ភាគហ៊ុនក្រុមហ៊ុន Asiana ធ្លាក់ថ្លៃ ក្រោយជួបគ្រោះថ្នាក់
ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ ៦,៤ ភាគរយកាលពីថ្ងៃ ចន្ទ ទី ០៨ ខែកក្កដា ម្សិលមិញនេះ បន្ទាប់ពីយន្តហោះមួយក្នុងចំណោមយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុននេះបាន ជួបប្រទះនឹងគ្រោះថ្នាក់នៅអាកាសយានដ្ឋាន សានហ្វ្រានស៊ីស្កូ កាលពីថ្ងៃសៅរ៍ ទី ០៦ ខែកក្កដា នេះ ដោយធ្វើឲ្យមនុស្សពីរនាក់បាត់បង់ជីវិត និង ១៨២ នាក់រងរបួស ។

ភាគហ៊ុនរបស់ក្រុមហ៊ុននេះមានតម្លៃ ៤.៧៩០វ៉ុន (៤,១៥ ដុល្លារ) ក្នុងមួយហ៊ុន នៅម៉ោងជួញដូរពេលរសៀល ។
ក្រុមការងារស៊ើបអង្កេត កំពុងស្វែងរកមូលហេតុនៃគ្រោះថ្នាក់យន្តហោះកាលពីថ្ងៃសៅរ៍កន្លងទៅនេះដែលបានធ្វើឲ្យសិស្សសាលាជនជាតិចិនពីរនាក់បាត់បង់ជីវិត រួមទាំងកំហុសរបស់អ្នកបើកបរយន្តហោះផង ។
ទោះជាមានការធ្លាក់ចុះខ្លាំងនៃតម្លៃភាគហ៊ុនក្តី ក៏លោក Bae Sung-Young អ្នកវិភាគប្រចាំក្រុមហ៊ុន Hyu-ndai Securities ថ្លែងថា សោកនាដកម្មនេះ ទំនងជាមិនមានផលប៉ះពាល់រយៈពេលយូរមកលើក្រុមហ៊ុននេះទេ ។
សូមបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរម៉ាក ប៊ូអ៊ីង 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana បានធ្លាក់ និងផ្ទុះឆេះកាលពីថ្ងៃសៅរ៍ ខណៈយន្តហោះនេះបានចុះចតខុសផ្លូវរត់នៅឯព្រលានយន្តហោះអន្តរជាតិសានហ្វ្រានស៊ីស្កូសហរដ្ឋអាមេរិក ដោយសម្លាប់មនុស្សពីរនាក់ និង ១៨១ នាក់ទៀតបានរងរបួស ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេមិនអាចផ្តល់ការពន្យល់ចំពោះការធ្លាក់របស់ជើងហោះហើរ ២១៤ នេះដែលផ្ទុកមនុស្សចំនួន ៣០៧ នាក់ ក្នុងនោះ មានអ្នកដំណើរ ២៩១ នាក់ និងក្រុមយានិក ១៦ នាក់ នៅពេលវាបានហោះចេញពីទីក្រុងសេអ៊ូល កូរ៉េខាងត្បូង បានទេ ។
ក្នុងសេចក្ដី ថ្លែងការណ៍ក្រុមហ៊ុនអាកាសចរណ៍ Asiana បាននិយាយថា ក្នុងចំណោមអ្នកនៅលើយន្តហោះមានពលរដ្ឋកូរ៉េចំនួន ៧៧ នាក់ ចិន១៤១ នាក់ អាមេរិក ៦១ នាក់ និងជប៉ុនម្នាក់ ។
មន្ទីរពេទ្យទូទៅក្នុងក្រុងសានហ្វ្រានស៊ីស្កូបាននិយាយថា ខ្លួនកំពុងព្យាបាលអ្នកជំងឺចំនួន ៣៤ នាក់ ដោយក្នុងនោះ៥ នាក់ស្ថិតក្នុងសភាពធ្ងន់ ៕ PN/ AFP/BP