យុវជនខ្មែរក្រោមម្នាក់ទៀត ត្រូវអាជ្ញាធរវៀតណាម ឃាត់ខ្លួនពីបទទាក់ទងខ្មែរក្រោម នៅក្រៅប្រទេស
ដោយ ស៊ឺន ចែងចើន
យុវជនខ្មែរក្រោមម្នាក់ ត្រូវអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ នេះ បានចុះមកឃាត់ខ្លួនភ្លាមៗ ដល់ក្នុងផ្ទះ ដោយពុំមានការបង្ហាញលិខិតស្នាមអ្វីឡើយ ។ ការឃាត់ខ្លួនសកម្មជនខ្មែរក្រោមជាបន្តបន្ទាប់នេះ កើតឡើង ដោយសារតែពួកគេប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំដែងមតិ និងតស៊ូទាមទារសិទ្ធិជនជាតិដើមម្ចាស់ស្រុក ។

យុវជន យ័ញ សេត ដែលសកម្មខាងផ្នែកវប្បធម៌សិល្បៈ ត្រូវបានសមត្ថកិច្ចវៀតណាម ឃាត់ខ្លួននៅចំពោះមុខឳពុកម្តាយ រួចបញ្ជូនទៅការិយាល័យនគរបាលស៊ើបអង្កេតខេត្តឃ្លាំង នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ដោយមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ណាមួយនោះទេ ។
ព្រះតេជព្រះគុណ យ័ញ ផល្លា ត្រូវជាបងប្រុសបង្កើតរបស់យុវជន យ័ញ សេត ឲ្យដឹងថា នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ១៨ ខែកុម្ភៈ សមត្ថកិច្ចចម្រុះវៀតណាម បានចុះទៅឃាត់ខ្លួនប្អូនប្រុសរបស់ព្រះអង្គ និងនាំមកបំភ្លឺនៅខាងស្រុកជ្រោយញ បន្ទាប់មកបានបញ្ជូនបន្តទៅសួរនាំ នៅការិយាល័យនគរបាលខេត្តឃ្លាំងតែម្ដង ។ ព្រះអង្គបន្តថា ក្រុមគ្រួសារ កំពុងតែបារម្ភពីសុខទុក្ខយុវជន យ័ញ សេត ដោយសារពួកគេមិនទាន់ទទួលដំណឹងផ្លូវការណាមួយ ពីអាជ្ញាធរវៀតណាម ជុំវិញការដោះលែងមកវិញនៅឡើយទេ គិតត្រឹមម៉ោង ៩ យប់ថ្ងៃទី ១៨ ខែកុម្ភៈ ។
ព្រះតេជព្រះគុណ យ័ញ ផល្លា ឲ្យដឹងបន្ថែមថា នៅមុនពេលនគរបាលខេត្តឃ្លាំង នាំយកទៅសួរចម្លើយ អាជ្ញាធរវៀតណាម បានឆែកឆេរផ្ទះ ដើម្បីស្វែងរកសម្ភារៈមួយចំនួន ដូចជាទូរសព្ទ និងកុំព្យូទ័រជាដើម ដោយសារតែដំបូងឡើយ ពួកគេមកដល់ផ្ទះ ក៏សម្រុកចូលចាប់យុវជន យ័ញ សេត រឹបអូសដកយកទូរសព្ទភ្លាមៗ តែក្នុងប្រតិបត្តិការឆែកឆេរទូរស័ព្ទនោះ សមត្ថកិច្ចពុំបានរកឃើញអ្វី ដែលពាក់ព័ន្ធឡើយ ។ ព្រះអង្គបន្តទៀតថា ដោយសមត្ថកិច្ចវៀតណាម នៅមិនអស់ចិត្ត ទើបសម្រេចឆែកឆេរបន្ទប់របស់ប្អូនប្រុសព្រះអង្គបន្ត ហើយក៏រកឃើញទូរសព្ទមួយគ្រឿងទៀត ដែលតាមការអះអាងរបស់ព្រះអង្គ ថា ទូរសព្ទនោះ គឺ ប្អូនប្រុសរបស់ព្រះអង្គប្រើសម្រាប់ទាក់ទងការងារប្រចាំថ្ងៃជាមួយបងប្អូនខ្មែរក្រោម នៅក្នុងស្រុក និងក្រៅប្រទេស ។
គួរជម្រាបជូនថា យុវជន យ័ញ សេត ដែលសកម្មខាងថតចម្រៀង នៅតាមវត្តអារាមនានា និងជាអ្នកផលិតវីដេអូ បង្ហាញពីវប្បធម៌សិល្បៈខ្មែរក្រោម ទៅដល់សាធារណជន ឲ្យបានដឹងពីជនជាតិដើមម្ចាស់ស្រុក នៅលើទឹកដីកំណើតកម្ពុជាក្រោម ។
ក្រុមគ្រួសារយុវជនជនខាងលើបញ្ជាក់ថា សមត្ថកិច្ចវៀតណាម បានព្រមានមិនឲ្យសមាជិកគ្រួសារមានទំនាក់ទំនង និងផ្តល់ព័ត៌មានទៅខ្មែរក្រោម នៅក្រៅប្រទេស រឿងអាជ្ញាធរធ្វើទុក្ខបុកម្នេញគ្រួសាររបស់ខ្លួន និងបង្ខំឲ្យសហការជាមួយពួកគេ បើមិនចង់ប្រឈមនឹងការចាប់ខ្លួន ។
ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនយុវជនខ្មែរក្រោមខាងលើនេះដែរ សកម្មជនសិទ្ធិមនុស្ស និងការងារ លោក យឿង ខាយ ដែលត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង ចាប់ទៅឃុំខ្លួនអស់ជាង ៣០ ម៉ោង កាលពីថ្ងៃទី ៤ ខែកុម្ភៈកន្លងមកនេះ បានចែករំលែករូបថតរបស់លោកជាមួយ និងយុវជន យ័ញ សេត នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយអះអាងថា ការឃាត់ខ្លួនយុវជន យ័ញ សេត គឺដើម្បីគំរាមកំហែងមិនឲ្យយុវជនផ្សេងទៀត រិះគន់អាជ្ញាធរវៀតណាម ជុំវិញការរំលោភសិទ្ធិមនុស្សខ្មែរក្រោម និងឲ្យបញ្ឈប់ផ្សព្ធផ្សាយការទាមទារសិទ្ធិជាជនជាតិដើម ។
អាជ្ញាធរវៀតណាម នៅដើមឆ្នាំ ២០២២ នេះ បានចាប់ផ្ដើមបើកយុទ្ធនាការរចាប់ខ្លួន សម្លុតបំភ័យ ធ្វើទុក្ខបុកម្នេញពលរដ្ឋ និងយុវជនខ្មែរក្រោមណា ដែលហ៊ានក្រោកឡើងទាមទារសិទ្ធិជនជាតិដើមម្ចាស់ស្រុក និងបង្ហោះព័ត៌មានពិតពីប្រវត្តិទឹកដីកម្ពុជាក្រោម នៅតាមបណ្តាញសង្គម ៕