សកម្មជនការពារធនធានធម្មជាតិ ត្រូវបានរដ្ឋាភិបាលខ្មែរបណ្ដេញចេញ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅវេលាម៉ោង ៨ និង ៣២ នាទី យប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៥ សកម្មជនការពារធនធានធម្មជាតិនៅប្រទេសកម្ពុជា លោក អាឡិក ត្រូវបានសមត្ថកិច្ចខ្មែរចាប់ខ្លួនបញ្ជូនទៅប្រទេសដើមកំណើតរបស់ខ្លួនវិញហើយ ។
យោងតាមសារទូរស័ព្ទមួយដែល លោក អាឡិក បានផ្ញើចេញនៅវេលាម៉ោង ៨ និង ៣២ នាទី យប់ទៅកាន់កាសែតភ្នំពេញប៉ុស្តិ៍ រូបលោកបានបញ្ជាក់ថា បានបញ្ជាក់ថា៖
“នៅពេលនេះ កំពុងតែនៅក្នុងយន្តហោះត្រៀមខ្លួនជាស្រចដើម្បីចេញដំណើរទៅ Madrid [ប្រទេសអេស្ប៉ាញ] ដោយឥតគិតថ្លៃ ។ អស្ចារ្យណាស់ ! ព្រះរាជាណាចក្រអច្ឆារិយៈ” ។
ការបញ្ជូន លោក អាឡិក ចេញពីប្រទេសកម្ពុជានេះ ធ្វើឡើងបន្ទាប់ពី ស្ថាបនិកចលនាមាតា ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃទី២៣ ខែកុម្ភៈ នាភោជនីយដ្ឋានមួយក្បែរមាត់ទន្លេ ជិតផ្សាររាត្រី ។
មូលហេតុនៃការបណ្ដេញចេញនេះ ក្រសួងមហាផ្ទៃ បានលើកឡើងថា លោក អាឡិក បាន ប្រព្រឹត្តខុសនឹងលក្ខន្តិកៈរបស់អង្គការមាតាធម្មជាតិ ដែលតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ ដោយញុះញង់ប្រជាពលរដ្ឋបិទផ្លូវសាធារណៈ និងមិនឲ្យក្រុមការងាររបស់អាជ្ញាធរចុះជួបប្រជាពលរដ្ឋ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ។
ទិដ្ឋាការស្នាក់នៅកម្ពុជា របស់លោកបានផុតកំណត់កាលពីថ្ងៃទី ២០ ខែកុម្ភៈ មុនការបណ្ដេញចេញបីថ្ងៃ ។ ថ្មីៗនេះ លោក អាឡិក ដែលមានសញ្ជាតិអេស្ប៉ាញ ព្យាយាមសុំបន្តទិដ្ឋាការពីរដ្ឋាភិបាល លោក ហ៊ុន សែន ដែរ ដើម្បីសុំស្នាក់នៅបន្តការងារនៅកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធរបដិសេធ ។

ការចាប់ខ្លួនសកម្មជនបរិស្ថានរូបនេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក ហ៊ុន សែននាយករដ្ឋមន្ត្រីដែលកាន់អំណាចជាង ៣០ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានប្រតិកម្មដោយមិនបញ្ចេញឈ្មោះចំៗលើ លោក អាឡិក និងប្រតិកម្មចំពោះការស្វែងរកអន្តរាគមន៍របស់គណបក្សជំទាស់រួមទាំងប្រតិកម្មរបស់សង្គមស៊ីវិល ដើម្បីគាំពារឲ្យលោកអាឡិកអាចបន្ត ស្នាក់នៅកម្ពុជា បន្តទៀត ។ ការបញ្ចេញ ប្រតិកម្មរបស់ប្រមុខរដ្ឋាភិបាលដែលទំនងជាបង្កប់ដោយការដាក់បញ្ជាផងដែរ ។
លោក ហ៊ុន សែន បានថ្លែងថា៖
«ក្រសួងមហាផ្ទៃគេទន់ភ្លន់អស់ប៉ុណ្ណឹងហើយ ។ ដូច្នេះយើងចេញ(ពីប្រទសកម្ពុជា)សិនទៅរួចហើយចំត្រឡប់មកវិញ។ មានទៅទាស់ខុសអី ។ ចាំបាច់បង្កើតឲ្យមានស្ថានភាពបែបនេះធ្វើអ្វី? ស្ថានភាពបែបនេះគឺបានសេចក្តីថាកាលណាគេបណ្តេញចេញហើយត្រូវចូលក្នុងបញ្ជីខ្មៅគឺចប់ហើយ។ ឯកឧត្តម ស ខេង មុខជាធ្វើភារកិច្ចរបស់គាត់ហើយ ។ តាមដឹង។»
លោក លោក អាឡិក ជាជនជាតិអេស្ប៉ាញ ដែលបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១២ ឆ្នាំ ហើយជាអ្នកដែលអាចនិយាយភាសាខ្មែរយ៉ាងស្ទាត់ជំនាញនោះ បានដឹកនាំធ្វើសកម្មភាពជាច្រើន ប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីនៅស្ទឹងអារ៉ែងដែលវិនិយោគដោយក្រុមហ៊ុនSinohydro របស់ប្រទេសចិន ដែលលោកអះអាងថា គឺជាជង្រុកធនធានធម្មជាតិ និងជីវចម្រុះធំបំផុតចុងក្រោយគេនៅតំបន់អាស៊ី ។
អ្នកបរិស្ថានរូបនេះធ្លាប់បានអះអាងថា ខ្លួននឹងមិនព្រមចាកចេញពីប្រទេសកម្ពុជាទេ ដោយគាត់បានដាក់ការខ្លួនថា ជាជនជាតិខ្មែរនិងដើម្បីការគាំទ្រដល់ការការពារធនធានធម្មជាតិនៅតំបន់អារ៉ែង ៕
Comments are closed.