កាតាឡូញ៉ា បោះឆ្នោតប្រជាមតិ ទាមទារឯករាជ្យពីអេស្ប៉ាញ
ដោយ ថាច់ ប្រីជា គឿន
តំណាងរដ្ឋាភិបាលតំបន់ស្វ័យតកាតាឡូញ៉ា បានថ្លែងថា ខ្លួន នឹងប្រកាសឯករាជ្យ ដើម្បីផ្ដាច់ខ្លួន ចេញពីប្រទេសអេស្ប៉ាញ នៅថ្ងៃឆាប់ៗ ខាងមុខនេះ ។ បើយោងតាមសេចក្ដីថ្លែងការណ៍នៅថ្ងៃទី ៤ ខែតុលា សប្ដាហ៍នេះ មេដឹកនាំក្រុមទាមទារឯករាជ្យឲ្យតំបន់កាតាឡូញ៉ា លោក ខាឡែស ភីកម៉ុនក៍ (Carles Puigdemont) បានមានប្រសាសន៍ថា អាជ្ញាធររបស់តំបន់កាតាឡូញ៉ា ត្រៀមប្រកាសឯករាជ្យ “ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ។ គោលជំហរនេះ ធ្វើឡើង ក្រោយពីកិច្ចប្រជុំរដ្ឋសភានៃតំបន់កាតាឡូញ៉ា ទីដែលមានសំឡេងភាគច្រើនគាំទ្រផ្ដាច់ខ្លួនចេញពីប្រទេអេស្ប៉ាញ ។

កាលពីថ្ងៃទី ១ ខែតុលា សប្ដាហ៍កន្លងទៅនេះ ភាពតានតឹងបានឡើងខ្លាំងនៅប្រទេសអេស្ប៉ាញ ។ ម្ខាងជាក្រុមបាតុករប្រមូលផ្តុំគ្នាស្រែកទាមទាររកការរួបរួមជាតិ ម្ខាងជាក្រុមផ្តាច់ទឹកដីនិយមកាតាឡូញ៉ា ដែលកំពុងជំនះឈានទៅសម្រេចការបោះឆ្នោតប្រជាមតិ ដើម្បីទាមទារឯករាជ្យ ។ រដ្ឋាភិបាលតំបន់កាតាឡូញ៉ា បានរៀបការិយាល័យបោះឆ្នោត ចំនួន ២៣០០ កន្លែង ។ ប៉ុន្តែ រដ្ឋាភិបាល អេស្ប៉ាញ បានបិទខ្ទប់ការិយាល័យនោះអស់ជាងពាក់កណ្តាល ។
លទ្ធផលនៃការស្រាវជ្រាវមួយ ដែលបានចេញផ្សាយកាលពី ខែកក្កដា ឆ្នាំ ២០១៧ ថា មានចំនួន ៤១% នៃប្រជាពលរដ្ឋ ដែលមានបំណងចង់ផ្ដាច់ខ្លួនចេញពីប្រទេសអេស្ប៉ាញ ។
កាតាឡូញ៉ា ជាតំបន់ស្វ័យតមួយ នៅក្នុងប្រទេសអេស្ប៉ាញ មានផ្ទៃដីប្រមាណ ៣២.១០៨ គីឡូ ម៉ែត្រការ៉េ និងមាន ៤ ខេត្ត ។ បាសែលឡូញ៉ា (Barcelona) ជាទីក្រុងរដ្ឋបាលនៃរដ្ឋាភិបាលស្វ័យតកាតាឡញ៉ា និងជាទីក្រុងធំទីពីរនៃប្រទេសអេស្ប៉ាញ ។ ឆ្នាំ ២០១៦ មានប្រជាជនជាង ៧ លាននាក់ ៕