ពលរដ្ឋ​ខ្មែរក្រោម នៅ​ស្រុក​ថ្កូវ ប្រទះឃើញ រូបសំណាក​ព្រះ​វិស្ណុ​សម័យអង្គរ​

107

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៤ នេះ ពលរដ្ឋ​ខ្មែរក្រោម នៅ​ចំណុះជើងវត្ត​ឫស្សី​ម្គុ​ម្ភ ឋិត​នៅ​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង បាន​ប្រទះឃើញ រូបសំណាក​ព្រះ​វិស្ណុ​បុរាណ​មួយអង្គ ដែល​បាន​កប់​នៅក្រោម​ដី ក្បែរ​គុម្ព​ឫស្សី​មួយកន្លែង ។​

រូបសំណាកព្រះវិណ្ណុដែលពលរដ្ឋខ្មែរប្រទះឃើញនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៤ ។
រូបសំណាកព្រះវិណ្ណុដែលពលរដ្ឋខ្មែរប្រទះឃើញនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៤ ។

អ្អ្នកភូមិ​ភ្ញាក់ផ្អើល​បាននាំគ្នា​មក​មើល ហើយ​អុជ​ធូប​បូជា​បន់ស្រន់ បន្ទាប់ពី​ពួកគេ​បានឃើញ​រូបសំណាក​នេះ ។ ក្នុង​ហេតុ ការណ៍ នេះ គេ​សង្កេតឃើញ មាន​នគរបាល​វៀតណាម​ជាច្រើន​បានមក​ត្រួតពិនិត្យ ផងដែរ ។​

​បន្ទាប់ពី​បាន​ប្រទះឃើញ​រូបសំណាក​នេះ ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook បាន​បង្ហោះ និង​ចែករំលែក​រូបថត​នៃ​ហេតុការណ៍​នេះ​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​បាន​សួរ​គ្នា​ទៅវិញទៅមក ។​

​អ្នក​បុរាណវិទ្យា​នៅ​ប្រទេស​កម្ពុជា បាន​សន្និដ្ឋានថា រូបសំណាក​នេះ ស្ថិតនៅក្នុង​សម័យអង្គ​រ ។​

​លោក លឹម ថេ​ង​ហាក់ អតីត​និស្សិត​បរិញ្ញាបត្រ​ផ្នែក​បុរាណវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​­​សិល្បៈ នៅក្នុង​ប្រទេសកម្ពុជា​ ដែលមាន​ដើមកំណើត​ជា​ខ្មែរក្រោម បានបញ្ជាក់​នៅលើ​ទំព័រ Face book របស់ខ្លួន​ថា រូបសំណាក​នេះ​បើ “​យោងតាម​អ្នកជំនាញ​សិល្បៈ​ខ្មែរ​សន្និដ្ឋានថា​ស្ថិតក្នុង​សម័យកាល​អង្គ​រ ក្នុង​ទម្រង់ វិស័យ​ព្រហ្មញ្ញសាសនា ” ។​

លោក លឹម ថេ​ង​ហាក់ បា​នប​បន្តទៀតថា យោងតាម​រូបថត និង​ទីតាំង ដែល​គេ​បាន​ប្រទះ ឃើញ​រូបសំណាក​នេះ​៖

ទីមួយ​បរិស្ថាន​ភូមិសាស្ត្រ អាចជា​ទីទួល​បុរាណ​គោរពបូជា​មនុស្ស​ជាន់ ដើម ។ ទី​ពីរ តំបន់​នោះ ស្ថិតក្រោម​ការគ្រប់គ្រង ចំណុះជើងវត្ត​ណាមួយ គួរ​គប្បី​វត្ត​នោះ​ស្នើ​ទៅ​អាជ្ញាធរ​វៀតណាម​មក​រក្សា​ជាការ​ល្អ​ជាង​ប្រគល់​ទៅ​រដ្ឋអំណាច ។ ទី​បី​រូប​បដិមា យោង​លើ​ព្រះ កេស​មាន​មកុដ ក្នុង​ទម្រង់​ឈរ​អាចជា​ចម្លាក់ ណាមួយ​ក្នុង​វិស័យ​ព្រហ្មញ្ញសាសនា ច្រើនជាង​ ។​

​គេ​នៅ​មិនទាន់​ដឹងថា តើ​អ្នកភូមិ និង​ព្រះសង្ឃ​វត្ត​ឫស្សី​ម្គុ​ម្ភ​មាន​ចំណាត់ការ​បែបណា​នៅឡើយ​លើ​រូបសំណាក​នេះ ខណៈដែល​រដ្ឋាភិបាល​វៀ​ត​ណា​ម​តែងតែ​ចង់បាន​របស់​បែបនេះ​ទៅ​ដាក់តាំង​នៅក្នុង​សារមន្ទីរ​របស់​ពួកគេ ។​

​នៅពេល​ថ្មីៗ​នេះដែរ ពុទ្ធបរិស័ទ​ចំណុះ​ជើង វត្ត​មុនី​រង្សី​សិរី​វ​រា​រាម (​ស្វាយ​ពក​) ឋិត​នៅក្នុង​ឃុំ​កំពង់​តា​រាជ ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ក៏បាន​ប្រទះឃើញ​រូបសំណាក​ព្រះ​វិស្ណុ​បុរាណ មួយអង្គ​ផងដែរ ។ ពេល​បានដឹង អាជ្ញាធរ​វៀតណាម​បានមក​គំរាម​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ដើម្បី​យក​រួប​សំណាក​នេះ​ទៅ​តាំងនៅ​សារមន្ទីរ តែ​ត្រូវបាន​ព្រះសង្ឃ​បដិសេធ ។​

​ខ្មែរក្រោម​ជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ។ វប្បធម៌ វត្ត​អារាម និង​សាសនា​របស់​ពួកគេ​បាន​តាំងនៅ នៅលើ​ទឹកដី​ដ៏​មាន​ចំណាស់​មួយ​នេះ​ជា​យូរលង់​ណាស់​មកហើយ ។ វត្ត​សម្បូរ​រង្សី (​សម្បួរ​) បានកកើតឡើង​ក្នុង គ្រិស្តសករាជ ៣៧៣ ពុទ្ធសករាជ ៩១៦ បើ​គិត​មកដល់​ឆ្នាំ ២០១៤ នេះ វត្ត​សម្បូរ​រង្សី មាន​អាយុកាល ១៦៤១ ឆ្នាំ ហើយ ៕​

ព្រះកេសរូបសំណាកដែលខ្មែរក្រោមប្រទះឃើញ ។
ព្រះកេសរូបសំណាកដែលខ្មែរក្រោមប្រទះឃើញ ។
នគរបាលវៀតណាមមកពិនិត្យ ។
នគរបាលវៀតណាមមកពិនិត្យ ។
នគរបាលវៀតណាមមកពិនិត្យ ។
នគរបាលវៀតណាមមកពិនិត្យ ។

Comments are closed.