កម្ពុជា និង វៀតណាម មិន​អនុញ្ញាត ឲ្យ​ប្រើ​ទឹកដី​ប្រឆាំង​ប្រទេសជិតខាង​

0 221

សឺ​ង វិចិត្រ l VOKK-​នា​ថ្ងៃ​ដំបូង​នៃ​ទស្សនកិច្ច​បី​ថ្ងៃ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​វៀតណាម ថ្ងៃ ២៦ ខែធ្នូ ២០១៣ នេះ លោក ហ៊ុន សែន បាន​ពិភាក្សា​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តឹង ដុង ។ មេដឹកនាំ ប្រទេស​ទាំងពីរ​នឹងធ្វើ​ជា​សាក្សី​កិច្ច​ចុះហត្ថលេខា​លើ​ឯកសារ​សហការ ចំនួន ១០ ក្នុងនោះ​មាន សន្ធិសញ្ញា​បត្យាប័ន ។​

លោក ហ៊ុន សែន (ឆ្វេង) និង លោក ង្វៀង តឹង យ៉ុង នៅហាណូយ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៣ ។ រូបថត Reuters
លោក ហ៊ុន សែន (ឆ្វេង) និង លោក ង្វៀង តឹង យ៉ុង នៅហាណូយ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៣ ។ រូបថត Reuters

​តាម​កាសែត​ក្នុងស្រុក​របស់​បក្សកុម្មុយនិស្ត​យួន ក្នុង​កិច្ចពិភាក្សា​ថ្ងៃ​ដំបូង​នេះ លោកនាយក​រដ្ឋមន្ត្រី​នៃ ប្រទេស​ទាំងពីរ បាន បញ្ជាក់​ជាថ្មី​នូវ​គោលការណ៍ «​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​ប្រឆាំង​ណាមួយ​ប្រើប្រាស់​ដែនដី​ប្រទេស​នេះ ដើម្បី​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់ សន្តិភាព និង​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ » ។​

​បច្ចុប្បន្ននេះ មាន​សកម្មជន​ជាច្រើន ជាពិសេស​សកម្មជន​ការពារ និង​ទាមទារ​សិទ្ធិមនុស្ស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរក្រោម បាន ភៀស ខ្លួន មក​រស់នៅ​ប្រទេស​កម្ពុជា ពេលដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ធ្វើទុក្ខបុកម្នេញ ។ ជាមួយនឹង​សន្ធិសញ្ញា​បត្យាប័ន ជនភៀសខ្លួន​ទាំងអស់នេះ ត្រូវបាន​គេ​មើលឃើញថា នឹងត្រូវ​ភាគី​កម្ពុជា ចាប់​ជូន​ឲ្យ​រដ្ឋាភិបាល​វៀតណាម ។​

​កាលពី​ខែមិថុនា ឆ្នាំ ២០០៧ លោក ទឹម សា​ខន ជា​អតីត​ព្រះចៅអធិការ​វត្តភ្នំ​ឌិន ខេត្តតាកែវ ត្រូវ​សម្ដេច​សង្ឃ​ទេព វង្ស ចាប់ ផ្សឹក និង​ជូនទៅ​ឲ្យ​វៀតណាម​ដាក់ពន្ធនាគារ​អស់​ជិត​មួយឆ្នាំ ទោះបី ពេលនោះ លោក​ជា​ប្រជាពលរដ្ឋ​របស់​នៃ​កម្ពុជា ហើយ គ្មាន​ពាក់ព័ន្ធ​ផ្លូវការ​អ្វី​ជាមួយ​វៀតណាម​ឡើយ ។​

​សន្ធិសញ្ញា​បត្យាប័ន​នេះ​សម្រាប់តែ​ចាប់​អ្នក​ដែល​ប្រទេស​វៀតណាម​ចាត់ទុកថា ជា​អ្នកប្រឆាំង ឬ ពួក​ប្រតិកិរិយា ដែល​កំពុង រស់ នៅលើ ទឹកដី​កម្ពុជា ក្នុងនេះ​មាន​ពលរដ្ឋ​ខ្មែរក្រោម​តែប៉ុណ្ណោះ ព្រោះ​មិនដែល​ឃើញ​មាន​ជនជាតិ​ណា ប្រើប្រាស់​ដែន ដី​វៀតណាម​ដើម្បី​ប្រឆាំងនឹង​កម្ពុជា​ឡើយ ៕​

Leave A Reply

Your email address will not be published.