ពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ស្លាប់ម្នាក់ និងជាង ៣០ នាក់ កើតជំងឺកូវីត
ដោយ គឹម សាវតា
ស្របពេល ដែលកម្ពុជា កំពុងតែឆ្លងរាលដាលជាសហគមន៍នៃជំងឺកូវីត-១៩ ហើយបើគិតត្រឹមថ្ងៃទី ២៦ ខែមេសានេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើង ១ ម៉ឺននាក់ និងអ្នកស្លាប់សរុបឡើងដល់ ៧៩ នាក់ ។ ចំណែកពលរដ្ឋខ្មែរក្រោម រស់នៅប្រទេសកម្ពុជាវិញ យ៉ាងហោចណាស់ ក៏មានអ្នកស្លាប់ម្នាក់ និងជាង ៣០ នាក់តៀត បានកើតជំងឺកូវីត-១៩ ។

លោក ថាច់ ឡែន ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ដែលជាអ្នកតាមដានករណីនេះ ឲ្យវិទ្យសំឡេងកម្ពុជាក្រោមដឹងនៅថ្ងៃទី ២៦ ខែ មេសានេះថា រហូតមកដល់ថ្ងៃទី ២៦ នេះ មានពលរដ្ឋខ្មែរក្រោម ៣២ នាក់ហើយ ដែលបានឆ្លងជំងឹកូវីដ-១៩ បន្ទាប់ពីជំងឺផ្លូវដង្ហើមមួយនេះ បានផ្ទុះជាសហគមន៍ជាថ្មី នៅកម្ពុជាកាលពីថ្ងៃទី ២០ ខែកុម្ភៈ ។ លោកបន្តថា ក្នុងចំណោមពលរដ្ឋខ្មែរក្រោម ដែលឆ្លងជំងឺនេះ គឺមានស្ត្រីវ័យ ៨៥ ឆ្នាំម្នាក់រស់នៅក្នុងខណ្ឌដង្កោ និងមានស្រុកកំណើតនៅខេត្តព្រះត្រពាំង កម្ពុជាក្រោម បានស្លាប់ ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថាស្រ្តីវ័យ ៨៥ ឆ្នាំនេះ បានឆ្លងកូវីដ-១៩ តាំងពីពេលណានោះទេ ។
ក្រៅពីនេះ ទារកអាយុ ៦ ខែ រហូតដល់អាយុជាង ៦០ ឆ្នាំ កំពុងសម្រាកព្យាបាល ដែលអ្នកទាំងនោះ គឺរស់នៅតំបន់មួយចំនួន ដូចជា ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
លោក ថាច់ ឡែន «តាមដែលខ្ញុំទទួលព័ត៌មាន តាមរយៈការសាកសួរដោយផ្ទាល់ហ្នឹង គាត់ថា តាំងពីគាត់បានចូលមក នៅមណ្ឌលសុខភាពហ្នឹង សុខភាពគាត់ហ្នឹងធម្មតាទេ អ្នកខ្លះទៅក៏បានធូរបន្តិចម្តងៗ ហើយ» ។
កាលពីថ្ងៃទី ២២ ខែមេសាកន្លងទៅ លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម បានអំពាវនាវឲ្យសប្បុរសជនផ្ដល់ជាថវិកា សម្ភារៈ ដើម្បីជួយដល់ពលរដ្ឋខ្មែរក្រោម ដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ-១៩នេះ ។
ប្រធានលេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជា លោក សម្បត្តិ ស៊ីណា បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោមនៅថ្ងៃទី ២៦ ខែមេសានេះ ថា មកដល់ពេលនេះ លេខាធិការដ្ឋាន បានទទួលជំនួយពីសប្បុរសជនមួយចំនួនហើយ។
ជាមួយគ្នានេះ ក៏កំពុងតែរៀបចំបែងចែកដល់ជនរងគ្រោះដោយសារជំងឺកូវីដ-១៩ នេះផងដែរ ។ លោកបន្ថែមថា សម្រាប់ពលរដ្ឋខ្មែរក្រោម ដែលវិជ្ជមានជំងឺកូវីដ-១៩ វិញ ក្រុមការងារក៏កំពុងពិភាក្សារកវិធីផ្ដល់ជំនួយ ព្រោះថាមិនអាចទៅជួបផ្ទាល់ ដើម្បីផ្ដល់ជំនួយនោះទេ ។
លោក សម្បតិ្ត ស៊ីណា« អ្នកដែលកើតជំងឺកូវីដ-១៩ ផ្ទាល់ គ្រួសារគាត់ហ្នឹងយើងកំពុងតែស្វែងរក ហើយនឹងឲ្យតំណាងសមាគមដែលរស់នៅតំបន់ក្បែរគាត់ហ្នឹងយកថវិកាហ្នឹងទៅចាត់ចែង» ។
ជាមួយគ្នានេះ ទាំង មិត្តសមាគមខ្មែរកម្ពុជាក្រោម និង លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ក៏បានថ្លែងអំណរគុណដល់សប្បុរជន ទាំងនៅកម្ពុជា និងនៅក្រៅប្រទេស ដែលបានចូលរួមវិភាគទានជួយដល់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ដែលកំពុងតែរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ-១៩ នេះ ដោយចាត់ទុកថា នេះជាការចែករំលែកជំនួយមនុស្សធម៌មួយដ៏សំខាន់ ៕