សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រា​រព្ធ​ខួប ៦៦ ឆ្នាំ ថ្ងៃ​កម្ពុជា​ក្រោម​ឋិត​នៅ​ក្រោម​អា​ណា​និគម​វៀតណាម ​នៅ​វត្ត​សាមគ្គី​រង្សី

165

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នឹង​ប្រារព្ធ​ខួប ៦៦ ឆ្នាំ ថ្ងៃ​កម្ពុជា​ក្រោម​ឋិត​នៅ ក្រោម​អាណានិគម​វៀតណាម នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៥ ខាងមុខនេះ នៅ​វត្ត​សាមគ្គី​រង្សី នាទី​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ប្រគល់​ឲ្យ​វៀតណាម​គ្រប់គ្រង​លើ​ពលរដ្ឋ ខ្មែរ​ក្រោ​ម្ចាស់​ស្រុក កាលពី​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។​

ថ្ងៃទី ១ នៃសន្និបាតប្រចាំឆ្នាំ ២០១៤ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៤ ។ រូបថត ថាច់ ប្រីជា គឿន
ថ្ងៃទី ១ នៃសន្និបាតប្រចាំឆ្នាំ ២០១៤ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៤ ។ រូបថត ថាច់ ប្រីជា គឿន

យោងតាម​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​នាយក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាមរយៈ​ស្កៃ (Skype) នៅ​ថ្ងៃទី ១៦ ខែ កុម្ភៈ បានសម្រេច​ថា ឆ្នាំនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ប្រារព្ធ​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​រំឭក​ដល់ “​ខួប ៦៦ ឆ្នាំ ថ្ងៃ​កម្ពុជា​ក្រោម​ឋិត​នៅក្រោម​អាណានិគម​វៀតណាម​” នៅក្នុង​សាលា​បី​ជាន់​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម កំពុងតែ​សាងសង់​នៅក្នុង​បរិវេណ​វត្ត​សាមគ្គី​រង្សី ឋិត​នៅ​ជាយ​ទីក្រុង​ភ្នំពេញ សព្វថ្ងៃ ។​

យោងតាម​សេចក្ដីសម្រេច​ដដែល ពិធី​ជួបជុំ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ចាត់​អ្នកតំណាង​របស់ខ្លួន​នៅតាម​ប្រ ទេស​នានា​ក្នុង​ពិភពលោក​ឲ្យ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នេះ និង​មាន​អញ្ជើញ​មន្ត្រី​តំណាង​ស្ថានទូត​ប្រទេស​នានា​ក្នុង​ប្រ ទេស​កម្ពុជា​ឲ្យ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ផងដែរ ។​

​របៀបវារៈ នៃ “​ខួប ៦៦ ឆ្នាំ ថ្ងៃ​កម្ពុជា​ក្រោម​ឋិត​នៅក្រោម​អាណានិគម​វៀតណាម​” ឆ្នាំនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​កម្មវិធី​ដូចជា ថ្លែង​សារ​ស្ដីពី​ប្រវត្តិ​ព្រ​ត្តិ​ការណ៍ ផ្សព្វផ្សាយ​សៀវភៅ និង​ឯកសារ​ទាក់ទង​នឹង​រឿង​កម្ពុជា ក្រោម ដែល​បាន​បោះពុម្ព និង​ផលិត​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​ភ្ញៀវ​បាន​ជ្រាប និង​បង្ហាញ​អំពី​សកម្មភាព សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន ធ្វើការ​តស៊ូ​មតិ​នៅក្នុង​ឆាក​អន្តរជាតិ នាពេល​កន្លងមក​ដើម្បី​ឲ្យ​វៀតណាម​គោរព សិទ្ធិ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម និង​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ស្គាល់​ខ្មែរក្រោម​ជា​នរណា និង​កម្ពុជា​ក្រោម នៅ​កន្លែង​ណា ជាដើម ។​

​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី ០៤ ខែមិថុនា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​គ្រប់ទិសទី​ជុំវិញ​ភពផែនដី បាន​ស្រុះស្រួល​គ្នា​ប្រារព្ធ​ពិធីបុណ្យ​កាន់ទុក្ខ​ដើម្បី​រំឭក​ដល់ “​ថ្ងៃ​កម្ពុជា​ក្រោម​ឋិត​នៅក្រោម​អាណានិគម​វៀតណាម​” ឬ “​ថ្ងៃ​បារាំង​ប្រគល់ ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​គ្រប់គ្រង​” ។​

​កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) បាន​ប្រ កាស​ច្បាប់ លេខ ៤៩-៧៣៣ សម្រេច​កាត់​ទឹកដី​កូស័ងស៊ីន ឬ កម្ពុជា​ក្រោម ឲ្យ​ភ្ជាប់​ទៅជា​រដ្ឋ​ចំណុះ​របស់ វៀតណាម ។ ចាប់តាំងពី​ពេលនោះ មកដល់​ឆ្នាំ ២០១៥ នេះ មាន​រយៈពេល ៦៦ ឆ្នាំ​ហើយ ដែល​ពលរដ្ឋ ខ្មែរក្រោម​រាប់លាន​នាក់​នៅ​កម្ពុជា​ក្រោម​ឋិត​នៅក្រោម​អាណានិគម​របស់​វៀតណាម ៕​

 

Comments are closed.