​ធ្វើខ្លួន​ជា “​អ្នកចាញ់​ដ៏​ល្អ​” ឬ​ជា “​អ្នកឈ្នះ​ដ៏​ល្អ​”

0 72

ដោយ សឺ​ង សម្រេច​ | ​ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៣

ប្រាំ​ថ្ងៃ​ក្រោយពេល​បោះឆ្នោតជាតិ ដើម្បី​ជ្រើសរើស​អ្នកតំណាងរាស្ត្រ អាណត្តិ​ទី ៥ នៅ កម្ពុជា ប្រទេស​ដែល​តែង​ជួប​វិបត្តិ​នយោបាយ​ក្រោយ​រាល់​ការបោះឆ្នោត ម្ភៃ​ឆ្នាំ​ក្រោយនេះ ស្ថានភាព​ទួទៅ​ហាក់ ដូចជា​នៅ​ធ្ងន់​កណ្តុក​នៅឡើយ ។ ជា​ខ្មែរក្រោម ខ្ញុំ​បាន​ទូរ​សព្ទ​ទៅ​ស្ទាបស្ទង់​មតិ​ខ្មែរ​ខ្លះៗ​នៅ​កម្ពុជា​ក្រោម ជន​ដែល​កំពុង​រស់នៅ​ក្រោម​កា​រ​ត្រួតត្រា​បរទេស​បាន ឆ្លើយថា គេ​លើកដៃ​បួងសួង​បន់ព្រះ​សំពះ​ទេវតា សុំ​ឲ្យ​ស្រុក​ខ្មែរ​បាន​រួច​ផុតពី​វិបត្តិ​ដែល​នាំ ឲ្យ​មាន​មហន្តរាយ ដើម្បី​គ្រាន់​ពួកគាត់​បាន​រត់​មកសុំ​ជ្រកកោន ផង ពេល​ពួក​យួន​អុកឡុក ពួកគាត់​ខ្លាំង​ទ្រាំលែងបាន ។ ប៉ុន្តែ​ពួកគាត់​ក៏​បន់ស្រន់​ដែរ ថាបើ​ទោះជា​ដោះ ស្រាយ​យ៉ាង ណា​យ៉ាង​ណី​ក្តី សុំ​កុំ​ឲ្យ​តែ​ចាញ់បោក​យួន​បាន​ហើយ !…​។

ក្រុមយុវជនផ្ទុះកំហឹងដុតឡានរបស់កងរាជអាវុធហត្ថ នៅក្នុងមណ្ឌល បោះឆ្នោតស្ទឹងមានជ័យកាលពីថ្ងៃអាទីត្យទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ព្រោះរកមិនឃើញឈ្មោះបោះឆ្នោត ។
ក្រុមយុវជនផ្ទុះកំហឹងដុតឡានរបស់កងរាជអាវុធហត្ថ នៅក្នុងមណ្ឌល បោះឆ្នោតស្ទឹងមានជ័យកាលពីថ្ងៃអាទីត្យទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ព្រោះរកមិនឃើញឈ្មោះបោះឆ្នោត ។

​ធ្វើខ្លួន​ជា “​អ្នកចាញ់​ដ៏​ល្អ​” ឬ​ជា “​អ្នកឈ្នះ​ដ៏​ល្អ​”

ដូច្នេះ​ក្នុងនាម​ជា​ខ្មែរក្រោម​ដែល​រស់នៅ​ក្រៅ​ព្រំដែន​កម្ពុជា យើងខ្ញុំ​មិនមាន​ភារកិច្ច​អ្វី ដែល​ត្រូវ​ចូល ដៃ​ចូល​ជើង​ជាមួយ​គណបក្ស​ប្រជាជន ឬ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ពោល គឺ​សាក​ល្បងមើល​ស្ថាន ការណ៍ តាម​ចក្ខុ​បញ្ញា និង​ប្រើ​សុភនិច្ឆ័យ​ដើម្បី​សេចក្តីសុខសាន្ត​នៃ បងប្អូន​រួម​លោហិត​តែប៉ុណ្ណោះ ។​

​នៅពេលនេះ យើង​កំពុងតែ​មកដល់​ចំណុច​មួយ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន ចេញមុខ​បង្ហាញ​នូវ​ភាពទន់ភ្លន់​ជា​លើកដំបូង ក្រោយ​ថេរវេលា​ដ៏​យួរ​ទទួលស្គាល់​លទ្ធផល​ដែល​គណ កម្ម​ការ​ជាតិ​បានប្រកាស​ជា​បណ្តោះអាសន្ន​ថា គណបក្ស​ប្រជា ជន​បាន ៦៨ អាសនៈ ក្នុងចំណោម អាសនៈ រដ្ឋសភា​ដែលមាន​ចំនួន​ទាំងអស់ ១២៣ អាសនៈ ។  មិនតែប៉ុណ្ណោះ លោកនាយក រដ្ឋមន្ត្រី កម្ពុជា​អស់​ជាង​ម្ភៃ​ឆ្នាំ ដែល​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ បានចាត់ទុក​ថា​ជា​បុរស​ខ្លាំង បានបង្ហាញ នូវ​ឆន្ទៈ​ព្រម​ទទួល​នូវ​សំណើរ​របស់លោក សមរង្សី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លទ្ធផល បណ្តោះ អាសន្ន​របស់ គ​.​ជ​.​ប​. បង្ហាញថា បានទទួល ៥៥ អាសនៈ អំពី​ការបង្កើត​គណកម្មការ​ចម្រុះ​មួយ ដែលមាន​អ្នកតំណាង​បក្ស​ទាំងពីរ គ​.​ជ​.​ប​. តំណាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​អង្គ ការ​សហ​ប្រ ជា​ជាតិ​ចូលរួម​ផង ដើម្បី​ធ្វើការ​សើរើ​ពិនិត្យឡើងវិញ លើ​ភាពមិនប្រក្រតី​នានា ដែល​កើត មាន​មុន ក្រោយ និង​ពេល​កំពុង​បោះឆ្នោត ។ មូលហេតុ​នៃ​សេចក្តី ស្នើសុំ​បង្កើត​គណកម្មការ​ចម្រុះ​នេះ គឺ ដោយ​គណ បក្ស​សង្គ្រោះ​ជាតិ​យល់ឃើញថា ប្រសិនបើ​ការសើរើ​ពិនិត្យ​ធ្វើបាន​ដោយ​សុ​ក្រិត នោះ​អាសនៈ ដែល គណបក្សប្រឆាំង​ទទួលបាន អាច​កើនឡើង​ច្រើន​ជា ៨០ អាសនៈ ឯណោះ  ។  ទោះជា​យ៉ាងណាក្តី នៅពេលដែល​លោកនាយក​រដ្ឋមន្ត្រី​ក្នុង​អំណាច​បានទទួល​យល់ព្រម បង្កើត​គណកម្មការ ចម្រុះ​ទៅហើយ នោះ គឺ​ហាក់ដូចជា​មានន័យថា ដោយ​ភាគច្រើន លោក​អាច​នឹង​យល់ព្រម​ទទួលស្គាល់​លទ្ធផល​ថ្មី ដែល​ផ្តល់​ដោយ​គណកម្មការ​ពិសេស​នេះ ក្រោយពី​ការងារ​ស៊ើបអង្កេត​បាន​ប្រព្រឹត្ត​ទៅដោយ​ត្រឹមត្រូវ​ល្មម ទទួលយកបាន ។ មកទល់ ពេលនេះ​ហើយ ទោះជា​ថា​គណកម្មការ​ជាតិ​ទទួលបន្ទុក​ការបោះ ឆ្នោត​ពុំទាន់ បានបង្ហាញ នូវ​ឆន្ទៈ​របស់ខ្លួន​ឲ្យ​ច្បាស់លាស់ ក្នុងការ​ដាក់ខ្លួន​ចូលរួម​ជាមួយ​គណកម្មកា​រ​ចម្រុះ​ក្តី  ក៏ យើង នៅ​សង្កេតឃើញថា សមាជិក​នៃ​គណបក្ស​ប្រជា ជន​ខ្លះៗ ដែល​បាន​ធ្លាប់ជា​អ្នកឈ្នះ រៀងៗ​រហូតមក ហាក់ដូចជា​ដាក់ចិត្ត​ដាក់​កាយ​តាម​មេកោយ​ពុំទាន់​បាន​នៅឡើយ ។  រីឯ អ្នកគាំទ្រ​និង​បោះឆ្នោត ជូន​បក្ស ប្រឆាំង ដែល​ហាក់ដូចជា​បាន “​ឆ្អែត​ដល់ក​” និង​រដ្ឋាភិបាល កាន់អំណាច​សព្វថ្ងៃ ចំនួន​ច្រើន​បាន ប្រកាន់ ឥរិយាបថ​ដាច់ខាត​មិន​ចរចា​រដែរ ។ ក្នុង​ស្ថាន ភាព​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ ថា​អ្វី​នឹង​អាច​កើតឡើង​នេះ ប្រជា ពលរដ្ឋ​ខ្មែរ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​មិន​ខុសពី​នៅ​កម្ពុជា​ក្រោម​ដែរ គឹ​មិន​ចង់បាន​អ្វី​ក្រៅ ពី​បាន សេចក្តីសុខ សន្តិភាព មិន​ចង់​ឲ្យ​សិទ្ធិសេរីភាព​របស់ខ្លួន​ត្រូវ​អ្នក​កាន់ អំណាច​ជាន់ឈ្លី ហើយ​ជា ពិសេស ចង់​ឲ្យ​មាតុភូមិ​ខ្លួន​មាននូវ​ឯករាជ្យ ជៀស​ផុតពី​ការ​រុករាន​ទន្ទ្រាន ពី​ជន​ប្រទេសជិតខាង​គឺជា បំណង​ដ៏​សម រម្យ ដែល​អ្នកដឹកនាំ​ខ្មែរ​គ្រប់​និន្នាការ​គួរតែ​យល់ ហើយ​បំពេញ​ជូន ពលរដ្ឋ​ឲ្យ​បាន ។​

​វិល​ត្រឡប់មក​ការបោះឆ្នោត គ្មាន​អ្នកណា​ដឹង​លទ្ធផល​ច្បាស់​ជាង​គណបក្ស​ទាំងពីរ​ទេ ប៉ុន្តែ​បើ និយាយ​ឲ្យ​ចំ គឺ​គណបក្ស​ប្រជាជន​កាន់អំណាច​អាច​ដឹង​ច្បាស់​ជាងគេ ថា​អ្នកណា​ជា​អ្នកឈ្នះ​ពិត ប្រាកដ ។ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក៏​គួរតែ​យល់ថា ទោះជា​លទ្ធផល​ក្រោយ​ការសើរើ​ពិនិត្យ ឃើញថា នឹង​ត្រូវមាន​តួនាទី​រៀបចំ​រដ្ឋាភិបាល​ក្តី ក៏​នឹង​គេច​មិន​រួច​ពី​ធ្វើ​សហការ​ជាមួយ​គណបក្ស​ប្រជាជន ជាពិសេស ក្នុង​វិស័យ​ការពារជាតិ មន្ត្រីរាជការ​គ្រប់​ក្រសួង និង​តាម​ខេត្ត​នានា ដែល​កំពុង​បំពេញការងារ មួយ ចំនួន​ធំ ដែល​គួរតែ ជៀស​ពី​ការ​កាច់​កុង​ប្រទង់ប្រទាញ​គ្នា​ទៅវិញទៅមក ។​

ហើយ​ប្រសិនបើ​ថ្នាក់ដឹកនាំ​ជាតិ​មានបំណង​ល្អ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ការងារ​នេះ អាចធ្វើ​បានតែ ក្នុង មួយប៉ប្រិចភ្នែក គឺ​តាំង​ចិត្តជា “​អ្នកចាញ់​” ឬ “​អ្នកឈ្នះ​” ដ៏​ល្អ ដោយ​អ្នក ដឹងខ្លួន​ថា​ចាញ់​មាន សេចក្តី ក្លាហាន​ទទួលស្គាល់​ការពិត ហើយ​អ្នកឈ្នះ​មិន​ប្រើ​អ​កប្ប​កិរិយា ចំអកឡកឡឺយ​ឌឺដង​សងសឹក ដោយ​ប្រ ការ​ណាមួយ ។

ធម្មតា​អ្នកកីឡា តែង​ប្រកួត​ដោយ​ប្រើ​បច្ចេកទ្ទេស​និង​ល្បិច​ស្នៀត​ពេញទំហឹង មាន រហូតដល់ ឈ្លោះ​វាយតប់​គ្នា​ក៏មាន​។ នៅពេលដែល​មានការ​សង្ស័យ​ថា អាជ្ញាកណ្តាល​ផ្លុំ កញ្ចែ​ខុស​ទំនង គណៈ កម្ម​ការ ត្រួតពិនិត្យ​តែង​យក​វីដេអូ​មកចាក់​ពិនិត្យមើល​សារ​ឡើងវិញ ដើម្បី​រក​យុត្តិធម៌ ។ ទោះជា យ៉ាង ណា ក៏ដោយ ក្រោយ​ការសើរើ​ពិនិត្យ​ត្រឹមត្រូវ លទ្ធផល​ដ៏ យុត្តិធម៌​តែង​នាំ​គូប្រកួត​ចាប់ដៃគ្នា អ្នកចាញ់​ជួយ អបអរ​អ្នកឈ្នះ អ្នកឈ្នះ​ជួយ​លួងលោម លើកទឹកចិត្ត​អ្នកចាញ់​យ៉ាង​រាក់ទាក់ ។​

ទោះជា​ដី​កីឡាដ្ឋាន​សម្រាប់​យុវជន​ហាត់​កីឡា​ត្រូវគេ​លក់ ឬ​ផ្ទេរ​ទៅ​នៅ​ទី​ឆ្ងាយៗ ហើយ​សកម្ម ភាព ហ្វឹកហាត់​កីឡា​នៅ​ប្រទេស​កម្ពុជា​ហាក់ដូចជា​ពុំ​សូវ​ឃើញ​មាន​ដូច​សម័យ​សង្គមរាស្ត្រនិយម​ក្តី ក៏ យើង នៅតែ​សង្ឃឹមថា ថ្នាក់ដឹកនាំ​ខ្មែរ​នៅតែមាន​ទឹកចិត្ត​ជា​អ្នកកីឡា ព្រោះ​យើង​ធ្លាប់​បានឃើញ​រូបថត លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន លេង​បាល់ទាត់ ក្នុងពេល កន្លងមក​ដែរ៕​ ជយោ ជាតិខ្មែរ !

Leave A Reply

Your email address will not be published.