ព្រះចៅអធិការវត្តខ្មែរក្រោម មួយអង្គបាត់ដំណឹង ក្រោយត្រូវចាប់ខ្លួន ពីមន្រ្តីសង្ឃ និងសមត្ថកិច្ច
ដោយ ឈុំ ចន្ថា | ខ្មែរណាស់
ព្រះតេជព្រះគុណ ប៉ាង សុដា ព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ ហៅវត្តភ្នំពេញថ្មី ស្ថិតក្នុងភូមិដូនបុស ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវនាំទៅផ្សឹកនិងឃាត់ខ្លួន ដោយកងកម្លាំងសមត្ថកិច្ច ពីក្រសួងមហាផ្ទៃសហការជាមួយមន្រ្តីសង្ឃខេត្ត ។

លោក សេង សុមុនី មន្រ្តីនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់សារព័ត៍មានខ្មែរណាស់ នៅថ្ងៃទី ៣ កញ្ញានេះថា ព្រះតេជព្រះគុណ ប៉ាង សុដា ត្រូវបានឃាត់ខ្លួននៅថ្ងៃទី ២ កញ្ញានេះ ហើយត្រូវបានគណៈសង្ឃវិន័យចាប់ផ្សឹក ប្រគល់ទៅឱ្យសមត្ថកិច្ច ដើម្បីបញ្ជូនទៅតុលាការ ។ ប៉ុន្តែ លោកមិនបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួនព្រះចៅអធិការនេះទេ ដោយគ្រាន់តែអះអាងថា តុលាការកំពុងអនុវត្តតាមនីតិវិធី ។
លោកថ្លែងថា៖ «ខ្ញុំមិនទាន់ជំរាបបានទេ ព្រោះនេះជានីតិវិធីតុលាការកំពុងអនុវត្ត ហើយអ្វីដែលខ្ញុំជំរាបបាន គឺផ្នែកវិន័យព្រះពុទ្ធសាសនា គឺត្រូវបានមេគណៈសង្ឃ តម្រូវឲ្យលាចាកសិក្ខាបទហើយ ដើម្បីទៅអនុវត្តនីតិវិធី ដែលមានចំណុចណាមួយដែលតុលាសង្ស័យ» ។
សារព័ត៍មានខ្មែរណាស់ មិនអាចសុំការបញ្ចាក់ពីលោក ខៀវ សុភ័គ និងលោក ផាត សុផានិត មន្រ្តីនាំពាក្យក្រសួងមហាផ្ទៃ និងលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានទេ ដោយសារទូរសព្ទពួកលោកមិនអាចទាក់ទងបាន ចំណែក លោក ហេង វុទ្ធី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខេត្តកំពង់ចាម លើកឡើងថា លោកមិនបានដឹងរឿងនេះ ។
ប៉ុន្តែ លោក លី ប៊ុនឡុង អធិការរងនគរបាលស្រុកចំការលើ បានប្រាប់សារព័ត៍មានខ្មែរណាស់ នៅថ្ងៃទី ៣ កញ្ញាថា ដីកាការចាប់ខ្លួនព្រះតេជព្រះគុណ ប៉ាង សុដា គឺបានចេញពីក្រសួងមហាផ្ទៃ ហើយអាជ្ញាធរខេត្តមិនបានដឹងរឿងនេះឡើយ ។
លោកថ្លែងថា៖ «ខាងអធិការស្រុកចំការលើហ្នឹងអត់ដឹងដែរទេ ដោយសារមានដីការពីខាងក្រសួងមហាផ្ទៃជាអ្នកមកចាប់» ។
លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម បានលើកឡើងថា សមាគមន៌ខ្មែរក្រោម កំពុងតាមដានរឿងនេះ ខណៈលោកក៏មិនទាន់ដឹងថា មានមូលហេតុអ្វីស្ថិត នៅពីក្រោយនៃការចាប់ខ្លួនព្រះតេជព្រះគុណ ប៉ាង សុដា ។ លោកលើឡើងថា ប្រសិនបើព្រះចៅអធិការរូបនេះ ធ្វើខុសវិន័យរហូតដល់ថ្នាក់បរាជិក ឬត្រូវចាប់ផ្សឹក គឺមិនត្រូវប្រឈមការឃុំខ្លួន ក្រោយពីពេលចាប់ផ្សឹកហើយនោះទេ ប៉ុន្តែ មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើព្រះចៅអធិការរូបនោះ ត្រូវបានគេបញ្ជូនទៅកន្លែងណាឡើយ ។
លោកថ្លែងថា៖ «រហូតមកដល់ពេលនេះ យើងមិនទាន់បានទទួលព័ត៌មានជាផ្លូវការថា គេចាប់ផ្សឹកដោយសាររឿងអី ហើយយកទៅទុកនៅឯណា ឬចោទប្រកាន់ពីបទអី ក៏យើងមិនទាន់ដឹង» ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ៣ កញ្ញានេះឲ្យដឹងថា កាលពីថ្ងៃទី ២ កញ្ញា នគរបាលស្រុក ខេត្ត និងព្រះអនុមេគណស្រុក និងព្រះមេគណខេត្តកំពង់ចាម បានមកចុះនាំខ្លួន ព្រះតេជព្រះគុណ ប៉ាង សុដា ដោយគ្មានមូលហេតុច្បាស់លាស់ ។
សេចក្ដីប្រកាសបន្តថា ការចាប់ខ្លួននេះ ធ្វើឡើងក្នុងស្ថានភាពតក់ក្រហល់ និងមិនបង្ហាញដីការតាមនីតិវិធីច្បាប់ឡើយ ។ ចំណែកព្រះសង្ឃក្នុងវត្ត និងគណៈកម្មការវត្តក៏ត្រូវបានសមត្ថកិច្ចដកហូតទូរសព្ទទាំងអស់ ដើម្បីលុបរូបថត ឬវីដេអូ ដែលបានថតអំពីទិដ្ឋភាពនៃការចាប់ខ្លួននេះ ។ បន្ទាប់ពីការនាំខ្លួននេះ កុដិរបស់ព្រះអង្គ ប៉ោង សុដា ត្រូវបានសមត្ថកិច្ចចូលរុះរើ ឆែកឆេរ និងពង្រាយកម្លាំងយាមការជុំវិញវត្តយ៉ាងតឹងរឹង ៕