ជីវប្រវត្តិសង្ខេប លោកស្រី ព្រំ យ៉ាង អតីតនាយិកាប្រតិបត្តិ អង្គការស្ដ្រីខ្មែរកម្ពុជាក្រោម
តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៩ នេះ បានចូលរួមពិធីបូជាសពអ្នកស្រី ព្រំ យ៉ាង អតីតនាយិកាប្រតិបត្តិ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម នៅវត្តសំបួរមាស ជាយទីក្រុងភ្នំពេញ ។
អ្នកស្រី ព្រំ យ៉ាង ដែលមានដើមកំណើតជាខ្មែរក្រោម និងជាអតីតនាយិកាប្រតិបត្តិ អង្គការស្ដ្រីខ្មែរកម្ពុជាក្រោម បានទទួលមរណភាព ក្នុងជន្មាយុ ៨០ ឆ្នាំ នៅរសៀលថ្ងៃសុក្រ ទី ១ ខែមីនា ឆ្នាំ ២០១៩ ដោយជរាពាធ ។
អ្នកស្រី ព្រំ យ៉ាង ត្រូវបានអង្គការ សមាគមខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅប្រទេសកម្ពុជា បានជ្រើសតាំងឲ្យធ្វើជានាយិកាប្រតិបត្តិ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ២០០០ ។ នៅឆ្នាំ ២០១៧ ដោយមានវ័យកាន់តែចាស់ជរាទៅ និងសុខភាពក៏ទ្រុឌទ្រោមខ្លាំង អ្នកស្រី ព្រំ យ៉ាង ក៏សម្រេចធ្វើលិខិតសុំលាលែងពីនាយិកាប្រតិបត្តិ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម ។
នៅក្នុងឱកាសនេះ វិទ្យុសំឡេងកម្ពុជាក្រោម សូមលើយកជីវប្រវត្តិសង្ខេប របស់អ្នកស្រី ព្រំ យ៉ាង ដោយរៀបរាប់អំពីដំណើរឆាកជីវិតនៃការតស៊ូ និងការបម្រើការងារសង្គមជាតិផ្សេងៗ របស់អ្នកស្រី មកជម្រាបជូនលោកអ្នកបានជ្រាបជាព័ត៌មាន ដែលមានខ្លឹមសារ ដូចតទៅ៖

អ្នកស្រី ព្រំ យ៉ាង បានទទួលអនិច្ចកម្ម កាលពីថ្ងៃសុក្រ ៩ រោច ខែ មាឃ ឆ្នាំ ច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ នឹងថ្ងៃទី ១ ខែមីនា គ្រិស្តសករាជ ២០១៩ ក្នុងជន្មាយុ ៨០ ឆ្នាំ ដោយជរាពាធ ។
អ្នកស្រី ព្រំ យ៉ាង កើតនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំថោះ ១៩៤០ នៅភូមិស្លែងថ្មី ឃុំចុងព្រៃ ស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។
អ្នកស្រី ព្រំ យ៉ាង បានមាននិស្ស័យមកចាប់បដិសន្ធិ កើតក្នុងត្រកូលកសិករមធ្យម ដោយមានលោកឪពុកនាម គឹម កិច្ច (ជាគ្រូវិប្បស្សនា) អ្នកម្តាយនាម ថាច់ ធីឃឹង មុខរបរជាកសិករ និងលក់ដូរ ។
អ្នកស្រី ព្រំ យ៉ាង មានបងប្អូនបង្កើតចំនួន ៧ នាក់៖
- ទី ១. ព្រំ យ៉ាង ភេទស្រី
- ទី ២. គឹម យឿង ភេទប្រុស (ស្លាប់)
- ទី ៣. កិច្ច សោភ័ណ្ឌ ភេទប្រុស (សព្វថ្ងៃរស់នៅភូមិភ្នាត ២ រាជធានីភ្នំពេញ)
- ទី ៤. គឹម សារ៉ែម ភេទស្រី (សព្វថ្ងៃរស់នៅភូមិស្លែងថ្មី កម្ពុជាក្រោម)
- ទី ៥. គឹម សារ៉ាន់ ភេទស្រី (សព្វថ្ងៃរស់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ)
- ទី ៦. គឹម ម៉ារីន ភេទស្រី (សព្វថ្ងៃរស់នៅកម្ពុជាក្រោម)
- ទី ៧. គឹម តារា ភេទប្រុស (ស្លាប់នៅអាមេរិក)
អ្នកស្រី ព្រំ យ៉ាង បានរស់នៅក្នុងត្រកូលមួយប្រកបដោយសុខសាន្ត ដល់គ្រប់អាយុ ៧ ឆ្នាំ ឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ បានបញ្ជូនកូនស្រីឈ្មោះ ព្រំ យ៉ាង ឲ្យទៅរៀនភាសាខ្មែរ ក្នុងវត្តកោះកែវមុនីសម្បាណ (ស្លែងថ្មី) ។ អ្នកស្រី ព្រំ យ៉ាង បានប្រឡងជាប់ថ្នាក់ទី ៥ ក្នុងវត្តស្លែងថ្មីនាឆ្នាំ ១៩៥០ ។ បន្ទាប់មកលោកនាយកសាលាភាសាខ្មែរ បានបញ្ជូនអ្នកស្រី ព្រំ យ៉ាង ឡើងទៅរៀននៅសាលាភាសាខ្មែរឈ្មោះ “ពោធិ” ស្ថិតនៅក្នុងវត្តពោធិសាលរាជ (កំពង់) ទីរួមខេត្តព្រះត្រពាំង កម្ពុជាក្រោម ។ នៅឆ្នាំ ១៩៥៣ សាលាភាសាខ្មែរឈ្មោះ “ពោធិ” ត្រូវបានរដ្ឋអំណាចវៀតណាមជំនាន់បាវដៃ គំរាមគំហែងធ្វើទុក្ខបុកម្នេញ មិនឲ្យព្រះសង្ឃ និងកុលបុត្រខ្មែរក្រោម រៀនភាសាខ្មែរ និងបង្ខំឲ្យបិទសាលាពោធិតែម្តង ។
ក្រោយពីបានបិទសាលាភសាខ្មែរឈ្មោះ “ពោធិ” នៅវត្តពោធិសាលរាជ (កំពង់) អ្នកស្រី ព្រំ យ៉ាង មានចិត្តមុះមុត បានឡើងមកភ្នំពេញ ដើម្បីតស៊ូបន្តការសិក្សាភាសាខ្មែរបន្ថែមទៀត ។ រហូតដល់អាយុ ២០ ឆ្នាំ អ្នកស្រី ព្រំ យ៉ាង មាននិស្ស័យគូព្រេងជាមួយបុរសម្នាក់ឈ្មោះ គឹម អ៊ុង មានស្រុកកំណើតនៅភូមិចុងព្រៃ ស្រុកថ្កូវ ខេត្តព្រះត្រពាំងកម្ពុជាក្រោម និងបានចុះទៅរៀបអាពាហ៍ពិពាហ៍ នៅស្រុកកំណើត ។ ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចមក ក៏ឡើងមកភ្នំពេញកសាងគ្រួសារមួយមានភាពសុខសាន្ត ដ៏ត្រជាក់ត្រជុំ ជាមួយ នឹងផ្ទះល្វែង ៥ ជាន់ទល់មុខបុរីកីឡា ។
អ្នកស្រី ព្រំ យ៉ាង និងស្វាមី គឹម អ៊ុង មានកូនចំនួន ៥ នាក់ ក្នុងនោះស្រី ៣ នាក់ ប្រុស ២ នាក់៖
- កូនទី ១. អ៊ុង សមិទ្ធិ ភេទស្រី (សព្វថ្ងៃរស់នៅប្រទេសបារាំង)
- កូនទី ២. អ៊ុង ថារី ភេទស្រី (ស្លាប់)
- កូនទី ៣. អ៊ុង ប្រុស ភេទប្រុស (ស្លាប់)
- កូនទី ៤. អ៊ុង រតនាសម្បត្តិ ភេទប្រុស (សព្វថ្ងៃកំពុងរស់នៅភ្នំពេញ)
- កូនទី ៥. អ៊ុង ប្រាសា ហៅ មុំ ភេទស្រី (សព្វថ្ងៃរស់នៅប្រទេសបារាំង)
- និងមានចៅប្រុសម្នាក់ឈ្មោះ អ៊ុង តុលា (សព្វថ្ងៃកំពុងរស់នៅជាមួយលោកយាយ ព្រំ យ៉ាង)
អ្នកស្រី ព្រំ យ៉ាង និងស្វាមី ព្រមទាំងកូន ៥ នាក់ បានរស់នៅក្នុងក្រុងភ្នំពេញមានសេចក្តីសុខក្សេមក្សាន្ត ។ អ្នកស្រី ព្រំ យ៉ាង បានធ្វើការក្នុងអង្គភាពរដ្ឋករទឹកស្វ័យតភ្នំពេញ ក្នុងទសវត្សរ៍ ៦០-៧០ ។ ចំណែកស្វាមីរបស់អ្នកស្រី ចូលបម្រើការងារក្នុងក្រសួងការពារជាតិ មានឋានៈជាអនុសេនីយ៍ទោ កាន់ផ្នែកកុងតាប់ បើកប្រាក់បៀវត្សរ៍ឲ្យទាហានតេហ្វកម៉ៃហ្វករបស់លោកតាប្រមុខ សឺង ង៉ុកថាញ់ ។
ដល់ខែ ៣ ឆ្នាំ ១៩៧៥ ប្រទេសកម្ពុជាមានសង្គ្រាមកើតឡើង កងទ័ព ប៉ុល ពត បានបាញ់គ្រាប់ផ្លោងចូលក្រុងភ្នំពេញ ធ្វើឲ្យស្ថានភាពប្រទេសជាតិកាន់តែតឹងតែង ។ ពេលនោះ លោក គឹម អ៊ុង ប្រាប់ទៅភរិយាថា សភាពការសង្គ្រមមិនស្រួលទេ ។ ដូច្នេះ អូនរៀបចំនាំកូន ៥ នាក់ទៅស្រុកកំណើតបណ្តោះអាសន្នសិន ចាំមើលប្រទេសជាតិ សុខសាន្តត្រាណ ចាំនាំកូនឡើងមកវិញ ។ ដោយបានឮសម្តីស្វាមីប្រាប់ដូច្នោះហើយ អ្នកស្រី ព្រំ យ៉ាង ក៏បាននាំកូនទៅស្រុកកំណើតបានប្រហែលជាង ៥ ទៅ ៦ ខែ ស្រាប់តែកម្លាំង ប៉ុល ពត រំដោះ ១៧ មេសា ឆ្នាំ ១៩៧៥ និងកាន់កាប់ទីក្រុងភ្នំពេញ ធ្វើឲ្យភរិយាបែកស្វាមី កូនព្រាត់ឪពុក អ្នកស្រី ខាំមាត់សង្កត់ចិត្ត ទ្រាំចិញ្ចឹមកូនក្នុងសម័យឆ្នាំ ១៩៧៦-៧៧-៧៨ ជាសម័យកាលមួយរស់នៅដោយពិបាក និងកម្សត់ខ្លាំងណាស់ ។ អ្នកស្រី ព្រំ យ៉ាង ខិតខំធ្វើស្រែ និងលក់ដូរបន្តិចបន្តួច ដើម្បីចិញ្ចឹមកូនទាំង ៥ នាក់ ដោយដើរតួជាឪពុកផង ជាម្តាយផង ។ ក្រោយមក គាត់ចាប់មុខរបរថ្មីមួយទៀត គឺជិះកង់ដើរលក់សិក្ខូបករណ៍ មានជាអាទិ៍ សៀវភៅធម៌ ភាសាបាលី ប៊ិក និងសម្ភារៈសិក្សាផ្សេងៗ ជាច្រើនទៀត នៅតាមវត្តអារាមក្នុងស្រុកថ្កូវ ស្រុកផ្នោដាច់ ។ល។ គួរបញ្ជាក់ថា ក្នុងការជិះកង់ដើរលក់ពីវត្តមួយទៅវត្តមួយឆ្ងាយពីគ្នានោះ គឺអ្នកស្រី ព្រំ យ៉ាង ពឹងអាស្រ័យបាយថ្ងៃត្រង់នៅវត្តណា ដែលអ្នកស្រីទៅលក់ដល់វត្តនោះ ពោលគឺចំពេលព្រះសង្ឃឆាន់ត្រង់រួច ព្រះចៅអធិការតេងតែហៅ អ្នកស្រី ព្រំ យ៉ាង មកពិសារបាយ ។ ម្យ៉ាងវិញទៀត មានពេលខ្លះកង់ខូចទៅផ្ទះមិនរួច ក៏សុំវត្តសម្រាក ១ យប់ ប៉ុន្តែ ក្នុងងចិត្តនឹកបារម្ភដល់កូននៅឯផ្ទះ កាលនោះ មានកូនស្រីច្បងឈ្មោះ អ៊ុង សមិទ្ធិ ជាអ្នកនៅមើលថែប្អូនតូចៗ ។
អ្នកស្រី ព្រំ យ៉ាង ដេករំពឹងរង់ចាំមើលស្វាមី ដូចកូនមើលផ្លូវម្តាយមកពីផ្សារអ៊ីចឹង គឺចាប់ពី ១ នាទី ១ ម៉ោង ១ ថ្ងៃ ១ ខែ ១ ឆ្នាំ រហុតដល់ឆ្នាំ ១៩៧៩ បានរំដោះទីក្រុងភ្នំពេញ នៅថ្ងៃទី ៧ ខែមក្ករា ឆ្នាំ ១៩៧៩ ។ អ្នកស្រី ព្រំ យ៉ាង បានឡើងមកភ្នំពេញ ដើម្បីរកស្វាមី និងស៊ើបសួរដំណឹង តែរកមិនឃើញ និងឮដំណឹងពីស្វាមីទាល់តែសោះ រហុតដល់ឆ្នាំ ១៩៨៣ អ្នកស្រី ព្រំ យ៉ាង បាននាំកូនឡើងមកភ្នំពេញ សំដៅមករកផ្ទះរបស់ខ្លួន ដែលធ្លាប់រស់នៅ ដើម្បីរស់នៅបន្ត ។ ប៉ុន្តែ វាសនាអភ័ព្វផ្ទះរបស់អ្នកស្រី ត្រូវបានគេចូលមកនៅមុនអស់ហើយ នៅសល់តែជាន់លើបង្អស់ ក៏សម្រេចចិត្តនាំកួន និងជញ្ជូនអ៊ីវ៉ានទៅរស់នៅជាន់ទី ៥ តែម្តង និងបន្តប្រកបមុខរបរលក់សៀវភៅ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ រហូតដល់ឆ្នាំ ១៩៩៥ ក៏ប្តូរផ្ទះពីបូរីកីឡា មករស់នៅស្ទឹងមានជ័យរហូតដល់សព្វថ្ងៃ ។
ការចូលបម្រើការងារសង្គមខ្មែរក្រោម
អ្នកស្រី ព្រំ យ៉ាង ក្រោយពីបានឡើងមកភ្នំពេញហើយ ។ នៅឆ្នាំ ១៩៩៨ អ្នកស្រី បានស្មគ្រចិត្តចូលបម្រើការងាររបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ។ ក្រោយមក លោក យន្ត ថារូ ជាប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បានរៀបចំកិច្ចប្រជុំមួយ ស្តីពិគម្រោងបង្កើតអង្គការស្ត្រីខ្មែរកម្ពុជាក្រោម ។ ជាលទ្ធផលនៅក្នុងអង្គប្រជុំនោះ តំណាងសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជាជាង ១០ អង្គកការ មូលមតិគ្នាសម្រេចថា នឹងរៀបចំបង្កើតសមាគមស្ត្រីខ្មែរកម្ពុជាក្រោម ហើយក្នុងពេលជាមួយគ្នានោះ អង្គប្រជុំក៏បានសម្រេចជ្រើសតាំងអ្នកស្រី ព្រំ យ៉ាង ធ្វើជានាយិកាប្រតិបត្តិ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ២០០០ នោះមក ។ នៅឆ្នាំ ២០០២ ក្រោមការដឹកនាំរបស់អ្នកស្រី ព្រំ យ៉ាង អង្គការស្ត្រីខ្មែរកម្ពុជាក្រោម បានទទួលព្រះរាជអំណោយពីព្រះបរមរតនកោដ្ឋ ព្រះករុណា អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ចំនួន ២០០០ ដុល្លារ៍ សម្រាប់បើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកកាត់ដេរ ដល់ស្ត្រីខ្មែរក្រោម រយៈពេល ៦ ខែ ។
សមាគមស្ត្រីខ្មែរកម្ពុជាក្រោម បានសហការជាមួយអង្គការ សមាគមខ្មែរកម្ពុជាក្រោមជាច្រើនទៀត ធ្វើការដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងជំរុញលើកទឹកចិត្តឲ្យចូលរួម កិច្ចការងារសង្គមខ្មែរក្រោម ។ អ្នកស្រី ព្រំ យ៉ាង បានបម្រើការសង្គមខ្មែរក្រោមយ៉ាងសកម្ម និងធ្លាប់បានចូលរួមកម្មវិធីជាច្រើន ដូចជា ចូលគាល់ព្រះមហាក្សត្រ ចូលរួមកម្មវិធីបុណ្យរាប់បាត្រព្រះសង្ឃ រៀងរាល់ឆ្នាំ នៅថ្ងៃទី ៤ មិថុនា ឆ្នាំ ១៩៤៩ ដែលជាថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម ឬទិវាកម្ពុជាក្រោម ឋិតនៅក្រោមរដ្ឋចំណុះវៀតណាម និងកម្មវិធីកិច្ចប្រជុំប្រចាំខែរបស់អង្គការ សមាគមខ្មែរកម្ពុជាក្រោម ។ល។
អ្នកស្រី ព្រំ យ៉ាង បានខិតខំប្រឹងប្រែង ធ្វើឲ្យសមាគមស្ត្រីខ្មែរកម្ពុជាក្រោម មានឈ្មោះល្បីរន្ទឺទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។ នៅឆ្នាំ ២០១៧ អ្នកស្រីមានវ័យកាន់តែចាស់ជរាទៅ ឯសុខភាពក៏ទ្រុឌទ្រោម ដូច្នេះហើយ អ្នកស្រីក៏សម្រេចធ្វើលិខិតសុំលាលែងពីនាយិកាប្រតិបត្តិ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម ។
អ្នកស្រី ព្រំ យ៉ាង មានស្នាដៃបម្រើការងារសង្គមយ៉ាងច្រើនសម្រាប់ជាតិ ទាំងនៅកម្ពុជា និងនៅកម្ពុជាក្រោម ។
ឧបាសិកា ព្រំ យ៉ាង ក៏បានកសាងបុណ្យ នៅក្នុងពុទ្ធសាសនាជាច្រើនដែរ ៕