពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេស មានតែសហព័ន្ធខ្មែរកម្ពុជាក្រោមតែមួយគត់ ដែលជាអង្គការមួយដែលមានសមត្ថ ភាពចងបាច់ខ្មែរក្រោមទាំងអស់នៅជុំវិញពិភពលោកបាន លោកក៏បានសម្រេចចូលរួមជាមួយ ចលនាតស៊ូរមួយ នេះតរៀងមក ក្នុងគោលបំណងធ្វើការតស៊ូដោយសន្តិវិធី និង អហិង្សាដើម្បីស្វែងរកសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរ ក្រោមក្នុងស្រុក ។

ដោយសារតែ លោក ចៅ រៀប មានការលះបង់ខ្ពស់ក្នុងការបំរើការងារនៅក្នុងចលនាសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីទាមទារសិទ្ធិជូនខ្មែរក្រោម នោះ ទើបលោកបានទទួលនាទីជាប្រធានសភាព្រឹទ្ធាចារ្យនៃសហព័ន្ធខ្មែរកម្ពុជា ក្រោម រហូតមកដល់សព្វថ្ងៃ ។
តាមប្រភពពី លោក តាំង ឡាត ដដែលថា ក្រៅពីធ្វើពិធីចម្រើនជន្មាយុគម្រប់ខួប ៧៥ ឆ្នាំ និងខួប ៥៦ ឆ្នាំ នៃការ តស៊ូរបស់ លោក ចៅ រៀប សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏នឹងប្រារព្ធពិធីបុណ្យដារបង្សុកូល នៅថ្ងៃ ៥ ខែមេសា ឆ្នាំ ២០១៥ ដើម្បីឧទ្ទិសកុសលដល់វីរជនខ្មែរក្រោមគ្រប់ជំនាន់ ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ និងសាសនា នៅកម្ពុជាក្រោម ផងដែរ ។
លោក តាំង ឡាត បញ្ជេក់ថា ពិធីនេះ មានការប្រគេនចង្ហាន់ដល់ព្រះសង្ឃ, ការពិភាក្សាគ្នាអំពីដំណើរការតស៊ូ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងរៃអង្គាសប្រាក់សម្រាប់ជួយដល់យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងចូល ថ្លែងការណ៍នៅក្នុងអង្គការសហប្រជាជាតិ នាចុងខែមេសាខាងមុខនេះ ៕

Comments are closed.