ស្ត្រីខ្មែរក្រោមម្នាក់ ត្រូវរដ្ឋាភិបាលយួនកោះហៅទៅសួរចម្លើយ

0 181

នៅក្នុង​សប្ដាហ៍​នេះ​ ស្រ្តី​ខ្មែរក្រោម​ម្នាក់ទៀត​ហើយ​ នៅ​ដែនដី​កម្ពុជាក្រោម​ ទើបតែ​ត្រូវ​រដ្ឋាភិបាល​អាណានិគម​យួន​ កោះហៅ​ទៅ​សួរចម្លើយ​ ចោទ​ពី​បទ​ទាក់ទង​ នឹង​សហព័ន្ធ​ខ្មែរ​ កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​ នៅ​ក្រៅប្រទេស​ ។

លិខិត​កោះហៅរបស់ការិយាល័យ​នគរបាល​យួន​ ឃុំ​ឡាយ​ហ្វា​
លិខិត​កោះហៅរបស់ការិយាល័យ​នគរបាល​យួន​ ឃុំ​ឡាយ​ហ្វា​

អ្នកស្រី​ ត្រឹង​ ធី​ សោភា​ (Tran​ Thi​ So​ Phia​) នៅ​ភូមិ​ព្រៃ​ជាប់​ ឃុំ​ទឹកសាប​ ស្រុក​ជ្រោយ​ ញ ខេត្ត​ឃ្លាំង​ ត្រូវ​អាជ្ញាធរ​អាណានិគម​យួន​ ហៅ​ទៅ​សួរចម្លើយ​ កាលពី​ថ្ងៃ​អង្គារ៍​ ទី​ ១៥​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ ។

យោង​តាម​លិខិត​កោះហៅ​មួយ​ច្បាប់​ ចេញ​ដោយ​ការិយាល័យ​នគរបាល​យួន​ ឃុំ​ឡាយ​ហ្វា​ (Lai​ Hoa​) ស្រុក​វិញ​ចូវ​ (Vinh​ Chau​) នៃ​ ខេត្ត​ឃ្លាំង​ ចុះហត្ថលេខា​ដោយ​ លោក​ វិន​ ថាន់​ ហ្វឹក​ វៀត​ បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​កោះហៅ​ថា​ ដើម្បី​ “សួរនាំ​នូវ​រឿងរ៉ាវ​មួយចំនួន​ ដែល​ជាប់​ទាក់ទង​” នឹង​សាមីខ្លួន​ ។ ការ​សួរចម្លើយ​នេះ​ ធ្វើឡើង​នៅក្នុង​ការិយាល័យ​នគរបាល​អាណានិគម​យួន​ នៃ​ ឃុំ​ឡាយ​ហ្វា​ ។

យោង​តាម​គណនី​ Facebook​ របស់​ លោក​ ថាច់​ ឡុក​ (Thach​ Loc​) ជា​អ្នក​ដែល​បង្ហោះ​លិខិត​កោះហៅ​នេះ​ បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​កោះហៅ​ទៅ​សួរចម្លើយ​នេះ​ ថា​ “ហៅ​ទៅ​សួរចម្លើយ​ចោទប្រកាន់​ពី​បទ​ មាន​ទំនាក់ទំនង​ជាមួយ​ នឹង​ក្រុម​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ក្រៅប្រទេស​” ។ វិទ្យុ​សំឡេង​កម្ពុជាក្រោម​ បាន​ព្យាយាម​ទាក់ទង​អ្នកស្រី​ សោភា​ ដើម្បី​បញ្ជាក់​អំពី​ព័ត៌មាន​នេះ​ តែ​មិន​អាច​ទាក់ទង​បាន​ ។

ជា​រឿយ​ៗ ព្រះសង្ឃ​ និង​ ពលរដ្ឋខ្មែរ​ក្រោម​ តែងតែ​ត្រូវ​អាជ្ញាធរ​ នៃ​ អាណានិគម​យួន​ កោះហៅ​ទៅ​សួរចម្លើយ​ជាបន្តបន្ទាប់​ ចោទ​ពី​បទ​ ប្រឆាំង​ នឹង​រដ្ឋ​ភិបាល​ ឬ មាន​ទំនាក់ទំនង​ នឹង​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស​ ៕

Leave A Reply

Your email address will not be published.