បុណ្យ​ចូល​ព្រះវស្សា ព​.​ស​.២៥៥៧

0 209

​ដោយ ថាច់ ប្រីជា គឿន​l សារព័ត៌មាន ព្រៃនគរ​

​ថ្ងៃ​អង្គារ ០១ រោច ខែអាសាឍ ឆ្នាំម្សាញ់ បញ្ច​ស័ក ព​. ស​. ២៥៥៧ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ កក្កដា គ​. ស​. ២០១៣ ជា​ថ្ងៃ​ព្រះសង្ឃ ចូល​វស្សា​នៅតាម​វត្ត​អារាម​នានា រយៈពេល ៣ ខែ តាម​វិន័យ​ពុទ្ធ​ប្បញ្ញា​ត្ត ។ នៅ​ដែនដី​កម្ពុជា​ក្រោម​ព្រះសង្ឃ​ខ្មែរក្រោម​ដែលជា​អ្នកប្រតិបត្តិ​តាម​ព្រះពុទ្ធសាសនា​ថេរវាទ​ជិត ២០០០ ឆ្នាំ ហើយ​នោះ ក៏បាន​ចួ​ល​វស្សា​នៅថ្ងៃនេះ​ផងដែរ ។ មុន​ថ្ងៃ ១៥ កើត ខែអាសាឍ គឺ​មុន​ថ្ងៃ​ចូល​វស្សា​មួយថ្ងៃ​
​ក្នុងអំឡុងពេល​មួយ​សប្តាហ៍​ព្រះសង្ឃ​ខ្មែរក្រោម​នៅតាម​វត្ត​អារាម​នានា​បាន​និមន្ត​ចេញ ពី​វត្ត​មួយ​ទៅកាន់ វត្ត​មួយ​ដើម្បី​ធ្វើ​វត្ត ឬ យក​វត្ត​គ្រូឧបជ្ឈាយ៍​របស់ខ្លួន​រៀងៗ​អង្គ ។​

ព្រះសង្ឃខ្មែរក្រោមនៅក្នុងវត្តមួយនៃខេត្តឃ្លាំង ។
ព្រះសង្ឃខ្មែរក្រោមនៅក្នុងវត្តមួយនៃខេត្តឃ្លាំង ។

​ក្នុងឱកាស​ព្រះសង្ឃ​ចូល​វស្សា​នេះ សារព័ត៌មាន ព្រៃនគរ សុំ​លើកយក​អត្ថបទ មួយ​មាន ចំណងជើង​ថា «​បុណ្យ​ចូល​ព្រះវស្សា​» ដែល​បាន​ស្រង់​ចេញ​ទាំងស្រុង ពី​សៀវភៅ «​កម្ពុជសុរិយា » ត្រង់​ទំព័រ ៤៣ បោះពុម្ព​ឆ្នាំ​ទី ៤៩ លេខ ២ ខែមេសា -​ឧសភា​- មិថុនា ពុទ្ធសករាជ ២៥៣៩ គ្រឹ​ស្ត​សករាជ ១៩៩៥ មក​ផ្សាយ​បន្ត​មាន​ខ្លឹមសារ​ដូចខាងក្រោម ។

​ទិដ្ឋភាព​ទូទៅ៖

​ក្នុង​ការចូល​ព្រះវស្សា​របស់​ព្រះ​ភិក្ខុសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្តិ និង​អនុញាត ទុក​នៅ​ពុំមាន​ពិធី​អ្វី​អម​រួមផ្សំ​ច្រើន​ទេ​គឺ​កាលណា​ពេលវេលា​នៃ​ការចូល​ព្រះវស្សា​មកដល់ ព្រះ​ភិក្ខុសង្ឃ គ្រាន់ តែ​ជួបជុំគ្នា​ក្នុង​អាវាស​វត្ត (​ឧបោសថាគារ​) ហើយ​អធិដ្ឋាន​បាលី​ចូល ព្រះវស្សា​ជាការ​ស្រេច ។ ដោយឡែក​ការចូល​ព្រះវស្សា​នៅ​ប្រទេស​កម្ពុជា មានការ​អមដោយ កម្មវិធី​មួយចំនួន ផ្សេងទៀត​ដូចជា ពិធី​សិត​ទៀន​ព្រះវស្សា​កា​របរ​វណា​ទៀន​ព្រះវស្សា និង​សំពត់​សាដក (​សំពត់​ងូតទឹក​ភ្លៀង​) ព្រមទាំង ការ​បវរ​ណា​បច្ច័យបួន ដល់​ភិក្ខុសង្ឃ​សម្រាប់​ត្រៀម​សម្រាប់​ការប្រើប្រាស់ របស់​ព្រះសង្ឃ​ក្នុង​រដូវ​ចាំ ព្រះវស្សា​ជាដើម ។​

​រៀងរាល់ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ពេល​បុណ្យ​ចូល​ព្រះវស្សា​ជិត​ចូល​មកដល់​ពុទ្ធសាសនា​ខ្មែរ តែងតែ​នាំយក ទៀន​ព្រះវស្សា​មាន​តូច មាន​ធំ និង​សំពត់ សាដក​ព្រមទាំង​បច្ច័យបួន ទៅ​ប្រគេន​ព្រះសង្ឃ សម្រាប់ ចាំ​ព្រះវស្សា ព្រោះ ថា​ព្រះសង្ឃ​ដែល​បាន​បវរ​ណា​ចូល​ព្រះ វស្សា​ហើយ​ពុំ​អាន​និមន្ត​ត្រាច់ចរ​ទៅ​ទី​ឆ្ងាយ ដើម្បី​បិណ្ឌ​បាត្រ​បានទេ ។ ម្យ៉ាងវិញទៀត​ចំពោះ​សមណ​សិស្ស​ដែល​ស្នាក់នៅ​រៀនសូត្រ​ឆ្ងាយ ស្រុកកំណើត​ត្រូវបាន​អនុញាតិ​ឱ្យ​ឈប់សំរាក​ចំនួន​ពីរ​សប្តាហ៍ ដើម្បី​សួរសុខទុក្ខ​ញោមញាតិ​នៅ​ស្រុក កំណើត​និង​បិណ្ឌ​បាត្រ​បច្ច័យបួន​សម្រាប់​ត្រៀម​ចូល​ព្រះ វស្សា​ផងដែរ ។​

​លុះដល់​ថ្ងៃ ១៥ កើត ខែអាសាឍ មុន​ថ្ងៃ​ចូល​ព្រះវស្សា​មួយថ្ងៃ ពុទ្ធបរិស័ទ​តែង ជួបជុំគ្នា​នៅ​វត្ត ដើម្បី​ហែ​ទៀន​ព្រះវស្សា សាដក គ្រឿង​បរិក្ខា និង​គ្រឿង​សក្ការៈ​ប្រទក្សិណ​ព្រះវិហារ បន្ទាប់មក​និមន្ត​ព្រះ សង្ឃ​ចំរើន​ព្រះ​បរិត្ត និង​វេរ​ទៀន​ព្រះវស្សា និង​បរិក្ខា​ផ្សេងៗ​ដល់​ព្រះសង្ឃ លុះ​ព្រឹក​ឡើង​មាន​ពិធី​វេរ​ភ​ក្តា ហារ​ដល់​ព្រះសង្ឃ​ទៀត ។ លុះដល់​ថ្ងៃ ១​រោច ខែអាសាឍ ព្រះ​ភិក្ខុសង្ឃ​ជួបជុំគ្នា​នៅ​រោង​ឧ​បោស ថ​បន្ទាប់មក​ព្រះមហា​ថេរ មាន​ប្រកាស​អំពី​ការចូល​ព្រះវស្សា​និង ធ្វើការ​ក្រើនរំឭក​អំពី​វិន័យ ដែល​ទាក់ទង នឹង​ការ​ចាំ​ព្រះវស្សា​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​បាន​ជ្រាប​បន្ទាប់មក​ព្រះ​ភិក្ខុសង្ឃ​ធ្វើការ​នមស្សការ​ចំពោះ​ព្រះ​រតនត្រ័យ លុះ​រួចរាល់​ហើយ ព្រះសង្ឃ​ក៏​អធិដ្ឋាន​បាលី​ចូល​ព្រះវស្សា​ថា “​ឥ​ម​ស្មឹ អា​វា​​សេ​ឥ​មំ តេ​មា​សំ វ​ស្សំ ឧ​បេ​មិ ។​ ទុតិយ​ម្បិ ឥ​ម​ស្មឹ …………​វ​ស្សំ ឧ​បេ​មិ ។ ត​តិ​យ​ម្បិ​ ឥ​ម​ស្មឹ​……………​វ​ស្សំ ឧ​បេ​មិ” ។ មានន័យថា « ខ្ញុំព្រះករុណា សូម​នៅចាំ​ព្រះវស្សា​​អស់បី នៃ ខែ​ក្នុង អាវាស​នេះ ជា​វារៈ​ពីរដង​ផង និង​ជា​វារៈ​បី​ដង​ផង » ជា​កិច្ចបញ្ចប់​នៃ​ពិធី​ចូល​ព្រះវស្សា ។

​បុព្វហេតុ​នៃ​ការចូល​ព្រះវស្សា៖ 

​សម័យ​នោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​គង់នៅ​វត្ត​វេឡុវ័ន ទៀប​ក្រុង​រាជគ្រឹះ​គ្រា​នោះឯង​ព្រះអង្គ មិនទាន់បាន បញ្ញត្ត និង​អនុញាត នៃ​ការ​ចាំ​ព្រះវស្សា​នៅឡើយ​ទេ ។ ភិក្ខុ​នា​សម័យ​នោះ​ក៏​ចេញ​ដើរទៅ​កាន់​ទី​គោចរ ផ្សេងៗ​អស់​ហេមន្តរដូវ​ខ្លះ​អស់​គិម្ហ​រដូវ​ខ្លះ អស់​វស្សានរដូវ​ខ្លះ ។ មនុស្ស​ទាំងឡាយ​មាន​ពួក​ពា​ហិ​រ សាសនា ជាដើម  (​អ្នក​កាន់សាសនា​ដទៃ​) ក៏​ពោលទោស​តិះដៀល​បន្តុះបង្អាប់​ថា ពួក​សមណៈ​ជា​សាក្យ​បុត្ត​មិន សមបើ​នឹង​ដើរ (​ខុសរដូវ​កាល​) ជាន់​ស្មៅ​ស្រស់ ជាន់​សត្វល្អិតៗ ឱ្យ​វិនាស​សោះ សូម្បី​ពួក​បរិ​ព្វា​​ជក​មាន​លទ្ធិ​ដទៃ​ជា​អ្នក​ពោល​ធម៌​អាក្រក់​ក៏​គង់​នឹង​សំងំ​ឈប់សម្រាក​ចាំ​វស្សា ឬ​សូម្បី​ពួក​សត្វ​ស្លាប ទៀតសោត​ក៏​គង់តែ​ធ្វើ​សំបុក​លើ​ចុងឈើ​ហើយ​សំងំ​ឈប់ សំរាក​ចាំ​វស្សា​ដែរ ។  ល​មនុស្ស​ទាំងឡាយ នោះ​កំពុង​លើកទោស​បែប​នោះ ពួក​ភិក្ខុសង្ឃ​ក៏​បានឮ​ច្បាស់ នឹង​ត្រចៀក​ផ្ទាល់​ហើយក៏​នាំ​សេចក្តី​នោះ ទៅ​ក្រាបបង្គំ​ទូលថ្វាយ​ដល់​ព្រះ​សម្ពុទ្ធ ។ ព្រះ​សាស្តា​ទ្រង់​ធ្វើ​ធ​ម្មី​កថា ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ មក​អនុញ្ញាត​ថា «​អនុជា​នា​មិ ភិ​ក្ខ​វេ វ​ស្សំ ឧ​បគ​ន្តុំ​» មានន័យថា «​ម្នាល​! ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឱ្យ​ភិក្ខុ​ចូល​ព្រះវស្សា​» ។

​អត្ថប្រយោជន៍​នៃ​ការចូល​ព្រះវស្សា៖

​ថេរវេលា​នៃ​ការ​គង់​ចាំ​ព្រះវស្សា​បី​ខែ​នេះ ជា​រយៈពេល​មួយ​មានតម្លៃ​ពិសេស​ណាស់​សម្រាប់​ព្រះសង្ឃ​ក្នុង ព្រះពុទ្ធសាសនា ។ កាល​មុន​ថ្ងៃ​ចូល​ព្រះវស្សា ព្រះសង្ឃ​តែង​ចេញ​គោចរ​ទៅ ទី​ផ្សេងៗ ដើម្បី​ផ្សាយ សាសនា ឬ សិក្សា​រៀនសូត្រ​នៅ​ទី​ក្រៅ​អាវាស មានការ​ប្រតិបត្តិ​វិបស្សនាធុរៈ ក្នុងព្រៃ​ជ្រៅ​ជាដើម តែ​កាលបើ​ដល់​ថ្ងៃ​ចូល​ព្រះវស្សា​ហើយ ព្រះសង្ឃ​ទាំងនោះ​ត្រឡប់មក វត្ត​អារាម​វិញ ។ ការជួបជុំ​របស់ ព្រះសង្ឃ​ដែល​និមន្ត​មកពី កន្លែង​ផ្សេងគ្នា តែង​នាំមក​នូវ​បទ ពិសោធន៍ និង​ចំណេះដឹង​ផ្សេងៗ​គ្នា ពេលនោះ​ព្រះអង្គ​អាច​ចែករំលែក​និង​បង្រៀន​នូវ​ចំណេះដឹង​ទាំងនោះ​ដល់​ព្រះ​ភិក្ខុ​ផង​គ្នា ដែលមាន​ចំណេះ វិជ្ជា​តិចតួច​ជាង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការចូល​ព្រះវស្សា ជា​ពេល​វា​លា​តឹងរឹង​មួយ​ក្នុងការ​ប្រតិបត្តិ របស់​ព្រះសង្ឃ​មានន័យថា ព្រះអង្គ​ព្យាយាម​បំពេញ​ទាំង​វិបស្សនាធុរៈ ទាំង​គន្ថធុរៈ ឱ្យ​កាន់តែ​ចាស់​ក្លា​ជាង ពេលណាៗ​ទាំងអស់ ដើម្បី​សន្សំ​ផល្លា​អានិសង្ស​សំរាប់​ខ្លួន​ផង និង​សម្រាប់​ជីវិត ដែល​រស់នៅក្នុង​លោក នេះ​ផង ៕

Leave A Reply

Your email address will not be published.