មន្ត្រី​សង្ឃ​ខេត្ត​ព្រះ​ត្រ​ពាំង​ប្រ​កាស​ហាម បង្ហោះ​គោម​តាម​សេចក្ដីសម្រេច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម

77

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

គណៈ​មន្ត្រី​សង្ឃ​ខេត្ត​ព្រះ​ត្រពាំង ជំនួស​ដោយ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត បានចេញ​សេចក្ដី​ប្រ កាស​មួយ​ហាមប្រាម​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ផលិត និង បង្ហោះគោម​តាម សេចក្ដីសម្រេច​របស់​នា​យក​រដ្ឋមន្ត្រី​វៀតណាម ។ សេចក្ដីប្រកាស​នេះ​ធ្វើឡើង ខណៈដែល​ពលរដ្ឋ និង ព្រះសង្ឃ​នៅ​កម្ពុជា​ក្រោម​ទាំង ៤៥៩ វត្ត កំពុងតែ​ត្រៀម​រៀបចំ​ពិធី​បុណ្យសំពះព្រះខែ អកអំបុក លយ​ប្រ ទីប និង​ប្រណាំងទូក ង ដែល​នឹង​ប្រារព្ធ​នៅក្នុង​សប្ដាហ៍​នេះ ។​

ពិធីបង្ហោះគោមនៅកម្ពុជាក្រោម ។
ពិធីបង្ហោះគោមនៅកម្ពុជាក្រោម ។

​យោង​តាង​សេចក្ដីប្រកាស​មួយច្បាប់ ចេញ​ថ្ងៃ​សុក្រ ៨ កើត ខែ​ក​ត្កិ​ក ពុទ្ធសករាជ ២៥៥៨ ត្រូវ​នឹង​ថ្ងៃ ទី ៣០ ខែតុលា ឆ្នាំ ២០១៤ ចុះហត្ថលេខា​ដោយ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត ជំនួស​ឲ្យ​គណៈ មន្ត្រី​សង្ឃ​ខេត្ត និង ក្នុងនាម​ជា​ព្រះ​មេគណ​រង​ខេត្ត ស្ដីអំពី “​ពិធី​បុណ្យសំពះព្រះខែ អកអំបុក លយប្រទីប និង​ប្រណាំងទូក ង​” បាន​ហាមប្រាម​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ថា “​ព្រះចៅអធិការ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ គប្បី​គោរព និង​អនុវត្តតាម​សេចក្ដីសម្រេច​លេខ 95/2009/QD-TTg ថ្ងៃទី ១៧/០៧/ ២០០៩ របស់​នាយករដ្ឋមន្ត្រី​ស្ដីពី​ការហាម​ប្រាម​ផលិត និង​បង្ហោះគោម​ទូទាំងប្រទេស​” វៀតណាម ។​

​មូលហេតុ​នៃ​ការចេញ​សេចក្ដីប្រកាស​នេះ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត បានបញ្ជាក់​នៅក្នុង​លិខិត នេះ​ថា ៖

“​ដើម្បី​រក្សា​នូវ​សណ្ដាប់ធ្នាប់​ក្នុង​ពិធី​អកអំបុក សំពះ​ព្រះ​ខែ​ឲ្យ​បានល្អ​ត្រឹមត្រូវ ទៅតាម​ទំនៀម ទម្លាប់ ប្រពៃណី​របស់​ជាតិ ជៀសវាង​នូវ​ទម្រង់​រូបភាព​ណា​ដែល​មិន​សមស្រប​នឹង​សម័យកាល​កំពុងតែ អភិវឌ្ឍន៍ ។​

​ក្រៅពី​សេចក្ដីប្រកាស​ហាមប្រាម​ព្រះសង្ឃ និង​ពលរដ្ឋ​ផលិត និង​បង្ហោះគោម គណៈ​មន្ត្រី​សង្ឃ​ក៏បាន​ហាម ព្រះសង្ឃ “​មិនត្រូវ​គង់​ឆាន់​ទឹក​ជាមួយ​ស្ត្រីភេទ​” នៅក្នុង​ការ​និមន្ត​ទៅ​មើល​ពិធី​ប្រណាំងទូក ង និង​បុណ្យ អកអំបុក​នៅ​ស្រះ​គូ ដែល​ឋិត​នៅក្នុង​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ។ ការហាម​ប្រាម​នេះ ព្រះតេជព្រះគុណ ថាច់ សុខសាន្ត ជំនួស​ឲ្យ​គណៈ​មន្ត្រី​សង្ឃ​ខេត្ត​បាន​លើក​ហេតុផល​ថា “ ដើម្បី​រក្សា​នូវ​ធម៌អាថ៌ វិន័យ និង​រក្សា​នូវ តម្លៃ​នៃ​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា​គណៈមហានិកាយ​ខ្មែរ​ខេត្ត​ត្រា​វិញ [​ព្រះ​ត្រពាំង​] ឲ្យ​បានល្អ​” ។​

សំណែនសែនព្រះខែនៅកម្ពុជាក្រោម ។
សំណែនសែនព្រះខែនៅកម្ពុជាក្រោម ។

​សេចក្ដីប្រកាស​នេះ គណៈ​មន្ត្រី​សង្ឃ​បាន​ផ្ញើ​ជូនទៅ​ព្រះចៅអធិការ​ទាំង ១៤២ វត្ត នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង និង​គណៈ​មន្ត្រី​សង្ឃ​គ្រប់​ជាន់ថ្នាក់​ក្នុង​ខេត្ត​ដើម្បី​អនុវត្តតាម និង​ជ្រាប​ជា​ព័ត៌មាន ។ ក្រៅពីនេះ សេចក្ដី ប្រកាស​នេះ ក៏បាន​អំពាវនាវ​ឲ្យ “​គណៈ​មន្ត្រី​សង្ឃ​ស្រុក ក្រុង និង​ព្រះចៅអធិការ អាចារ្យ​បង្រៀន​គ្រប់​វត្ត ជួយ​អប់រំ​ព្រះសង្ឃ​ក្នុងស្រុក ក្រុង វត្ត​អារាម​របស់ខ្លួន​ឲ្យ​បានល្អ​” ផងដែរ ។​

​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀង តឹង យ៉ុង បានចេញ​បទ​សម្រេច​មួយ​ចុះ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៩ និង​មាន​ប្រសិទ្ធិភាព​ចាប់ពី​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៩ រហូតមកដល់​សព្វថ្ងៃ បាន​ហាម​ពល រដ្ឋ​វៀតណាម​ទូទាំងប្រទេស បង្ហោះគោម​គ្រប់​រូបភាព​តាម​អ្វីមួយ​ដែល​លោក​លើកឡើងថា ដើម្បី​បង្ការ​គ្រោះ អគ្គិភ័យ ។ ក្រោយពី​សេច ក្ដី​សម្រេច​នេះ​ចេញមក ព្រះសង្ឃ និង ពលរដ្ឋ ខ្មែរក្រោម​បាន​អះអាងថា រដ្ឋា​ភិ បាល​ធ្វើ​នេះ​ក្នុង​គោល​លុបបំបាត់​ប្រពៃណី​បង្ហោះគោម​របស់​ពួកគេ ដែល​ធ្លាប់មាន​តាំងពី​បុរាណកាល​មក នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​បង្ហោះគោម​ជា​ពិធី​ដ៏​សំខាន់​មួយ ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម តែង​តែង​បង្ហោះ​នៅតាម​វត្ត​អារាម នានា នៅក្នុង​ពិធីបុណ្យ​អកអំបុក​រៀងរាល់ឆ្នាំ នា​រាត្រី​ថ្ងៃ ១៥ កើត​ខែ​ក​ត្ដិក ។

ការសមប្រណាំងអុំទូក ង របស់ក្រុមវត្តព្រែកពិន្ទង ខេត្តឃ្លាំង មុនពេលប្រណាំងទូក ង ក្នុងខេត្តឃ្លាំងសម្រាប់ឆ្នាំ ២០១៤ នេះ ។
ការសមប្រណាំងអុំទូក ង របស់ក្រុមវត្តព្រែកពិន្ទង ខេត្តឃ្លាំង មុនពេលប្រណាំងទូក ង ក្នុងខេត្តឃ្លាំងសម្រាប់ឆ្នាំ ២០១៤ នេះ ។

ក្រោយពី​រដ្ឋាភិបាល​វៀត​ណា​ម បានចេញ​សេចក្ដីសម្រេច​ហាម​បង្ហោះគោម​នេះ​មក គេ​សង្កេតឃើញ​ព្រះ សង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅតាម​វត្ត​អារាម​មួយចំនួន មិនបាន​បង្ហោះគោម​ទៀត​ទេ ព្រោះ​ខ្លាច​ត្រូវ​ពិន័យ ដោយ​អាជ្ញាធរ​វៀតណាម និង​កន្លែង​ខ្លះទៀត​នៅតែ​ព្យាយាម​បង្ហោះ​ធម្មតា​ដោយ​គេ​យល់ឃើញថា នេះ​ជា ប្រពៃណី​របស់​ពួកគេ​ដែល​មានមក​តាំង​ពីមុន​សម័យ​ដែល​ជនជាតិ​យួន​មិនទាន់មាន​ប្រទេស​ម្ល៉េះ ។​

​រហូតមកទល់​ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​មាន​ក្រុម​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម​ណាមួយ​នៅ​កម្ពុជា​ក្រោម ដែល​ហ៊ាន​ចេញមុខ​មក​តវ៉ា​ចំពោះ​សេចក្ដីសម្រេច​របស់​នាយ​ក​រដ្ឋមន្ត្រី​វៀតណាម​ក្នុងការ​លុបបំបាត់​ប្រ ពៃ​ណី​ជាតិខ្មែរ​របស់​ពួកគេ​នៅ ឡើយ ៕​

សេចក្ដីប្រកាសរបស់គណៈមន្ត្រីសង្ឃខេត្តព្រះត្រពាំង ។
សេចក្ដីប្រកាសរបស់គណៈមន្ត្រីសង្ឃខេត្តព្រះត្រពាំង ។
សេចក្ដីប្រកាសរបស់គណៈមន្ត្រីសង្ឃខេត្តព្រះត្រពាំង ។
សេចក្ដីប្រកាសរបស់គណៈមន្ត្រីសង្ឃខេត្តព្រះត្រពាំង ។

Comments are closed.