ក្រុម​អ្នកសារព័ត៌មាន​និង​ក្រុមអង្គការ​សិទ្ធិមនុស្ស នៅបូរុនឌី ប្រឆាំងនឹង​ច្បាប់​សារព័ត៌មាន​ថ្មី

0 253

 ​ប្រែ​សម្រួល​ដោយ ឌី ខាំ​បូ​លី​ | VOA

ក្រុមអ្នកកាសែត​នៅក្នុង​ប្រទេស បូ​រុន​ឌី (Burundi) កំពុង​ប្រឆាំងនឹង​ច្បាប់​ថ្មី​មួយ ដែល​ពួកគេ​និយាយថា​នឹង​រំលោភ​ទៅលើ​សេរីភាព​សារព័ត៌មាន​។ អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​វី​អូ​អេ​ប្រចាំ​នៅ​អាហ្វ្រិក​ខាងកើត ហ្គា​បេ ចូ​ស​ឡូ (Gabe Joselow) រាយការណ៍​មក​ថា ក្រុម​អង្គការសិទ្ធិមនុស្ស កំពុង​បញ្ចុះបញ្ចូល​លោក​ប្រធានាធិបតី ឱ្យ បដិសេធ​សេចក្តីព្រាងច្បាប់​នេះ​។​
​កាលពី​សប្តាហ៍​មុន ព្រឹទ្ធសភា​របស់​ប្រទេស បូ​រុន​ឌី បានអនុម័ត​លើ​សេចក្តីព្រាង​ច្បាប់សារព័ត៌មាន​ថ្មី​មួយ ដែល​នឹង​បង្ខំ​អ្នកកាសែត ឱ្យ​បង្ហាញ​អំពី​ប្រភព និង​ហាមឃាត់​សារព័ត៌មាន មិនឱ្យ​រាយការណ៍​លើ​ប្រធានបទ​ទាំងឡាយ ដែល​ត្រូវបាន​ចាត់ទុកថា​មាន​លក្ខណៈ​រសើប​ខ្លាំង ដែល​រួមបញ្ចូល​ទាំង​បញ្ហា​សន្តិសុខ​សាធារណៈ ការការពារ​ជាតិ និង​សេដ្ឋកិច្ច​ជាដើម​។​

ក្រុម​អ្នក​កាសែត​នៅក្នុង​ប្រទេស បូរុនឌី (Burundi) កំពុង​ប្រឆាំង​នឹង​ច្បាប់ថ្មី​មួយ។
ក្រុម​អ្នក​កាសែត​នៅក្នុង​ប្រទេស បូរុនឌី (Burundi) កំពុង​ប្រឆាំង​នឹង​ច្បាប់ថ្មី​មួយ។

​ស្ថាប័ន​សារព័ត៌មាន​ទាំងឡាយណា ដែល​អនុវត្ត​ហួស​ពី​ព្រំដែន​កំណត់​នេះ អាច​ប្រឈមមុខ​នឹង​ការផាកពិន័យ​រាប់ពាន់​ដុល្លា​។​

​លោក បប់ រុ​ហ្គុ​រី​កា (Bob Rugurika) និពន្ធ​នាយក​នៃ​វិទ្យុ​សាធារណៈ​អាហ្វ្រិក (Radio Publique Africaine) ឬ​ហៅ​កាត់​ថា RPA នៅ​បូ​រុន​ឌី និយាយថា ការដាក់កំហិត​នេះ មិនអាច​ទទួលយកបាន​ទេ​។​

​លោក​និយាយថា មាន​ការដាក់កំហិត​ជាច្រើន​។ ចូរ​! ស្រមៃ​ទៅ​មើល ថា ច្បាប់​ហាមឃាត់​យើង​មិនឱ្យ​រាយការណ៍​អំពី​ព័ត៌មាន​ទាំងឡាយ ស្តីអំពី​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច រូបិយវត្ថុ​។​

​ក្រុម​អង្គការសិទ្ធិមនុស្ស ដែល​រួមទាំង​គណៈកម្មការ​ដើម្បី​ការពារ​អ្នក​សែត (Committee to Protect Journalists) និង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី ព្យែ​រ៍ អ៊ិន​គុរុ​ន​ហ្សី​ហ្សា (Pierre Nkurunziza) បដិសេធ​ច្បាប់​ថ្មី​នេះ ដែល​ពួកគេ​និយាយថា​បាន​បំផ្លាញ​ដល់​សេរីភាព​សារព័ត៌មាន​។​

​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត​ដោយ​សម្លេង​ភាគច្រើន​លើសលុប ទាំង​នៅក្នុង​រដ្ឋសភាជាតិ និង​ព្រឹទ្ធសភា ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ទាំងស្រុង​របស់​គណបក្ស​កាន់អំណាច ចាប់តាំងពី​គណបក្សប្រឆាំង បានធ្វើ​ពហិការ​មិន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ចុងក្រោយបង្អស់ កាលពី​ឆ្នាំ​២០១០​។ ក្រុម​អ្នកតាក់តែង​ច្បាប់ បាន​និយាយថា សេចក្តីព្រាងច្បាប់​នេះ​នឹង​ការពារ​ប្រជាពលរដ្ឋ​និង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​នេះ​។​

​នាយក​នៃ​សារព័ត៌មាន RPA ដែលមាន​និន្នាការ​ទៅរក​អតីត​គណបក្សប្រឆាំង បានចាប់ផ្តើម​រៀបចំ​ញត្តិ​មួយ ដែល​ជំរុញ​ឱ្យ​សហគម​អន្តរជាតិ ដាក់​សម្ពាធ​បន្ថែមទៀត​ទៅលើ​រដ្ឋាភិបាល​។​

​លោក រុ​ហ្គុ​រី​កា និយាយថា ពួកគេ​កំពុង​ព្យាយាម​«​ធ្វើឱ្យ​ពិភពលោក​បានដឹង​»​។​

​លោក​និយាយថា លោកនាយក​សារព័ត៌មាន បាន​ផ្ញើ​ញត្តិ​ទៅកាន់​ព្រឹទ្ធសមាជិក​និង​អ្នកនយោបាយ​អាមេរិកាំង ពីព្រោះ​អ្នក​ទាំងនោះ​គឺជា​ដៃគូ​របស់​រដ្ឋាភិបាលរ​បស់​យើង​។ ពួកគេ​អាចជួយ​យើង ដើម្បី​ធ្វើឱ្យ​រដ្ឋាភិបាល​យល់ឃើញ​ថា ពួកគេ​កំពុងធ្វើដំណើរ​ទៅកាន់​ទិសដៅ​ខុសឆ្គង​មួយ​ហើយ​។​

​រដ្ឋាភិបាល​របស់​ប្រទេស បូ​រុន​ឌី មាន​ប្រវត្តិ​ថ្មីៗ​មួយ​ស្តីពី​ការបង្ក្រាប​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ក្រុមអ្នកកាសែត​។​

​លោក រុ​ហ្គុ​រី​កា ខ្លួនឯង​ត្រូវបាន​ឃុំឃាំង​ជាច្រើន​ដងដោយ​ក្រុម​ប៉ូលីស នៅក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លងមកនេះ​។ នៅក្នុង​ឆ្នាំ​២០១១ លោក​ត្រូវបាន​សួរចម្លើយ​អស់​រយៈពេល​១០​ម៉ោង បន្ទាប់ពី​លោក​បាន​ផ្សាយ​បទសម្ភាសន៍​មួយ ដែល​បង្ហាញ​អំពី​ការជាប់​ទាក់ទង​របស់​កងកម្លាំង​របស់​រដ្ឋ នៅក្នុង​អំពើ​សម្លាប់​រង្គាល​មួយ ដែល​បានសម្លាប់​មនុស្ស​អស់​៤០​នាក់​។ កាលពី​ខែមីនា អាជ្ញាធរ​បាន​ដោះលែង លោក ហាស​សាន រុ​វ៉ា​គុ​គី (Hassan Ruvakuki) ដែលជា​អ្នកកាសែត​មួយរូប ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ឆ្នាំ​២០១១ ក្រោម​ការចោទប្រកាន់​ពីបទ​ភេរវកម្ម បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស តង់​ហ្សា​នី (Tanzania)​។ លោក​និយាយថា លោក​គ្រាន់តែ​ធ្វើ​កិច្ចការ​របស់លោក​តែប៉ុណ្ណោះ​នៅពេលនោះ ហើយ​ការចោទប្រកាន់​ត្រូវបាន​បន្ធូ​បន្ថយ​វិញ នៅក្នុង​កំឡុងពេល​នៃ​ការប្តឹង​ឧ​ទ្ធ​រ​របស់លោក​៕

Leave A Reply

Your email address will not be published.