ស្ថានទូត​ខ្មែរ​នៅ​ក្រុង​ហាណូយ កំពុង​ធ្វើ​អន្តរាគមន៍​ទៅ​​វៀតណាម ករណី​ដកហូត​លិខិត​ឆ្លង​ដែន​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម

0 236

ដោយ ស៊ឺន ចែងចើន

ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នៅ​វេលា​ម៉ោង​ ៥ និង​ ៣០​ នាទី​រសៀល​ ថ្ងៃទី​ ១៣​ កម្ភៈ​ នេះ​ បាន​ជួយ​ធ្វើអន្តរាគមន៍​ទៅ​ភាគី​វៀតណាម​រួចហើយ​ ករណី​ព្រះសង្ឃ​ដើមកំណើត​ខ្មែរក្រោម​ ត្រូវ​អាជ្ញាធរ​យួន​ដកហូត​លិខិតឆ្លងដែន​ កាលពី​ថ្ងៃទី​ ២ កុម្ភៈ​ កន្លងមក​ ។

ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម
ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម

ពី​ខេត្ត​ឃ្លាំង​ នៃ​ដែនដី​កម្ពុជាក្រោម​ ព្រះតេជព្រះគុណ​ សឺន​ ទី​ បាន​ឲ្យដឹង​ថា​ មន្ត្រី​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​ បាន​ទូរសព្ទ​មក​ព្រះអង្គ​ ដើម្បី​ជូនដំណឹង​ថា​ ស្ថានទូត​ខ្មែរ​បាន​អន្តរាគមន៍​ទៅ​ភាគី​វៀតណាម​រួចរាល់​ហើយ​ និង​បាន​ទាក់ទង​ចរចា​ដោយ​ផ្ទាល់​ទៅ​ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​សុក​ត្រាំង​ (ខេត្ត​ឃ្លាំង​) ដោយ​ស្នើ​ឲ្យ​ជួយ​ចម្រួ​លប្រ​គល់​លិខិតឆ្លងដែន​ជូន​ព្រះអង្គ​វិញ​ នៅ​ថ្ងៃស្អែក​ទី​ ១៤​ កុម្ភៈ​ ។ ព្រះតេជព្រះគុណ​ សឺន​ ទី​ បាន​ឲ្យដឹង​ទៀត​ថា​ មន្ត្រី​ស្ថានទូត​ខ្មែរ​ ប្រាប់​ឲ្យ​ព្រះអង្គ​កុំ​ឲ្យ​មានការ​ភ័យខ្លាច​ ឬមានការ​ព្រួយបារម្ភ​ឡើយ​ ចំពោះ​ការ​និមន្ត​ទៅ​ជួប​មន្រ្តី​នគរបាល​ខេត្ត​ឃ្លាំង​ នៅ​ថ្ងៃស្អែក​នេះ​ ដោយស្ថាន​ទូត​ខ្មែរ​អះអាង​ពី​ការធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ព្រះអង្គ​ផង​ដែរ​ ។

ទោះជា​យ៉ាងនេះ​ក្តី​ បើ​តាម​ព្រះតេជព្រះគុណ​ សឺន​ ទី​ បញ្ជាក់​ថា​ មុន​ នឹង​អាជ្ញាធរ​យួន​ប្រគល់​សង​លិខិតឆ្លងដែន​មក​ព្រះអង្គ​វិញ​ ក៏​ នឹង​មាន​លក្ខខណ្ឌ​មួយចំនួន​ដែរ​ ។ ប៉ុន្តែ​ ព្រះអង្គ​នៅ​មិនទាន់​ដឹង​ថា​ នោះ​ជា​លក្ខខណ្ឌ​អ្វី​ទេ​ ដោយ​ព្រះអង្គ​គ្រាន់តែ​ប្រាប់​តាម​សម្រង់​សម្តី​តាមន័យ​ដើម​របស់​មន្រ្តី​ទូត​ខ្មែរ​ថា​ «…នឹង​មាន​ធ្វើ​កំណត់ហេតុ​ ប៉ុន្តែ​ កំណត់ហេតុ​នោះ​ ត្រូវ​សរសេរ​ឲ្យ​ស្រាល​ ដើម្បី​ទទួលយក​បាន​នៃ​ភាគ​ទាំងពីរ​ ។ ជាពិសេស​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ទៅ​ថ្ងៃក្រោយ​…» ។

គួរ​ជម្រាប​ជូន​ថា​ ការធ្វើអន្តរាគមន៍​ ពី​ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​វៀតណាម​ ធ្វើឡើង​ បន្ទាប់ពី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​ នៅ​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃទី​ ១០​ កុម្ភៈ​សប្តាហ៍​នេះ​ បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ថ្កោលទោស​សកម្មភាព​អាជ្ញាធរ​វៀតណាម​ ក្នុង​ការ​ដកហូត​លិខិតឆ្លងដែន​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ ។ សហព័ន្ធ​ខ្មែរក្រោម​ ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ប្រគល់​សង​លិខិតឆ្លងដែន​ ថ្វាយព្រះ​តេជគុណ​ សឺន​ ទី​ វិញ​ ដោយ​គ្មាន​លក្ខខណ្ឌ​ ព្រោះ​អាជ្ញាធរ​វៀតណាម​ បាន​ចុះហត្ថលេខា​ ស្ដីពី​ការគោរព​សិទ្ធិមនុស្ស​ ជាមួយ​អង្គការសហប្រជាជាតិ​រួចហើយ​ ។

ជុំវិញ​ករណីនេះ​ដែរ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ក៏បាន​ដាក់​លិខិត​អន្តរាគមន៍​ទៅ​ក្រសួង​ការបរទេស​កម្ពុជា​ ស្ថានទូត​វៀតណាម​ ការិយាល័យ​ឧត្តម​ស្នងការ​ អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​ (OHCHR​) និង​ដាក់​ទៅកាន់​បណ្តា​ស្ថានទូត​មួយចំនួន​ទៀត​ ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅលើ​ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ ដែល​កាន់​លិខិតឆ្លងដែន​កម្ពុជា​ តែ​ត្រូវ​បាន​ដកហូត​ដោយ​អាជ្ញាធរ​ខេត្ត​ឃ្លាំង​ នៃ​ដែនដី​កម្ពុជាក្រោម​ ហើយ​បច្ចុប្បន្ន​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម​ ។

ក្នុងរយៈពេល​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ រដ្ឋាភិបាល​វៀតណាម​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​ធ្វើការ​រឹតត្បិត​យ៉ាង​ខ្លាំង​ ទៅលើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ការ​ធ្វើទុក្ខ​បុកម្នេញ​ និង​ការ​គំរាមកំហែង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ចំពោះ​ពលរដ្ឋខ្មែរ​ក្រោម​រូប​ណា​ ដែល​ហ៊ាន​បញ្ចេញមតិ​ពាក​ព័ន្ធ​ នឹង​រឿង​ខ្មែរក្រោម​ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក ។ វិធានការ​របស់​រដ្ឋាភិបាល​យួន​ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ។ ជាពិសេស​ ការ​ទទួល​ព័ត៌មាន​ ពី​វិទ្យុ​ “សំឡេង​កម្ពុជាក្រោម​” និង​ទូរទស្សន៍​ ព្រៃនគរ​ មាន​មូលដ្ឋាន​ នៅ​សហរដ្ឋអាមេរិក​ ដែល​ជា​វិទ្យុ​ និង​សារព័ត៌មាន​ ដើរតួ​នាទី​សំខាន់​ ក្នុង​ការ​ពាំនាំ​ដំណឹង​ជូន​ដល់​ប្រជាជាតិ​ខ្មែរក្រោម​ម្ចាស់​ស្រុក​ នៃ​ដែនដី​កម្ពុជាក្រោម​ ដែល​ពួកគេ​មិន​មាន​ស្ថាន​ប័ន​ព័ត៌មាន​ឯករាជ្យ​របស់​ខ្លួន​ និង​មិនដែល​បាន​ទទួល​ព័ត៌មាន​ពិត​គ្រប់ជ្រុងជ្រោយ​ឡើយ​ ។ ពីព្រោះ​ សព្វថ្ងៃ​ វៀតណាម​ជា​ប្រទេស​ប្រកាន់យក​របប​កុម្មុយនិស្ត​ រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​របស់​រដ្ឋ​ ហើយ​មិន​មាន​ស្ថាប័ន​ព័ត៌មាន​ឯកជន​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​ឡើយ​ ។ ការ​រឹ​ត្បិត​បែបនេះ​ ដោយសារតែ​រដ្ឋាភិបាល​យួន​ព្រួយបារម្ភ​ខ្លាច​ពលរដ្ឋខ្មែរ​ នៅ​កម្ពុជាក្រោម​ ដឹងពី​ការពិត​ថា​ កម្ពុជាក្រោម​ ជា​ទឹកដី​របស់​ខ្មែរ​ ហើយ​ត្រូវ​រដ្ឋាភិបាល​អាណានិគម​យួន​យក​ទៅ​គ្រប់គ្រង​ កាលពី​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ៕

Leave A Reply

Your email address will not be published.