អា​ជ្ញា​ធរ​​រា​រាំង​​មិន​​ឲ្យខ្មែរ​ក្រោម​ ហែ​​ញត្តិ​​ទៅ​​រដ្ឋ​ស​ភា សុំ​​ដាក់​​បញ្ចូល​​ថ្ងៃ​​ទី ៤ មិថុនា ជា​​ទិ​វា​​កាន់​​ទុក្ខ​​ជាតិ

194

ដោយ ស៊ឺន ចែងចើន| VOKK

អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ២៦ មិថុនា បាន​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​កម្ពុជា ដើម្បី​សុំ​ដាក់បញ្ចូល​ថ្ងៃទី ៤ មិថុនា ជា​ទិវា​កាន់ទុក្ខ​ជាតិ ក្រោយ​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​យួន​ធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម​អស់​រយៈ ៦៨ ឆ្នាំ ។​

កម្លាំង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ដាក់​ពង្រាយ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ​ ២០១៧។ រូបថតៈ ស៊ឺន ចែងចើន
កម្លាំង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ដាក់​ពង្រាយ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ​ ២០១៧។ រូបថតៈ ស៊ឺន ចែងចើន

លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ដឹកនាំ​ក្រុមយុវជន​ប្រមាណ ៥០ នាក់ ចេញពី​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ស្ថិត​តាម​បណ្ដោយ​ទន្លេសាប​ត្រើយ​ខាងកើត ក្នុង​ខណ្ឌ​ជ្រោយចង្វារ ឆ្ពោះទៅកាន់​រដ្ឋសភា ។ ប៉ុន្តែ ត្រូវបាន​រារាំង​ដោយ​កម្លាំង​សមត្ថកិច្ច​ក្រុងភ្នំពេញ​ប្រមាណ ២០០ នាក់ ប្រដាប់​ដោយ​ខែល និង​អាវុធ​ក្នុង​ដៃ ព្រមទាំង​ឡាង​រនាំង​បិទផ្លូវ មិន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ឡើយ ។​

​យ៉ាងនេះ​ក្តី ក្រោយពី​ចរចារ​មួយសន្ទុះ​រួចមក អាជ្ញាធរ​បានសម្រេច​ឲ្យ​រថយន្ត​ចំនួន ៣ គ្រឿង ដែលមាន​ពលរដ្ឋ​ប្រមាណ​ជា ១០ នាក់ អាចធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា ។​

​លោក ថាច់ សេដ្ឋា ដែលជា​មេដឹកនាំ​ក្នុង​ការដាក់​ញត្តិ​នេះ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ចេញពី​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ថា
​ប្រធាន​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ (“​គណៈកម្មការ​ទី ១០”) នៃ​រដ្ឋសភា និង​ប្រធាន​គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា (​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​) បាន​ទទួលយក​ញត្តិ​របស់លោក​រួចហើយ និង​សន្យាថា នឹង​នាំយក​ញត្តិ​នេះ ដាក់ជូន​ប្រធានរដ្ឋសភា​សម្រេច នៅពេល​កិច្ចប្រជុំពេញអង្គ​សភា នៅ​ថ្ងៃ​ខាងមុខ ។​

បើតាម​គម្រោង សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម គ្រោង នឹង​ដឹកនាំ​សមាជិក​របស់ខ្លួន ចំនួន​ជាង ២០០ នាក់ ដើម្បី​ហែ​ញ្ញត្តិ​ទៅ​រដ្ឋសភា សុំ​ដាក់បញ្ចូល​ថ្ងៃទី ៤ មិថុនា ជា​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ និង​ជា​ទិវា​កាន់ទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា ។ ក៏ប៉ុន្តែ​ការ​ហែ​ញ្ញត្តិ​នេះ ត្រូវបាន​ទប់ស្កាត់​ដោយ​កម្លាំង​សមត្ថកិច្ច​ក្រុងភ្នំពេញ ដោយ​ចាត់ទុកថា សកម្មភាព​ហែ​ញត្តិ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ហើយ និង​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ។

លោក ថាច់ សេដ្ឋា បាន​សម្តែង​ការសោកស្តាយ​យ៉ាង​ដូច្នេះ​៖

សូមបញ្ជាក់ថា ក្នុង​ខ្លឹមសារ​នៃ​ញត្តិ​នោះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បានស្នើ​សុំ​ឲ្យ​លោក ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលយក​នូវ​សំណើរ​នេះ ទៅ​ពិចារណា និង​បញ្ចូល​ជា​ទិវា​បុណ្យជាតិ តាម​សំណើរ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ជាមិនខាន ។​

បើតាម​ញត្តិ​ដដែល បាន​បញ្ជាក់ថា ទឹកដី​ខ្មែរ​មួយ​ភាគ​ធំ ស្ថិតនៅ​ប៉ែក​ខាងក្រោម​នៃ​ដី​ដ​ណ្ត​ទន្លេមេគង្គ ដែល​ហៅថា ទឹកដី​កម្ពុជា​ក្រោម បារាំង​ហៅថា កូសាំងស៊ីន នោះ ត្រូវបាន​អាណានិគម​បារាំង​កាត់​ផ្ទេរ​ទៅ​ឲ្យ​អាណានិគម​វៀតណាម ត្រួតត្រា​បន្ត​រហូតដល់​សព្វថ្ងៃ នៅ​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ការ​កាត់​ផ្ទេរ​នេះ បានធ្វើ​ឡើង ដោយ​ការឃុបឃិត​គ្នា​រវាង​បារាំង​-​វៀតណាម តែប៉ុណ្ណោះ ដោយ​ពុំបាន​សួរនាំ ឬ​ពិគ្រោះ​យោបល់​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ម្ចាស់​នៃ​ទឹកដី​នោះឡើយ ។​

​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង បានប្រកាស​ឲ្យ​ប្រើ​ច្បាប់ ស្តីអំពី​ការកែប្រែ​លក្ខន្តិកៈ​កូសាំងស៊ីន លេខ ៤៩/៧៣៣ ចុះ​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ គឺជា​ច្បាប់​ដ៏​អាក្រក់​បំផុត ដែល​បាន​ភ្ជាប់​ទឹកដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម​ទាំង​អយុត្តិធម៌​បំផុត ។ នេះ​បើតាម​ខ្លឹមសារ ដែលមាន​នៅក្នុង​ញត្តិ​របស់​សហគមន៍ ។​

​ក្នុង​ខ្លឹមសារ​នៃ​ញត្តិ​នោះ ក៏បាន​បរិយាយ​បន្ថែមថា បន្ទាប់ពី​ច្បាប់​នេះ ចូល​ជា​ធរមាន ទឹកដី​កម្ពុជា​ក្រោម បាន​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់​អាជ្ញាធរ​អាណានិគម​របស់​វៀតណាម​រហូត​សព្វថ្ងៃ ។ មិនតែប៉ុណ្ណោះ អាណានិគម​ថ្មី (​វៀតណាម​) នេះ បាន​អនុវត្ត​នយោបាយ​រំលាយ​ពូជសាសន៍​ខ្មែរ​កម្ពុជា​ក្រោម យ៉ាង​ឃោ​ឃៅ​ព្រៃផ្សៃ​ជាទីបំផុត ។ បុព្វបុរស​របស់​ខ្មែរ បាន​តស៊ូ​ប្តូរជីវិត ដើម្បី​ការពារ​ពូជសាសន៍ សាសនា វប្បធម៌​ខ្មែរ និង​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មកវិញ​យ៉ាងច្រើន​រាប់មិនអស់ ។​

​គួររំឭកថា នៅ​ថ្ងៃទី ២៤ មិថុនា ២០១៧ កន្លងទៅនេះ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន នៅ​ប្រទេស​កម្ពុជា ទើបតែ​បាន​ប្រារព្វ​ខួប ៦៨ ឆ្នាំ​នៃ​ទិវា​កម្ពុជា​ក្រោម នៅក្រោម​នឹម​អាណានិគម​យួន ដែល​កាលណោះ អាណានិគម​បារាំង បាន​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ខេត្ត​សរុប​ចំនួន ២១ ខេត្ត​ទៅ​ឲ្យ​វៀតណាម ។​

​បន្ទាប់ពី​បារាំង​បាន​ផ្ទេរ​ដែនដី កម្ពុជា​ក្រោម ឬ​ដែនដី​កូស័ងស៊ីន​ទៅ​ឲ្យ​វៀតណាម​បន្តធ្វើ​អាណានិគម​លើ​ពលរដ្ឋ​ខ្មែរក្រោម កាលពី​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ មក សិទ្ធិសេរីភាព​របស់​ជ​ន​ជាតិ​ខ្មែរក្រោម ត្រូវ​រដ្ឋាភិបាល​យួន​រំលោភបំពាន​ជា​បន្តបន្ទាប់ ក្នុងនោះ មាន​ការចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ដាក់ពន្ធនាគារ​ពីបទ​ប្រឆាំង​រដ្ឋាភិបាល​ជាដើម ។​

ដើម្បី​ឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំងមូល ចងចាំ​ទិវា​ជា​ប្រវត្តិសាស្ត្រ​ដ៏​សែន​ឈឺចាប់​នេះ ជា​រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃទី ៤ ខែមិថុនា ពលរដ្ឋ​ខ្មែរក្រោម ទូទាំង​ពិភពលោក ដូចជា​ប្រទេស​កម្ពុជា ថៃ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី New Zealand និង​ប្រទេស​មួយចំនួន​នៅ​អឺ​រុ​ប ដូចជា បារាំង ស្វិ​ស អ៊ីតាលី ហូ​ឡង់ ជាដើម តែងតែ​ប្រារព្ធ​ទិវា ៤ មិថុនា ដើម្បី​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម និង​ការឈឺចាប់​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម ពី​សំណាក់​រដ្ឋាភិបាល​អាណានិគម​យួន​សព្វថ្ងៃ ៕

ខាងក្រោម​នេះ ជាវីដេអូ និង​រូបភាព​ខ្លះៗ នៃ​សកម្មភាព​ហែញត្តិទៅកាន់រដ្ឋសភាកម្ពុជា ។ រូប​ថ​តៈ ស៊ឺន ចែង​ចើ​ន​

Comments are closed.