លោក ចៅ ហេន អំពាវនាវរកជំនួយព្យាបាលជំងឺកូននៅប្រទេសថៃ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
លោក ចៅ ហេន អតីតសកម្មជនដីធ្លីនៅខេត្តមាត់ជ្រូក និងជាអ្នកធ្លាប់ជាប់ពន្ធនាគារមនសិការនៅ ក្នុងគុក យួន កាលពីឆ្នាំ ២០១០ សព្វថ្ងៃ កំពុងរស់នៅសហរដ្ឋអាមេរិក បានអំពាវនាវដល់សប្បុរស ជនឲ្យជួយដល់កូនរបស់គាត់ម្នាក់ដែលកំពុងតែមានជំងឺ ហើយកំពុងតែព្យាបាលជំងឺនៅក្នុងមន្ទីរ ពេទ្យមួយនៅទីក្រុងបាងកក ប្រទេសថៃ ។

លោក ចៅ ហេន បានប្រាប់ វិទ្យុ សំឡេងកម្ពុជាក្រោម ថា កូនប្រុសរបស់លោកម្នាក់ឈ្មោះ ចៅ សុខី អាយុ ២៦ ឆ្នាំ សព្វថ្ងៃ ជាជនភៀសខ្លួន នៅប្រទេសថៃ មានជំងឺជាទម្ងន់ ហើយកំពុងតែព្យាបាល នៅក្នុងមន្ទីរមួយក្នុងប្រទេសថៃ ហើយកំពុងតែខ្វះប្រាក់បង់មន្ទីរពេទ្យ ។
លោក ចៅ ហេន បានមានប្រសាសន៍តាមទូរស័ព្ទយ៉ាងនេះថា៖
តាមរយៈ វិទ្យុ សំឡេងកម្ពុជាក្រោម លោក ចៅ ហេន បានអំពាវនាវដល់សប្បុរសជន និងសមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យជួយកូនរបស់គាត់តាមអ្វីដែលអាចធ្វើទៅបាន ព្រោះថា ថ្វីត្បិតតែសព្វថ្ងៃ លោកកំពុងតែរស់នៅសហរដ្ឋអាមេរិក តែលោកនៅមិនទាន់មានលទ្ធភាពគ្រប់ គ្រាន់ ដើម្បីជួយដល់កូនៗរបស់លោកដែលកំពុងតែឋិតនៅក្នុងជីវភាពជាជនភៀសខ្លួន នៅក្នុងប្រ ទេសថៃ នៅឡើយ ។
លោក ចៅ ហេន បានអំពាវនាវយ៉ាងនេះ ៖

សូមបញ្ជាក់ថា លោក ចៅ ហេន (Châu Hên) កើតឆ្នាំ ១៩៥៤ អាយុ ៦២ ឆ្នាំ នៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ត្រូវបាននគរបាលវៀតណាមចាប់ដាក់គុក កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និងត្រូវតុលាការបក្សកុម្មុយនិស្ត វៀតណាមផ្ដន្ទាទោសនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ ឲ្យជាប់គុក ២ ឆ្នាំ ពីបទ “បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្កអសន្តិសុខទីសាធារណៈ” តាមមាត្រាទី ១៤៣ និង ២៤៥ នៃក្រមព្រហ្មទណ្ឌរបស់វៀតណាម ដោយសារតែលោកបានដឹកនាំពលរដ្ឋខ្មែរក្រោម ជាច្រើនរូបធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាមសងដីកេរដូនតាមកវិញ ។ ការចាប់ខ្លួននេះធ្វើឡើង នៅពេលដែលលោកបានធ្វើមាតុភូមិនិវត្តពីប្រទេសថៃត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ ពីអង្គការ UNHCR បដិសេធឋានៈជាជនភៀសខ្លួនរបស់លោក ។ ពេលចេញពីគុក លោកនិងភរិយា បាន ភៀស ខ្លួនទៅប្រទេសថៃជាលើកទី ២ ដើម្បីសុំសិទ្ធិជ្រកកោននៅក្នុងអង្គការ UNHCR ហើយត្រូវបានអង្គការមួយនេះបញ្ជូនឲ្យទៅតាំងទីលំនៅថ្មី នៅ រដ្ឋ North Carolina សហរដ្ឋ អាមេរិក តែ ម្នាក់ឯងគាត់ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៤ ។

ជីវិតនៅក្នុងពន្ធនាគារយួនរយៈពេល ២ ឆ្នាំ ចាប់ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១២ លោក ត្រូវឆ្មាំគុកយួនធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ។ លោក ចៅ ហេន បាន បញ្ជាក់ថា ជីវិតរបស់លោកបានស្លាប់ហើយ រស់ឡើងវិញជាច្រើនលើកពេលនៅក្នុងគុកយួន ។

នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១២ មន្ទីរ ៨ (Tong Cuc VIII) នៃគុកដិនទ័ន (Trai Giam Dinh Thamh) បានចេញសេចក្ដីសម្រេចដោះលែង លោក ចៅ ហេន ឲ្យចេញពីពន្ធនាគារ វិញ ។ ពេលបានចេញពីពន្ធនាគារ លោក ចៅ ហេន និង ភរិយា ឈ្មោះ នាង ភឿន បានភៀសខ្លួនទៅប្រទេសថៃ ជាលើកទី ២ ដើម្បីសុំសិទ្ធិជ្រកកោនក្នុងនាមជាជន ភៀសខ្លួននយោបាយ ក្នុងអង្គការ UNHCR ហើយបានអង្គការមួយនេះផ្ដល់ឋានៈជាជនភៀសខ្លួនតែពីរនាក់ប្ដីប្រពន្ធតែប៉ុណ្ណោះ ។ ចំណែកកូនៗរបស់គាត់ ត្រូវបានអង្គការ UNHCR ពិចារណាឡើងវិញពីឋានៈជាជនភៀសខ្លួនរបស់ពួកគេ រហូតមកដល់ សព្វថ្ងៃ ។
លោក ចៅ ហេន បានបញ្ជាក់ថា កូនៗរបស់គាត់នៅប្រទេសថៃ មិនអាចវិល ត្រឡប់ទៅស្រុក កំណើត នៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម វិញបានទេ ព្រោះអាជ្ញាធរយួននឹង ចាប់ដាក់ពន្ធនាគារ ហើយលោកតែងតែបារម្ភអំពីសុវត្ថិភាពរបស់កូនៗគាត់ជានិច្ច ។ គាត់រំពឹងថា ថ្ងៃណាមួយបើកូនៗរបស់គាត់បានមកតាំងទីលំនៅថ្មី នៅសហរដ្ឋអាមេរិក ពេលនោះ គាត់ស្លាប់ បិទភ្នែកជិតហើយ ដោយសារគាត់បានឃើញកូនៗរបស់គាត់បានរួចចេញពីក្រញ៉ាំដៃរបស់យួន ។
ខណៈដែលលោក និង ក្រុមគ្រួសារកំពុងភៀសខ្លួននៅប្រទេសថៃ និងកំពុងរងចាំឱកាសចេញទៅតាំងទីលំនៅថ្មីនៅសហរដ្ឋអាមេរិក អ្នកស្រី នាង ភឿន ជាភរិយារបស់លោក បានទទួលអនិច្ចកម្មដោយជំងឺនៅក្នុងផ្ទះជួលមួយ នាផ្សារស៊ីម៉ុងមឿង ខេត្តនន្ទបុរី កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៤ ៕
ប្រសិនបើលោកអ្នកមានបំណងចង់ជួយដល់ លោក ចៅ ហេន សូមទាក់ទងតាមរយៈទូរស័ព្ទ ដូច ខាងក្រោម៖
ទី ១ លោក ចៅ សេង ត្រូវជាកូនរបស់ លោក ចៅ ហេន នៅប្រទេសថៃ (66) 86-838-4997
ទី ២ លោក ចៅ ហេន នៅសហរដ្ឋអាមេរិក (336) 875-2246
Comments are closed.