ព្រះសង្ឃវត្តសេរីតាសេក ៧ អង្គ ភៀសខ្លួនទៅកម្ពុជា ក្រោយពីវៀតណាមចាប់ព្រះចៅអធិការវត្តជាក់ពន្ធនាគារ
ដោយ ថាច់ ប្រីជា គៀន l សារព័ត៌មាន ព្រៃនគរ
ព្រះសង្ឃវត្តសិរីតាសេក នៃខេត្តឃ្លាំង ៧ អង្គ បានភៀសព្រះកាយមកស្នាក់នៅក្នុងទីក្រុងភ្នំពេញ នៃប្រ ទេសកម្ពុជា ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលវៀតណាម បន្ទាប់ព្រះចៅអធិការវត្ត ព្រះនាម លីវ នី និង ព្រះគ្រូពហុសូត្រ ព្រះនាម ថាច់ ធឿន ត្រូវបានរដ្ឋាភិបាលវៀតណាម ចាប់ផ្សឹក និងដាក់ពន្ធនាគារ កាលពីថ្ងៃទី ២១ ខែមិថុនា កន្លងទៅនេះ ។

នៅថ្ងៃទី ២៩ ខែមិថុនា នេះដែរ ព្រះសង្ឃទាំង ៧ អង្គនេះ បានទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជននៅក្រៅ ប្រទេសតាមរយៈវិទ្យុសំឡេងកម្ពុជាក្រោម ចំនួន ១.៥០០ ដូល្លារ ផងដែរ ។
ព្រះតេជព្រះគុណ ថាច់ សម័យ ព្រះជន្ម ២៤ វស្សា ព្រះសង្ឃវត្តសិរីតាសេក ដែលទើបបានភៀសខ្លួន ទៅប្រទេសកម្ពុជា កាលពីថ្ងៃទី ០១ ខែមិថុនា បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម អំពីមូលហេតុដែល ជម្រុញ ឲ្យព្រះអង្គ និង ព្រះសង្ឃដទៃទៀតភៀសព្រះកាយទៅប្រទេសកម្ពុជាថា ព្រោះមានការគំរាមកំហែង ពីរដ្ឋាភិបាលវៀតណាម ទាក់ទិននឹងរឿងព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ។
ព្រះតេជព្រះគុណ ថាច់ សម័យ មានថេរដីកាថា៖ “មុននឹងអាត្មាភៀសខ្លួនឡើងមក៍ មានគេអញ្ជើញ លោកមាអាត្មា និងញោម និយាយរួមមួយពូជអាត្មាតែម្ដង ។ គេអញ្ជើញទៅសួរ ហើយឮពាក្យដែលអាជ្ញា ធរ វៀតណាម គេនិយាយមក៍ ……គេថា អាត្មាហ្នឹង គេអត់ឲ្យនៅសុខទេ ។ គេគិតពីរអង្គ [លីវ នី និង ថាច់ ធឿន] ហ្នឹងរួច ហើយគេគិតពីរអង្គទៀត ។ ពីរអង្គមាន ព្រះអង្គ គឹម ធី និងអាត្មា ។ ចឹងទេ មាមីង និង ញាតិអាត្មានៅកម្ពុជាក្រោមហ្នឹងភ័យនឹងអាជ្ញាធរវៀតណាមចាប់អាត្មា ……ក៏សម្រេចចិត្តឲ្យអាត្មាចេញ ពីស្រុក ” ។
ព្រះតេជព្រះគុណ ថាច់ សម័យ បានបន្តទៀតថា បច្ចុប្បន្ន ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រមទាំងពលរដ្ឋខ្មែរក្រោម ២ រូប គឺ លោក ថាច់ ភូមិរិទ្ធ និង លោក ត្រា ថា ត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ខ្លួន រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថា នៅទីណាឡើយ ។
ព្រះតេជព្រះគុណ ថាច់ សម័យ បានបន្តទៀតថា ៖ “ពរ ! ឥឡូវមានពីរអង្គ [ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រគុណ ថាច់ ធឿន ] និងគ្រហស្ថពីរនាក់ [លោក ភូមិរិទ្ធ និង លោក ត្រា ថា] ទៅជាមួយហ្នឹង យើងមិនទាន់ដឹងថា អាជ្ញាធរយួនយកទៅដាក់គុក នៅកន្លែងណាទេ ” ។
ព្រះតេជព្រះគុណ លីវ នេន ត្រូវប្អូនប្រុសរបស់ ព្រះតេជព្រះគុណ លីវ នី ដែលទើបតែបានភៀស ព្រះកាយ មកស្រុកខ្មែរ មានថេរដីកាថា នៅថ្ងៃទី ២៩ ខែមិថុនា នេះ ព្រះសង្ឃទាំង ៧ ដែលទើបតែបានភៀសខ្លួន មកដល់ប្រទេសកម្ពុជា បានទទួលថវិកាឧបត្ថម្ភពីសប្បុរសជននៅក្រៅប្រទេស តាមរយៈវិទ្យុសំឡេង កម្ពុជាក្រោមក្នុងមួយអង្គ ២០០ ដូល្លារ ។
ព្រះតេជព្រះគុណ លីវ នេន មានថេរដីកាថា៖ “លោកគ្រូ [យឿង តារា] គាត់និមន្តមកពីសហរដ្ឋអាមេរិក គាត់បានប្រាប់អាត្មាថា ផ្ញើ [លុយ] មកមួយពាន់ប្រាំ [១.៥០០ ដូល្លារ] ញោម ។ មួយពាន់ប្រាំហ្នឹង គឺប្រគេនមួយអង្គ ២០០ [ដូល្លារ] និងប្រគេនព្រះសង្ឃជូនផ្លូវមួយរយ [១០០ ដូល្លារ] ” ។
សូមបញ្ជាក់ថា ព្រះតេជព្រះគុណ យឿង តារា ប្រធាន សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បាននាំយកថវិកាទាំងនេះទៅប្រគេ ព្រះសង្ឃទាំង ៧ អង្គនេះ ពេលដែលព្រះអង្គបាននិមន្តត្រឡប់ ពី សហរដ្ឋអាមេរិកទៅស្រុកខ្មែរវិញ ។
ពេញបានទទួលថវិកា ព្រះតេជព្រះគុណ ថាច់ សម័យ បានថ្លែងអំណរគុណ ដល់សប្បុរសជនយ៉ាង នេះថា ៖ “ពរ ! ចំពោះថវិកាដែលបងប្អូននៅក្រៅប្រទេស ដែលបានឧបត្ថម្ភដល់អាត្មាទាំងប៉ុន្មានអង្គនេះ ។ [អាត្មាភាព ] សូមអរគុណយ៉ាងច្រើន ហើយក៏សូមបួងសួងដល់សក្កទេវរាជ ស្ដេចទេវតា និងវត្ថុសក្ដិសិទ្ធិ ដែលមាននៅក្នុងលោក ជួយទុកបម្រុងញាតិញោមឲ្យបានជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងជួបនូវ ពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ និងជាទីអវសានជាតិ បានជួបប្រទះសម្បត្តិទាំងឡាយ ៣ ប្រការ គឺ សម្បត្តិមនុស្ស ទេវតា និងព្រះនិព្វាន កុំបីឃ្លៀងឃ្លាតឡើយ ” ។
ព្រះសង្ឃភៀសខ្លួនទាំងនេះ បានអំពាវនាវដល់អង្គការសិទ្ធិមនុស្សនានា ជួយធ្វើអន្តរគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម យ៉ាងនេះថា៖ “ពរ ! អាត្មា ក៏ដូចជាព្រះសង្ឃភៀសខ្លួន និងពុទ្ធបរិស័ទដែលរស់នៅឯដែនដីកម្ពុជាក្រោមនោះ សូមអំពាវនាវ ដល់អង្គការ ជាពិសេស គឺអង្គការសិទ្ធិមនុស្ស ឲ្យចុះទៅបង្ហាត់បង្រៀនដល់ពួកអាជ្ញាធរវៀតណាមហ្នឹង ប្រហែលជាពួកគេ មិនយល់ពីសិទ្ធិមនុស្សច្បាស់លាស់ទេមើលទៅ ។ ចឹងទេ អាត្មាក៏សូមអំពាវនាវឲ្យ អង្គការហ្នឹងចុះទៅជួយបង្រៀនអំពីសិទ្ធិមនុស្សដល់អាជ្ញាធរវៀតណាមឲ្យវាបានចេះដឹង និងសូមកុំឲ្យធ្វើ បាបព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅឯដែនដីកម្ពុជាក្រោម ជាបន្តទៀត ។ ពរ ! ” ៕