បេក្ខសមណសិស្ស-សិស្ស ៣២៧ អង្គ និងនាក់ នៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង ប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ នៅស្រុកថ្កូវនៃខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម នៅថ្ងៃសុក្រ ទី ១ ខែមករា បានចាត់តាំងពិធីប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ និង ទី ៣ ឬថ្នាក់បាលីទី ២ និង ទី ៣ នៅមណ្ឌលប្រឡងនៅវត្តពោធិព្រឹក្សគិរីវង្ស ហៅស្វាយសៀមចាស់ ដែលជាម្ចាស់ផ្ទះរៀបចំពិធីប្រលងរួមថ្នាក់ស្រុក ក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង ។
បេក្ខសមណសិស្ស-សិស្ស នៃសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឬថ្នាក់ពុទ្ធិកអនុវិទ្យាល័យទី ២ និងទី ៣ នៅទូទាំងស្រុកថ្កូវ ដែលបាននិមន្តមកសិក្សា នៅតាមវត្តអារាមនានា ក្នុងស្រុកមួយនេះ និងគណៈមេប្រយោគ គ្រូបង្រៀន គណៈកម្មការវត្ត បានមកជួបជុំគ្នា ដើម្បីចូលរួមក្នុងកម្មវិធីប្រឡងរួមបញ្ចប់ថ្នាក់ទូទាំងស្រុក ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ៣ រោច ដល់ថ្ងៃអាទិត្យ ៥ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ នឹងថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣ ខែមករា គ្រិស្តសករាជ ២០២០ ។
បេក្ខសមណសិស្ស និងសិស្សានុសិស្ស ដែលចូលរួមប្រឡងប្រចាំឆ្នាំ ២០២១ នៅទូទាំងស្រុកថ្កូវនេះ មានសមណសិស្សសុរបចំនួន ១៦២ អង្គ និង សិស្សានុសិស្សចំនួន ១៦៥ រូប ។
ព្រះតេព្រះជគុណ ថាច់ ថាយយៀង ចៅអធិការវត្តវត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) មានថេរដីកាថា ការប្រឡងនេះ គឺព្រះសង្ឃ គណៈកម្មការ និងពុទ្ធបរិស័ទ ត្រូវរៀបចំរយៈពេលជិត ២ ខែមកហើយ តែទោះជាយ៉ាងណា ព្រះអង្គអះអាងថា មិនមានការហត់នឿយនោះទេ ដោយសារតែការស្រលាញ់អក្សរសាស្ត្ររបស់ខ្លួន ។
ព្រះតេជព្រះ គុណ ថាច់ ថាយយៀង «ការហត់នឿយហ្នឹង គីយើងអត់សោកស្តាយទេ ដោយអាស្រ័យ ការស្រលាញ់អក្សរសាស្ត្រខ្លួនយើង ហើយការចាត់តាំងរបស់មន្ត្រីសង្ឃស្រុកប្រគល់មកឲ្យផងនេះ ហេតុដូច្នេះ ខ្ញុំព្រះករុណា អាត្មាភាពក៏មានការសប្បាយរីករាយ» ។
យុវតី គឹម ធីង៉ុកសុភា ដែលជាបេក្ខសិស្សមួយរូប ដែលមកពីវត្តចូឡាមណីចេត្តិយ លើកឡើងថា កញ្ញាចូលមកសិក្សាអក្សរសាស្ត្រខ្មែរ គឺចូលមកបន្តពីបុព្វបុរស ឬអ្នកប្រាជ្ញពីបុរាណបានបន្សល់ទុកឲ្យមកដល់ឥឡូវ ។
យុវតី គឹម ធីង៉ុកសុភា «នាងខ្ញុំយល់ឃើញថា តម្លៃអក្សរសាស្ត្រខ្មែរយើង បច្ចុប្បន្នលោកមានការតម្កើងឡើង ពិសេសជាប្រការមួយយ៉ាងអស្ចារ្យ សម្រាប់កូនខ្មែរជំនាន់ក្រោយត្រូវតែថែរក្សា ព្រោះថាអក្សរសាស្ត្រខ្មែរឥឡូវនេះ មានការសាបសូន្យបន្តបន្ទាប់» ។
អ្នកគ្រូបង្រៀនមួយរូប ឈ្មោះ ដានី បង្រៀននៅវត្តចូឡាមណីចេត្តិយ លើកឡើងថា ពេលដែលរៀនអក្សរសាស្ដ្រខ្មែរ គឺមានប្រយោជន៍ច្រើន ទី ១ អាចយល់ពីប្រវត្តិនៃអក្សរសាស្ត្រ ទី ២ គឺអាចយល់ពីពុទ្ធសាសនា ហើយបានបង្រៀនទៅកូនចៅជំនាន់ក្រោយឲ្យបានចេះកាន់តែច្រើន ។
អ្នកគ្រូ ដានី «ពីមុនទៅ មានការទំនុកបម្រុងពីឪពុក ម្ដាយ ក៏បានចូលរៀននៅក្នុងវត្ត ហើយក៏បានចូលរៀន នៅក្នុងវត្ត ហើយបានសិក្សាពុទ្ធិកមធ្យមសិក្សាផង ជាពិសេសខាងផ្នែកពុទ្ធសាសនា ហើយក្រោយមកទៀត ពេលបានរៀនចប់ថ្នាក់គឺបានក្លាយជាគ្រូបង្រៀនម្នាក់» ។
ព្រះតេជព្រះគុណ ថាច់ ញឹក អនុប្រធានប្រចាំការ សាលាអនុគណស្រុកថ្កូវ មានថេរដីការថា រាល់ថ្ងៃនេះ គឺមិនខ្លាចនោះឡើយ នូវការបាត់បង់អក្សរសាស្ត្រខ្មែរ ហើយសាលាគណស្រុកថ្កូវ គឹមានគៅដៅក្នុងឆ្នាំថ្មីធ្វើ យ៉ាងណាឲ្យវត្តទូទាំងស្រុកថ្កូវ មានសលាពុទ្ធិកសិក្សាគ្រប់ៗ វត្ត ។
ព្រះតេជព្រះគុណ ថាច់ ញឹក «យើងរាល់គ្នាបច្ចុប្បន្នភាព ជាពិសេសគឺស្រុកថ្កូវ មិនខ្លាចទេដើមឬស្សីចាស់ងាប់ ប៉ុន្តែ ខ្លាចបំផុតគឺទំពាំងថ្មីមិនព្រមដុះ តែបច្ចុប្បន្នទំពាំងថ្មី កំពុងតែដុះ កំពុងតែរីករាលដុះដាលយ៉ាងល្អ» ។
តាមតួលេខរបស់សាលាអនុគណស្រុកថ្កូវ ឆ្នាំកន្លងទៅមាន ៣១ វត្ត ក្នុងចំណោម ៣៧ វត្តខ្មែរនៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង បានបើកថ្នាក់ពុទ្ធិកមធ្យមសិក្សា ។ បើតាមព្រះតេជគុណ ថាច់ ថាយយៀង នេះជាឆ្នាំដំបូងហើយ ដែល វត្តពោធិព្រឹក្សគិរីវង្ស ហៅវត្តស្វាយសៀមចាស់ ត្រូវបានអនុញ្ញាតិឲ្យរៀបចំការប្រឡង ។
សូមបញ្ជាក់ថា នេះជាកម្មវិធីសិក្សាផ្នែកពុទ្ធចក្រជាភាសាខ្មែរ និងបាលី ត្រូវបើកសាលា នៅតាមវត្តអារាមនានា ក្នុងខេត្តព្រះត្រពាំង ចាប់ពីថ្ងៃ ១ រោច ខែវិសាខ ដើមពុទ្ធសករាជ ជារៀងរាល់ឆ្នាំ ។ ការសិក្សាផ្ដោតលើធម៌អាថ៌វិន័យ នៅក្នុងពុទ្ធសាសនា អក្សរសាស្ត្រផ្នែកភាសាបាលី អក្សរសាស្ត្រផ្នែកភាសាខ្មែរ និង វិជ្ជាផ្លូវលោកមួយចំនួន ដូចជា គណិតវិជ្ជា និង ភាសាអង់គ្លេស ជាដើម ៕