ស្ត្រី​អ្នក​លក់​បាយ​ម្នាក់​បាន​ស្លាប់ ក្នុង​ហេតុ​ការណ៍​បាញ់​ប្រហារ​លើ​កម្មករ SL

0 77

រាជធានី​ភ្នំ​ពេញ ៖ ស្ត្រី​អ្នក​លក់​បាយ​ម្នាក់ ក្នុង​ចំណោម​អ្នក​ត្រូវ​របួស​ដែល​បាន​ដឹក​ទៅ​មន្ទីរ​ពេទ្យ បាន​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ ក្រោយ​ពី​របួស​ចំ ក្រោម​ដោះ​ខាង​ស្តាំ នៅ​ក្នុង​ហេតុ​ការណ៍​បាញ់​ប្រហារ​លើ​ហ្វូង​បាតុករ SL កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ស្ត្រី​ជន​រង​គ្រោះ​មាន​ឈ្មោះ ហេង សុខម អាយុ ៤៩ ឆ្នាំ ជា​អ្នក​លក់​បាយ​នៅ​ម្តុំ​ស្ពាន​ស្ទឹង​មាន​ជ័យ បាន​ស្លាប់​ភ្លាម​ពេល​ត្រូវ​បាន​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​រុស្ស៊ី ។ បច្ចុប្បន្ន ខាង​មន្ទីរពេទ្យ​បាន​ប្រគល់​សាក​សព​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ ។

ប្តី​ស្ត្រី​ជន​រង​គ្រោះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា ក្រោយ​ពី​រៀប​ចំ​បុណ្យ​សព​ប្រពន្ធ​ហើយ រូប​លោក​នឹង​ដាក់​ពាក្យ​ប្តឹង រក​យុត្តិធម៌​ឲ្យ​ប្រពន្ធ​របស់​គាត់ ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​ប្រហារ មក​លើ​កម្មករ SL ហើយ​មក​ត្រូវ​ប្រពន្ធ​របស់​គាត់។ដោយ​ឡែក ពលរដ្ឋ​រង​របួស​ផ្សេង​ទៀត​កំពុង​ទទួល​ការ​ព្យាបាល ដោយ​មាន ៩ នាក់​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី និង ២ ​នាក់​ផ្សេង​ទៀត​នៅ​មន្ទីរ​ពេទ្យ ព្រះ​កុសុមៈ។ តាម​សេចក្តី​រាយ​ការណ៍​ថា ជន​រងគ្រោះ​ទាំង​នោះ​មាន​អ្នក​ខ្លះ​មិន​មែន​ជា កម្មករ​ទេ ហើយ​ខ្លះ​ទទួល​រង​របួស​ធ្ងន់ ។

ចំណែក​ឯ​នៅ​កន្លែង​កើត​ហេតុ នៅ​វត្ត​ស្ទឹង​មាន​ជ័យ​វិញ ហ្វូង​បាតុករ​បាន​រំសាយ​ហើយ ប៉ុន្តែ​កង​កម្លាំង​សមត្ថកិច្ច​នៅ​បន្ត​ឈាម​នៅ​ម្តុំ​នោះ​ទៀត ។ យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច បាន​ចាប់​ពលរដ្ឋ ៦​នាក់ និង​បាន​ដាក់​ការ​សង្ស័យ​ថា អាច​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

នៅវេលា​ម៉ោង ​៩ និង ​២០ នាទី​ព្រឹក​ ថ្ងៃទី ​១២ វិច្ឆិកា ២០១៣ កម្ម​ករ​រោង​ចក្រ​ SL បានប៉ះទង្គិចគ្នាជាមួយក្បួន​រារាំង​របស់​កង​កម្លាំង​សមត្ថកិច្ច ហើយ​រថយន្ត​របស់​សម្ថ​កិច្ច​មួយ​គ្រឿង​ត្រូវ​​ក្រុម​កម្មករ​ដុត​​កម្ទេច​ចោល​ រួច​ទម្លុះ​របាំង​របស់​សមត្ថកិច្ច​​ នៅចំណុច​មុខវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈដែល​ក្រុមកម្មករ​រោង​ចក្រ​អេស​អិល ប្រមាណ​ ២០០០ នាក់ ​បាន​លើក​គ្នា​​ចូល​ក្រុង​ភ្នំ​ពេញ គោល​បំ​ណង​​ឆ្ពោះ​ទៅ​ផ្ទះ លោក ហ៊ុន​ សែន ប្រយោ​ជន៍​ដើម្បី​ឱ្យលោកនាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​នូវ​លក្ខខណ្ឌការងារ​ដែល​ពួក​គេ​ ទាម​ទារ​​កន្លង​មក​ តែ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​បិទ​ផ្លូវ​ធ្វើការ​រារាំង​នៅចំណុច​​ ផ្លូវ​បំ​បែក​​​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌមាន​ជ័យ​ ។

កន្លង​មក​ភាគី​ពាក់ព័ន្ធ រួម​មាន​ក្រសួង​ការងារ តំណាង​កម្មករ និង​សហជីព បាន​ប្រជុំ​សម្រេច ៥​ចំណុច តាម​ការ​ស្នើ​សុំ​របស់​កម្មករ​រួច​ហើយ គឺ​ទី ​១ តាម​ការ​សម្រេច​របស់​រដ្ឋាភិបាល គឺ​បញ្ជា​ឲ្យ​ថៅកែ​រោងចក្រ​ដក​លោក មាស សុត្ថា ប្រធាន​រដ្ឋបាល​ចេញ​ពី​តួនាទី​ចាត់ចែង​កិច្ចការ​រដ្ឋបាល​នៅ​រោងចក្រ។ ទី​ ២ ដក​មន្ត្រី​សមត្ថកិច្ច និង​មន្ត្រី​កងរាជអាវុធហត្ថ​ចេញ​ពី​បរិវេណ​រោងចក្រ។ ទី ​៣ រោងចក្រ​មិន​ត្រូវ​ផ្លាស់ប្ដូរ​វេន​ធ្វើ​ការ គឺ​មាន​ន័យ​ថា ត្រូវ​រក្សា​ការងារ ៣ ​វេន​ដដែល។ ទី ​៤ ក្រុមហ៊ុន​ត្រូវ​ដក​រាល់​បណ្ដឹង​ទាំង​អស់​ទៅ​លើ​កម្មករ និង​បញ្ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​កម្មករ​ទៀត និង​ទី​៥ ​កម្មករ​ស្នើ​សុំ​ឲ្យ​រោងចក្រ​ផ្ដល់​ប្រាក់ ៥០​ភាគរយ​ដល់​ពួកគេ​នៅ​ពេល​ធ្វើ​បាតុកម្ម ។ ប៉ុន្តែ​ការ​សម្រេច​នោះ​នៅ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ក្នុង​រោងចក្រ​នៅ​ឡើយ ពិសេស​លោក មាស សុត្ថា ដែល​កម្មករ​ស្នើ​សុំ​ឲ្យ​ឈប់​ពី​តួនាទី​ក្នុង​រោងចក្រ នៅ​តែ​មាន​វត្តមាន​នៅ​ឡើយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ៕

SL 12 Nov 2013
ឡានប៉ូលិសដែលត្រូវកម្មករដុត ព្រឹក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ ។
Leave A Reply

Your email address will not be published.