លោក ចៅ ហេន បានតាំងទីលំនៅនៅសហរដ្ឋអាមេរិក
ដោយ សឺន ថាយ ធន l VOKK
បាងកក, ប្រទេសថៃ៖ សកម្មជនដីធ្លីខ្មែរក្រោម មកពីខេត្តមាត់ជ្រូក លោក ចៅ ហេន ត្រូវបានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំក្រុងបាងកក ប្រទេសថៃ បានផ្ដល់ឋានៈជាជនភៀសខ្លួន ហើយបានបញ្ជូនទៅតាំងទីលំនៅ នៅប្រទេសទី ៣ នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ ។ លោកនឹងត្រូវបានទៅតាំងទីលំនៅ នៅរដ្ឋ lllinois នៃសហរដ្ឋអាមេរិក ។

លោក ចៅ ហេន និងគ្រួសារបានភៀសខ្លួនមកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីឆ្នាំ ២០០៨ ប៉ុន្តែ ត្រូវបានអង្គការមួយនេះបដិសេធ កាលពី ខែធ្នូ ឆ្នាំ ២០១០ ហើយលោកក៏បានប្រថុយជីវិតត្រឡប់ទៅកាន់មាតុភូមិនៅកម្ពុជាក្រោមវិញ បន្ទាប់ពីមានការអះអាងរបស់ UNHCR ថា លោកនឹងមិនមានបញ្ហាប្រឈមនឹងសុវត្ថិភាពផ្ទាល់ខ្លួនទេ ។
ដំណើរមាតុភូមិនិវត្តរបស់លោក ត្រូវបានអាជ្ញាធរបក្សកុម្មុយនិស្តវៀតណាម ចាប់ដាក់ពន្ធនាគារអស់រយៈពេល២ ឆ្នាំ ចោទប្រកាន់ពីបទ “បង្កអសន្តិសុខទីសាធារណៈ” ព្រោះលោកបានចេញធ្វើការតវ៉ាទាមទារដីកេរ កាលពីឆ្នាំ ២០០៨ នៅខេត្តមាត់ជ្រូក ។
ក្រោយពីបានជាប់គុកពីរឆ្នាំ និងរងការធ្វើទារុណកម្មដ៏ធ្ងន់ លោកត្រូវបានអាជ្ញាធរវៀតណាមដោះលែងឲ្យនៅក្រៅឃុំវិញ ។ ក្រោយមក លោក និង គ្រួសារក៏បានលួចភៀសខ្លួនមកកាន់ប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោន ជាលើកទីពីរ ហើយក៏បានអង្គការមួយនេះផ្ដល់ឋានៈជាជនភៀសខ្លួនតាមច្បាប់អង្គការសហប្រជាជាតិ ។
សូមបញ្ជាក់ថា ការផ្ដល់សិទ្ធិជាជនភៀសខ្លួននេះ បានចំពោះតែ លោក ចៅ ហេន និងភរិយារបស់គាត់ គឺ អ្នកស្រី នាង ភួន ដែលបានស្លាប់ទៅហើយដោយសារជំងឺនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែមីនា កន្លងទៅនេះ តែប៉ុណ្ណោះ ។ ចំណែក កូនប្រុសស្រីនៅក្នុងបន្ទុក និងក្រៅបន្ទុកគ្រួសារទាំង ៤ នាក់ របស់លោក មិនទាន់បានអង្គការ UNHCR បើកសំណុំរឿងឲ្យនៅឡើយទេ ។
សូមបញ្ជាក់ថា លោក ចៅ ហេន (Châu Hên) កើតឆ្នាំ ១៩៥៤ នៅក្រុមទី ១ ភូមិអាងឡើយ ឃុំចៅឡាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ( Tổ I ấp An Lợi xã Châu Lăng huyện Tri Tôn tỉnh An Giang ) ត្រូវបាននគរបាលវៀតណាមចាប់ដាក់គុក កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និងបានប្រកាសសាលក្រមដោយតុលាការប្រជាជនបក្សកុម្មុយនិស្តវៀតណាម នៃខេត្តមាត់ជ្រូក (An Giang ) កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ ឲ្យជាប់គុក ២ ឆ្នាំ ពីបទ “បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្កអសន្តិសុខទីសាធារណៈ” តាមមាត្រាទី ១៤៣ និង ២៤៥ នៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ៕
Comments are closed.