ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ប៉ុន្មានថ្ងៃនេះ ព័ត៌មានស្រុកខ្មែរនាំគ្នាផ្សាយអំពីការបោះឆ្នោតនៅប្រទេសភូមា ។ អ្វីដែលធ្វើឲ្យ ខ្ញុំមានការ ចាប់ អារម្មណ៍នោះ អត្ថបទរាយការណ៍របស់ពួកអ្នកកាសែតភាគច្រើន គេហៅប្រទេស “ភូមា” ថា “មីយ៉ាន់ម៉ា” ទៅ វិញ ។ តាមខ្ញុំគិត ការប្រើពាក្យ “មីយ៉ាន់ម៉ា” ជំនួសឲ្យពាក្យ “ភូមា” នោះ ប្រហែលជាពួក អ្នក កាសែតទាំង នោះគិតថា ពួកគេកំពុងតែ ប្រើភាសាអ្វីមួយដែលអ្នកស្រុកខ្មែរនិយមហៅថា “ភាសាផ្លូវ ការ” ។ ប៉ុន្តែតាមពិត ទៅ ពួកអ្នក កាសែត និងពលរដ្ឋ ខ្មែររូប ណាដែលកំពុងតែចូលចិត្តប្រើពាក្យ “ម៉ីយ៉ាន់ម៉ា” នោះ ជាអ្នកដែល កំពុងតែ ភ្លេចនូវ ភាសាជាតិខ្មែររបស់ខ្លួន និងអាចកំពុងតែក្លាយទៅជា “មនុស្សដែលងាយត្រូវ វប្បធម៌បរទេសពង្វឹក” ដោយមិន ដឹងខ្លួន ។
“ភូមា” និង “មីយ៉ាន់ម៉ា” ខុសគ្នាដូចម្ដេចក្នុងភាសាខ្មែរ?
ពាក្យ “ភូមា” និង “មីយ៉ាន់ម៉ា” ជាឈ្មោះពីរខុសគ្នា តែប្រើសម្រាប់ហៅសំដៅលើប្រទេស “ភូមា” តែមួយ ។ “ភូមា” ជា ឈ្មោះ មួយមាននៅក្នុងភាសាខ្មែរ ដែលជនជាតិខ្មែរធ្លាប់ប្រើតាំងពីដើមរៀងមក ។ ពាក្យ “ភូមា” ចេញ មកពាក្យ “បើម៉ា” (Burma) នៅក្នុងភាសាភូមា តែដូនតាខ្មែរបានបង្កើតពាក្យនេះឲ្យទៅជាភាសាខ្មែរ សុទ្ធ សាធមួយ ដើម្បីតម្រូវទៅតាមការបញ្ចេញ សំឡេង ឬ តម្រូវទៅតាមបំពង់ករបស់ជនជាតិខ្មែរ ។
យោងតាមវចនាខ្មែរបានពន្យល់ត្រង់ពាក្យ “ ភូមា” ថា៖
“ ភូមា ( ន. ) ឈ្មោះប្រទេសមួយក្នុងភាគដីឥណ្ឌូចិននៅជាខាងឯលិចប្រទេសសៀម : ប្រទេសភូមា ។ ពួក មនុស្សអ្នកប្រទេសនោះក៏ហៅថា ភូមាដែរ : ជាតិភូមា, ពួកភូមា ជាពុទ្ធសាស និកថេរវាទដូចខ្មែរដែរ” ។
ពាក្យ “ភូមា” នៅតែពេញនិយមប្រើជាផ្លូវការសម្រាប់ប្រទេសលោកខាងលិចមួយចំនួន ដូចជា អង់គ្លេស, សហរដ្ឋអាមេរិក, អូស្ត្រាលី និង អៃឡែន (Ireland) ជាដើម ដោយប្រទេសទាំងនោះ នៅតែប្រើភាសាអង់ គ្លេសហៅពលរដ្ឋ “ភូមា” ថា “Burmese” ដដែល ។
ពាក្យ “មីយ៉ាន់ម៉ា” មិនមានពន្យល់នៅក្នុងវចនានុក្រមខ្មែរទេ តែពាក្យនេះ កើតចេញមកពីពាក្យ “Myanmar” នៅក្នុងភាសាអង់គ្លេស ។ ប្រវត្តិពាក្យ “Myanmar” បានកើតឡើងនៅឆ្នាំ ១៩៨៦ ដោយគណៈកម្មការ យោធាភូមា បានប្ដូរ នាមសព្ទប្រទេសរបស់ខ្លួនក្នុងភាសាអង់គ្លេសពីពាក្យ “ភូមា” (Burma) ទៅជាពាក្យ “មីយ៉ាម៉ា” (Myanmar) វិញ ។ ការផ្លាស់ប្ដូរកាលនោះ ពួកគេបានប្ដូរឈ្មោះភូមិសាស្ត្រជាភាសាអង់គ្លេស ជាច្រើនកន្លែងនៅក្នុងប្រទេស ដូចជា ឈ្មោះ ទីក្រុង “រាំងហ្គូន” (Rangoon) ទៅជាទីក្រុង “យាំងហ្គូន” (Yangoon) ជាដើម ។
ការផ្លាស់ប្ដូរឈ្មោះប្រទេសពី “ភូមា” ទៅជា “មីយ៉ាន់ម៉ា” នេះ ជាបញ្ហាចម្រូងចម្រាសមួយនៅក្នុងទីលាន នយោបាយប្រ ទេស ភូមា ។ មានក្រុមជាតិភូមាជាច្រើននៅតែបន្តហៅប្រទេសរបស់ខ្លួនថា “ភូមា” ដដែល ពីព្រោះ ពួកគេ មិនបានទទួល ស្គាល់នូវលក្ខណៈស្របច្បាប់ ឬផ្លូវការណាមួយដែលបានកើតចេញពីរដ្ឋា ភិបាលយោធា ដែលបានធ្វើការផ្លាស់ប្ដូរ ឈ្មោះប្រទេសរបស់ពួកគេឡើយ ។
តើជនជាតិខ្មែរគួរប្រើឈ្មោះទាំងពីរនេះដូចម្ដេច?
“ភូមា” (Burma) ជាពាក្យដែលខ្មែរគួរតែយកមកប្រើជាផ្លូវការក្នុងការសរសេរ និងនិយាយក្នុងភាសាជាតិខ្មែរ របស់ខ្លួន ។ ឧទាហរណ៍ដូចជាសរសេរ និង និយាយថា “ខ្ញុំចង់ទៅប្រទេសភូមា” ឬ “ខ្ញុំបានជជែកគ្នាជា មួយនឹងជន ជាតិភូមា” ជាដើម ។
“មីយ៉ាន់ម៉ា” (Myanmar) ជាពាក្យសម្រាប់ប្រើជាផ្លូវការនៅក្នុងភាសាអង់គ្លេស ដើម្បីសំដៅដល់ប្រទេស ភូមា មានន័យថា បានតែប្រើក្នុងភាសាអង់គ្លេសតែប៉ុណ្ណោះ ។ ឧទាហរណ៍ថា “I want to go to Myanmar” ជាដើម ។ ផ្ទុយទៅវិញក្នុងភាសានិយាយ ជនជាតិខ្មែរមិនអាចនិយាយភាសាអង់គ្លេសថា “I want to go to Purmea” បានទេ ព្រោះថា ពួកបរទេស គេមិនដែលបានស្គាល់ពាក្យថា “ភូមា” ឡើយ ។
ភាពស្រដៀងគ្នាក្នុងភាសាខ្មែរដែលជនជាតិខ្មែរគួរពិចារណា៖
ពាក្យ “ចិន”, “ China” និង “中国” ៖
ខ្ញុំកត់សម្គាល់ឃើញពាក្យមួយដែលខ្មែរនៅតែប្រើក្នុងលក្ខណៈជាខ្មែរដដែលនោះគឺ ពាក្យថា “ចិន” ដែលពាក្យ នេះចេញមកពីពាក្យ “ឆៃណា” (China) នៅក្នុងភាសាអង់គ្លេស និងពាក្យ “ជុងហ្គួរ” (中国) ក្នុងភាសាចិន ។ ពាក្យ “ចិន” នេះ ជនជាតិខ្មែរនិយាយសំដៅលើមនុស្សផង និងទឹកដីផង ។ បើប្រើសំដៅលើទឹកដីខ្មែរ ប្រើថា “ប្រទេសចិន” តែបើប្រើសំដៅលើមនុស្ស ឬជាតិហាន (Han) វិញ ខ្មែរប្រើថា “ជនជាតិចិន” និងបើចង់ប្រើ សំដៅលើ ក្រុម មនុស្ស គ្រប់ជនជាតិនៅក្នុងប្រទេសចិន ខ្មែរប្រើពាក្យថា “ពលរដ្ឋចិន” ។
វចនានុក្រុមខ្មែរបានបញ្ជាក់ថាត្រង់ពាក្យ “ចិន” ថា៖
“ចិន ( ន. ) ជាតិមនុស្សមួយប្រភេទ ដើមកំណើតនៅប្រទេសចិន ឬមកពីប្រទេសចិន មកនៅក្នុងប្រទេសកម្ពុជាយើង” ។
ពាក្យ “លាវ”, “Laos” និង “ລາວ” ៖
ពាក្យ “លាវ” នេះ ជាឈ្មោះរបស់ជាតិមនុស្សមួយរស់នៅក្នុងទឹកដីលាវ ដែលជាដែនមួយក្នុងភាគផែនដីឥណ្ឌូចិន សព្វថ្ងៃជាប្រទេសមួយជាប់ព្រំដែនភាគខាងជើងនៃប្រទេសកម្ពុជា ហៅថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ ។ ពាក្យ “លាវ” នេះ ជាភាសាខ្មែរកើតចេញពីភាសាសៀម និងលាវ ដែលជនជាតិសៀម និងជនជាតិលាវខ្លួនឯងនិយាយ និងអានថា “ល៉ាវ” ។ ជនបរទេសប្រើភាសាអង់គ្លេសក្នុងការនិយាយ និងសរសេរសំដៅលើជនជាតិ “លាវ” ថា “Laos” អានថា “ល៉ាវ” ។
យោងតាមវចនានុក្រមខ្មែរ សម្ដេចសង្ឃរាជ ជួន ណាត ទ្រង់បានបញ្ជាក់ត្រង់ពាក្យ “លាវ”ថា៖
“លាវ ស. ល. ( ន. ) (អ. ថ. ល៉ាវ) ជាតិមនុស្សក្នុងដែនមួយក្នុងភាគផែនដីឥណ្ឌូចិន, ហៅតាមគោត្រកូលក្នុងសម័យពីដើមមានច្រើនពួកគឺ លាវកាវ, លាវភុងដាំ, លាវភុងខាវ, ងៀវ, ខឺន, ញួន, ភួន, លឺ, ល៉ែម, ល៉ៈវ៉ៈ, ល៉ៈវ៉ា ឬ លួៈ, ថៃ, ភូថៃ, ថូ, យ៉, យ៉ូយ, កល៉ឺង ជាដើម; ហៅដោយរួបរួមថា លាវៗ ដូចគ្នា: ជាតិលាវ, ប្រទេសលាវ” ។
ពាក្យ “យួន” ៖
ពាក្យ “យួន” ជានាមសព្ទក្នុងភាសាខ្មែរដែលដូនតាខ្មែរបានវប្រើជាយូរយារណាស់មកហើយ សម្រាប់ហៅ សំដៅលើជនជាតិ និងប្រទេសមួយនៅខាងកើតប្រទេសកម្ពុជា ដែលភាសាយួនហៅថា ជនជាតិ កិន (Kinh) និង ប្រទេស វៀតណាម (Vietnam) ។ បរទេសនិយាយ និងសរសេរជាភាសាអង់គ្លេសសំដៅលើជាតិមនុស្ស “យួន” ថា “Kinh People” ឬ សំដៅលើក្រុមអម្បូរមនុស្សផ្សេងៗគ្នាទាំង ៥៤ ជនជាតិនៅក្នុងប្រទេសយួនថា “Vietnamese” ដែលប្រែជាភាសាខ្មែរថា “ពលរដ្ឋវៀតណាម” និងសំដៅលើប្រទេសយួនថា “វៀតណាម” (Vietnam) ។
តើខ្មែរប្រើពាក្យ “យួន” ដូចម្ដេចទើបត្រឹវត្រូវ៖
នៅក្នុងភាសាខ្មែរ ពាក្យ “យួន” យើងអាចប្រើសម្រាប់ហៅសំដៅលើមនុស្សផង និងទឹកដីផង ។ បើប្រើសំដៅ លើជាតិមនុស្សយួន ត្រូវប្រើថា “ជនជាតិយួន” ដែលភាសាអង់គ្លេសប្រើថា Kinh People តែបើចង់ប្រើសំដៅ លើទឹកដី ឬ ប្រទេសទេសវិញ ត្រូវប្រើថា “ប្រទេសយួន” ឬ “ប្រទេសវៀតណាម” ។ សូមកុំច្រឡំប្រើពាក្យថា “ជនជាតិវៀតណាម” បើចង់ប្រើពាក្យបែបនេះ គេគួរតែប្រើពាក្យថា “ពលរដ្ឋវៀតណាម” គឺសំដៅលើក្រុមអម្បូរ មនុស្សទាំងអស់មាន ៥៣ ជនជាតិ ក្រៅពីជនជាតិយួន (Kinh) ក្នុងនោះមាន ជនជាតិខ្មែរ ឬ ខ្មែរក្រោម , ចាម្ប៍ , ម៉ុងតៃញ៉ា, តៃ, ចិន និង ហ្មុង ជាដើម ដែលរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនសព្វថ្ងៃ បានទទួល ស្គាល់ជាផ្លូវការថាជា “ជនជាតិភាគតិច” នៅក្នុងប្រទេសយួន ។
វចនានុក្រុមខ្មែរបានបញ្ជាក់ថាត្រង់ពាក្យ “យួន” ថា៖
“យួន ( ន. ) ជាតិមនុស្សអ្នកដែនតុងក័ង, ដែនអណ្ណាម, ដែនកូស័ងស៊ីន : យួន តុងក័ង, យួនអណ្ណាម, យួនកូស័ងស៊ីន; ពាក្យសាមញ្ញច្រើនហៅយួនតុងក័ងថា យួនហាណូយ, ហៅយួនអណ្ណាមថា យួនហ្វេ, ហៅយួនកូស័ងស៊ីនថា យួនព្រៃនគរ” ។
មិនមែនរើសអើងពូជសាសន៍ទេ តែជាការរក្សាភាសាខ្មែរ៖
ខ្មែរបានប្រើពាក្យដែលអង់គ្លេសហៅថា “ឆៃណាៗ” (China) នោះ ថា “ចិនៗ” តាំងពីដើមរៀងមក គេមិន ដែលឃើញខ្មែររូបណាម្នាក់លើកឡើងថា “ជាការរើសអើងពូជសាសន៍” ទេ ប៉ុន្តែពេល ខ្មែរប្រើពាក្យដែលអង់ គ្លេសថា “Vietnam” ឬ “Vietnamese” ថា “យួន” មានមនុស្សខ្មែរខ្លះ លើកឡើងថា “ជាការរើសអើងពូជ សាសន៍” ទៅវិញ ។ ប្រសិនបើជនជាតិខ្មែរនិយាយពាក្យថា “យួនៗ” ជាការរើសអើងពូជសាសន៍នោះ ហើយ មានមនុស្សខ្លះបង្ខំឲ្យខ្មែរ ប្រើពាក្យថា “វៀតណាម” វិញនោះ វាគួរណាស់តែពាក្យ “ចិនៗ” ដែលសង្គម ខ្មែរកំពុងតែប្រើរាល់ថ្ងៃនេះ ជា “ការរើសអើងពូជសាសន៍លើជនជាតិចិន” ផងដែរ ហើយគួរតែខ្មែរត្រូវប្ដូរពាក្យ “ចិន” ទៅជា “ឆៃណា” វិញ ទើបត្រឹមត្រូវ ។
ដូច្នេះ ការប្រើពាក្យមួយចំនួន ដូចជា សៀម, លាវ, យួន, ចិន និង ភូមា ជាដើមនោះ មិនមែនជាការរើសអើង ពូជសាសន៍អ្វីទេ ប៉ុន្តែវាជាការក្សាភាសា និងវប្បធម៌ខ្មែរឲ្យគង់វង្សតែប៉ុណ្ណោះ ។ សម្រាប់អ្នកដែលចូលចិត្ត លើកឡើងថា ការប្រើពាក្យថា “យួន” ជាការរើសអើងពូជសាសន៍ និង ការប្រើពាក្យ មីយ៉ាន់ម៉ា ជំនួសឲ្យពាក្យ “ភូមា” នៅក្នុងភាសាខ្មែរនោះ ជាអ្នកដែលកំពុងតែចូលរួមក្នុងលុបបំបាត់ភាសាខ្មែរ និងជាមនុស្សងាយ នឹងត្រូវពង្វឹកដោយ វប្បធម៌ បរទេស ៕
Comments are closed.