បវារណាថវិកាតាមបណ្ដាញសង្គម Facebook សង្គ្រោះព្រះសង្ឃធម្មកឋិក កំពុងមានរោគាពាធជាទម្ងន់
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ព្រះសង្ឃជាអង្គធម្មកឋិកមួយអង្គនៅកម្ពុជាក្រោម កំពុងតែមានជំងឺប្រចាំព្រះកាយជាទម្ងន់ ហើយព្រះអង្គ កំពុងតែសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យមួយឋិតនៅក្នុងទីក្រុងព្រែកឫស្សី ។ គ្រូពេទ្យបានប្រាប់ថា ជំងឺ របស់ព្រះ សង្ឃអង្គនេះ ត្រូវតែបញ្ជូន ទៅព្យាបាលនៅទីក្រុងព្រៃនគរ ដែលត្រូវចំណាយប្រាក់ប្រមាណ ៣០០ លានដុង ទើបមានសង្ឃឹមថានឹងបានជាសះស្បើយ ។ បច្ចុប្បន្ន ព្រះសង្ឃអង្គនេះ នៅមិនទាន់មាន ថវិកាសម្រាប់ទៅ ព្យាបាលជំងឺនៅឡើយ ។

ព្រះតេជព្រះគុណ នាថសីលា ត្រឹង វ៉ាំង យ៉ុង ដែលត្រូវជាសហធម្មចារី ឬ ជាមិត្តភក្ដិ៍របស់ព្រះសង្ឃដែល កំពុងមានរោគាពាធ បានថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ព្រះសង្ឃដែលកំពុងមានរោគាពាធនោះ ព្រះនាម ថាច់ រេន ជាព្រះសង្ឃវត្ត មជ្ឈិមារាម (កណ្ដាល) ឋិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។ ព្រះអង្គបានបន្តទៀតថា គ្រូពេទ្យបានប្រាប់ថា ព្រះសង្ឃអង្គនោះមានជំងឺមហារីកឈាម ត្រូវតែបញ្ជូនទៅ ព្យាបាលនៅទីក្រុងព្រៃនគរ ដែលត្រូវចំណាយប្រាក់ប្រមាណ ៣០០ លានដុង ប្រហាក់ប្រហែលនឹង ១ ម៉ឺន ៥ ពាន់ដូល្លារទើបមានសង្ឃឹមថានឹងជា ។ ពេលនេះ ព្រះសង្ឃនៅមិនទាន់ មានថវិកាដើម្បបញ្ជូនទៅ ព្យាបាលនៅព្រៃនគរទេ ។
(សំឡេង)
ព្រះតេជព្រះគុណ នាថសីលា ត្រឹង វ៉ាំង យ៉ុង បានបន្តទៀតថា បច្ចុប្បន្ន មានញាតិញោម និងព្រះសង្ឃនៅ កម្ពុជាក្រោមខ្លះ បានបរិច្ចាកថវិកាមួយចំនួនដែរហើយ ក្រោយពីបានទទួលដំណឹងតាមរយៈបណ្ដាញ សង្គម Facebook រួចមក ។
(សំឡេង)
ដោយឃើញព្រះសង្ឃដែលត្រូវជាមិត្តភក្តិ៍មានជំងឺជាទម្ងន់យ៉ាងនេះ ព្រះតេជព្រះគុណ ត្រឹង វ៉ាំង យ៉ុង ក៏ បាន អំពាវនាវ ដល់ សប្បុររសជនតាមរយៈបណ្ដាញសង្គម Facebook ដើម្បីស្វែងរកថវិកជួយដល់ ព្រះ សង្ឃ ដែលមានរោគាពាធ មានសេចក្ដី ដូចតទៅ៖
“តាងនាមលោកបង ថាច់ រេន និងក្នុងនាមផ្ទាល់នៃខ្ញុំព្រះករុណាជាកល្យាណមិត្តរបស់លោក សូមថ្លែង អំណរ ព្រះគុណ និង អរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះទ័យទឹកចិត្តសប្បុរសរបស់ ព្រះតេជព្រះគុណព្រះ សង្ឃ និង ពុទ្ធបរិស័ទទាំង ក្នុងក្រៅ ប្រទេស ដែលមានព្រះទ័យទឹកចិត្ត ជួយខ្វល់ខ្វាយឈឺឆ្អាលចំពោះព្រះ ធម្មាចារ្យ ថាច់ រេន បានជំនួយនិងបម្រុងជំនួយជាថវិកា ពេទ្យដែលមានទម្ងន់ដ៏ធ្ងន់ តែយើងអាចលើក រួចបើយើងជួយលើកគ្នា ថ្ងៃនេះជាថ្ងៃសីល ឱកាសល្អណាស់ សូមព្រះទ័យមេត្ តារបស់លោកគ្រូចៅអធិការ ទាំងឡាយ មេត្តាជួយ បវារណាអង្គាស ប្រាក់ញាតិញោមពុទ្ធបរិស័ទជួយសង្គ្រោះព្រះធម្មាចារ្យ ថាច់ រេន គង់នៅវត្តកណ្តាល ស្រុក កំពង់ស្ពាន ខេត្តត្រាវិញ ដែលលោកកំពុងមានអាពាធមហារីកឈាម សឹងព្យាបាល បណ្តោះ អាសន្ន នៅមន្ទីរ ពេទ្យ ពហុវិជ្ជាមជ្ឍិម ក្រុងព្រែកឫស្សី ព្រោះមិនមានលុយចំនួន ២ ទៅ ៣ រយលានដុង ទៅពេទ្យព្រៃនគរ ។ សូមព្រហ្មវិហារធម៌ទៅតាំង នៅក្នុងព្រះទ័យព្រះតេជព្រះគុណ ចៅអធិការគ្រប់វត្តទាំងក្នុង និងក្រៅ ប្រទេស កុំខាន !”
សម្រាប់លោកអ្នកដែលមានសទ្ធាចង់ជួយស្រោចស្រង់ជីវិតព្រះសង្ឃ អាចទាក់ទងផ្ទាល់ទៅកម្ពុជាក្រោមតាម រយៈ លេខ ទូរស័ព្ទ ដូចខាងក្រោម៖
១. ព្រះតេជព្រះគុណ នាថសីលោ ត្រឹង វ៉ាំង យ៉ុង (84) 1689768823
២. ព្រះតេជព្រះគុណ គឹម អាយ ឡាង (84) 1692042805
៣. ព្រះតេជព្រះគុណ ថាច់ យ៉ួង (84) 979693397