អាជ្ញាធរវៀតណាម មិនទាន់ចាប់ជនដៃដល់បាញ់​ស្ត្រី​ខ្មែរក្រោម​ មកដាក់ទោសនៅឡើយ

0 101

ដោយ យ៉ង ចាន់តារា | RFA Khmer

ស្ត្រី​ខ្មែរ​ក្រោម​ម្នាក់ដែល​ក្រុម​អន្ធពាល​វៀតណាម​បាញ់​ឲ្យ​របួស​ធ្ងន់​ត្រង់​កំភ្លៅ​ថា អាជ្ញាធរ​វៀតណាម​មិន​ទាន់​ចាប់​ជន​ដៃដល់​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ។ កាលពីថ្ងៃទី២៧ ខែកញ្ញា ក្រុម​អ្នកលេង​ជន ជាតិ ​វៀតណាម​ប្រមាណ២០នាក់ ប្រដាប់​ដោយ​ដំបង និង​កាំភ្លើង បាន​មក​ហ៊ុំ​ព័ទ្ធ​យក​ដី​របស់​ខ្មែរ​ក្រោម ហើយ​បាន​បាញ់​ស្ត្រី​ម្នាក់​របួស​ធ្ងន់។

ស្ត្រីខ្មែរកម្ពុជាក្រោម (ឆ្វេង) ដែល​ជនជាតិ​វៀតណាម​ បាញ់​ឲ្យ​របួស​ចំ​កំភ្លៅ នៅ​ស្រុក​ភ្នំដី ខេត្ត​ក្រមួនស កម្ពុជាក្រោម កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ ។ រូប៖ VOKK

ស្ត្រី​ខ្មែរ​ក្រោម ដែល​ក្រុម​អន្ធពាល​វៀតណាម​បាញ់​ឲ្យ​របួស​ធ្ងន់ ទន្ទឹង​ចាំ​យុត្តិធម៌​ពី​អាជ្ញាធរ​វៀតណាម តាម​ចាប់​ជន​ដៃដល់​មក​ដាក់​ទោស​តាម​ច្បាប់ តែ​អាជ្ញាធរ​វៀតណាម​មិន​ទាន់​មាន​វិធានការ​ទៅ​លើ​ជនល្មើស​នៅឡើយ​ទេ។

ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ជនជាតិ​វៀតណាម​បាញ់​ឲ្យ​របួស​ចំ​កំភ្លៅ នៅ​ស្រុក​ភ្នំដី ខេត្ត​ក្រមួនស កម្ពុជាក្រោម លោកស្រី យ័ញ ធីចាន់ផៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅរសៀលថ្ងៃទី៩ ខែតុលា ថា អ៊ំប្រុស​របស់​លោកស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ជំនួស​លោកស្រី​ទៅ​ស្នងការដ្ឋាន​នគរបាល​ស្រុក​ភ្នំដី និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រមួនស រួចហើយ​ក្រោយ​ពី​គេ​បាញ់​លោកស្រី​បាន​ពីរ​ថ្ងៃ។ លោកស្រីបន្ត​ថា តែ​មក​ទល់​ពេលនេះ អាជ្ញាធរ​វៀតណាម​មិន​ទាន់​ចាប់​ជន​ដៃដល់​រូប​នោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ។ លោកស្រី​សង្ស័យ​ថា អាជ្ញាធរ​វៀតណាម​ជា​អ្នក​នៅ​ពី​ក្រោយ ក្រុម​បងធំ​ទាំងអស់​នោះ ព្រោះ​ធម្មតា​ពលរដ្ឋ​សាមញ្ញ​មិន​អាច​ប្រើ​កាំភ្លើង​បានទេ​នៅ​ប្រទេស​វៀតណាម។ លោកស្រី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម តាម​រក​មុខ​ជន​ដៃដល់​មក​ដាក់​ពន្ធនាគារ និង​សង​ជំងឺ​ចិត្ត សង​ថ្លៃ​ព្យាបាល​ឲ្យ​លោកស្រី​វិញ៖ «ចង់​បាន​ចាប់​អា​មនុស្ស​បាញ់​ខ្ញុំ​ហ្នឹង​ជាប់​គុក ហើយ​សង​កាក់​ថ្នាំ សង​កាក់​អី​ឲ្យ​ខ្ញុំ​គ្រប់​សព្វ​វិញ គឺ​បាន​ហើយ។ ខ្ញុំ​ចង់​បាន​តែ​ចាប់​កន​អា​នេះ​ចូល​គុក​បាន​ហើយ បើ​មិន​ចាប់​វា គឺ​ខ្លាច​វា​ចុះ​មក​ទៀត វា​បាញ់​យើង​ទៀត​ហើយ។ មាន​មនុស្ស​គេ​ថា កន​អា​ហ្នឹង​គឺ​គ្នា​ខាង​ហ្វៀង​ដែរ (ខាង​នគរបាល​ស្រុក​ដែរខ្លាច​តែ​ចាប់ ចាប់​មិន​បាន​វា»

អាជ្ញាធរ​វៀតណាម និង​ក្រុម​បងធំ​ជនជាតិ​វៀតណាម​មួយ​ក្រុម​មាន​គ្នា​ប្រមាណ២០នាក់ បាន​នាំ​យក​គ្រឿង​ចក្រ​មក​ឈូស​ឆាយ​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដើម្បី​ព័ទ្ធ​របង​យក​ដី​នោះ​ឲ្យ​អ្នក​មាន​អំណាច​ម្នាក់ នៅ​ស្រុក​ភ្នំដី ខេត្ត​ក្រមួនស។ លោកស្រីបន្ត​ថា ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​ចេញ​មក​តវ៉ា​ក៏​បាន​ផ្ទុះ​ហិង្សា ហើយ​ជនជាតិ​វៀតណាម​បាន​ដក​កាំភ្លើង​បាញ់​លោកស្រី​ចំ​កំភ្លៅ​ខាងស្ដាំ​បណ្ដាល​ឲ្យ​របួស​ធ្ងន់។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​សុំ​ការ​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ពី​ស្នងការដ្ឋាន​នគរបាល​ស្រុក​ភ្នំដី នគរបាល​ខេត្ត​ក្រមួនស និង​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បានទេ នៅថ្ងៃទី៩ ខែតុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ប្រចាំ​ប្រទេស​កម្ពុជា លោក តាំង សារៈ លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​នៅតែ​រងទុក្ខ​ឥត​ស្រាកស្រាន្ត​ពី​ការ​ធ្វើបាប​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ហើយ​ខ្មែរ​ក្រោម​បាន​បាត់បង់​ដីធ្លី​ជា​បន្តបន្ទាប់ ដោយសារ​ការ​រឹបអូស​ពី​មន្ត្រីរាជការ​វៀតណាម។ លោក​បន្ត​ថា ការ​បាញ់​ស្ត្រី​ខ្មែរ​ក្រោម​ឲ្យ​រង​របួស​នេះ អាច​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​អំណាច​វៀតណាម ព្រោះ​នៅ​ប្រទេស​វៀតណាម ពលរដ្ឋ​ធម្មតា​មិន​អាច​មាន​សិទ្ធិ​កាន់​កាំភ្លើង​បាន​នោះ​ទេ៖ «ច្បាប់​នៅ​ក្នុង​ប្រទេស​វៀតណាម ការ​កាន់​អាវុធ​ហ្នឹង គឺ​សម្រាប់​តែ​ទាហាន នគរបាល ហើយ​និង​អ្នក​ដែល​មាន​សមត្ថកិច្ច​ទេ ឬ​មួយ​ក៏​ប្រជាជន​ថ្នាក់​ណា​ដែរ ដែល​មាន​សិទ្ធិ​កាន់​អាវុធ។ តែ​បើ​យើង​ពិនិត្យ​ជា​ទូទៅ គឺ​ច្បាប់​ជា​ទូទៅ​ប្រទេស​ណា ដូចជា​ប្រទេស​ណា​ទេ ក្រៅពី​សមត្ថកិច្ច​ដូចជា ទាហាន ប៉ូលិស ជាដើម​នោះ គឺ​គ្មាន​សិទ្ធិ​កាន់​អាវុធ​ទេ»

ករណី​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អាជ្ញាធរ​វៀតណាម​បាន​ប្រើប្រាស់​អំពើ​ហិង្សា វាយ​និង​បង្ក្រាប យក​ដី​ស្រែ និង​ផ្ទះសម្បែង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដោយ​ខុសច្បាប់ និង​មិន​ផ្ដល់​សំណង​សមរម្យ។ កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២០ អាជ្ញាធរ​វៀតណាម ខេត្ត​ក្រមួនស រួមមាន ប៉ូលិស ទាហាន ប្រមាណ១០០ នាក់ បាន​ចុះ​ទៅ​រឹបអូស​យក​ដី​កសិករ​ខ្មែរ​ក្រោម អស់​ជាច្រើន​ពាន់​ហិកតារ​ដោយ​គ្មាន​សំណង​ត្រឹមត្រូវ ។ ពលរដ្ឋ​ខ្មែរ​ក្រោម បាន​តវ៉ា រហូតដល់ អាជ្ញាធរ​វៀតណាម​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ ១០ នាក់​រង​របួស។ អាជ្ញាធរ​វៀតណាម ក្រោយ​វាយ​ពលរដ្ឋ​ខ្មែរ​ក្រោម ឲ្យ​រង​របួស​ហើយ ក៏​បាន​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​បី​នាក់​ដាក់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ ដោយ​ចោទ​ពលរដ្ឋ​ខ្មែរ​ក្រោម​ថា «ប្រើ​អំពើ​ហិង្សា​លើ​សមត្ថកិច្ច និង​ប្រឆាំង​នឹង​អាជ្ញាធរ​វៀតណាម»

Leave A Reply

Your email address will not be published.