អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ប្រារព្វ​ពិធី​អបអរសាទរ​ខួប​ឆ្នាំ​ទី ៩ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម​

96

ដោយ ស៊ឺន ចែងចើន|VOKK

អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា នៅ​ថ្ងៃទី ១១ កញ្ញា ម្សិល​មិញ​នេះ បាន​ប្រារព្វ​ខួប​ឆ្នាំ​ទី ៩ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម នៅ​សាលប្រជុំ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិតនៅ​ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឋិត​ក្នុង​សហគមន៍​បុរី​ព្រៃនគរ​) ។​

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ចូលរួម​ក្នុង​ពិធី​ខួប​ទី ​៩ នៃ​សេចក្តី​ប្រកាស​របស់អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ១៣ កញ្ញា ២០០៧-១៣ កញ្ញា ២០១៦ នា​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​ ១១ ខែ​កញ្ញា ឆ្នាំ​២០១៦ ។​ រូបថតៈ​ ស៊ឺន ចែងចើន
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ចូលរួម​ក្នុង​ពិធី​ខួប​ទី ​៩ នៃ​សេចក្តី​ប្រកាស​របស់អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ១៣ កញ្ញា ២០០៧-១៣ កញ្ញា ២០១៦ នា​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​ ១១ ខែ​កញ្ញា ឆ្នាំ​២០១៦ ។​ រូបថតៈ​ ស៊ឺន ចែងចើន

​ការរៀបចំ​កម្មវិធី​ជួបជុំ​របស់​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា គឺ​ក្នុង​គោលបំណង​អបអរសាទរ​ទិវា​សិទ្ធិ​ជនជាតិដើម លើក​ទី ៩ និង​ដើម្បី​ផ្សព្វផ្សាយ​អំពី​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ឲ្យ​យល់ដឹង​អំពី​ខ្លឹមសារ​នានា ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស និង​ដើម្បី​សម្ដែង​ការបារម្ភ​របស់​ពួកគេ ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម ។

​ទិវា​សិទ្ធិ​ជនជាតិដើម ត្រូវបាន​ប្រារឰ​ជា​រៀងរាល់ឆ្នាំ នៅ​ពាសពេញ​ជុំវិញ​ពិភពលោក ដោយ​ក្រុម​ជនជាតិដើម​នានា រួមទាំង​ខ្មែរក្រោម នៅក្រៅ​ប្រទេស​ផង ។ កាលបរិច្ឆេទ ១៣ ខែកញ្ញា​នេះ ត្រូវបាន​ជ្រើសរើស​ឡើង ដើម្បី​រំឭក​ដល់​ការអនុម័ត និង​ការប្រកាស​នូវ​សេចក្តីប្រកាស​ជា​សាកល ស្តីពី​សិទ្ធិ​ជនជាតិដើម នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។ សេចក្តីប្រកាស ជា​សាកល​នេះ បានទទួល​ស្គាល់​នូវ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ជនជាតិ ដើម​ភាគតិច​ទាំងអស់ ទាំង​ស្ត្រី និង​បុរស នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​ពិភពលោក ដោយ​មិនមាន​ការរើសអើង​អ្វី​ទាំងអស់ ជាពិសេស នៅក្នុង​មាត្រា​នៃ​សេចក្តីប្រកាស​នេះ បានចែង​អំពី «​សិទ្ធិ​ស្វ័យ​សម្រេច វាសនា​ខ្លួន ដោយ​ខ្លួនឯង​» របស់​ជនជាតិដើម ។​

​ក្នុង​សុន្ទរកថា ដែល​បាន​ថ្លែង​ដោយ​លោក យន្ត ថា​រូ ប្រធាន​ម​ជ្ឈ​ម​ណ្ឌ​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​សមាជិក​រដ្ឋសភា​ផង​នោះ បាន​លើកឡើងថា នៅ​ជុះ​វិញ​ភិ​ភព​លោក​មាន​ជនជាតិដើម​ភាគតិច​ប្រមាណ ៣៧០ លាន​នាក់ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ ក្នុងនោះ​ក៏មាន​ប្រទេស​វៀតណាម​ដែរ ។ លោក បញ្ជាក់ថា ជនជាតិដើម​ភាគតិច​ទាំងនោះ កំពុង​ប្រឈម នឹង​បញ្ហា​ជាច្រើន ពាក់ព័ន្ធ នឹង​សិទ្ធិ​កាន់កាប់​ដីធ្លី វប្បធម៌ ភាសា និង​ប្រពៃណី ជំនឿ​សាសនា ព្រមទាំង​នយោបាយ​ផ្សេងៗ ដែល​កំពុង​រង​នូវ​ការគាបសង្កត់​ខ្លាំង​ឡើងៗ ពី​ការអភិវឌ្ឍន៍ និង​សាកលភាវូបនីយកម្ម ។​

គិត​មកដល់​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ គឺមាន​រយៈពេល ៩ ឆ្នាំ​ហើយ ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី​មួយ ក្នុងចំណោម​បណ្ដា​ប្រទេស​ទាំង ១៤៣ បាន​គ្រាំទ្រ​លើ​សេចក្តីអនុម័ត​នេះ ។ ប៉ុន្តែ បើតាម​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មើលឃើញថា មកទល់ នឹង​ពេលនេះ រដ្ឋា​ភ​បាល​វៀតណាម មិនបាន​គោរព និង​លើកស្ទួយ​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម ដូច​មានចែង​នៅក្នុង​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ នេះ​នៅឡើយ ។​

​នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន ជុំ​ជួន ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ដែរនោះ មានប្រសាសន៍​ដោយ​អំពាវនាវ និង​ទទូច​ឲ្យ​ប្រទេស​វៀតណាម ត្រូវតែ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ឲ្យ​មាន​ប្រសិទ្ធភាព និង​ពេញលេញ ស្របតាម «​គោលការណ៍​សិទ្ធិមនុស្ស និង​គោលការណ៍​សិទ្ធិ​ជនជាតិដើម​» ដែល​វៀតណាម ជា​សា​មា​ជិ​ក​ហត្ថា​លេ​ខី​មួយ​ផងដែរ​នោះ ។​

​គួររំឭកថា ដោយសារ​មាន​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស និង​សេរីភាព​ជំនឿ​សាសនា នានា របស់​ជនជាតិដើម ទើប​បណ្តាល​ឲ្យ​អង្គការ​ជាច្រើន ដែល​តំណាង​ឲ្យ​ជនជាតិដើម ទូទាំង​ពិភពលោក ធ្វើការ​តវ៉ា​យ៉ាង​ស្វិតស្វាញ ។ ក្រោយមក​ក៏មាន​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែល​ហៅថា វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ ស្តីពី​បញ្ហា​ជនជាតិដើម នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក់ សហរដ្ឋអាមេរិក ក្នុង​ខែឧសភា ជា​រៀងរាល់ឆ្នាំ ។ ដោយឡែក កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ មហាសន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត​ច្បាប់ ស្តីពី​សិ​ទិ្ធ​ជនជាតិដើម ដែលមាន​ចំនួន ៤៦ មាត្រា ចូល​ជា​ធូរ​មាន ដោយ​តម្រូវ​ឲ្យ​ប្រទេស​នានា លើ​ពិភពលោក ត្រូវគោរព​សិទ្ធិ​មូលដ្ឋាន​របស់​ជនជាតិ​ដើម ជា​ម្ចាស់​ទឹកដី ។

​ចំណែក​ខ្លឹម​សារសំខាន់ៗ នៅក្នុង​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម​ភាគតិច ដែលមាន ៤៦ មាត្រា​នោះ បានចែង​ពី​គោលបំណង​នៃ​សិទ្ធិ​នេះ គឺ​ដើម្បី​ការពារ​ជាពិសេស​សិទ្ធិ​របស់​ជន​ជាតិ​ដើម ដែល​ពាក់ព័ន្ធ​ទៅ​សិទ្ធិ​វប្បធម៌ សង្គមកិច្ច សិទ្ធិ​ទ​ទទួលបាន​អត្តសញ្ញាណ​កម្ម សិទ្ធិ​ប្រើប្រាស់​ភាសា​កំណើត សិទ្ធិ​មានការ​ងារ​ធ្វើ សិទ្ធិ​ក្នុង​ការថែទាំ​សុខភាព និង​សិទ្ធិ​ទទួលបាន​ការអប់រំ ។ សេចក្តីប្រកាស​នេះ ក៏បាន​សង្កត់ធ្ងន់​ទៅលើ​សិទ្ធិ​ជំនឿ​សាសនា ទំនៀមទម្លាប់ ប្រពៃណី សិទ្ធិ​ថែរក្សា​មត៌ក​វប្បធម៌ សិទ្ធិ​ជាស​មោហ​ភាព​ក្នុងការ​គ្រប់គ្រង​សម្បត្តិ​ធម្មជាតិ និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង ។

​នៅក្នុង​មាត្រា ៣ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម​នោះ បាន​ចែងថា ជនជាតិដើម​ភាគតិច​មាន​សិទ្ធិ​ស្វ័យ​សម្រេច ។ តាម​ស្មារតី​នៃ​សិទ្ធិ​នេះ ជនជាតិដើម​ធ្វើ​សេចក្តីសម្រេច​អំពី​ស្ថានភាព​នយោបាយ​ដោយ​សេរី និង​ធ្វើការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់ខ្លួន​ដោយ​សេរី ។ មាត្រា ១១ បាន​ចែងថា ជនជាតិដើម មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វ​ឲ្យ​រស់​ឡើងវិញ​នូវ​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌​របស់ខ្លួន ។ សិទ្ធិ​នេះ រួមទាំង​សិទ្ធិ​ថែរក្សា ការពារ និង​អភិវឌ្ឍន៍​អ្វី ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន ដែលមាន​ពី​អតីតកាល បច្ចុប្បន្ន និង​អនាគត ដូចជា​បូរាណ​វិទ្យា និង​ស្ថា​នី​ប្រវត្តិសាស្ត្រ បូរាណ​វត្ថុ រចនា​ប​ថ្ម ពិធីបុណ្យ បច្ចេកវិទ្យា និង​សិល្បៈ ទស្សនី​យា​ភាព និង​ការសម្តែង​សិល្បៈ និង​អក្ស​សាស្ត្រ ។ មាត្រា ១២ បាន​ចែងថា ជនជាតិដើម មាន​សិទ្ធិ​បង្ហាញ ប្រតិបត្តិ អភិវឌ្ឍន៍ និង​បង្រៀន​ប្រពៃណី​ខាង​ជំនឿ និង​សាសនា​របស់ខ្លួន ទំនៀមទម្លាប់ និង​ពិធីបុណ្យ​ផ្សេងៗ ហើយ​មាន​សិទ្ធិ​រក្សា​ការពារ និង​សិទ្ធិ​ឯកជន ក្នុងការ​ប្រើប្រាស់ ទីកន្លែង​សាសនា និង​វប្បធម៌​របស់ខ្លួន មាន​សិទ្ធិ​ប្រើប្រាស់ និង​គ្រប់គ្រង​វត្ថុ​សម្រាប់​ពិធីបុណ្យ​នានា ។ មាត្រា ១៣ បាន​ចែងថា ជនជាតិដើម មាន​សិទ្ធិ​ធ្វើ​ឲ្យ​រស់​រវើក​ឡើងវិញ ប្រើប្រាស់ អភិវឌ្ឍន៍ និង​ផ្ទេរសិទ្ធិ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​នូវ​ប្រវត្តិសាស្ត្រ ភាសា ច្បាប់ទម្លាប់ ទស្សនវិជ្ជា ប្រព័ន្ធ​នៃ​ការសរសេរ និង​អក្សរសាស្ត្រ ព្រមទាំង​ធ្វើ​ឲ្យ​ការកំណត់​ឈ្មោះ និង​រក្សា​ឈ្មោះ​គេ​ដោយ​ខ្លួនឯង សម្រាប់​សហគមន៍​ទីក​ន្លែ​ង និង​បុគ្គល ។ មាត្រា ១៤ បាន​ចែងថា ជនជាតិដើម មាន​សិទ្ធិ​បង្កើត និង​គ្រប់គ្រង​ស្ថាប័ន និង​ប្រពន្ធ​អប់រំ​របស់ខ្លួន ដោយ​ផ្តល់​ការអប់រំ ជា​ភាសា​របស់ខ្លួន​ផ្ទាល់ ក្នុង​លក្ខណ​សមស្រប នឹង​វិធីសាស្ត្រ តាម​វប្បធម៌ និង​ការបង្រៀន និង​ការរៀនសូត្រ​របស់​ពួកគេ ។​

​មាន​ត្រា​សំខាន់ៗ ដែល​លើក​យកមក​រៀបរាប់​ខាងលើនេះ គ្រាន់តែ​ជា​មាត្រា​មួយចំនួន ដែលជា​អាទិភាព​ក្នុងចំណោម ៤៦ មាត្រា​នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម ។​

​សូមបញ្ជាក់ថា ក្នុង​សេចក្តីប្រកាស​បានចែង​ទៀតថា រដ្ឋ​ទាំងឡាយ​ត្រូវ​ធានា​ចាត់វិធានការ ប្រកបដោយ​ប្រសិទ្ធភាព ធានាថា សិទ្ធិ​ទាំងនោះ ត្រូវបាន​ការពារ និង​ធាន​ផងដែរ​ថា ជនជាតិដើម​អាច យល់ដឹង និង​ត្រូវធ្វើ​ឲ្យ​បាន​យល់ដឹង អំពី​ដំណើ​រការ​នយោបាយ ច្បាប់ និង​រដ្ឋបាល ហើយ​ប្រសិនបើ​ចាំបាច់ ត្រូវធ្វើឡើង​តាមរយៈ​ការពន្យល់ បកស្រាយ ឬ​តាម​មធ្យោបាយ​សមស្រប​ដទៃទៀត ៕

រូបថតខ្លះៗ ក្នុងពិធី​ខួប​ឆ្នាំ​ទី ៩ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម​ ។ រូបថតៈ ស៊ឺន ចែងចើន

IMG_0294 IMG_0298 IMG_0300 IMG_0302 IMG_0304 IMG_0305 IMG_0308 IMG_0313 IMG_0322 IMG_0340 IMG_0341 IMG_0357 IMG_0393 IMG_0408 IMG_0422 IMG_0426 IMG_0444 IMG_0445 IMG_0449 IMG_0460 IMG_0463 IMG_0477 IMG_0489 IMG_0492 IMG_0500 IMG_0503 IMG_0505 IMG_0506 IMG_0510 IMG_0512 IMG_0521 IMG_0525 IMG_0536

Comments are closed.