អាជ្ញាធរវៀតណាមត្រៀមរឹបយកត្រា វត្តដីក្រហមដែលមានឆ្លាក់អក្សរ “កម្ពុជាក្រោម”
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
អាជ្ញាធរវៀតណាមបានកោះហៅព្រះចៅអធិការវត្តដីក្រហម ឋិតនៅក្នុងស្រុកថ្កូវ នៃខេត្តព្រះត្រពាំង យកត្រារបស់វត្ត ដែលមានឆ្លាក់អក្សរថា “កម្ពុជាក្រោម” ទៅប្រគល់អាជ្ញាធរ នៅថ្ងៃចន្ទ ខាងមុខនេះ ។ ពុទ្ធបរិស័ទចំណុះជើងវត្តបាន ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ព្រះចៅអធិការវត្តនឹងមិនប្រគល់ត្រានេះឲ្យទៅអាជ្ញាធរវៀតណាមទេ ។

ប្រភពពីពុទ្ធបរិស័ទចំណុះជើងវត្តដីក្រហម បានបានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃទី ១១ ខែកក្កថា អាជ្ញាធរវៀតណាម បានកោះហៅ ព្រះតេជព្រះគុណ ព្រះចៅអធិការវត្តដីក្រហមឲ្យយកត្រារបស់វត្តទៅសាលាស្រុកថ្កូវ ដើម្បី ប្រគល់ឲ្យអាជ្ញាធរ នៅថ្ងៃចន្ទ ទី ១៣ ខែកក្កដា ខាងមុខ ។
ប្រភពដដែលបានឲ្យដឹងថា ការដែលអាជ្ញាធរវៀតណាមចង់រឹបយកត្រារបស់វត្តដីក្រហមនេះ ព្រោះនៅពេលថ្មីៗនេះ អាជ្ញាធរ វៀតណាមបានដឹងថា វត្តដីក្រហមបានរក្សាទុកនូវត្រារបស់វត្តមួយដែលបានឆ្លាក់អក្សរថា “កម្ពុជាក្រោម” ។ ប្រភពបាន ប្រាប់ថា ត្រាដែលអាជ្ញាធរវៀតណាមត្រៀបរឹបយកនេះ ជាកេរដំណែកដែលបានបន្សល់ទុកមកពី ព្រះតេជព្រះគុណ កេសរវិនយោ មហា ត្រឹង យន់ ជាអតីតព្រះចៅអធិការទី ២៧ នៃវត្តលាវចន្ទស្សររាម (ដីក្រហម) និងអតីតព្រះមេគណ ខេត្តព្រះ ត្រពាំង ដែលទើបតែអនិច្ចធម្ម កាលពីឆ្នាំ ២០០៩ ។
ត្រាវត្តដីក្រហមដែលអាជ្ញាធរវៀតណាមត្រៀមរឹបយកនេះ ជាត្រាមូល ជុំវិញមានឆ្លាក់អក្សរក្បាច់ខ្មែរបុរាណថា “វត្តដី ក្រហម – ឃុំហាមយ៉ាង ស្រុកត្រាកូវ – ខេត្តត្រាយិញ- កម្ពុជាក្រោម” និងនៅចំកណ្ដាលរង្វង់មូលមានកាំរស្មីចំនួន ១៧ ហើយមាន ឆ្លាក់តួ អក្សរ “ព ធ ស” ។ ប្រភពបានប្រាប់ថា បច្ចុប្បន្ន ត្រានេះ វត្តមិនប្រើជាផ្លូវការទេ ក្រោយពីព្រះ តេជព្រះគុណ កេសរវិយោ ត្រឹង យន់ ជាអតីតព្រះចៅអធិការវត្តបានអនិច្ចធម្មទៅ និងបន្ទាប់ពីរដ្ឋាភិបាលវៀត ណាម បានអនុម័តឲ្យវត្តទាំងអស់ ទូទាំង ដែនដីកម្ពុជាក្រោមត្រូវឯកភាគប្រើត្រាអក្សរយួន ដែលរដ្ឋាភិបាលវៀត ណាមធ្វើឲ្យ ។
អ្នកស្រុកអះអាងថា ព្រះចៅអធិការវត្តនឹងត្រូវទៅសាលាស្រុកថ្កូវ ដើម្បីដោះស្រាយបញ្ហានេះជាមួយពួកអាជ្ញាធរយួន តែព្រះ អង្គ នឹងមិនប្រគល់ត្រានេះឲ្យទៅអាជ្ញាធរទេ ព្រោះថា នេះជាត្រាកេរដំណែលរបស់វត្ត ៕

Comments are closed.