គណបក្សសង្គ្រោះជាតិនៃប្រទេសកម្ពុជា ទាមទារឲ្យបោះឆ្នោតឡើងវិញ

0 88

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ​នេះ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន តាមរយៈ​ការបោះ ឆ្នោត​ឡើង វិញ ដោយហេតុ​ផល​ថា ពលរដ្ឋ​បាត់បង់​សិ​ទិ្ធ​របស់ខ្លួន​ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ ។​

លោក សម រង្ស៊ី និង លោក កឹម សុខា ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៣ ។
លោក សម រង្ស៊ី និង លោក កឹម សុខា ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៣ ។

​ក្នុងការ​អបអរសាទ​រ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ទៅ កាន់​អ្នក គាំទ្រ​ជិត ៥០០០ នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថា សិទ្ធិ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​សន្លឹក ឆ្នោត ត្រូវបាន​លួច ។ លោក​បន្តថា ពលរដ្ឋ​ត្រូវតែ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន​តាមរយៈ​សន្លឹក​ឆ្នោត ដោយហេតុ​ផល​ថា នេះ​ជា​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត និង​ផ្តាច់ការ ។​

​លោក កឹម សុខា ថ្លែងថា​៖

“​យើង​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​តាមរយៈ​សន្លឹកឆ្នោត​យើង យើង​មិន​ចង់ទុក​អ្នកដឹកនាំ​កុ​ម្មុយ​និ​ស្ដ ផ្ដាច់ការ​ឲ្យ​នៅ បន្ដ អំណាច ៣០ ឆ្នាំ​ជាង​នេះ​តទៅទៀត​ទេ​បងប្អូន​” ។​

​លោក កឹម សុខា ឲ្យ​ដឹង​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត តាមរយៈ​ការបន្ត​ទាមទារ ឲ្យ​មានការ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។ លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​ជ័យជម្នះ​ក្នុង អាណត្តិ​នេះ ដោយ​មិន​រង់ចាំ​អាណត្តិ​ក្រោយ​នោះទេ ។​

​ចំណែក ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាងថា ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ដើរ​ថយក្រោយ បើ​ធៀប​នឹង​ប្រទេសជិតខាង ។ លោក​លើកទ្បើង​ពី​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា ករណី​ការបាញ់ សម្លាប់​ពលរដ្ឋ​ម្នាក់ លើ​ស្ពាន អាកាស ក្បាលថ្នល់ និង​ស្ត្រី​លក់​បាយ​ម្នាក់ នៅក្បែរ​ស្ពាន​ស្ទឹងមានជ័យ ។ លោក​ថា រហូតមកទល់​ពេលនេះ ជនល្មើស​មិន ត្រូវបាន​ចាប់​មក​ផ្តន្ទាទោស​នោះទេ ។​

លោក សម រង្ស៊ី បាន​ថ្លែងថា​៖

“​យើង​យ៉ាប់យ៉ឺន​ក្រីក្រ​អន់ថយ ដោយសារ​យើង​មាន​អ្នកដឹកនាំ​អាក្រក់​តែ​សួរថា អ្វី​បាន​គេ​មាន​អ្នក ដឹកនាំ​ល្អ ពីព្រោះ ស្រុក​គេ​មានការ​បោះឆ្នោត​ត្រឹមត្រូវ​” ។​

​លោក សម រង្ស៊ី បាន​ថ្លែង​បន្តទៀតថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ទាមទារ​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ដែល​លោក​បាន​លើក ឡើង​ថា ត្រូវបាន​គេ​លួច​បន្លំ​សន្លឹកឆ្នោត​កាលពី​ខែកក្កដា ដោយ​ទាមទារ​ឲ្យ​មានការ បង្កើត​គណៈកម្មការ​ឯក​រាជ្យ​មួយ​ដើម្បី ស៊ើប អង្កេត លទ្ធផល​ឆ្នោត ។ ផ្ទុយ​ពីនេះ ប្រសិនបើ រដ្ឋាភិបាល លោក ហ៊ុន សែន មិន​ព្រម​បង្កើត​គណៈ កម្ម​ការ​ឯករាជ្យ ដើម្បី​ស៊ើបអង្កេត​លទ្ធផល​ឆ្នោត​ទេ គណបក្ស សង្គ្រោះ​ជាតិ នឹង​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ ។​

​លោក សម រង្ស៊ី បាន​ថ្លែងថា​៖

“​យើង​ប្រឆាំង​ដាច់ខាត​ការលួចបន្លំ​សន្លឹកឆ្នោត ។ យើង​ទាមទារ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​មួយ​ស៊ើប អង្កេត​……​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​កន្លងទៅនេះ ដើម្បី​ប្រគល់​សង​សន្លឹកឆ្នោត​ដែល​គេ​លួច ពី​ប្រជា រាស្ត្រ​សង​ប្រជារាស្ត្រ​វិញ​” ។​

​នៅ​ថ្ងៃ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល គណបក្សប្រឆាំង រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តាញ ធម្ម​យាត្រា​សង្ឃ បាន​ប្រារព្ធ​ពិធី​នេះ​ផ្សេងៗ​គ្នា នៅ​កន្លែង​ផ្សេងៗ​គ្នា ដើម្បី​ទាមទារ ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស កាន់តែ​ប្រ សើរ ឡើង​នៅក្នុង​ប្រទេស​កម្ពុជា ។​

គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង លោក កឹម សុខា បាន​ហែរ ក្បួន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ មុនពេល​ដើរ​ក្បួន​រួមគ្នា​មក​រដ្ឋសភាជាតិ ។​

​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដែលជា​សមាជិក​នៃ​ក្រុម​មិត្ត ១០ ធ្នូ បាន​ដើរ​ហែ​ក្បួន​ពី​ផ្លូវជាតិ​ចំនួន ៥ បានមក​ជួបជុំគ្នា នៅមុខ​វិមាន​រដ្ឋសភាជាតិ បន្ទាប់ពី​ហែរ​ក្បួន​ធម្ម​យាត្រា សិទ្ធិ​យាត្រា អហិង្សា​អស់​រយៈពេល ១០​ថ្ងៃ ក្នុង​ចម្ងាយ​ផ្លូវ ១០០០ គីឡូ​ម៉ែត ដើម្បី​បង្ហាញ​និង​ពាំ​នាំនូវ​សេចក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​តាមផ្លូវ ទៅដល់​រាជរដ្ឋាភិបាល និង​តំណាងរាស្ត្រ ស្នើ​ឲ្យ​មន្ត្រី​រាជរដ្ឋាភិបាល ប្តេជ្ញា​បញ្ឈប់​ការរំលោភ​នូវ​សិទ្ធិមនុស្ស ។​

​ដោយឡែក ក្រុម​សង្គម​ស៊ីវិល ជិត ២០០ ស្ថាប័ន ដែល​រួមមាន អង្គការ CHRAC លីកាដូ និង​អាដហុក ជាដើម បាន​ជួបជុំ​នៅ វត្តភ្នំ ដោយ​គ្មាន​ការដើរ​ហែ​ក្បួន​អ្វី​ទេ ដើម្បី​បង្ហាញ​ពី​តម្រូវការ​ផ្នែក​សិទ្ធិមនុស្ស​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​ផ្តល់ សច្ចាប័ន លើ​អនុ​ញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ លេខ ១៨៩ ស្តីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​ធ្វើការ​តាម​ផ្ទះ​។​

នៅឯ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព​រ័​ណ៍​កោះ​ពេជ្រ រដ្ឋាភិបាល​កម្ពុជា​រប​ស់លោក ហ៊ុន សែន ក៏បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស នេះ និង ទិវា​ជនពិការ​កម្ពុជា លើក​ទី ១៥ ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​បើក​កម្មវិធី ដោយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈពេលដែល​សាលា​រាជធានី​ភ្នំពេញ បាន​ជួបជុំគ្នា​នៅ​ស្តា​ត​អូឡាំពិក ៕​

Leave A Reply

Your email address will not be published.