គណបក្សចំនួន៦ចុះឈ្មោះចូលរួមបោះឆ្នោត

RFA/Sok Serey
ក្នុងចំណោមគណបក្សនយោបាយទាំង ៦ នោះ រួមមានគណបក្សចំនួន ៥ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ឲ្យដឹងថា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ត្រូវ គ.ជ.ប ទទួលស្គាល់ជាផ្លូវការ លើពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ ២២មណ្ឌល រាជធានី ខេត្ត។ រីឯ ២មណ្ឌលទៀត នៅខេត្តកំពង់ចាម និងខេត្តកែប ត្រូវបានបដិសេធបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយសារតែពុំបានបំពេញគ្រប់លក្ខខណ្ឌនៅមណ្ឌលបោះឆ្នោតនៃខេត្តទាំង ពីរនោះ។
លោកបន្តថា រីឯគណបក្សសង្គ្រោះជាតិ គ.ជ.ប និងពិនិត្យមើលនៅថ្ងៃច័ន្ទ ទី១៣ ខែឧសភា៖ «ចុះ ឈ្មោះបោះឆ្នោតវាទាក់ទងនឹងស្ថានភាពសង្គមសេដ្ឋកិច្ច និងនយោបាយផ្ទាល់ ការប្រកួតប្រជែងកន្លងមកយើងឃើញចំនួនគណបក្ស នឹងធ្លាក់ចុះជាលំដាប់។ ទោះយ៉ាងណា ក៏យើងឃើញចំនួនសមគួរមួយដែលយើងឃើញថា ប្រជាជនអ្នកបោះឆ្នោតនឹងមានជម្រើសដែរបាទ!»។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី១ នៅឆ្នាំ១៩៩៣ រៀបចំដោយអ៊ុនតាក់ (UNTAC) មានគណបក្សនយោបាយចំនួន ២០ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។ ក្នុងអាណត្តិទី២ ក្នុងឆ្នាំ១៩៩៨ មានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ៣៩គណបក្ស។ អាណត្តិទី៣ ឆ្នាំ២០០៣ មានគណបក្សចំនួន ២៣ ឈរឈ្មោះបោះឆ្នោត។ អាណត្តិទី៤ ឆ្នាំ២០០៨ មានគណបក្សចំនួន ១១ បានឈរឈ្មោះបោះឆ្នោត។ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣ នេះ គ.ជ.ប គិតថា មានគណបក្សនយោបាយមិនដល់ ១០ ទេ ដែលនឹងត្រូវចុះឈ្មោះបោះឆ្នោត៕ ដោយៈ ទេព សុរ៉ាវី – RFA