អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម​ ១​ អង្គ​ នៅ​កំពង់ចាម​ ក្រោម​ហេតុផល​ល្មើស​វិធានការ​បង្ការ​កូវីដ​-១៩

0 113

ដោយ យន់ សាមៀន | RFA Khmer

អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម ១ ​អង្គ នៅ​ខេត្ត​កំពង់ចាម ក្រោម​ហេតុផល​ល្មើស​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩ ។ អង្គការ​សមាគម​ខ្មែរកម្ពុជាក្រោម ច្រានចោល​ការ​ចោទប្រកាន់​នេះ ហើយ​ចាត់​ទុក​ករណីនេះ​ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​ខ្មែរក្រោម ​។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ករ​ណី​នេះ ​បង្កើត​នូវ​មន្ទិលសង្ស័យ​ជាច្រើន​ ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​សិទ្ធិ​របស់​ព្រះអង្គ ។

ព្រះសុខុមញ្ញាណ ប៉ាង សុដា ព្រះសង្ឃ​ខ្មែរ​​ក្រោម មាន​ស្រុក​កំណើត​ នៅ​ខេត្ត​ឃ្លាំង​ កម្ពុជា​ក្រោម និង​ជា​ព្រះ​ចៅ​អធិការ​វត្ត វង្សគត​បុរី​សេរី​ភ្នំពេញ ខេត្ត​កំពង់ចាម ដែល​អាជ្ញាធរ​​ខេត្ត​នេះ​ ចាប់​ព្រះកាយ នៅ​ថ្ងៃ​ទី ២ ខែសីហា ឆ្នាំ ២០២១ ។ រូបៈ ហ្វេសប៊ុក នឹក​កម្ពុជាក្រោម
ព្រះសុខុមញ្ញាណ ប៉ាង សុដា ព្រះសង្ឃ​ខ្មែរ​​ក្រោម មាន​ស្រុក​កំណើត​ នៅ​ខេត្ត​ឃ្លាំង​ កម្ពុជា​ក្រោម និង​ជា​ព្រះ​ចៅ​អធិការ​វត្ត វង្សគត​បុរី​សេរី​ភ្នំពេញ ខេត្ត​កំពង់ចាម ដែល​អាជ្ញាធរ​​ខេត្ត​នេះ​ ចាប់​ព្រះកាយ នៅ​ថ្ងៃ​ទី ២ ខែសីហា ឆ្នាំ ២០២១ ។ រូបៈ ហ្វេសប៊ុក នឹក​កម្ពុជាក្រោម

អាជ្ញាធរ​នៅ​មិន​ទាន់​បង្ហាញ​ទី​កន្លែង​ឃុំ​ព្រះ​កាយ ព្រះសង្ឃ​ខ្មែរ​​ក្រោម​ជា ​ព្រះចៅ​អធិការ​វត្ត វង្សគតបុរី​សេរី​ភ្នំពេញ​ ព្រះតេជព្រះគុណ ប៉ាង សុដា នៅឡើយ​ទេ ក្រោយ​ព្រះអង្គ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​និង​ផ្សឹក កាល​ពី​ថ្ងៃទី​ថ្ងៃទី ២ កញ្ញា ។

ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កំពង់ចាម លោក ស្រី សុភ័ក្ត្រ ថ្លែងប្រាប់​អាស៊ីសេរី​ថា មន្ត្រី​សង្ឃ​ និងមន្ទីរ​ខេត្ត​បាន​ផ្សឹក​ព្រះអង្គ ប៉ាង សុដា ស្របតាម​ពុទ្ធបញ្ញត្តិ​ ដើម្បី​ឱ្យ​គាត់​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ ។ លោក​បន្ត​ថា ការ​ផ្សឹក​នេះ​ អនុវត្ត​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចេញ​ដីកាចាប់ខ្លួន​ ដើម្បី​យក​ទៅ​សាកសួរ​ជុំវិញ​បទចោទប្រកាន់​ល្មើស​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​ ។ លោក​ឱ្យ​ដឹង​ថា មន្ត្រីខេត្ត​ត្រឹមតែ​ជួយ​សម្របសម្រួល​ផ្សឹក ចំណែក​កិច្ចការ​បន្ទាប់ ​គឺជា​ភារកិច្ច​របស់​តុលាការ​ និង​ស្ថាប័ន​ផ្សេងទៀត៖ «សមត្ថកិច្ច​គេ​សំណូមពរ​ឱ្យ​មន្ត្រី​សង្ឃ​ជួយ​សម្របសម្រួល​ឱ្យ​ព្រះអង្គ ប៉ាង សុដា លាចាក​សិក្ខាបទ​ ដើម្បី​គេ​អនុវត្ត​ដីកា​ ពីព្រោះ​គេ​អត់​ចង់​ធ្វើ​ជា​លោកសង្ឃ​ ដែល​អាច​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា ការ​លាចាក​សិក្ខា​បិទ​ហ្នឹង​ ក្រោម​ការ​សម្របសម្រួល​របស់​មន្ត្រី​សង្ឃ នៅពេល​ព្រះរាជអាជ្ញា​គេ​ចេញ​ដីកា​ចោទប្រកាន់​មានន័យថា ​គាត់​មាន​បញ្ហា​ជាមួយ​ផ្លូវច្បាប់​ជាមួយ​រាជការ អ៊ីចឹង​ គឺ​តាម​វិន័យ​សាសនា​ឱ្យ​គាត់​ចេញ​ទៅ​តតាំង​អី​សិន​ទៅ» ។

ប្រធាន​លេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះតេជព្រះគុណ ឃឹម សន មាន​ថេរ​ដីកា​ថា ​ព្រះអង្គ​មិនដឹង​មូលហេតុ​ឈាន​នៃ​ការ​ចាប់​ព្រះកាយ​ព្រះអង្គ​នោះ​ទេ ចំណែក​របាយការណ៍​ជុំវិញ​រឿង​នេះ ​គណៈសង្ឃ​ខេត្ត ព្រះអង្គ​ក៏​មិនទាន់​ទទួល​បាន​ដែរ​ ។ ព្រះអង្គ​បន្ត​ថា ប្រសិន​ព្រះសង្ឃ​ធ្វើ​ខុស​ធម្ម​វិន័យ​ត្រូវ​ផ្សឹក​ជា​មុន​សិន ប៉ុន្តែ​ ប្រសិនបើ​អាជ្ញាធរ​រដ្ឋ​រក​មិន​មាន​កំហុស​ព្រះអង្គ ប៉ាង សុដា អាច​បួស​ជា​ព្រះសង្ឃ​ឡើង​វិញ​បាន ។

អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​ការ​ចាប់ខ្លួន​នេះ​បាន​ទេ នៅ​ថ្ងៃទី ៤ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល ។

ព្រះតេជព្រះគុណ ប៉ាង សុដា ត្រូវ​បាន​មន្ត្រី​សង្ឃ​ខេត្តកំពង់ចាម ២​ អង្គ​ចាប់​ផ្សឹក​ហើយ​សមត្ថកិច្ច​ខេត្ត ​និង​ក្រសួងមហាផ្ទៃ​ បាន​បញ្ជូន​ព្រះ​កាយ​មក​ភ្នំពេញ​ កាល​ពី​ថ្ងៃទី ​០២ កញ្ញា ដោយ​ធ្វើឡើង​យ៉ាង​តក់ក្រហល់​តែ​រហូត​មក​ដល់​ថ្ងៃនេះ មិនទាន់​បាន​បង្ហាញ​ទីកន្លែង​ ដែល​អាជ្ញាធរ​ឃុំ​ព្រះអង្គ​នៅ​ឡើយ​ទេ ។

ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ឡែន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បន្ទាប់​ពី​មន្ត្រី​សង្ឃ​ចាប់​ផ្សឹក​ និង​ឃុំ​ព្រះ​កាយ​មក ព្រះតេជព្រះគុណ ប៉ាង សុដា បាន​ទាក់ទង​មក​លោក​នៅ​ថ្ងៃទី ​៤ កញ្ញា​នេះ ដោយ​ប្រាប់​ថា ព្រះអង្គ​មាន​សុខភាព​ធម្មតា ប៉ុន្តែ​ ព្រះអង្គ​មិនអាច​បញ្ជាក់​អំពី​កន្លែង ​ដែល​សមត្ថកិច្ច​ឃុំ​ព្រះ​កាយ​បានទេ ​។ លោក​ខកចិត្ត​ជា​ខ្លាំង​ ចំពោះ​អាជ្ញាធរ​ដែល​ចោទប្រកាន់​ព្រះអង្គ ប៉ាង ស​ដា រឿង​ល្មើស​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩ ​។ លោក​ឱ្យ​ដឹង​ថា ព្រះអង្គ​គ្រាន់តែ​និមន្ត​សូត្រ​មន្ត ឬ​ស្រោច​ទឹក​រំដោះគ្រោះ​កន្លង​មក តប​តាម​ការ​និមន្ត​របស់​ពុទ្ធបរិស័ទ​ ដែល​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ ។ លោក​សង្កេត​ឃើញ​ថា ករ​ណី​នេះ​ ធ្វើឡើង​ដោយ​លាក់បាំង​ព័ត៌មាន ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ព្រះសង្ឃ​ ។ លោក​ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះលែង​ព្រះអង្គ​មាន​សេរី​ឡើងវិញ ព្រោះ​ព្រះអង្គ​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​នោះ​ទេ៖ «ប្រើ​កម្លាំង​ទៅ​ចាប់​ព្រះអង្គ​តក់ក្រហល់​ ដោយ​ខ្វះ​ការ​ពិនិត្យ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ពី​ច្បាប់ ដល់​មែនទែន​ទៅ​ការអនុវត្ត​ច្បាប់​ហាក់បីដូចជា​មិន​បាន​ពង្រឹង​ និង​មិន​ស្រប​តាម​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា កន្លែង​នេះ ​ដែល​ធ្វើ​ឱ្យ​យើងខ្ញុំ​ក្នុងនាម​សមាគម​ខ្មែរក្រោម ​ក៏​ដូច​ក្នុង​នាម​ខ្លួន​ខ្ញុំ ​ជា​ខ្មែរក្រោម​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ​ចំពោះ​បញ្ហា​ទាំងអស់​នេះ» ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ក៏​សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរក្រោម​នេះ បាន​បង្កើត​ឲ្យ​មានរឿង​មន្ទិលសង្ស័យ​ច្រើន ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា អាជ្ញាធរ ចាប់​ព្រះ​កាយ​ ព្រះតេជព្រះគុណ ប៉ាង សុដា ដោយ​មិន​ផ្តល់​ព័ត៌មាន​ច្បាស់លាស់ ដល់​សាច់ញាតិ​ និង​ពុទ្ធបរិស័ទ ជាពិសេស​អាជ្ញាធរ​មិន​បាន​បង្ហាញ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ចោទប្រកាន់ ករណី​ល្មើស​បំរាម​កូវីដ​-១៩​ នៅ​ឡើយ ប្រការ​នេះ​នឹង​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធ​របស់​ព្រះអង្គ ​។ លោក​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ព្រះសង្ឃ​អាច​និមន្ត​សូត្រ​មន្ត​តាម​ផ្ទះ​ពលរដ្ឋ​ដោយ​មិន​ល្មើស​បំរាម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ នោះ​ទេ​ ។ លោក​ថា អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ការ ​ចំពោះ​សកម្មជន​ដីធ្លី និង​សង្គម និង​ព្រះសង្ឃ​តែងតែ​រង​ការ​ចាប់ ឬ​ឃុំខ្លួន​ពី​អាជ្ញាធរ​ ដែល​កំពុង​អនុវត្ត​ច្បាប់​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ​នេះ៖ «សង្គម​ស៊ីវិល​យើង​ចង់​ឱ្យ​មាន​តម្លាភាព​ទាក់ទង​ទៅ​នឹង​ការ​ចាប់ និង​ឃុំ​ព្រះ​កាយ​ព្រះអង្គ ព័ត៌មាន​ឱ្យ​ពិតប្រាកដ​ថា​តើ​មូលហេតុ​អ្វី​បានជា​ចាប់ និង​ការ​ឃុំខ្លួន​ព្រះអង្គ​ហ្នឹង បើ​មិន​អ៊ីចឹង​ទេ​មន្ទិល​នឹង​មាន​ច្រើន ហើយ​ការរិះគន់​ក៏ដូចជា​ការ​លើកឡើង​ពី​បញ្ហា​ហ្នឹង​អាច​ផ្សេងៗ​គ្នា» ។

ព្រះតេជព្រះគុណ ប៉ាង សុដា តែងតែ​ជួយ​សកម្មភាព​សង្គម ដូចជា ​ឧបត្ថម្ភ​ថវិកា ស្បៀងអាហារ និង​សម្ភារៈ ដល់​ពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ​-១៩​ ។ លើស​ពី​នេះ ព្រះអង្គ​យក​ព្រះទ័យ​ទុកដាក់​ទុក​លើ​ពលរដ្ឋ​ខ្មែរក្រោម​តាមរយៈ​ធ្វើ​ការងារ​ជាមួយ អង្គការ​សមាគម​ខ្មែរកម្ពុជាក្រោម និង​កម្មវិធី​មនុស្សធម៌​នានា ៕

Leave A Reply

Your email address will not be published.