ឈ្មួញ​មានអំណាច​ជនជាតិ​យួន​ម្នាក់ នៅ​ខេត្ត​ព្រះត្រពាំង​បិទទ្វារ​របង​ផ្ទះ​ពលរដ្ឋខ្មែរ​ក្រោម​

0 422

ដោយ ស៊ឺន ចែងចើន

ពលរដ្ឋខ្មែរ​ក្រោម​មួយ​គ្រួសារ នៅ​ខេត្ត​ព្រះត្រពាំង ដែល​វៀតណាម ដាក់ឈ្មោះ​ថ្មី​ថា ខេត្ត​ត្រា​វិញ ដែល​មាន​បញ្ហា​ដីធ្លី កំពុង​ជួប​បញ្ហា​ក្នុង​ការរស់នៅ ព្រោះតែ​ឈ្មួញ​ដីធ្លី​មានអំណាច​ជា​ជនជាតិ​យួន​ម្នាក់ បាន​បិទទ្វារ​របង​ចេញចូល​លើ​ដី​មាន​ជម្លោះ ដែល​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែ​រក្រោ​មួយ​គ្រួសារ​នោះ មិន​អាច​ធ្វើដំណើរ​ចេញចូល ទៅកាន់​ផ្លូវ​សាធារណៈ​បាន ។ ចំណែក​អាជ្ញាធរ មិនបាន​រារាំង​សកម្មភាព​របស់​ក្រុម​ជនជាតិ​យួន ដែល​រំលោភ​យក​ដី​ពលរដ្ឋខ្មែរ​ក្រោម​មួយ​គ្រួសារ​នោះ​ឡើយ ។

ឈ្មួញ​រកស៊ី​ដី ជនជាតិ​យួន​ឈ្មោះ កៅ អាញ់ ឡៀក (Cao Anh Liệt​) (រូបឈរ) កំពុងបញ្ជាឲ្យកូនចៅយកគ្រឿងចក្រ​ឈូស​ឆាយ​ដីបិទផ្លូវចេញចូលផ្ទះពលរដ្ឋខ្មែរក្រោម ។ រូបៈ ផ្តល់ឲ្យ
ឈ្មួញ​រកស៊ី​ដី ជនជាតិ​យួន​ឈ្មោះ កៅ អាញ់ ឡៀក (Cao Anh Liệt​) (រូបឈរ) កំពុងបញ្ជាឲ្យកូនចៅយកគ្រឿងចក្រ​ឈូស​ឆាយ​ដីបិទផ្លូវចេញចូលផ្ទះពលរដ្ឋខ្មែរក្រោម ។ រូបៈ ផ្តល់ឲ្យ

អ្នកមាន​លុយ និង​មានអំណាច​ជា​ជនជាតិ​យួន​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី ១២ ខែធ្នូ ម្សិលមិញ​នេះ ចុះ​មក​បិទទ្វារ​របង​ចេញចូល​ផ្ទះ​របស់​ខ្មែរក្រោម​មួយ​គ្រួសារ នៅភូមិក្រសាំង អនុសង្កាត់ទី ៩ សង្កាត់ទី ៩ ទីក្រុង​ព្រះ​ត្រពាំង ខេត្ត​ព្រះ​ត្រពាំង ដែល​មាន​ប័ណ្ណ​កាន់កាប់​ដីធ្លី ឬប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ តាំងតែពី​ឆ្នាំ ១៩៧៩ ។ ឈ្មួញ​រកស៊ី​ដី​រូប​នោះ បាន​យក​គ្រឿងចក្រ​កាយ​ផ្ដាច់​ផ្លូវ និង​យក​បង្គោល​ភ្លើង​ធំៗ ជាច្រើន​ដើម រួច​ធ្វើ​របង​បិទផ្លូវ​ចេញចូល​សាធារណៈ មិន​ឲ្យ​ពលរដ្ឋខ្មែរ​ក្រោម​មួយ​គ្រួសារ ចេញចូល​កន្លែង​ស្នាក់នៅ ។

យោង​តាម​វីដេអូ​ផ្សាយ​ផ្ទាល់ នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក គឹម សុខន (Soc Khone Kim​) បាន​ស្រែក​ថា គ្រួសារ​លោក ត្រូវ​ជនជាតិ​យួន​ប្លន់​យក​ដី និង​ធ្វើបាប​ពលរដ្ឋខ្មែរ​ក្រោម ។ នៅក្នុង​វីដេអូ​ដដែល លោក គឹម សុខន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ នៅ​ជុំវិញ​ពិភពលោក ជួយ​អន្តរាគមន៍​ដោយ​ប្តឹង​ទៅ​អន្តរជាតិ​រក​យុត្តិធម៌ ជូន​ពលរដ្ឋខ្មែរ​ក្រោម ។

ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម តាម​ទូរស័ព្ទ នៅ​ថ្ងៃទី ១២ ខែធ្នូ លោក គឹម សុខន បាន​រៀបរាប់​អំពី​សកម្មភាព​ឈូស​ឆាយ​របស់​ឈ្មួញ​រកស៊ី​ដីធ្លី បាន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​បំពាន​មក​លើ​ពលរដ្ឋខ្មែរ​ក្រោម ស្លូតត្រង់ ។ លោក​ថា នៅកន្លែង​កើតហេតុ​នោះ អាជ្ញាធរ​មូលដ្ឋាន និង​គរ​បាល បាន​ចុះ​មក​ឃ្លាំមើល​ដោយ​ផ្ទាល់​ដែរ តែ​មិនបាន​ដោះស្រាយ​បញ្ហា​នេះ ជូន​គ្រួសារ​លោក​នោះ​ទេ ។

លោក គឹម សុខន បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា ផ្លូវ​នេះ ជា​ផ្លូវ​ចេញចូល​ដី​ផ្ទះ​របស់​លោក​ទៅកាន់​ផ្លូវ​សាធារណៈ ដូច្នេះ ទោះជា​កំពុង​មាន​វិវាទ​ដីធ្លី​យ៉ាងណាក៏ដោយ ក៏​តុលាការ​មិន​ត្រូវ​សម្រេច​ឲ្យ​បិទផ្លូវ​នេះ​ដែរ ។ ពលរដ្ឋ​រូប​នេះ ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍​ឲ្យ​មានការ​បើកផ្លូវ​នេះ​ឡើងវិញ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី ១០ ខែវិច្ឆិកា កន្ហង​ទៅ​នេះ អាជ្ញាធរ​វៀតណាម បាន​ចុះ​បិទទ្វារ​របង​ចេញចូល​ផ្ទះ​របស់​ពលរដ្ឋខ្មែរ​ក្រោម​មួយ​គ្រួសារ​នេះ​ម្តង​រួចហើយ តែ​ក្រោយមក គ្រួសារ​ខ្មែរក្រោម​នោះ បាន​វាយកម្ទេច​ចោល​វិញ ។ ការ​បិទទ្វារ​របង​ចេញចូល​ផ្ទះ​នេះ​ដែរ គឺ​ធ្វើឡើង​បន្ទាប់ពី​នាយកដ្ឋាន​អនុវត្ត​សាលដីកា​រដ្ឋប្បវេណី​ខេត្ត​ព្រះត្រពាំង នៃ​រដ្ឋាភិបាល​វៀតណាម កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា បាន​កោះហៅ​ក្រុម​គ្រួសារ​ជា​ពលរដ្ឋខ្មែរ​ក្រោម ទៅចុះ​ហត្ថលេខា​ទទួលស្គាល់ លើ​ការអនុវត្ត​សាលក្រម​ជាស្ថាពរ​របស់​តុលាការ តែ​គ្រួសារ​ខ្មែរក្រោម​បាន​បដិសេធ​សេចក្ដីសម្រេច​របស់​តុលាការ ហើយ​លើកឡើង​ថា ទង្វើ​របស់​អាជ្ញាធរ​ដែល​សហការ​នឹង​ជន​ជា​តិ​យួនោះ ជា​ការរំលោភ​បំពាន និង​មាក់ងាយ​ដល់​ជនជាតិ​ដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក ។

ចំណែក ឈ្មួញ​រកស៊ី​ដី ជនជាតិ​យួន​ឈ្មោះ កៅ អាញ់ ឡៀក (Cao Anh Liệt​) ដែល​ជា​អ្នក​មក​តាំងទីលំនៅ​ថ្មី ដោយ​ទិញ​ដី​របស់​ពលរដ្ឋខ្មែរ​ក្រោម នៅ​ក្បែរ​ផ្ទះ​របស់​ជនរងគ្រោះ​ដីធ្លី នៅ​ឆ្នាំ ២០០៣ ។ ក្រោយមក លោក កៅ អាញ់ ឡៀក បាន​ទន្ទ្រាន​ដណ្ដើមយក​ដីធ្លី​ចិញ្ចើមថ្នល់​នៅមុខ​ផ្ទះ​របស់​ពលរដ្ឋខ្មែរ​ក្រោម​នោះ និង​បាន​បិទផ្លូវ​មិន​ឲ្យ​ធ្វើដំណើរ​ចេញចូល​ទៅ​ផ្លូវ​សាធារណៈ ។

ក្រោយ​ទទួលរង​នូវ​អំពើ​អយុត្តិធម៌ ក្រុម​គ្រួសារ​ខ្មែរក្រោម​នោះ ក៏​បា​នរ​ប្តឹងផ្តល់​ជនជាតិ​យួន ដែល​រំលោភ​យក​ដី​កម្មសិទ្ធិ ទៅកាន់​តុលាការ​គ្រប់​ជាន់ថ្នាក់ នៅ​ខេត្ត​ព្រះត្រពាំង រាប់​តាំងពី​តុលាការ​ជាន់​ទាប រហូត​តុលាការ​ជាន់ខ្ពស់ តែ​តុលាការ នៅតែ​កាត់​ឲ្យ​គ្រួសារ​លោក​ចាញ់ក្តី​ជនជាតិ​យួន​ដដែល ។

បើ​តាម​ការ​លើកឡើង​របស់​គ្រួសារ​ជនរងគ្រោះ អះ​អា​ថា ការ​ដោះស្រាយ​ជម្លោះដីធ្លី​កន្លងមក គ្មាន​លទ្ធផល​សមរម្យ​ណាមួយ ដែល​ពួក​គេ​អាច​ទទួលយក​បាន​នោះ​ទេ ពោល គឺ​អាជ្ញាធរ​ពាក់ព័ន្ធ តែងតែ​អូស​បន្លាយពេល​វេលា ប្រើ​ល្បិច​កល់​គ្រប់សព្វ​បែបយ៉ាង និង​លំអៀង​ទៅ​ខាង​ជនជាតិ​យួន ដែល​ជា​អ្នកមាន​អំណាច​ខាង​ទឹកលុយ ។ បន្ថែម​ពីលើ​នេះ តុលាការ​យួន នៅ​ខត្ត​ព្រះត្រពាំង ក៏​បង្គាប់​ឲ្យ​សង​សំណង​ជំងឺចិត្ត ជិត ៩ លាន​ដុង ទៅ​ជនជាតិ​យួន ដែល​រំលោភបំពាន​ទ្រព្យសម្បត្តិ​ដីធ្លី​របស់​ពលរដ្ឋខ្មែរ​ក្រោម និង​ប្រកាស​សាលដីកា​បិទផ្លូវ​ប្តឹង​តវ៉ា​លើ​សំណុំរឿង​ដីធ្លី​នេះ​ទៀតផង ។

ទាក់ទង នឹង​ករណីនេះ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ក៏បាន​លើកយក​បញ្ហា​នេះ រាយការណ៍​ទៅ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នានា ដើម្បី​អន្តរាគមន៍ ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ឈប់​រំលោភបំពាន​សិទ្ធិ​លើ​ខ្មែរក្រោម​ម្ចាស់​ស្រុក ៕

ចុចមើលរូបភាពច្រើនទៀត…!!!

Leave A Reply

Your email address will not be published.