ពិធីដារបង្សុកូល ឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធ លោក ទ្រឿង ម៉ាលី ជាព្រឹទ្ធាចារ្យនយោបាយជើងចាស់កំណើតខ្មែរក្រោម
ដោយ ស៊ឺន ចែងចើន
តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ធ្នូ ២០១៨ នាកុដិលេខ ១៧ (កុដិខ្មែរក្រោម) នៃវត្តបទុមវតី បានធ្វើពិធីដារបង្សុកូល ឧទ្ទិសកុសល ផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ លោក ទ្រឿង មាលី ក្នុងកិច្ចគម្រប់ខួប ៧ ថ្ងៃ នៃការទទួលមរណភាពរបស់លោក ។
លោក ទ្រឿង មាលី ដែលមានដើមកំណើតជាខ្មែរក្រោម លោកជាអតីតនាយកព្រះរាជខុទ្ទកាល័យព្រះបរមរតនកោដ្ឋ និងជាអតីតឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសជប៉ុន បានទទួលមរណភាព ក្នុងជន្មាយុ ៨0 ឆ្នាំ នៅព្រឹកថ្ងៃសៅរ៍ ទី ១៥ ខែធ្នូ ឆ្នាំ ២០១៨ នៅប្រទេសបារាំង ដោយជរាពាធ ។
នៅក្នុងឱកាសនោះ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម លោក តាំង សារៈ ដែលដឹកនាំក្រុមអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់លោក ទ្រឿង មាលី បានថ្លែងរៀបរាប់ពីជីវិតនយោបាយ និងការងារសង្គមជាតិផ្សេងៗ ក្នុងឆាកជីវិតរបស់លោក ទ្រឿង មាលី ។
លោក ទ្រឿង មាលី ដែលកាលពីឆ្នាំ ១៩៨៧ ដល់ ១៩៩១ គឺជាសមាជិកគណៈប្រតិភូកម្ពុជាមួយរូប ក្នុងចំណោមសមាជិកជាច្រើនរូប ដែលបានរួមចំណែកក្នុងការជួយការងារដល់ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ ២៣ តុលាឆ្នាំ ១៩៩១ ។
គួរជម្រាបជូនថា លោក ទ្រឿង មាលី កាលពីនៅមានជីវិត លោកបានចូលរួមបម្រើបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដោយលោកធ្លាប់កាន់តំណែងជាឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសជប៉ុន និងជាអតីតនាយកព្រះរាជខុទ្ទកាល័យព្រះបរមរតនកោដ្ឋ ហើយមុនទទួលអនិច្ចកម្ម លោក ជាទីប្រឹក្សានៃរដ្ឋសភាជាតិកម្ពុជា ។ បន្ថែមពីលើនេះ លោកក៏បានចូលរួមចំណែកយ៉ាងច្រើនធ្វើការងារសង្គម មានជាអាទិ៍ លោកធ្លាប់ជាអតីតសាស្ត្រចារ្យវិទ្យាល័យ Khmero Anglais សម័យសង្គមរាស្ត្រនិយម អតីតអគ្គលេខាសមាគមខ្មែរទូទៅ នៅប្រទេសបារាំង ដឹកនាំដោយលោកតា សឺន សាន និងអតីតសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ធ្វើការនៅប្រទេសថៃ ប្រឆាំងពួកវាតទីនិយមវៀតណាម ៕