សមត្ថកិច្ច​កម្ពុជា​រក​មិនទាន់​ឃើញ​មន្រ្តី​នគរបាល​បាញ់សម្លាប់​ខ្មែរក្រោម

0 746

ដោយ យាង សុ​ធារិ​ន្ទ

សមត្ថកិច្ច​កម្ពុជា​មិនទាន់​រក​ឃើញ​នៅឡើយ​ទេ​មន្រ្តី​នគរបាល​ដែល​ជា​ឃាតក​បាញ់សម្លាប់ ពលរដ្ឋខ្មែរ​ក្រោម​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០២០ ។ សមត្ថកិច្ច​ថា​កំពុង​តាមដាន​ស្វែងរក​ចាប់ខ្លួន​ឃាតក ខណៈ​មេធាវី​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ ជំរុញ​សមត្ថកិច្ច​ជួយ​ចាប់​ឃាតក​ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ ។

អ្នកស្រី ឆាយ សុខ​ម៉េង និងកូនស្រីទាំង ៤ នាក់ ។ រូបៈ Screenshot
អ្នកស្រី ឆាយ សុខ​ម៉េង និងកូនស្រីទាំង ៤ នាក់ ។ រូបៈ Screenshot

ពន្លឺ​នៃ​យុត្តិធម៌​សម្រាប់​ពលរដ្ឋខ្មែរ​ក្រោម​ដែល​ត្រូវ​បាន​មន្រ្តី​នគរបាល​ជា​អ្នកជិតខាង​បាញ់ សម្លាប់​ហាក់​នៅ​ឆ្ងាយ​នៅឡើយ បើ​ទោះជា​ឃាតក​ត្រូវ​បាន​គេ​ស្គាល់​មុខមាត់​និង​អត្តសញ្ញាណ ជាច្រើន​រួចហើយ​ក្តី ។

គួរ​រម្លឹក​ថា ពលរដ្ឋខ្មែរ​ក្រោម លោក សុខ សុធន ហៅ កេន អាយុ ៣៤ មុខរបរ​ជាជាង​កាត់សក់ ត្រូវ​បាន​ជន​ដៃដល់​ដែល​ជា​មន្រ្តី​នគរបាល​បាញ់ ចំនួន​មួយ​គ្រាប់​ចំ​ដើមទ្រូង​បណ្តាល​ឱ្យ​ស្លាប់ ភ្លាម​ៗនៅ​ហ្នឹង​កន្លែង វេលា​ម៉ោង ១០ យប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នៅក្នុង​សង្កាត់ បឹងកក់ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ក្រោយ​ការ​បាញ់ប្រហារ​នោះ ជន​ដៃដល់​បាន ឡើងជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​រហូតដល់​សព្វថ្ងៃ ។

ជន​ដៃដល់​ត្រូវ​បាន​គេ​ដឹង​ថា​មានឈ្មោះ លី ថា​រិយ ។ ក្រោយ​ការ​បាញ់ប្រហារ​រួច រូបថត​ជន​ដៃ ដល់​ដែល​មាន​ពាក់​ឯកសណ្ឋាន​ជា​កងកម្លាំង​នគរបាល​ជាតិ និង​មាន​ឋានន្តរ​ជា​អនុសេនីយ៍ទោ ឬសក្តិ២ ត្រូវ​បាន​លាតត្រដាង​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ ។

ភរិយា​លោក សុខ សុធន គឺ​អ្នកស្រី ឆាយ សុ​ខម៉េ​ង អាយុ៤០ឆ្នាំ ។ អ្នកស្រី​បាន​ថ្លែង​កាលពី ថ្ងៃទី ១៥ ខែមករា ថា មិន​ទទួល​បាន​ដំណឹង​អ្វី​ពី​សមត្ថកិច្ច​នោះ​ឡើយ ហើយ​សមត្ថកិច្ច​ក៏​មិន ដែល​បាន​មក​សួរនាំ​អ្នកស្រី​ពី​រឿងរ៉ាវ​ទាក់ទង​ឃាតកម្ម​លើ​ប្តី​អ្នកស្រី​នោះ​ដែរ ។ អ្នកស្រី​ឱ្យ​ដឹង ថា​បាន​ប្តឹង​អំពី​ករណី​ឃាតកម្ម​នេះ​ទៅកាន់​តុលាការ​រួចហើយ និង​កំពុង​រង់ចាំ​ដំណឹង​ពី តុលាការ ។

ទាក់ទង​នឹង​ជីវភាព​ប្រចាំថ្ងៃ​វិញ អ្នកស្រី​ថាត្រូវ​រ៉ាប់រង​តែម្នាក់ឯង ។

​អ្នកស្រី ឆាយ សុ​ខម៉េ​ង «ជីវភាព​ពិបាក រក​មួយថ្ងៃ​ហូប​មួយថ្ងៃ បើ​ខ្ញុំ​អត់​រក អត់មាន​អី​ឱ្យ​ថ្លៃផ្ទះ​គេ ។ (សំណួរ៖ ហើយ​កូនចៅ​បាន​រៀនសូត្រ​ឬទេ​?) ខ្ញុំ​ឱ្យ​រៀន​សាលា​ទួលគោក ។ (សំណួរ៖ តាំងពី​ប្តី​ស្លាប់​មុខរ បរ​រកស៊ី​កាត់សក់​យ៉ាងម៉េច​ដែរ​?) ។ កាត់សក់​ជាង​នៅ​ធម្មតា តែ​វា​ថយ​ចុះ»

លោក សុខ សុធន ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់​មាន​ឪពុក​ម្តាយ​ជាខ្មែរ​មក​ពី​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជាក្រោម ប៉ុន្តែ​លោក​មានកំណើត​កើតជា​នៅក្នុង​ប្រទេស​កម្ពុជា ។

​លោក សុខ សុធន ​ជនរងគ្រោះក្នុងអំពើឃាតកម្ម ។ រូបៈ​ Screenshot
​លោក សុខ សុធន ​ជនរងគ្រោះក្នុងអំពើឃាតកម្ម ។ រូបៈ​ Screenshot

លោក​មានមុខ​របរ​ជាជាង​កាត់សក់​និង​បាន​ជួលផ្ទះ​គេ​បើកហាង​កាត់សក់​មួយ​កន្លែងនៅ​ក្នុង ខណ្ឌ​ទូល​គោក ហើយ​លោក​ត្រូវ​បាន​ជនល្មើស​បាញ់សម្លាប់​នៅ​ខាងមុខ​ហាងកាត់សក់​របស់ លោក​តែម្តង ។

ជុំវិញ​ករណី​ឃាតកម្ម​នេះ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន បាន ថ្លែងប្រាប់​សារព័ត៌មាន​ព្រៃនគរ​នៅ​ថ្ងៃទី១៥ ខែ មករា ថា សមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួន​ជន ល្មើស​បាន​នៅឡើយ ។

លោក ឆាយ គឹម​ខឿន បញ្ជាក់​ថា ៖ «ខ្ញុំ​សូម​បញ្ជាក់ ដោយសារ​ខ្ញុំ​ជា​អ្នកនាំពាក្យ បើ​ចង់​បញ្ជាក់ អំពី​លទ្ធផល​ស៊ើបអង្កេត​ច្បាស់ ទាល់តែ​ទាក់ទង​ទៅ​ខាង​អង្គភាព​ស៊ើបអង្កេត ខ្ញុំ​គ្រាន់តែ​បញ្ជាក់ បាន​អញ្ចេះ​ទេ ដល់​ថ្ងៃនេះ​មិនទាន់​ចាប់​ឃាតក​បាន​នៅឡើយ​ទេ ហើយ​មន្រ្តី​នគរបាល​យុត្តិធម៌​កំ ពុង​បន្ត​តាម​ស្វែងរក តែបើ​ចង់​សួរ​លំអិត​ច្បាស់ សូម​ទាក់ទង​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ ពីព្រោះ គេ​កាន់​ករណី​ស៊ើបអង្កេត​ហ្នឹង តែបើ​សួរ​ជា​ព័ត៌មាន​ទេ ខ្ញុំ​បញ្ជាក់​បាន​ប៉ុណ្ណឹង»

ជន​ដៃដល់​គឺជា​មន្រ្តី​នគរបាល​នៃ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ហើយ​ជន​ដៃដល់​ក៏​ត្រូវ​បាន បណ្តេញ​ចេញពី​ក្របខណ្ឌ​នគរបាល​ជាតិ​ផង​ដែរ ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ឆាយ គឹម​ខឿន ។

ចំណែក​អ្នកនាំពាក្យ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បញ្ជាក់​បន្ថែម​នៅ​ថ្ងៃទី ១៥ ខែ មករា ថា ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុងតែ​រក​ឃាតក​នៅឡើយ ។ លោក​អះអាង​ថា ក្រុម​ជំនាញ​មិនដែល​បោះបង់​ករណី​ឃាតកម្ម​នេះ​ចោល​នោះ​ទេ ។

លោក​ថា ៖ «ខ្ញុំ​យល់ថា​រយៈពេល​យូរ​តែ​ការងារ​អី​ក៏ដោយ​យើង​អត់​ដែល​បោះបង់ចោល​ទេ គ្រប់ ជំនាញ​ទាំងអស់​យើង​តែង​សហការ​គ្នា​ដើម្បី​តាម ព្រោះ​ធម្មតា​ការប្រព្រឹត្ត​បទល្មើស ជនល្មើស តែង​គេច​ពី​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​វិញ​ក៏​ព្យាយាម​តាម​រក​ឱ្យ​បាន​ឆាប់​ដែរ មិនមែន​មានការ ព្រងើយកន្តើយ​ណាមួយ​ទេ ។ យើង​ស្រាវជ្រាវ​តែ​យើង​អត់​ទាន់​ដល់​ដំណាក់កាល​មួយ​រក​ឃើញ នៅឡើយ​ទេ» ។ សំណួរ ៖ ឯកឧត្តម តើ​មាន​តំ​រុយ​អី​ខ្លះ​ៗទេ ទាក់ទង​នឹង​ជនល្មើស ? «ខ្ញុំ​អត់​ចង់​បរិយាយ​លើ​ការ ងារ​អស់នេះ​ច្រើន​ទេ​ព្រោះ​ជា​ការងារ​ជំនាញ ពេលខ្លះ​សារព័ត៌មាន​គាត់​សួរ​ហួសពី​ដែន​កំណត់ ។ ពេលខ្លះ ចំណុច​អស់នេះ​ហើយ​វា​បែក​ក្នុង​ការអនុវត្ត​វិធានការ អ៊ីចឹង​ខ្ញុំ​សុំ​អត់​និយាយ​ពី​បញ្ហា​អស់ នេះ​ទេ ទុក​ឱ្យ​សមត្ថកិច្ច​ធ្វើការ​តាម​ភាព​ជាក់ស្តែង​របស់​គាត់»

ជនដៃដល់​ជាមន្រ្តីនគរបាលជាតិ ​ឈ្មោះ លី ថា​រិ​យ មាន​ឋានន្តរ​ជា​អនុសេនីយ៍ត្រី ឬ​សក្តិ​ ១ ។ រូបៈ Screenshot
ជនដៃដល់​ជាមន្រ្តីនគរបាលជាតិ ​ឈ្មោះ លី ថា​រិ​យ មាន​ឋានន្តរ​ជា​អនុសេនីយ៍ត្រី ឬ​សក្តិ​ ១ ។ រូបៈ Screenshot

គួរ​បញ្ជាក់​ថា លេខាធិការ​ដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​នៅ​កម្ពុជា កាលពី ខែតុលា ឆ្នាំ ២០២០ ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ដៃដល់ ដែល​បាន​បាញ់សម្លាប់​លោក សុខ សុធន មក​ផ្តន្ទា​ទោស​ទៅតាមច្បាប់ ។

លោក សឺន ជុំ​ជួន ដែល​ជា​មេធាវី​របស់​គ្រួសារ​ជនរងគ្រោះ បានឱ្យ​ដឹង​ថា សំណុំរឿង​ពាក់ព័ន្ធ ករណី​ឃាតកម្ម​លើ​ពលរដ្ឋខ្មែរ​ក្រោម​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលា ដំបូង​រាជធានី​ភ្នំពេញ ។ លោក​សង្ឃឹមថា ឃាតក​នឹង​ត្រូវ​បាន​ចាប់ខ្លួន​មក​ផ្តន្ទា​ទោស​តាមច្បាប់ ។ ក្នុង​ពេល​ជាមួយគ្នា មេធាវី​រូប​នេះ ក៏​សម្តែង​ការ​ព្រួយបារម្ភ​ពី​ជីវភាពរស់នៅ​របស់​គ្រួសារ​ជន រងគ្រោះ​ផង​ដែរ ។

លោក​រៀបរាប់​ថា ៖ «យើង​នៅ​មានការ​ព្រួយបារម្ភ​ទាក់ទង​ទៅ​នឹង​ស្ថានភាព​នៃ​ការរស់នៅ​របស់ ភរិយា​និង​កូន​ៗនៃ​ជនរងគ្រោះ​ដែល​ជាជាង​កាត់សក់​ត្រូវ​បាន​គេ​បាញ់សម្លាប់​ហ្នឹង ។ ការរស់នៅ របស់​គាត់​ក្នុង​ស្ថានភាព​កំពុងតែ​មាន​ភាព​លំបាក​ហើ​យកូនៗ​ តូច​ៗ នៅឡើយ​ធ្វើ​ឱ្យ​ប្រឈម​ទៅ នឹង​ស្ថានភាព​លំបាក​របស់​គាត់ ។ យើង​ក៏​អំពាវនាវ​ជា​បន្ថែម​ទៅដល់​សមត្ថកិច្ច ជាពិសេស​ខាង តុលាការ​ពន្លឿន​នីតិវិធី​ឱ្យ​បាន​លឿន​ហើយ​តាម​ចាប់​ជន​ដែល​ប្រព្រឹត្ត​ឱ្យ​បាន​កាន់តែ​ឆាប់​ដើម្បី មក​ផ្តន្ទា​ទោស​ហើយ​សំណង​រដ្ឋប្បវេណី​ទៅដល់​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ដើម្បី​គាត់​បាន ទទួល​នូវ​យុត្តិធម៌»

ជនរងគ្រោះ​លោក សុខ សុធន និង ​ភរិយា​មានកូន​ចំនួន ៤ នាក់​នៅក្នុងបន្ទុក ។ ក្រោយពី​បាត់ បង់​ស្វាមី​ដែល​ជា​បង្គោល​ដ៏​រឹងមាំ​នៅក្នុង​គ្រួសារ អ្នកស្រី សុ​ខម៉េ​ង ដែល​ជា​ភរិយា ត្រូវ​ទទួល រ៉ាប់រង​មើលថែ​ទាំ​ចិញ្ចឹម​បីបាច់​កូនស្រី​ទាំង ៤ ដែល​មាន​អាយុ​ចន្លោះ​ពី១ឆ្នាំ ដល់ ១១ ឆ្នាំ​តែម្នាក់ ឯង។

អ្នកស្រី សុ​ខម៉េ​ង ទទួ​ចថា ៖ «ខ្ញុំ​ចង់​សំណូមពរ​សមត្ថកិច្ច​ឱ្យ​តាមដាន​រឿង​ប្តី​ខ្ញុំ​ផង ហើយ​រាល់ថ្ងៃ អត់មាន​អ្នកណា​មក​សួរនាំ​ខ្ញុំ​សូម្បីតែ​បន្តិច​ទេ ។ ដំណឹង​អី​ក៏​អត់មាន​ឆ្លើយ​ឱ្យ​យើង អត់មាន​ប្រាប់ ថា​អញ្ចេះ​អញ្ចោះ​អ៊ីចឹង ។ សូម​សំណូមពរ​តុលាការ​រក​យុត្តិធម៌​ឱ្យ​គ្រួសារ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ជា​កូន កំព្រា អត់មាន​ឪពុក​ម្តាយ ហើយ​ខ្ញុំ​ត្រូវ​ចិញ្ចឹម​កូន​ដល់ទៅ ៤ សូម​តុលាការ​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ ផង»

Leave A Reply

Your email address will not be published.